
ការធាត់លើសទម្ងន់ ប្រឈមនឹងជំងឺទឹកនោមផ្អែម
ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Imperial College London (អង់គ្លេស) និង Harward University (អាមេរិក) បានធ្វើការវិភាគរួមគ្នា នូវទិន្នន័យដែលបានមកពីមនុស្ស ២,៧លាននាក់ នៅជុំវិញពិភពលោក ដោយប្រើប្រាស់នូវវិធីសាស្រ្ដស្ថិតិ (រើសចំនួនគម្រូណាមួយ មកវិភាគចំនួនសរុបរួម) ដើម្បីវិភាគនូវចំនួនអ្នកកើតទឹមនោមផ្អែមទាំងអស់នៅទូទាំងពិភពលោកទាំងមូល។
នៅទីបញ្ចប់ គេបានរកឃើញថា ចំនួនសរុបនៃអ្នកកើតជំងឺទឹកនោមផ្អែម បានកើនឡើងពី ១៥៣លាននាក់ ទៅដល់ ៣៤៧លាននាក់ (លើសពីរដង)។ ការរកឃើញនេះ គឺច្រើនជាងអ្វីដែលការស្រាវជ្រាវថ្មីៗនេះ បានធ្វើ ដោយរកឃើញអ្នកកើតជំងឺទឹកនោមផ្អែមចំនួន ២៨៥លាននាក់នៅទូទាំងពិភពលោក។
ក្នុងចំណោមប្រទេសដែលរកចំណូលបានច្រើនទាំងអស់ សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានអត្រាអ្នកកើតទឹកនោមផ្អែមច្រើនជាងគេ តាមពីក្រោយដោយ ហ្រ្គីនលែន ម៉ាល់តា ញូវហ្សើលែន និងអេស្ប៉ាញ។ ចំណែកឯ ហុល្លង់ អូទ្រីស និងបារាំង មានអត្រាទាបជាងគេ (ក្នុងចំណោមប្រទេសអ្នកមាន)។
ផ្ទុយពីការមានអ្នកធាត់លើសទម្ងន់ដ៏ច្រើន ប្រទេសអង់គ្លេស បែរជាមានអត្រាអ្នកកើតជំងឺទឹកនោមផ្អែមទាបជាងប្រទេសអ្នកមានដទៃទៀតទៅវិញ។ ក្នុងចំណោមប្រទេសដែលមានចំណូលខ្ពស់នៅលោកខាងលិច ចំនួន២៧ប្រទេស អង់គ្លេសបានជាប់ចំណាត់ថ្នាក់លេខ៥ ទាបជាងគេ នៃអត្រាអ្នកកើតជំងឺទឹកនោមផ្អែមជាបុរស និងលេខ៨ នៃអត្រាអ្នកកើតទឹកនោមផ្អែមជាស្រ្ដី។
ចំណែកឯប្រទេសកម្ពុជាយើងវិញ គឺស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតតិចជាងគេ ដោយសារតែអ្នកស្រាវជ្រាវបានរកឃើញថាតំបន់ដែលមានអត្រាអ្នកកើតទឹកនោមផ្អែមទាបជាងគេ គឺតំបន់អាហ្រ្វិក អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍។
អ្វីដែលខ្មែរសារិកា បានយកអត្ថបទនេះមកចុះផ្សាយ គឺចង់ប្រាប់ទៅប្រិយមិត្តទាំងអស់គ្នាថា ជំងឺទឹកនោមផ្អែមគឺជាជំងឺដ៏សាហាវមួយ ដែលមនុស្សដែលកើតវា នឹងអាចឈានទៅដល់ការកើតជំងឺសាហាវដ៏ទៃទៀតដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺងងឹតភ្នែក(ខ្វាក់) និងប៉ះពាល់ដល់ក្រលៀនទៀតផង។
បើសង្កេតជាទូទៅ ជំងឺទឹកនោមផ្អែម ស្ទើតែទាំងអស់ កើតទៅលើមនុស្សដែលមានជីវភាពធូរធារ ដោយសារតែពួកគេមានរបៀបរស់នៅស្រួល (ធ្វើការមិនសូវបញ្ចេញកម្លាំងកាយ) របបអាហារដែលមានកាឡូរីខ្ពស់ ដែលឈានទៅដល់ការធាត់លើសទម្ងន់ (ដុះក្បាលពោះ) ជាដើម។ ដូច្នេះប្រសិនបើអ្នក ជាមនុស្សដែលធាត់លើសទម្ងន់ ឬមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឈាមរកមើលជំងឺនេះឲ្យបានឆាប់។ ជាចុងក្រោយ អ្នកគួរតែចំណាយពេលខ្លះ ដើម្បីហាត់ប្រាណ បញ្ចេញញើស ដើម្បីទប់ស្កាត់ការធាត់ពេក ដែលប៉ះពាល់ដល់សុខភាពយើងជាច្រើន។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment