តើអ្នកធ្លាប់យំដែរឬទេ? បើអ្នកឆ្លើយថា មិនធ្លាប់ ក៏គ្មានអ្នកណាជឿដែរ ព្រោះយ៉ាងហោចណាស់ក៏ពេលកើតចេញពីផ្ទៃម្ដាយភ្លាម សម្លេងយំរបស់អ្នកនឹងលឺភ្លាមនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ ការយំដែលខ្មែរសារិកាលើកយកមកនិយាយនាពេលនេះ គឺការយំរបស់មនុស្សពេញវ័យ។ បើតាមទ្រឹស្ដីរបស់ទស្សនវិទូ អារីស្ដូត ដ៏ល្បីរបស់ក្រិច បានលើកឡើងថា "ការយំគឺជាការលាងជម្រះអារម្មណ៍"។ ពិតណាស់ ការយំពិតជាអាចកាត់បន្ថយអារម្មណ៍ពិបាកចិត្ត និងបញ្ចេញនូវរាល់អារម្មណ៍ដែលលាក់ទុកនៅក្នុងចិត្ត។
ការយំភាគច្រើន តែងតែត្រូវបានគេគិតថា កើតដោយសារអារម្មណ៍សោកសៅ ទុក្ខព្រួយ ខូចចិត្ត ឈឺចាប់ ឬក៏ខឹង ប៉ុន្ដែពេលខ្លះ ទឹកភ្នែករបស់យើង ក៏អាចស្រក់ចុះពីការសប្បាយ រំភើប ភ័យខ្លាច សើចខ្លាំងពេក ឬក៏អារម្មណ៍ផ្សេងៗទៀត។ ក្រៅពីហេតុផលអារម្មណ៍ នៅមានហេតុផលផ្សេងទៀត ដែលបណ្ដាលឲ្យភ្នែកយើងពិបាកនឹងទប់ទឹកភ្នែកបាន ដែលមានដូចជាផ្សែងដែលហុយមកចូលភ្នែករបស់យើងជាដើម។
តើការយំមានផលប្រយោជន៍អ្វីខ្លះ?
មានភស្ដុតាងវិទ្យាសាស្រ្ដជាច្រើន បានបញ្ជាក់ថា ការយំអាចធ្វើឲ្យយើងមានសុខភាពល្អ។ មិនដូចទឹកភ្នែកដែលចេញដោយសារការការឈឺផ្នែករាងកាយនោះទេ ទឹកភ្នែកដែលយំចេញពីអារម្មណ៍ មានផ្សំទៅដោយ ប្រូតេអ៊ីន ម៉ង់កាណែស ប៉ូតាស្យូម និងប្រូឡាក់ទីន។ ម៉ង់កាណែស គឺជាធាតុផ្សំសំខាន់ជាងគេ។ គ្រាន់តែជាតិម៉ង់កាណែសតែបន្ដិច អាចជួយព្យាបាលបញ្ហាស្បែក ជួយការពារឈាមកុំឲ្យឆាប់កក និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល។ ប៉ូតាស្យូម អាចជួយគ្រប់គ្រងសាច់ដុំ និងធ្វើឲ្យឈាមស្ថិតក្នុងកម្រិតមួយល្អ។ ប្រូឡាក់ទីន ជួយកាត់បន្ថយស្រ្ដេស និងល្អចំពោះប្រព័ន្ធភាពស៊ាំ។ខ្មែរសារិកា សូមនាំមកជូនលោកអ្នកនូវផលប្រយោជន៍ទាំង៥នៃការយំ ដូចខាងក្រោម៖
១- ទឹកភ្នែក ប្រៀបបានជាប្រេងរំអិលរបស់ភ្នែក
តួនាទីចម្បងបំផុតនៃទឹកភ្នែក គឺការសម្អាត និងធ្វើជាសារធាតុរំអិលដល់គ្រាប់ភ្នែក និងត្របកភ្នែក។ បន្ថែមលើនេះទៀត ទឹកភ្នែកក៏អាចការពារការខ្សោះជាតិទឹកនៃភ្នាសរំអិលផងដែរ។
២- ទឹកភ្នែកលាងជម្រះជាតិពុល
ការយំដែលចេញពីអារម្មណ៍ គឺជាវិធីល្អមួយ សម្រាប់រាងកាយរបស់យើងក្នុងការលាងជម្រះជាតិពុលដែលមានក្នុងខ្លួន។ ទឹកភ្នែក ដែលចេញពីអារម្មណ៍ មានផ្សំនូវអ័រម៉ូន Cortisal ក្នុងកម្រិតខ្ពស់ ដែលជាអ័រម៉ូនដែលបញ្ចេញពេលមានអារម្មណ៍ស្រ្ដេសខ្លាំង។
យោងតាមអ្នកជំនាញ ការបញ្ចេញនូវជាតិពុលពីក្នុងខ្លួនរបស់យើងតាមរយៈទឹកភ្នែក គឺអាចជួយបានពេញមួយរាងកាយរបស់យើង។
៣- ទឹកភ្នែកសម្លាប់បាក់តេរី
ទឹកភ្នែករបស់យើង អាចធ្វើការជាអ្នកប្រឆាំងនឹងបាក់តេរី និងជាភ្នាក់ងារប្រឆាំងនឹងសារធាតុមិនល្អផ្សេងទៀត ដែលនៅក្នុងបរិយាកាស ឬវត្ថុនានាដែលនៅជុំវិញខ្លួនយើង។ ក្រៅពីសារធាតុខាងលើ ទឹកភ្នែកក៏នៅមានផ្សំនូវអង់ហ្សីម Lysozyme ដែលមានសមត្ថភាពសម្លាប់បាក់តេរី ៩០ ទៅ៩៥ភាគរយ នៅក្នុងរយៈពេលតែ ៥ ទៅ១០នាទីប៉ុណ្ណោះ។
៤- ការយំធ្វើឲ្យអារម្មណ៍ប្រសើរឡើង
ការស្រាវជ្រាវ បានបង្ហាញថា រាងកាយយើងបានបញ្ចេញនូវអ័រម៉ូន Endorphines ដែលជាអ័រម៉ូនអារម្មណ៍ល្អ ខណៈពេលដែលយើងមានអារម្មណ៍ ដែលធ្វើឲ្យយើងយំ។
ទស្សនាវដ្ដីដ៏ល្បីក្នុងលោក People ក៏បានរាយការណ៍ដែរថា ការយំដែលល្អ (មិនមែនបន្លំយំ ដូចថតកុន) អាចធ្វើឲ្យយើងមានអារម្មណ៍ប្រសើរឡើង និងស្ងៀមស្ងាត់។ អារម្មណ៍វិជ្ជមានក្រោយការយំឡើងក្រហមភ្នែក និងហៀរសំបោរនេះ អាចបង្កើនអារម្មណ៍ល្អ ៨៨,៨% ខណៈដែលអារម្មណ៍មិនល្អមានតែ ៨,៤%ប៉ុណ្ណោះ។
៥- ប្រឈមមុខជាមួយនឹងភាពស្រ្ដេស
ការសម្រក់ទឹកភ្នែក គឺជាការព្យាបាលអារម្មណ៍ស្រ្ដេស និងអារម្មណ៍បាត់បង់អ្វីមួយ។ ការយំ គឺមានន័យថា គឺជាការកសាងឡើងវិញ នូវតុល្យភាពនៃផ្លូវចិត្ត និងផ្លូវកាយ។
នៅក្នុងសៀវភៅ "The Miracle of Tears" របស់លោក Jerry Bergman បានបញ្ជាក់ថា ការបញ្ចេញទឹកភ្នែក អាចជួយការពារជំងឺដែលបណ្ដាលមកពីអារម្មណ៍ស្រ្ដេស ដែលមានដូចជា លើសឈាម ជំងឺបេះដូង និងរោគដំបៅក្រពះ។
សរុបមកវិញ បើអ្នកមានអារម្មណ៍ពិបាកចិត្តខ្លាំង ខូចចិត្ត សោកសៅ ឬអារម្មណ៍ស្អីក៏ដោយដែលធ្វើឲ្យអ្នកចង់យំ ចូរកុំព្យាយាមទប់ទឹកភ្នែករបស់អ្នកធ្វើអ្វី ឲ្យវាចេញមក ដើម្បីឲ្យខ្លួនយើងអាចធូរស្រាលពីអារម្មណ៍ទាំងនោះ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment