អត្ថបទថ្មីៗ :

ប្រវត្តិពិធីបុណ្យអុំទូក

Tuesday, December 13, 2011

ពិធី​បុណ្យ​អុំ​ទូក​កើត​តាំង​ពី​រជ្ជការ​ព្រះ​បាទ​ ជ័យ​វរ្ម័ន​ទី​៧​រម្លឹក​ដល់​សេចក្ដី​អង់អាច​ក្លាហាន​នៃ​ទាហាន​ជើង​ទឹក​និង​ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា

ពិធី​បុណ្យ​អុំ​ទូក​ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណ​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​(​ពួក​ចាម) ។ ពិធី​នេះ​បាន​ទទួល​ការ​និយម​​គាំ​ទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស-នារី​ បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុត​មាំ ។ ក្នុង​ឱកាស​នោះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន​យក​ទូក​មក​ប្រណាំង​ដណ្ដើម​យក​ជ័យជម្នះ​ ឱ្យ​ខេត្ត​របស់​ខ្លួន​ទៀត​ផង ។

នៅ​អំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើក​ទ័ព​មក​ធ្វើ​ការ​លុក(លុយ) ​ត្រួត​ត្រា​ប្រទេស​កម្ពុជា​​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ ខណៈ​នោះ​ព្រះ​បាទ​ជ័យវធន (ជ័យវរ្ម័ន​ទី​៧) បាន​ធ្វើ​ការ​បង្រួប​បង្រួម​ជាតិ ចំណាយ​ពេល​វេលា​រៀបចំ​យុទ្ធសាស្ត្រ​កង​ទ័ព​ ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ពួក​ចាម​ រហូត​ទទួល​បាន​ជ័យ​ជម្នះ ហើយ​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​ដឹក​នាំ​ប្រទេស​​ជាតិ នៅ​ឆ្នាំ​១១៨១ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ រុង​រឿង​ដល់​កម្រិត​កំពូល​ថែម(ទៀត) ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​សិលាចារឹក នានា បាន​បញ្ជាក់​ថា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ឡើង​គ្រង​រាជ​សម្បត្តិ​នៅ​រាជ​ធានី​សោធបុរៈ និង​រៀបចំ​កសាង​ប្រទេស​ជាតិ​ឡើង​វិញ​ ដូច​ជា​ កសាង​ប្រាសាទ​ សាលា​សំណាក់ មន្ទីរពេទ្យ ផ្លូវ​ថ្នល់​ ប្រព័ន្ធ​ធារាសាស្ត្រ​ពាស​ពេញ​ផ្ទៃ​ប្រទេស ។



តាម​រយៈ​ចម្លាក់​នៅ​ប្រាសាទ​បាយ័ន ​គេ​សង្កេត​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​មុខ​បួន​បែរ​នៅ​គ្រប់​ទិស ដែល​ធ្វើ​ឱ្យ​អ្នក​ប្រាជ្ញ​ជាតិ​ អន្តរជាតិ​មួយ​ចំនួន​យល់​ថា "​ប្រាសាទ​បាយ័ន ជា​វិមាន​ទេព ​ក្នុង​រឿង​ព្រេង​និទាន​មាន​លក្ខណៈ​អច្ឆរិយ​ខ្លាំង​ណាស់ " ។ នៅ​តាម​ជញ្ជាំង​​នៃ​ប្រាសាទ មាន​ចម្លាក់​ទាក់​ទង​ទៅ​នឹង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ទំនៀម​ទម្លាប់​ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេស​ការ​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​ពួក​ចាម​ ដែល​ដឹកនាំ​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ធំធេង​តាម​​រយៈ​ចម្បាំង​កង​ទ័ព​ជើង​ទឹក ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ចម្បាំង​កង​ទ័ព​ជើង​ទឹក ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​យ៉ាង​ល្អ​ប្រណីត​គួរ​ឲ្យ​គយគន់​ ខ្លាំង​ណាស់ ។ ចម្លាក់​នៃ​កង​ទ័ព​ជើង​ទឹក​នេះ​ត្រូវ​បាន​គេ​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ចង​ចាំ​ពី​គុណ​បំណាច់​របស់​បុព្វបុរស​ខ្លួន ដែល​បាន​រំដោះ​ទឹក​ដី​ឲ្យ​រួច​ពី​ការ​ត្រួត​ត្រា​របស់​ខ្មាំង​សត្រូវ ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​រម្លឹក​គុណ​បំណាច់​ដ៏​ថ្លៃ​ថ្លា​ នេះ​ជា​រៀង​រល់​ឆ្នាំ ។ ពិធី​នេះ មាន​តាំង​ពី​សម័យ​មហា​អង្គរ រហូត​មក ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អុំទូក ដើម្បី​ធ្វើ​ការ​ប្រលង​ប្រណាំង​ទូក​គ្រប់​ប្រភេទ ទាំង​បុរស និង​ស្ត្រី ដែល​មក​ពី​គ្រប់​ខេត្ត​ក្រុង ។

ចំណែក​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ឈាមជ័រ​ដូច​គ្នា ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង ហើយ​រស់​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ប្រទេស​វៀតណាម​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​រក្សា​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ដដែល គេ​តែង​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ ខក​ខាន​នោះ​ទេ ។ ជា​រៀងរាល់​ឆ្នាំ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ខេត្ត​ឃ្លាំង​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​របស់​កង​ទ័ព​ខ្មែរ​នា​សម័យ​មហានគរ ដែល​ដណ្ដើម​ជ័យ​ជម្នះ​ពី​ពួក​ចាម ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ហើយ​រៀប​ចំ​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​រុង​រឿង​ដល់​កម្រិត​កំពូល ។ តាម​ឯកសារ​ស្រាវជ្រាវ​ជ្វ្រាវ​តន្ត្រី និង​ជីវិត​របស់​អ្នក​ស្រី​កែវ ណារុំ បាន​បញ្ជាក់​ថា ស្ដេច​ក្រាញ់ នៅ​កម្ពុជា​ក្រោម​ស្រុក​បាសាក់​បាន​រៀប​ចំ​កង​ទ័ព​ជា​៣​ក្រុម ដើម្បី​ការពារ​ភូមិ​សាស្ត្រ​របស់​ខ្លួន គឺ​១-ទ័ព​ស្រួច​ហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​សព្វថ្ងៃ ។

២-ទ័ព​ជំនួយ​ហាត់​ច្បាំង​នឹង​ទូក​ចែវ​មាន​ទ្រង់​ទ្រាយ​ដូច​ទូក​សព្វថ្ងៃ​ដែរ និង ទី​៣-ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​ចែវ​ក្ដោង​រាង​ស្រួច​ដំបូល កាត់​មុខ​ឥត​ជញ្ជាំង​សម្រាប់​ផ្ទុក​ស្បៀង​កង​ទ័ព ។ របៀប​បង្ហាត់​ទូក​ចម្បាំង​នេះ ស្ដេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម​តែង​ឲ្យ​មន្ត្រី​នៅ​ក្រោម​ឱវាទ ធ្វើ​ការ​ប្រលង​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទី​១៥​កើត ខែ​កត្តិក ដោយ​ឲ្យ​កេណ្ឌ​ទាហាន​ជើង​គោក និង​ជើង​ទឹក​មក​ធ្វើការ​សម​យុទ្ធ​ជា​រៀង​រាល់​ឆ្នាំ រយៈ​ពេល​មួយ​យប់​មួយ​ថ្ងៃ និង​បាន​ក្លាយ​ជា​ទំនៀម​ទម្លាប់​ដ៏ មាន​សារ​សំខាន់​សម្រាប់​ជនជាតិ​ខ្មែរ ។

ក្នុង​ពិធី​នេះ មាន​ការ​លយ​ប្រទីប ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​ងារ​កសិកម្ម របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅ​ពេល​យប់ តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​ព្រោង​ព្រាត ដែល​មាន​មនុស្ស​ម្នា​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ បញ្ចេញ​នូវ​ស្នាម​ញញឹម​គ្រប់​គ្នា ។

ចំណែក​ឯ​ពិធី​អក​អំបុក និង​សំពះ​ព្រះខែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​រម្លឹក​ដល់​ព្រះពោធិសត្វ ដែល​យក​កំណើត​ជា​ទន្សាយ​បាន​លះបង់​អាយុ​សង្ខារ​ក្នុង​ការ​បំពេញ​បារមី​ទាន​ ដល់​ឥទ្ទ្រព្រាហ្មណ៍ ។ ការ​គិត​របស់​ព្រះពោធិសត្វ​នេះ បាន​ក្ដៅ​ដល់​ឥទ្ទ្រព្រាហ្មណ៏ ហើយ​ព្រះ​អង្គ​បាន​និយាយ​ថា "ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជា​មិន​ខាន​ធ្វើ​ម្ដេច​នឹង​បាន​អាហារ​បរិភោគ" ។ ពេល​នោះ​ទន្សាយ​ពោធិសត្វ​បាន​ពោល​ថា "ខ្ញុំ​មាន​តែ​សាច់ និង​ឈាម​ត្រូវ​ការ​ឲ្យ​ជា​ទាន បើ​អ្នក​ចង់​បាន​ចូរ​រក​អុស​មក​បង្កាត់​ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូល​ក្នុង​ភ្លើង​​ឲ្យ​បាន​ជា​អាហារ​បរិភោគ" ។ ឥន្ទ្រព្រាហ្មណ៍​គ្រាន់​តែ​ឮ​ដូច្នេះ ក៏​ទៅ​បង្កាត់​ភ្លើង​ចំណែក​ឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាម​​ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះ​ថ្លា ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ ឃើញ​ដូច្នេះ ព្រះ​ឥន្ទ្រ​ក៏​ហោះ​ទៅ​ឋាន​លើ យក​ម្នាង​សិលា​គូស​រូប​ទន្សាយ​នៅ​​ក្នុង​រង្វង់​ព្រះ​ចន្ទ ជាប់​តាំង​ពី​នោះ​រហូត​មក ហើយ​មនុស្ស​គ្រប់​រូប​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​១៥​កើត ។ ចំណែក​អ្នក​ស្រុក​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ​ នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក និង​ទី​ប្រជុំ​ជន​នានា ដោយ​មាន​ចេក អំបុក​ ទឹក​ដូង ផ្លែ​ឈើ ...... ។

លោក​មិន​ ឃិន អនុ​ប្រធាន​អចិន្ត្រៃយ៍​ អគ្គលេខាធិការ​គណៈកម្មការ​រៀប​ចំ​បុណ្យ​ជាតិ-អន្តរជាតិ បាន​បញ្ជាក់​ថា ពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃ​ ២៣ ដល់​ ២៥ ខែ​វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​​៧​ដល់​៩​កើត​ខែ​កត្តិក ខាង​មុខ​នេះ​ គឺ​មាន​ទូក​អុំ និង​ទូក​ចែវ ប្រមាណ​ ៤៥០​ទូក និង​កីឡាករ​ជាង​២​ម៉ឺន​នាក់ ​ដែល​មក​ពី​ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេស​ ព្រម​ទាំង​មាន​ទូក​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន​៧​ប្រទេស​ ចូល​​រួម​ប្រកួត​ប្រជែង​ផង​ដែរ​ ហើយ​នៅ​ឆ្នាំ​នេះ​ មាន​ទូក​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ចូល​រួម​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ។

លោក​មិន ឃិន​ បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​នេះ​នឹង​មាន​ភាព​អធិក​អធម​ណាស់​ ដោយ​មាន​ការ​យាង​ និង​អញ្ជើញ​ចូល​រួម​ពី​ព្រះ​មហាក្សត្រ ប្រមុខ​ព្រឹទ្ធសភា រដ្ឋ​សភា រដ្ឋាភិបាល ​មន្ត្រី​រាជការ​ ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ។ ក្នុង​ឱកាស​នោះ​ដែរ ក៏​មាន​រៀប​ចំ​ប្រគំ​តន្ត្រី​ និង​សម្ដែង​សិល្បៈ​បុរាណ និង​សម័យ​ជា​ច្រើន​ប្រភេទ​ សម្រាប់​ស្វាគមន៍​ភ្ញៀវ​​ដែល​ចូល​រួម​ឱ្យ​កាន់​តែ​មាន​​(ការ)​សប្បាយ​រីក​ រាយ​មួយ​កម្រិត​ថែម​ទៀត ។



ពិធី​អុំ​ទូក​នេះ​មាន​មនុស្ស​ម្នា​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ជាង​៤​លាន​នាក់​ ដោយ​អ្នក​ខ្លះ​ចូល​រួម​ប្រណាំង​ទូក​តាម​ភូមិ​ស្រុក​របស់​ខ្លួន​ និង​អ្នក​ខ្លះ​ទៀត​បាន​នាំ​ក្រុម​គ្រួសារ​មក​ទស្សនា​ទូក​នៅ​មុខ​វាំង ។ នៅ​ពេល​យប់​មាន​ការ​បាញ់​កាំជ្រួច បណ្ដែត​ប្រទីប​លម្អ​ដោយ​ភ្លើង​ពណ៌​ ព្រម​ទាំង​ការ​ប្រគំ​តន្ត្រី​ចែក​ជូន​ទស្សនា​ទៀត​ផង ។ នៅ​ពេល​នោះ មាន​ទាំង​ជន​ជាតិ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ក៏​នាំ​គ្នា​​ទៅ​កម្សាន្ត​ដែរ​ ហើយ​ពួក​គេ​បាន​សម្ដែង​នូវ​ក្ដី​សប្បាយ​រីក​រាយ​ក្រៃ​លែង​ ​ដោយ​មាន​មនុស្ស​យ៉ាង​ច្រើន ទាំង​ថ្ងៃ និង​យប់​នៅ​ត្រើយ​ខាង​លិច-កើត​មុខ​ព្រះ​បរម​រាជវាំង ៕

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.