
ការស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកជំនាញជំងឺមហារីកនៃសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បានរកឃើញថា ការធាត់ជ្រុល ឬធាត់លើសទម្ងន់ គឺជាកម្លាំងចលករធំជាងគេបំផុត នៅពីក្រោយការកើតជំងឺមហារីកដោះ របស់ស្រ្ដីវ័យចំណាស់។ បន្ទាប់ពីភាពធាត់លើសទម្ងន់នេះ គ្រឿងស្រវឹង និងបារី គឺជាមូលហេតុធំបន្ទាប់ពីនេះដែលបណ្ដាលឲ្យកើតជំងឺដ៏សាហាវចំពោះស្រ្ដីនេះ។
ការសិក្សានេះបានបង្ហាញថា ស្រ្ដីដែលមានកម្រិតអ័រម៉ូន អូស្រ្ដូហ្ស៊ែន និងអ័រម៉ូនភេទ (តេស្តូស្ទេរ៉ូន) មានហានីភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់ ពីពីរ ទៅបីដង លើសស្រ្ដីដែលមានកម្រិតអ័រម៉ូនទាំងពីរនេះធម្មតា។ មុនការស្រាវជ្រាវនេះ អ្នកជំនាញបានដឹងខ្លះថា កត្តាដែលជះឥទ្ធិពលដល់កម្រិតអ័រម៉ូន គឺការមានផ្ទៃពោះ និងការប្រើថ្នាំលេប។ ប៉ុន្ដែការស្រាវជ្រាវចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា ការធាត់ជ្រុល គឺជាកត្តាចង្បងគេ ដែលប៉ះពាល់ដល់អ័រម៉ូនសិចរបស់ស្រ្ដី ដែលតាមពីក្រោយដោយគ្រឿងស្រវឹង និងបារី។ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើលើស្រ្ដីចំនួន ៦៣០០នាក់នៅចក្រភពអង់គ្លេស។ ស្រ្ដីដែលធាត់លើសទម្ងន់ គឺជាស្រ្ដីទាំងឡាយណា ដែលមានសន្ទស្សន៍ម៉ាស់រាងកាយ (BMI) ចាប់ពី ២៥ឡើងទៅ។ ហើយការស្រាវជ្រាវបានបង្ហាញថា ស្រ្ដីធាត់ម៉ាប់ៗទាំងនោះ មានកម្រិតអ័រម៉ូនភេទខ្ពស់។ កម្រិតអ័រម៉ូននៃស្រ្ដីធាត់ទាំងនេះ គឺស្មើនឹងស្រ្ដីដែលញ៉ាំគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ និងអ្នកជក់បារី ១៥ដើមក្នុងមួយថ្ងៃផងដែរ។
លោកវេជ្ជបណ្ឌិត Julie Sharp ដែលជាអ្នកស្រាវជ្រាវជំងឺមហារីករបស់ចក្រភពអង់គ្លេសបានថ្លែងថា នេះគឺជាការស្រាវជ្រាវរកឃើញដ៏សំខាន់ ព្រោះវាអាចជួយបង្ហាញថា ទម្ងន់ធ្ងន់ គ្រឿងស្រវឹង និងបារី ពិតជាអាចប៉ះពាល់ដល់កម្រិតអ័រម៉ូនដែលពាក់ព័ន្ធនឹងហានីភ័យនៃមហារីកដោះ។
សូមបញ្ជាក់ផងដែរថា ជំងឺមហារីកដោះនេះ គឺអាចកើតឡើងភាគច្រើនចំពោះអ្នកមានប្រវត្តគ្រួសារធ្លាប់កើតជំងឺនេះ និងស្រ្ដីដែលឈានចូលដល់វ័យចំណាស់ ប៉ុន្ដែស្រ្ដីក៏អាចធ្វើឲ្យខ្លួនឯងកាត់បន្ថយហានីភ័យនៃជំងឺសាហាវនេះបានផងដែរ ដោយក្នុងនោះត្រូវរក្សាទម្ងន់ឲ្យបានត្រឹមត្រូវ (កុំឲ្យធាត់ពេក) កាត់បន្ថយជាតិសុរា និងឈប់ជក់បារីជាដើម។
|
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment