ការជ្រើសរើសពូជស្រូវសំរាប់ការដាំដុះតំបន់ទំនាបរំពឹងទឹកភ្លៀង ១.សេចក្តីផ្តើម ស្រូវជាដំណាំស្បៀងយ៉ាងសំខាន់បំផុតរបស់ប្រជាជនកម្ពុជា។ មានពូជស្រូវរាប់ពាន់ពូជដែលបានធ្វើការដាំដុះ ដោយប្រជាកសិករ | |||||
កម្ពុជាក្នុងបរិស្ថានដាំដុះខុសៗពីគ្នាចាប់តាំងពីស្រូវចំការស្រូវតំបន់ទំនាបទីពឹងទឹកភ្លៀងស្រូវ តំបន់ស្រោចស្រព និងស្រូវឡើងទឹក។ ស្រូវពូជប្រពៃណីទាំងនោះកសិករនិយមចូលចិត្តដាំ ដុះទៅតាមតំបន់ តាមទំលាប់តៗគ្នា ពីដូនតា តាមលក្ខណៈ និង គុណភាពរបស់ពូជ និង ភាពបន្សាំរបស់ពូជទៅតាមប្រភេទដី។ ដើម្បីបំពេញតំរូវការស្បៀងអាហារ និងបង្កើនប្រាក់ ចំណូលក្នុងគ្រួសារតាមរយៈតំរូវការទីផ្សារ ការជ្រើសរើសយកពូជស្រូវដែលសមស្របទៅ នឹងលក្ខខ័ណរបស់កសិករនៅតាមតំបន់ផ្សេងៗគឺជាបញ្ហាចំបង។ ចាប់តាំងពីឆ្នាំ១៩៨៩ កម្មវិធីកម្ពុជា-អ៊ីរី-អូស្រ្តាលី បានបង្កើតកម្មវិធីរុក្ខជំរើសវិទ្យារបស់ គំរោង ដោយប្រើប្រាស់ធនធានមនុស្សក្នុងស្រុក និងសហការជាមួយកម្មវិធីស្រាវជ្រាវអន្តរ ជាតិមួយចំនួនដូចជា វិទ្យាស្ថានអន្តរជាតិផ្នែកស្រាវជ្រាវអំពីដំណាំស្រូវ (IRRI) កម្មវិធីថ្នាល អន្តរជាតិ (INGER) សមូហកម្មជីវករ និងកម្មវិធីស្រាវជ្រាវអំពី ដំណាំស្រូវនៃប្រទេសផ្សេងៗ ទៀត ដើម្បីធ្វើការស្រាវជ្រាវជ្រើសរើសពូជដែលផ្តល់នូវទិន្នផលខ្ពស់និងសមស្របទៅនឹង លក្ខខ័ណ្ឌក្នុងប្រទេសកម្ពុជា។ ការពិសោធន៍ពូជស្រូវជាច្រើនជំហានដែលត្រូវបានធ្វើឡើង មានការពិសោធន៍តាមដានទិន្នផលពិសោធន៍ប្រៀបធៀបទិន្នផលបឋមពិសោធន៍ជំរើសទិន្ន- ផលនិងពិសោធន៍បន្សាំលើស្រែកសិករ។ មុននឹងឈានដល់ជំហានទីបួន (ពិសោធន៍បន្សាំ លើស្រែកសិករ) ពូជដែលរំពឹងថាល្អ ដែលជ្រើសរើសបានពីជំហានទីបីត្រូវបានគេលើកជា សំណូមពរទៅកាន់គណ:កម្មាធិការជាតិអនុសាសន៍ពូជដើម្បីធ្វើការរំដោះ។ គណៈកម្មាធិការជាតិអនុសាសន៍ពូជត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០។ គណៈកម្មា ធិការនោះដំបូងស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានក្សេត្រសាស្រ្ត ដែលមានសមា សភាពជាប្រធាន ១នាក់ លេខាធិការ ១នាក់ និងសមាជិកជាច្រើនរូប ដែលជាអ្នកបច្ចេក ទេសកសិកម្ម មកពីនាយកដ្ឋានក្សេត្រសាស្រ្ត មន្ទីរកសិកម្មខេត្ត/ក្រុង អ្នកបច្ចេកទេសកសិ- កម្ម មកពីអង្គការនានា ដែលធ្វើការជាមួយដំណាស្រូវ។ គណៈកម្មាធិការនេះមានតូនាទីក្នុង ការពិនិត្យ វិភាគ និងសំរេចទៅលើសក្តានុពល ទិន្នផល និងគុណភាពរបស់ពូជដំណាំដោយ យោងទៅលើទិន្នន័យប្រវត្តិនៃការពិសោធន៍របស់ពូជ នីមួយៗ និងធ្វើការដាក់ឈ្មោះថ្មី ហើយ សំរេចធ្វើការរំដោះជាផ្លូវការអោយកសិករប្រើប្រាស់។ ចាប់តាំងពីឆ្នាំ១៩៨៩ មកពូជស្រូវចំនួន៣៥ពូជ ត្រូវបានរំដោះជាបន្តបន្ទាប់ផ្អែកទៅលើ លក្ខណៈវិនិច្ឆ័យនៃទិន្នផលខ្ពស់ និង ផ្តល់ជូនដល់កសិករធ្វើការដាំដុះនៅកម្ពុជា។ ពូជស្រូវ ទាំង៣៥ពូជនេះ មាន២៩ពូជ សមស្របទៅនឹងបរិស្ថានស្រែទំនាបទីពឹងទឹកភ្លៀង២ពូជ មាន លក្ខណៈសម្បត្តិសមស្របទៅនឹងបរិស្ថានស្រូវចំការ ៣ពូជ សមស្របទៅនឹងបរិស្ថានស្រូវ ឡើងទឹក និង ៩ពូជ សមស្របទៅនឹងស្រូវប្រាំង និង ស្រូវប្រដេញទឹក។ ការកំណត់លក្ខណៈសំខាន់ស្រូវដើម្បីធ្វើការជ្រើសរើសពូជសំរាប់ការដាំដុះ : បន្ទាប់ពីចង់បានទិន្នផលខ្ពស់ មានលក្ខណៈសំខាន់ជាច្រើនទៀតដែលប្រជាកសិករត្រូវ ធ្វើការជ្រើសយកជាអាទិភាពចំបងក្នុងការងារផលិតកម្មរបស់គាត់ដូចជា គុណភាពអង្ករល្អ រសជាតិ អង្ករឡើងបាយ គ្រាប់អង្ករល្អ គ្រាប់ថ្លារលូន អត្រាកិនជាអង្ករខ្ពស់ភាពដួលដើម ភាពងាយបោកបែន។ ១.ប្រជាកសិករ គប្បីជ្រើសរើសពូជស្រូវណាដែលល្អសមស្រប និង ឆ្លើយតបទៅនឹង ក្សេត្របរិស្ថានដាំដុះរបស់ខ្លួន។ ២.ត្រូវធ្វើការសំរេចចិត្ត និងជ្រើសរើសពូជដែលមានគុណភាពឆ្លើយតបទៅនឹងតំរូវការ នៃទីផ្សារ ទាំងទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិ។ ៣.ជ្រើសរើសពូជដែលធន់ទ្រាំទៅនឹងជម្ងឺ និង សត្វល្អិត។ ២.ប្រព័ន្ឋក្សេត្របរិស្ថានដំណាំស្រូវនៅក្នុងប្រទេសកម្ពុជា ពូជស្រូវទាំងអស់ដែលដាំដុះនៅកម្ពុជា បានធ្វើការបែងចែកទៅតាមប្រភេទនៃវទរស ភាព និង រយៈពន្លឺ (ភាពប្រកាន់រដូវ) អាយុកាល ពេលវេលាចេញផ្កា និង ក្លិនក្រអូបរបស់ ពូជ។ ក្សេត្របរិស្ថានដំណាំស្រូវនៅកម្ពុជាបានបែងចែកទៅតាមសណ្ឋានដីដោយមានការប្រែ ប្រួលយ៉ាងខ្លាំងពីតំបន់ភ្នំទៅតំបន់ទំនាបលិទឹកជ្រៅ គឺមានស្រូវចំការ ស្រូវទំនាបទីពឹងទឹក ភ្លៀង និង ស្រូវឡើងទឹក។ ដំណាំស្រូវចំការ: ស្រូវប្រភេទនេះត្រូវបានដាំដុះនៅក្នុងស្រែដែលគ្នាភ្លឺហើយទីពឹងរបបទឹកភ្លៀងទាំង ស្រុងដែលមានផ្ទៃប្រមាណ ២% នៃផ្ទៃដីដាំដុះសរុប។ ស្រូវចំការបនេះត្រូវបានគេដាំជា លក្ខណៈគ្រួសារក្នុងខេត្តកំពង់ចាម ក្រចេះ សៀមរាប កំពង់ធំ កោះកុង កំពត ស្ទឹងត្រែង មណ្ឌលគិរី រតនះគិរី និង ព្រះវិហា។ ប្រភេទស្រូវចំការទាំងនេះ ភាគច្រើនមាននៅតាម តំបន់ខ្ពង់រាប គឺស្ថិតនៅតាមតំបន់ព្រៃភ្នំ ជំរាលភ្នំ ជើងភ្នំ ដែលដាំដុះដោយជនជាតិភាគតិច ជាប្រភេទកសិកម្មពនេចរ រឺ កសិកម្មព្រៃដុត ដូចនេះស្រូវចំការក៏ត្រូវបានគេស្គាល់ផងដែរថា ជាស្រូវភ្នំ។ ប្រពៃណីរបស់ជនជាតិភាកតិច គឺគេធ្វើចំការដោយការកាប់រានព្រៃ ដុតសំអាត រើគរកំទេចមែកសំណល់ដែលឆេះមិនអស់ហើយ បុកដាំដោយគ្រាប់ស្ងួតនៅពេលភ្លៀងដំបូង ក្នុងកំឡុងខេឧសភា ហើយជួនកាលគេដាំដុះចំរុះ ឬដាំឆ្លាស់ជាមួយដំណាំដ៏ទៃទៀតដូចជា ពោត ល្ង សណ្តែក ហើយការប្រមូលផលអាចចាប់ផ្តើមក្នុងខែតុលា។ ស្រូវប្រភេទនេះ ក៏ អាចធ្វើការដាំដុះផងដែរ នៅលើប្រភេទដីចំការ នៅលើដីទួល ដីកោះ ដោយធ្វើការដាំដុះជា ដំណាំចំរុះ ជាមួយដំណាំដទៃទៀត ដូចជាពោត សណ្តែកបាយ សណ្តែកដី ដាំលើដីចំការ តាមតំបន់ខ្ពង់រាប ជាដំណាំតាមចន្លោះជួរ ដំណាំឈើហូបផ្លែមាន ស្វាយស្វាយចន្ទី ខ្នុរ កៅស៊ូ ។ល។ ពូជស្រូវដែលរំដោះដោយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលសមស្របបំផុតសំរាប់តំបន់ទាំងនេះ ជាពូជស្រូវស្រាលដែលមានអាយុកាលចាប់ពី ៩០-១១០ថ្ងៃ មានពីរពូជគឺ ពូជរាមកេរ្តិ៍ និងសីតា។ ដំណាំស្រូវទំនាបអាស្រ័យទឹកភ្លៀង : ផ្ទៃដីសំរាប់ដាំដុះស្រូវវស្សាប្រមាណជាង ៩០ភាគរយ គឺជាផ្ទៃដីដាំដុះស្រូវតំបន់ទំនាប អាស្រ័យទឹកភ្លៀង។ស្រូវស្រែទំនាបអាស្រ័យរបបទឹកភ្លៀងនេះត្រូវបានគេដាំដុះគ្រប់ខេត្ត ទាំងអស់នៅកម្ពុជា។ ប៉ុន្តែតំបន់ដែលមានវិសាលភាពធំធេងជាងគេបំផុត គឺនៅវាលទំនាប ជុំវិញបឹងទន្លេសាប ទន្លេមេគង្គ និង ទន្លេបាសាក់។ ស្រូវនៅក្នុងតំបន់នេះ ត្រូវបានគេដាំ នៅលើប្រភេទដីផ្សេងៗគ្នា ហើយដោយផ្អែកទៅតាមរយ:ពេលនៃការលូតលាស់ ឬ នៅ ពេលចេញផ្កា គេចែកប្រភេទពូជស្រូវនៅក្នុងតំបន់នេះជាបីប្រភេទសំខាន់ៗគឺ ប្រភេទពូជ ស្រូវស្រាលស្រូវកណ្តាល និង ស្រូវធ្ងន់។ ក. ស្រូវស្រាល : ពូជស្រូវស្រាល គឺពូជស្រូវដែលមានអាយុកាលលូតលាស់តិចជាង ១២០ថ្ងៃ ដែលត្រូវ បានគេដាំដុះនៅលើផ្ទៃដីប្រមាណជាង ២០%នៃផ្ទៃដីទំនាបអាស្រ័យទឹកភ្លៀង។ ជាទូទៅ ពូជ នេះមិនប្រកាន់រដូវទេ គេអាចដាំវានៅក្បែរភូមិ នៅតំបន់ទំនាបខ្ពស់ (ជាដីទំនាបសំរាប់ដំណាំ ស្រូវដែលមានដក់ទឹក (រយ:ពេលខ្លីជាងទំនាបទាប) ដែលអាចមានទឹកស្រោចស្រពបាន។ ក្នុងពេលថ្មីៗនេះ កសិករភាគច្រើនបានដំាពូជទាំងនេះនៅដើមរដូវវស្សា។ បន្ទាប់ពីប្រមូល ផលពូជស្រូវនេះហើយ ពួកគាត់អាចដាំស្រូវកណ្តាល ឬ ស្រូវធ្ងន់បានទៀត។ នៅតំបន់ផ្សេង ទៀតកសិករបានដាំពូជស្រូវទាំងនេះ នៅពេលទឹកស្រក ដូច្នេះពូជស្រូវនេះត្រូវបានគេហៅថា ពូជពូជស្រូវប្រដេញទឹក។ ខ.ស្រូវកណ្តាល : ប្រមាណជា ៤០% នៃផ្ទៃដីដាំដុះស្រូវវស្សា គឺត្រូវបានគេដាំដុះស្រូវកណ្តាល។ ជាទូទៅ ពូជស្រូវកណ្តាលនេះ ត្រូវបានគេដាំនៅក្នុងតំបន់ទំនាបមធ្យម (ជាដីទំនាបសំរាប់ដំណាំស្រូវ ដែលនៅចន្លោះរវាងតំបន់ទំនាបខ្ពស់ និង តំបន់ទំនាបទាប) ដែលសមស្របទៅនឹងការលូត លាស់នៃដំណាំស្រូវ។ ពូជស្រូវកណ្តាលចែកចេញជាពីរក្រុម គឺ ពូជស្រូវកណ្តាលអវេទរស នឹងរយៈពន្លឺ (មិនប្រកាន់រដូវ) និង ពូជស្រូវកណ្តាល វេទរសនឹងរយៈពន្លឺ(ប្រកាន់រដូវ)។ ពូជ ស្រូវមិនប្រកាន់រដូវ គឺ មានអាយុកាលលូតលាស់ច្រើនជាង ១២០ថ្ងៃ ប៉ុន្តែមិនលើសពី ១៥០ ថ្ងៃទេ។ ចំណែកឯពូជស្រូវកណ្តាលប្រកាន់រដូវ ចេញផ្កាចន្លោះពេលពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកានៃឆ្នាំ។ គ.ស្រូវធ្ងន់ : ប្រហែលជា ៣៣% នៃផ្ទៃដីទំនាបទីពឹងទឹកភ្លៀងត្រូវបានគេដាំដុះស្រូវធ្ងន់។ ស្រូវធ្ងន់គឺ ជាស្រូវដែលមានអាយុកាលលូតលាស់វែង មានវេទរសភាពនឹងរយ:ពន្លឺ (ប្រកាន់រដូវ) និង ចេញផ្កានៅរវាងពាក់កណ្តាលខែវិច្ឆិកានៃឆ្នាំ។ គេដាំវានៅតំបន់ទំនាបទាប ដែលជាដីទំនាប សំរាប់ដំណាំស្រូវលិចទឹករយះពេលយូរជាងតំបន់ទំនាបមធ្យម។ បបទឹកភ្លៀងមិនទៀងទាត់ ដែលជាហេតុបណ្តាលឱ្យមានទាំងគ្រោះរាំងស្ងួត និង ទឹកជំនន់ធ្វើឱ្យកសិករមានទំនោរទៅ រកការដាំដុះស្រូវកណ្តាលជំនួសស្រូវធ្ងន់វិញ។ ដំណាំស្រូវទឹកឡើង : ស្រូវឡើងទឹក ត្រូវបានគេដាំនៅជុំវិញបឹងទន្លេសាប ក្បែរទន្លេមេគង្គ និងទន្លេបាសាក់ នៅក្នុងខេត្តកំពង់ធំ បន្ទាយមានជ័យ និងបាត់តំបង។ តំបន់ដាំដុះស្រូវនេះមានទំហំតូច គេ ឃើញមាននៅក្នុងខេត្តសៀមរាប ពោធិ៍សាត់ កណ្តាល និង តាកែវដែរ។ ប្រមាណជា ៤ ភាគរយនៃផ្ទៃដីដាំដុះសរុបត្រូវបានគេដាំស្រូវឡើងទឹក។ តំបន់ដាំដុះស្រូវស្ថិតក្នុងប្រព័ន្ឋបរិ- ស្ថាននេះមានការថយចុះយ៉ាងឆាប់រហ័ស ដោយសារគេបានកែប្រែតំបន់នេះទៅដាំដុះស្រូវ ប្រាំង ឬស្រូវបណ្ថេញទឹកវិញ ដោយបុកអណ្តូងដើម្បីយកទឹកស្រោចស្រព។ ក្នុងប្រព័ន្ឋ ក្សេត្របរិស្ថាននេះ ស្រូវអាចដុះក្នុងជំរៅទឹកបានដល់ទៅ ៤ម៉ែត្រ។ ការដាំដុះចាប់ផ្តើមនៅ ពេលធ្លាក់ភ្លៀងដំបូងក្នុងខែមេសា រឺខែឧសភា បន្ទាប់ពីភ្ជួររាស់គេធ្វើការពង្រួសគ្រាប់ស្ងួត។ ការធ្វើស្មៅនៅពេលទឹកឡើងចូលស្រែ ពេលវេលាប្រមូលផលរហូតទៅដល់ខែមករា។ ពូជ ស្រូវដែលគេដាំក្នុងតំបន់នេះ គេប្រើតែពូជស្រូវធ្ងន់ប្រកាន់រដូវ។ ដំណាំស្រូវក្នុងបរិស្ថាននេះ គេចាត់ទុកថាជាដំណាំយថាផលដោយកសិករ ពុំអាចគ្រប់គ្រងលើការងារដាំដុះបានទាំង ស្រុង គឺ អាស្រ័យលើល័ក្ខខ័ណ្ឌធម្មជាតិទាំងស្រុង ជួនកាលដំណាំត្រូវខូចខាតដោយគ្រាប់ មិនដុះពេញព្រួសហើយរាំង ជួនកាលដំណាំខូចដោយទឹកជំនន់ឡើងលឿនពេក ស្រូវឡើង ទឹកពុំទាន់ ហើយទិន្នផលដែលទទួលបានក៏ទាប គុណភាពអង្កររបស់ពូជស្រូវក្នុងបរិស្ថាន នេះជាប្រភេទអង្ករបាយរឹង ហើយភាគច្រើនអង្ករមានសម្បុរក្រហម ដែលពុំសមប្រកបសំរាប់ ទីផ្សារកសិករដែលនៅតែបន្តដាំដុះស្រូវឡើងទឹក គឺដោយសារដីស្រែរបស់គាត់គ្មានប្រភព ទឹកសំរាប់កែប្រែឱ្យទៅជាស្រែប្រាំងបាន។ ការធ្វើស្រូវឡើងទឹក ត្រូវចំណាយកំលាំងពលកម្ម តិច ការថែទាំ និងការចំណាយទុនតិចតួច។ ពូជស្រូវឡើងទឹកជាច្រើនបានបាត់បង់ដាច់ពូជ អស់ក្នុងសម័យសង្រាម រវាង ឆ្នាំ១៩៧០ និង ឆ្នាំ១៩៧៨ ដោយកសិករបោះបង់ចោលដីស្រែ ស្រូវឡើងទឹកទាំងស្រុង ដោយសារអសន្តិសុខ និង ការជំលៀសប្រជាជន។ ដំណាំស្រូវប្រាំង ស្រូវប្រដេញទឹក : ប្រមាណជា ១៣ភាគរយនៃតំបន់ដាំដុះស្រូវក្នុងប្រទេសកម្ពុជា គឺជាតំបន់ដាំដុះដំណាំ ស្រូវប្រាំង។ ស្រូវប្រភេទនេះ ត្រូវបានដាំដុះនៅក្នុងស្រែដែលមានភ្លឺ ដែលប្រើប្រាស់ទឹក ស្រោចស្រពបន្ថែម ឬទាំងស្រុងក្នុងរដូវប្រាំង ឬស្រោចស្រពផ្នែកខ្លះនៅពេលដែលផ្នែកនេះ ស្ថិតនៅក្នុងស្ថានភាពទឹកថយចុះនៅច្រាំងទន្លេ។ ជាទូទៅការដាំដុះច្រើនចាប់ផ្តើមពី ដើម ខែវិច្ឆិកា។ ចំណែកស្រូវប្រដេញទឹកវិញជាចំណែកមួយនៃស្រូវប្រាំងដែលការដាំដុះអនុវត្តមុន ឬល្បឿនជាងស្រូវប្រាំងដោយអាស្រ័យទៅតាមស្ថានភាពទឹកស្រក ដែលអាចចាប់ពីខែតុលា ឬខែវិច្ឆិកាដោយស្ទូងប្រដេញទៅតាមទឹកស្រក។ ពូជស្រូវដែលកសិករប្រើប្រាស់ក្នុងបរិស្ថាន នេះ គឺជាពូជទំនើប ឬពូជប្រពៃណីដែលមានអាយុកាលស្រាលអវេទរសនឹងរយៈពន្លឺ (មិន ប្រកាន់រដូវ)។ ដែលបច្ចុប្បន្ននេះ ប្រហែល ៧០-៨០% នៃតំបន់ដាំដុះស្រូវប្រាំង ត្រូវបានគេ ដាំដុះពូជដូចជា អ៊ីអ៊ែរ៦៦ គ្រូ អ៊ីអ៊ែរ កេសរ និងសែនពិដោរ និងមានពូជប្រពៃណីមិនប្រកាន់ រដូវខ្លះ ត្រូវបានគេនៅតែបន្តរការដាំដុះដូចជា ពូជលំអងខ្សាច់ និង នាងសប្រញាប់នៅតាម តំបន់ខ្លះបន្ថែមទៅលើពូជស្រូវអវេទរសនឹងរយៈពន្លឺ (មិនប្រកាន់រដូវ) កសិករក៏ដាំពូជស្រូវអ វេទរសនឹងរយៈពន្លឺ (ប្រកាន់រដូវ) ក្នុងរដូវប្រាំងផងដែរ។ ៣. ការពិពណ៌នាអំពីលក្ខណៈរបស់ពូជស្រូវដែលត្រូវជ្រើសរើសដើម្បីដាំដុះ -ជំរៅទឹកក្នុងស្រែ តំបន់ទំនាបទីពឹងទឹកភ្លៀង ដីស្រែអាចធ្វើការដាំដុះលើគ្រប់ប្រភេទពូជស្រូវ គឺ ស្រូវ ស្រាលស្រូវកណ្តាល និងស្រូវធ្ងន់ ទាំងពពួក អវេទរសនឹងរយៈពន្លឺ (មិនប្រកាន់រដូវ) និង ពពួកវេទរសនឹងរយៈពន្លឺ (ប្រកាន់រដូវ) ដោយអាស្រ័យទៅតាមស្ថានភាពដីស្រែ និងស្ថាន ភាពជំរៅទឹកក្នុងស្រែ។ សំរាប់ដីស្រែដែលនៅជួរលើក្បែរភូមិដែលមានជំរៅទឹករាក់ពី ១០ ទៅ ៣០សម កសិករហៅថា ស្រែលើ សមស្របសំរាប់ពពួកស្រូវស្រាលអវេទរសនឹងរយៈ ពន្លឺ។ សំរាប់ដីស្រែទាបជាងនេះបន្តិច មានជំរៅទឹកពី ៣០-៤០ សម កសិករហៅថាស្រែ កណ្តាល សមស្របសម្រាប់ពពួកស្រូវកណ្តាល អវេទរសនឹងរយ:ពន្លឺមានពូជសន្តិភាព១ សន្តិភាព២ សន្តិភាព៣ ពពូល សារិកា។ ចំពោះដីស្រែដែលមានជំរៅទឹកកាន់តែជ្រៅកសិករ ហៅថា ស្រែក្រោម រឺ ស្រែជំរៅ អាចដាំពូជ ខា១ ខា២ ខា៣ ខា១១ រាំងជ័យ។ បើជំរៅទឹក កាន់តែជ្រៅ ជាតំបន់ដីស្រែជ្រៅ ដែលមានជំរៅទឹកចាប់ពី ៤០ទៅ៩០សម អាចដាំពួកស្រូវ ធ្ងន់ដែលមានវេទរសនឹងរយៈពន្លឺ គឺពពួកខា៧ ខា៨ ខា៩ ខា១២ និង ខា១៣។ បើជាតំបន់ ដែលមានការជន់លិចខ្លាំងពេលរដូវវស្សាដែលមានជំរៅទឹករហូតដល់ទៅ ១៥០សម សម ស្របសំរាប់ស្រូវពូជមានលទ្ឋភាពពន្លូតដើមតាមទឹក។ -ប្រភេទស្រូវពូជ ស្រូវពូជត្រូវបានគេចែកជា ២ប្រភេទយ៉ាងច្បាស់លាស់ គឺក្រុមវេទរសភាពនឹងរយៈពន្លឺ (ប្រកាន់រដូវ) និង ក្រុមអវេទរសភាពនឹងរយៈពន្លឺ (មិនប្រកាន់រដូវ)។ ក្រុម វេទរសភាពនឹង រយៈពន្លឺ អាចធ្វើការដាំដុះបានតែ១ដងទេក្នុង១ឆ្នាំ ដោយការចេញផ្កាមានពេលវេលាទាក់ទង ទៅនឹងរយៈពន្លឺ ហើយ វេទរសភាពនឹងរយៈពន្លឺនេះ អាចធ្វើការវាយតំលៃទៅតាមកំរិតរបស់ វា គឺ វេទរសភាពនឹងរយៈពន្លឺកំរិតខ្សោយ ដែលដំណាំអាចនឹងចេញផ្កាក្នុងចន្លោះពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែវិច្ឆិការ និង វេទរសភាពនឹងរយ:ពន្លឺកំរិតខ្លាំងដែលដំណាំអាចនឹង ចេញផ្កាក្នុងចន្លោះពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ចំណែកក្រុមអវេទរសភាព នឹងរយៈពន្លឺ អាចចេញផ្កាគ្រប់ពេលវេលា ហើយអាចធ្វើការដាំដុះបានច្រើនដងក្នុង១ឆ្នាំ ប្រសិនជាតំបន់នោះមានទឹកគ្រប់គ្រាន់ក្នុងការធ្វើផលិតកម្ម។ ពូជទាំងនេះមានអាយុកាល ច្បាស់លាស់ គិតពីពេលសាបរហូតដល់ពេលច្រូតកាត់ប្រមូលផល។ គេអាចធ្វើការដាំដុះនៅ រដូវប្រាំង ស្រោចស្រពជាស្រូវប្រដេញទឹក និង ជាស្រូវដើមរដូវវស្សា។ -ភាពធន់ទ្រាំនឹងជម្ងឺ និងសត្វល្អិត ពូជស្រូវអនុសាសន៍ចំនួនទាំង៣៥ពូជនេះ ធ្លាប់បានធ្វើការដាំដុះក្នុងផ្ទះសំណាញ់ដើម្បី ធ្វើការពិសោធន៍ឆ្លុះបញ្ចាំង រកភាពធន់ទ្រាំទៅនឹងជម្ងឺនិងសត្វល្អិត។ ចំពោះជម្ងឺ មានជម្ងឺ បា្លស់ ជម្ងឺអ៊ុតត្នោត។ ចំពោះសត្វល្អិតចង្រៃមាន មមាចត្នោត មមាចបៃតង មូសផ្លុងដែល យើងបានសង្កេតឃើញថា មានពូជមួយចំនួនមានភាពធន់ទ្រាំទៅនឹងជម្ងឺនិងសត្វល្អិតដែល ការវាយតំលៃនេះយើងបានអោយជាពិន្ទុទៅលើការបំផ្លាញរបស់វា។ -កំពស់ដើមស្រូវ កំពស់ដើម ក៏ជាកត្តាមួយដែលយើងត្រូវគិតគូរផងដែរ បើជាប្រភេទស្រូវស្រាលកំពស់ ត្រូវតែទាបជាង ប្រភេទស្រូវកណ្តាល និង ប្រភេទស្រូវធ្ងន់។ ប៉ុន្តែ គេពុំគួរជ្រើសរើសយក ពូជដែលមានកំពស់ខ្ពស់ពេកដែរ ពីព្រោះវានាំអោយដួលដើមពេលទុំ។ ខ្នាតនៃកំពស់ដើម របស់ពូជនីមួយៗ គេកំនត់ពេលវេលាវាស់វែងនៅដំណាក់កាលស្រូវទុំស្លាបសេក (វាស់ពីផ្ទៃ ដីដល់ចុងនៃគួរ) ដែលកំណត់ដោយ : -ទាប : មានកំពស់ទាបជាង ៧៥ ស.ម -មធ្យម : មានកំពស់ពី ៨៥-១០៥ ស.ម -ខ្ពស់មធ្យម : មានកំពស់ពី ១១០-១៣០ ស.ម -ខ្ពស់ : មានកំពស់ខ្ពស់ជាង ១៣០ ស.ម -ភាពដួលដើមស្រូវ ភាពដួលដើម គឺជាការវាយតំលៃលើភាពរឹងមាំរបស់ដងដើមនៃពូជស្រូវនីមួយៗ ជា ពិសេសនៅពេលដែលស្រូវទុំ។ មានពូជភាគច្រើនដែលដួលរាបដល់ដីនៅពេលទុំប៉ុន្តែក៏មាន ពូជខ្លះដែលអាចនៅមានដើម ផ្នែកខ្លះនៅឈរពេលស្រូវទុំ ចំនុចអវិជ្ជមាននៃការដួលដើមធ្វើ អោយស្រូវមានគ្រាប់ស្កកច្រើន នាំឱ្យទិន្នផលទាប។ ហើយធ្វើស្រូវដួលវក់វីពុំទៅតាមទិសតែ មួយ ធ្វើឱ្យមានការលំបាកដល់ការច្រូតកាត់ ជាពិសេសពុំសមស្របចំពោះការច្រូតកាត់ ដោយគ្រឿងម៉ាស៊ីន។ ការដួលដើមពេលស្រូវទុំ បណ្តាលឱ្យកួរស្រូវប៉ះនឹងផ្ទៃទឹកធ្វើឱ្យគ្រាប់ ស្រូវសើមហើយអាចនឹងដុះនៅនឹងគួរ បើជាពូជដែលមានរយ:ពេលដំណេកខ្លី។ ដើម្បីធ្វើការ វាយតមលៃលើភាពដួលដើម គេត្រូវគិតទៅលើភាគរយនៃដើមដែលដួលនិងភាគរយនៃដើម ដែលនៅឈរដោយឱ្យជាពិន្ទុ : -0 មិនដួល -1ដួលតិចជាង ២០ % -3 មានដួលដើមពី ២០-៤០% -5 មានដួលដើមពី ៤១-៦០% -7 មានដួលដើមពី ៦១-៨០-% -9 មានដួលដើមលើសពី ៨០-% -ភាពស្វិតនៃគ្រាប់ស្រូវនៅពេលបោកបែន ភាពស្វិតនៃគ្រាប់ក៏ជាកត្តាសំខាន់របស់ពូជដែលកសិករត្រូវគិតគូរផងដែរ ពីព្រោះបើ គ្រាប់ស្រូវស្វិតពេក វានឹងធ្វើឱ្យពិបាននៅពេលបោកបែន បោកពុំបានស្អាតអស់ធ្វើឱ្យបាត់ បង់ទិន្នផល។ ជាទូទៅ លទ្ឋភាពបោកបែន គេអាចធ្វើការវាយតំលៃដោយយកដៃច្បូតកួរស្រូវដោយ ទំងន់ដៃស្រាលៗ នៅពេលស្រូវទុំបានប្រហែល ៨៥% ។ លក្ខណ:ខាងក្រោមនេះគឺបង្ហាញ ពីស្ថានភាពស្រូវ ដែលមានលក្ខណ:ពិបាកបោក ពិបាកបោកមធ្យម និងងាយស្រួលបោក។ -1 ពិបាក : បើច្បូតទៅមានតែគ្រាប់ខ្លះប្រហែល ១% ឬ គ្មានគ្រាប់ធ្លាក់សោះ -3 ពិបាកមធ្យម : បើច្បូតទៅមានប្រហែលពី ១-៥% គ្រាប់ស្រូវជ្រុះ -5 មធ្យម : បើច្បូតទៅមានប្រហែលពី ៦-២៥% គ្រាប់ស្រូវជ្រុះ -7 ងាយស្រួល : បើច្បូតទៅមានប្រហែលពី ២៦-៥០% គ្រាប់ស្រូវជ្រុះ -9 ស្រួល : បើច្បូតទៅមានគ្រាប់ស្រូវជ្រុះពី ៥១-១០០% -អត្រានៃការកិនជាអង្ករ អត្រានៃការកិនជាអង្ករ គឺជាលទ្ឋភាពរបស់ពូជស្រូវដែលផ្តល់ទៅជាគ្រាប់អង្ករនៅពេល កិនជាអង្ករសំរិត តែកត្តានេះក៏មានទំនាក់ទំនងទៅលើសំណើមគ្រាប់ និង កំរិតភាពទុំនៅ ក្នុងពេលធ្វើការច្រូតកាត់ បច្ចេកទេសក្រោយប្រមូលផល ការហាលសំងួត ការរក្សាទុកដាក់ និងគុណភាពរបស់ម៉ាស៊ីនកិនស្រូវផងដែរ។ អត្រាអង្ករដែលទទួលបានក្រោយពេលកិនមាន អង្ករដើម និង អង្ករចុងក្នុងនោះមាន : -អង្កាម : ទទួលបានពី ២០-២២% -កន្ទក់ ឬ ចុងអង្កាម : ទទួលបានពី ៨-១០% -អត្រាអង្ករសុទ្ឋ : ទទួលបានពី ៦៨- ៧០% ពូជស្រូវដែលល្អ ក្រោយពេលកិនជាអង្ករ អត្រាកិនជាអង្ករសំរិត អាចទទួលបានពី ៦៨-៧០% នៃបរិមាណស្រូវសរុប។ -ភាពទទួលយកនៃអង្ករ គឺជាទិដ្ឋភាពទូទៅនៃរូបរាងដែលយើងបានមើលឃើញនូវរូបរាង ពណ៌សម្បុរនិង លក្ខណៈរបស់អង្ករដែលគួរអោយយើងចង់បាន។ -ភាពទទួលយកនៃបាយ -គឺជាទិដ្ឋភាពទូទៅដែលយើងបានមើលឃើញនូវលក្ខណ:របស់បាយ និងរសជាតិ ដែលយើងចង់បាន។ -ភាពថ្លានៃគ្រាប់អង្ករ ជាភាពដែលមើលឃើញនូវភាពថ្លារបស់គ្រាប់អង្ករ ដែលមាននៅលើផ្ទៃទាំងមូលរបស់ គ្រាប់អង្ករ ដែលបានអោយជាពិន្ទុដូចខាងក្រោម : -1 ថ្លា -5 មធ្យម -9 ស្រអាប់ -ភាពបាយរឹងនៃអង្ករ គុណភាពនៃអង្ករដែលដាំទៅជាបាយមានសភាពរឹង ឬ ទន់ អង្ករបាយឡើង ឬអង្ករបាន មិនឡើង នេះជាលក្ខណ:របស់ពូជដែលមានទំនាក់ទំនងទៅនឹងសមាសធាតុគីមីដែលមាន នៅក្នុងគ្រាប់អង្ករ។ កំរិតភាគរយអាមីឡូស ភាពរន្ឋឹល សីតុណ្ហភាពក្នុងពេលចំអិនភាពរីក មាឌពីអង្ករទៅបាយ។ សមាសភាពអាមីឡូសអាចនឹងមានការប្រែប្រួលប្រមាណជា ៦% ទៅតាមរដូវដាំដុះ និងអាស្រ័យទៅតាមបរិស្ថានដាំដុះហើយខាងក្រោមនេះជាកំរិតសមាស ភាពអាមីឡូសអាចកំណត់ពីស្ថានភាពរបស់បាយ : -សមាសភាពអាមីឡូសមានខ្ពស់ជាង ២៥% ជាអង្ករឡើងបាយខ្លាំង (ហៅថាបាយរឹង) -សមាសភាពអាមីឡូសមានពី ២០-២៥% ជាអង្ករឡើងបាយមធ្យម (ហៅថាបាយទន់ មធ្យម) - សមាសភាពអាមីឡូសមានពី ១០-២០% ជាអង្ករមិនឡើងបាយ (ហៅថាអង្ករបាយ ទន់) - សមាសភាពអាមីឡូសមានពី ២-១០% ជាអង្ករមិនឡើងបាយ (ហៅថាអង្ករបាយ ទន់ខ្លាំង) -ភាពសពោះនៃគ្រាប់អង្ករ ភាពសពោះនៃគ្រាប់អង្ករ ជាភាពដែលមើលឃើញចំនុចសនៅលើផ្ទៃរបស់គ្រាប់អង្ករ ដែលមាននៅលើផ្នែកផ្សេងរបស់គ្រាប់អង្ករ ភាពសពោះមើលឃើញនៅលើផ្នែកផ្សេងនៃ គ្រាប់អង្ករ : -សផ្នែកពោះ : ផ្នែកសនៅខាងលើផ្នែកពោះនៃគ្រាប់អង្ករ -សក្នុងបណ្តូល : ផ្នែកសនៅខាងក្នុងបណ្តូលនៃគ្រាប់អង្ករ - សផ្នែកខ្នង: ផ្នែកសនៅលើផ្នែកខាងខ្នងនៃគ្រាប់អង្ករ ភាពសពោះនេះត្រូវបានគេដាក់ ពិន្ទុ ដូចខាងក្រោមនេះ : -0 គ្មានចំនុចសនៅលើគ្រាប់អង្ករ -1 តូច ផ្ទៃសពោះ តូចជាង 10% -5 មធ្យម ផ្ទៃសពោះ មានពី 10-20% ធៀបទៅនឹងផ្ទៃនៃគ្រាប់ទាំងមូល -9 ធំ ផ្ទៃសពោះមានទំហំធំជាង ២០% ធៀបទៅនឹងផ្ទៃនៃគ្រាប់ទាំងមូល -ប្រវែងគ្រាប់អង្ករ ប្រវែងគ្រាប់គឺជាការវាស់ប្រវែងបណ្តោយគ្រាប់ ដោយគិតចាប់ពី ចុងនៃក្បាលគ្រាប់ ទៅចុងកន្ទុយគ្រប់ ដោយគិតខ្នាតជា ម.ម បើគ្រាប់ពូជស្រូវមានកន្ទុយ ពុំគិតដល់ប្រវែង កន្ទុយទេ។ - វែងខ្លាំង វែងជាង ៧,៥៥ ម.ម - វែង ៦,៦១-៧,៥០ ម.ម - មធ្យម ៥,៥១-៦,៦០ ម.ម -ខ្លី ខ្លីជាង ៥,៥០ ម.ម - ទំរង់គ្រាប់អង្ករ ទំរង់គ្រាប់ គឺជាប្រវេងផលធៀបរវាងប្រវែងបណ្តោយគ្រាប់លើប្រវែងទទឹងគ្រាប់ ដោយគិតតាមខ្នាត ដូចខាងក្រោមនេះ : - វែងរលូន បើវែងជាង ៣,០ ម.ម - មធ្យម ពី ២,១-៣,០ ម.ម - ខ្លីកន្តុល ពី ១,១-២,០ ម.ម - មូល ១,០ រឺ ខ្លីជាង -ក្លិនក្រអូបនៃគ្រាប់អង្ករ ក្នុងការវាយតំលៃ ទៅលើក្លិនក្រអូបរបស់អង្ករ គឺ គេធ្វើតេស្តទៅលើអង្ករឆៅដោយប្រើ វិញ្ញាណផ្ទាល់ រឺ ប្រើសូលុយស្យុង KOH និង ការធ្វើតេស្តទៅលើរសជាតិបាយដោយអោយ តំលៃជាពិន្ទុ : 0 - គ្មានក្លិនក្រអូប 1 - ក្រអូបតិច 2 - ក្រអូបខ្លាំង៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment