ខាងក្រោមនេះ គឺជាអំណោយទាំងប្រាំប្រភេទនោះ សម្រាប់ឪពុករបស់លោកអ្នក ដែលធ្វើឲ្យគ្រួសារទាំងមូលរបស់លោកអ្នកមានស្នាមញញឹមស្រស់ស្រាយគ្រប់ៗគ្នា ជាពិសេសគឺឪពុកលោកអ្នកតែម្ដង៖
១-រំលឹកអនុសាវរីយ៍ពីអតីតកាលជាមួយគាត់: អ្នកអាចបង្កើតនូវអាល់ប៊ុមរូបថតដែលនិយាយអំពីជីវិតរបស់គាត់ ដែលមានដូចជាពេលទៅដើរលេងក្នុងក្រុមគ្រួសារ ឬពិធីផ្សេងៗទៀត ដែលមានគាត់ចូលរួម។ ការធ្វើបែបនេះនឹងអាចឲ្យគាត់នឹកឃើញនូវអតីតកាលដ៏ល្អរបស់គាត់ នឹងជាវិធីដែលធ្វើជួយជំរុញគាត់ឲ្យមានការនឹកឃើញនូវអ្វីដែលគាត់បានភ្លេចទៅហើយនោះ។ ប្រសិនបើអាច អ្នកអាចសួរគាត់អំពីរឿងរ៉ាវដែលបានឃើញនៅលើរូបថតទាំងនោះ ឬក៏សួរគាត់ទាក់ទងនឹងបទពិសោធន៍ជីវិតរបស់គាត់ជាដើម។ អ្នកក៏អាចសុំដំបូន្មានពីគាត់ អំពីរបៀបធ្វើឲ្យគ្រួសារមួយមានសុភមង្គល ឬរបៀបចិញ្ចឹមបីបាច់កូនចៅជាដើម។ អ្នកត្រូវដឹងថា រោគភ្លេចភ្លាំង ឬ បាត់បង់ការចងចាំរបស់មនុស្សចាស់ គឺដោយសារតែមិនមានអ្នកណាម្នាក់ជួយរំលឹកគាត់ឲ្យនឹកឃើញរឿងអតីតកាលនោះឯង។
២. លេងល្បែងកំសាន្តជាមួយនឹងគាត់: តើអ្នកធ្លាប់បានលេងកីឡា ឬហ្គេមកំសាន្តជាមួយនឹងឪពុករបស់អ្នកដែរឬទេ? បើមិនធ្លាប់ទេ នេះជាពេលមួយដ៏ល្អ ដើម្បីចំណាយពេលលេងកីឡា ឬល្បែងកំសាន្តទាំងនោះជាមួយនឹងគាត់ហើយ។ អ្នកអាចលេងវាយកូនហ្គោល ហែលទឹក វាយសី ឬបោះប៊ូលជាមួយនឹងគាត់ ឬលេងអ្វីផ្សេងទៀតដែលគាត់អាចលេងបាន។ ការលេងបែបនេះ ក៏អាចជួយឲ្យគាត់នឹកឃើញនូវជីវិតនៅបឋមវ័យរបស់គាត់បានផងដែរ។ រឹតតែពិសេសជាងនេះទៀត វានឹងជួយឲ្យគាត់មានសុខភាពល្អ នឹងក៏ជួយខួរក្បាលគាត់ឲ្យមានការចងចាំឡើងវិញផងដែរ។
៣. ស្ដាប់តន្រី្ដដែលគាត់ចូលចិត្ត ឬច្រៀងជាមួយនឹងគាត់: តន្រ្ដីគឺជាវិធីកំសាន្តមួយដ៏ល្អសម្រាប់អ្នកដែលមានការភ្លេចភ្លាំងច្រើន។ អ្នកអាចយកមកជូនឪពុក ( ប៉ា ពុក ឬឪ តាមទម្លាប់ដែលអ្នកបានហៅ) របស់លោកអ្នក នូវឌីសចម្រៀង ដែលគាត់ចូលចិត្ត (ភាគច្រើនចាស់ៗចូលចិត្តបទចម្រៀងពីដើម)។ រកកន្លែងដែលសមស្របដើម្បីស្ដាប់ ចម្រៀងទាំងនោះជាមួយនឹងគាត់។ អ្នកក៏អាចនាំគាត់រាំបានផងដែរ ប្រសិនបើបទនោះអាចរាំបាន។ ការស្រាវជ្រាវបានបង្ហាញថា ខួរក្បាលនឹងធ្វើការបានល្អនៅពេលស្ដាប់តន្រ្ដី។ បន្ថែមលើនេះ អ្នកក៏អាចច្រើនលេងជាមួយនឹងគាត់បានផងដែរ។
៤. រីករាយក្នុងការញ៉ាំអាហារដែលគាត់ចូលចិត្តជាមួយនឹងគាត់: អ្នកអាចអញ្ជើញឪពុករបស់អ្នកទៅពិសារអាហារអាហារនៅភោជនីយ៍ដ្ឋាន ហើយឲ្យគាត់ហៅអាហារដោយខ្លួនគាត់ ឬអ្នកក៏អាចចម្អិនម្ហូបដែលគាត់ចូលចិត្តនៅផ្ទះក៏បានដែរ។ ប្រសិនបើអ្នកចម្អិនវាដោយខ្លួនឯង ចូរព្យាយាមរៀបចំវាឲ្យសាមញ្ញ និងកុំភ្លេចហៅគាត់មកជួយផងដែរ។ ការធ្វើបែបនេះ អាចជាឱកាសជួយរំលឹកគាត់ អំពីអាហារដែលគាត់បានទទួលទានជាមួយនឹងអ្នកកាលពីអ្នកនៅអតីតកាលផងដែរ។
៥. បង្ហាញគាត់ពីការគោរព សេចក្ដីស្រឡាញ់និងការដឹងគុណរបស់អ្នក: តម្រូវការនៃសេចក្ដីស្រឡាញ់គឺពិតជាមាននៅគ្រប់មនុស្សទាំងអស់ មិនថាចាស់ ឬក្មេងនោះទេ (តម្រូវការដែលមនុស្សមិនអាចអត់បាន)។ ទោះបីជាឪពុករបស់អ្នកមានវ័យចាស់ជរា ឬភ្លេចភ្លាំងច្រើនក៏ដោយ ក៏គាត់នៅតែមានសមត្ថភាពមានអារម្មណ៍ដឹងថាអ្នកស្រឡាញ់ និងគោរពគាត់ឬក៏អត់ដែរ។ អ្នកមិនចាំបាច់និយាយច្រើន ឬធ្វើសកម្មភាពអ្វីច្រើននោះទេ គ្រាន់តែអង្គុយនៅចំពោះមុខគាត់ រួចក្រាបសំពះគាត់ គឺជាបង្ហាញនូវសេចក្ដីគោរពរួចបាត់ទៅហើយ។ អ្នកក៏អាចកាន់ដៃរបស់គាត់ ឬអោបគាត់ នោះគាត់នឹងដឹងថាអ្នកស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាហើយ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យគាត់រំភើប រហូតដល់ស្រក់ទឹកភ្នែកក៏មានដែរ។
ការនិយាយពីវិធីជួយជម្រុញការចងចាំសម្រាប់ឪពុកនៅថ្ងៃនេះ គឺចង់រំលឹកដល់ទិវាដឹងគុណឪពុកនៅថ្ងៃនេះ ប៉ុន្ដែអ្នកក៏អាចអនុវត្តចំពោះអ្នកម្ដាយបានផងដែរ។ គាត់ទាំងពីរគឺជាអ្នកមានគុណក្នុងជិវិតរបស់យើង ដែលមិនអាចមានអ្វីមកស្មើគុណរបស់លោកទាំងពីរបាននោះទេ។ ចូរធ្វើអ្វីឲ្យគាត់សប្បាយចិត្ត គឺជាអ្វីដែលប្រសើរបំផុត ព្រោះគាត់មិនចង់បានអ្វីពីកូនៗនោះទេ ក្រៅតែពីចង់ឃើញកូនរបស់គាត់ជួបនឹងសេចក្តីសុខក្នុងជីវិតប៉ុណ្ណោះ។
អាន ខ្មែរ សូមយកឱកាសថ្ងៃទិវាដឹងគុណឪពុកនេះ គោរពជូនពរលោកឪពុកទាំងអស់នៅលើលោក ឲ្យជួបតែនឹងសេចក្ដីសុខជារៀងរហូតតទៅ។
ប្រិយមិត្តក៏អាចសរសេរពីសេចក្ដីស្រឡាញ់ ឬការជូនពរអ្នកមានគុណរបស់លោកអ្នក នៅក្នុងប្រអប់យោបល់ខាងក្រោមនេះបាន។ ទោះបីជាគាត់មិនបានឃើញនៅទីនេះ ក៏អ្នកបានបង្ហាញប្រាប់ពិភពលោក ពីទំហំនៃសេចក្ដីស្រឡាញ់របស់ចំពោះគាត់ទាំងពីរបានដែរ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment