អត្ថបទថ្មីៗ :

ការរៀបចំបង្កើតច្បារពូជ សម្រាប់ការដាំដុះ និងអភិវឌ្ឍន៍ដំណាំកៅស៊ូ

Tuesday, December 20, 2011

ការរៀបចំបង្កើតច្បារពូជ សម្រាប់ការដាំដុះ និងអភិវឌ្ឍន៍ដំណាំកៅស៊ូការរៀបចំបង្កើតច្បារពូជ សម្រាប់ការដាំដុះ និងអភិវឌ្ឍន៍ដំណាំកៅស៊ូ
       ឧស្សាហកម្មកៅស៊ូធម្មជាតិ ជាវិស័យមួយយ៉ាងសំខាន់ក្នុង សេដ្ឋកិច្ច សង្គម និងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា។ កៅស៊ូ ធម្មជាតិជួយបង្កើនការងារ និង ប្រាក់ចំណូលដល់គ្រួសារកសិករ
ព្រមទាំងការពារ បរិស្ថានធម្មជាតិយ៉ាងសំខាន់។
       ដំណាំកៅស៊ូត្រូវបាននាំយកដាំនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩១០ ដោយជនជាតិបារាំង ម្នាក់ឈ្មោះ ប៊ូយ៉ា Bouillard លើផ្ទៃដីប្រមាណ ១៥០ ហ.ត ក្នុងស្រុកព្រៃនប់ហើយបានពង្រឹង ជាលក្ខណៈទ្រង់ទ្រាយធំចាប់ពីឆ្នាំ១៩២១-១៩៦៨។ ការដាំដុះកៅស៊ូជាលក្ខណៈឧស្សាហកម្ម នេះ មួយទសវត្សរ៍ដំបូងបានប្រព្រឹត្តទៅដោយការដាំគ្រាប់ប៉ុណ្ណោះរហូតដល់ដើមទស្សវត្សរ៍ ១៩៣០ ទើបការដាំដុះប្រព្រឹត្តទៅជាលក្ខណៈរុក្ខវប្បកម្ម ដោយការប្រើប្រាស់បណ្តាក្លូន ចាស់ៗនាសម័យនោះ។
       ចំការកៅស៊ូដែលដាំដោយគ្រាប់ ផ្តល់ទិន្នផលទាបជាង ធៀងនឹងចំការដែលដាំជា លក្ខណ:រុក្ខវប្បកម្ម គឺទទួលបានប្រមាណ ៥០-៦០% ធៀបនឹងក្លួន GT1។ ការដាំដុះនិង អភិវឌ្ឈន៍ដំណាំកៅស៊ូជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានផ្ទៃដីចាប់ពី ៥០០ហ.ត ឡើងទៅ ចំាបាច់ត្រូវរៀបចំច្បារពូជសម្រាប់ផ្តលើភ្នែកពូជដល់ការបំបៅ ហើយការរៀបចំច្បារពូជត្រូវ អនុវត្តយ៉ាងតិចមួយឆ្នាំមុនដំណើរការដាំដុះ។ ការរៀបចំច្បារពូជប្រព្រឹត្តទៅតាមដំណាក់ ដូចខាងក្រោម :
       ១.ការរៀបចំដី :
       ១.១​ ការជ្រើសរើសដី : ដីសម្រាប់រៀបចំច្បារពូជជាប្រភេទដីមានទម្រង់ល្អ មិនជាំ ទឹកនៅក្បែរប្រភពទឹក និងថ្នាលបណ្តុះកូន នៅឆ្ងាយពីភូមិករ ព្រមទាំងសត្វពាហនៈ ហើយ បរិស្ថានជុំវិញស្រលះល្អ។
       ១.២ការរៀបចំប្លុក : ច្បារពូជត្រូវរៀបចំជាកូនប្លុក តូចៗមានផ្ទៃដីចាប់ពី ២០០- ១០០០ម២ ទៅតាម
       -ស្ថានភាពដីអនុគ្រោះ
       -តម្រូវការភ្នែកពូជសម្រាប់បំបៅ
       -មធ្យោបាយស្រោចស្រព
       -ការគ្រប់គ្រង គួចងចាំថា នៅក្នុងកូនប្លុកនីមួយៗ គដាំតែពូជមួយតែប៉ុណ្ណោះមិនត្រូវ ដាំច្រឡូកច្រឡំពូជនោះទេ ហើយនៅតាមកូនប្លុកនីមួយៗ ត្រូវដាក់ផ្លាកសញ្ញាពូជនិង លេខ សម្គាល់កូនប្លុកឱ្យបានច្បាស់លាស់។
       ១.៣ ដង់ស៊ីតេដើមក្នុងច្បារពូជ : ដង់ស៊ីតេដើមនៅក្នុងច្បារពូជប្រែប្រួលទៅតាម លក្ខណៈដី តម្រូវការភ្នែក ពូជក្នុងការបំបៅ និង ប្រភេទភ្នែក (ភ្នែកខ្ចី ភ្នែកវ័យមធ្យមភ្នែក ចាស់) ដែលគេត្រូវប្រើប្រាស់។
       -ដង់ស៊ីតេខ្ពស់ : គេដាំដោយរក្សាគម្លាតដើម ចម្ងាយ ១ម x ០.៥ម។ វិធីនេះក្រោយ ពីការដកផ្ទៃដី សម្រាប់ផ្លូវខ័ណ្ឌកូនប្លុកចេញ គេមានចំនួន ១៧០០០-១៨០០០ ដើមក្នុង ១ហ.ត។ គេអនុវត្តវិធីនេះនៅតំបន់ណា ដែលដីមិនសូវមានជីជាតិ និង មានតម្រូវការបន្ទាន់ ភ្នែកពូជសម្រាប់ប្រើប្រាស់។
       -ដង់ស៊ីតេទាប : គេដាំដោយរក្សាគម្លាតដើម ចម្ងាយ១ម x ១ម។ វីធីនេះក្រោយពីការ ដកផ្ទៃដី សម្រាប់ផ្លូវខ័ណ្ឌកូនប្លុកចេញ គឺមានចំនួន ៨០០០-៩០០០ដើម/ហ.ត។ គេអនុវត្ត វិធីនេះនៅតំបន់ណាដែលមានដីមានជីជាតិល្អ គេនិយមប្រើប្រាស់ប្រភេទភ្នែកចាស់ និង តំបន់ដែលមានសំណើមបរិយាកាសខ្ពស់ ព្រមទាំងមានជមឺស្លឺកច្រើន។ នៅក្នុងឆ្នាំទី១ច្បារ ដែលមានដង់ស៊ីតេខ្ពស់ ផលិតភ្នែកពូជបានបរិមាណច្រើនជាងចំការដែលមានដង់ស៊ីតេទាប ប៉ុន្តែនៅឆ្នាំបន្តបន្ទាប់ការផលិតភ្នែកពូជ នៃចំការទាំងពីរមានបរិមាណប្រហាក់ប្រហែលគ្នា។ ជាទូទៅច្បារពូជ ១ហ.ត អាចផ្គត់ផ្គង់ភ្នែកពូជសម្រាប់ការដាមដុះបាន ១០០ហ.ត នៅឆ្នាំទី ១ និងអាចផ្គត់ផ្គង់ភ្នែកពូជសម្រាប់ការដាំដុះបាន ២០០ ហ.ត នៅឆ្នាំទី ១ និង អាចផ្គត់ផ្គង់ភ្នែក ពូជសម្រាប់ការដំាដុះបាន ២០០ ហ.ត នៅឆ្នាំទី ២។
       ២. វិធីដាំ :
       ២.១ វិធីដាំដោយគ្រាប់ : ក្នុងមួយរណ្តៅដាក់ ២-៣គ្រាប់ ដែលដុះពន្លកស្រាប់ក្រោយ ពេលកូនកៅស៊ូដុះលូតលាស់បានមួយឆ័ត្រ គេដករំលោះទុកតែ ២ ដើម ប៉ុណ្ណោះ។ នៅពេល ដែលកូនកៅស៊ូលូតលាស់បានទំហំដើម P = ១០ ម.ម (វាស់នៅកម្ពស់ ១០ ស.មពីដី) គេ អាចធ្វើការបំបៅបាន។ ក្រោយការបំបៅ ៣ សប្តាហ៍ គេស្រាយបង់ចេញ ហើយធ្វើការត្រួត ពិនិត្យចំនួនកូនកៅស៊ូបំបៅរស់ រយៈពេល ៣-៤ សប្តាហ៍ក្រោយគេធ្វើការបំបៅម្តងទៀត លើ ដើមដែលមិនបានជោគជ័យ ក្នុងការបំបៅលើកទី ១។ រយៈពេល ៣-៤ សប្តាហ៍ក្រោយពី ការស្រាយបង់នៃការបំបៅលើកទី ២ គេធ្វើការកាត់ជើងទម្រនៃដើមដែលបំបៅរស់នៅកម្ពស់ ៨-១០ ស.ម ខាងលើភ្នែកបំបៅ ដើម្បីឱ្យភ្នែកពូជដុះចេញពន្លក រីឯដើមដែលបំបៅមិនបាន ជោគជ័យនោះ គេកាប់ចោល ហើយចំពោះរណ្តៅដែលគ្មានដើមណាមួយទទួលបានជោគ ជ័យសោះនោះ គេត្រូវដាំដួសដោយកូនថង់ ដើម្បីរក្សាដង់ស៊ីតេ និង ផលិតភាពភ្នែកពូជក្នុង កូនប្លុកនីមួយៗនៃច្បារពូជ។
       ២.២ វិធីដាំដោយថង់ : វិធីនេះគេដាំដោយកូនថង់ធម្មតា ឬ កូនឆ័ត្រ ដែលការដំាគេ អនុវត្តដូចគ្នាទៅនឹងការដាំកូននៅចំការអាជីវកម្មដែរ។ ចំពោះការដាំតាមវិធីនេះ គេចំណាយ ពេលវេលាខ្លី និងមានប្រសិទ្ឋភាពជាង ប៉ុន្តែ ប្រើធនធានច្រើនជាងការដាំដោយគ្រាប់។
       ៣.ការថែទាំ :
       ត្រូវធ្វើការថែទាំច្បារពូជជាប្រចាំ នៅពេលដែលកូនកៅស៊ូនៅតូចមិនទាន់បង្កើតគម្រប ដីបាន នៅពេលនោះស្មៅដុះលូតលាស់រហ័ស អាចបណ្តាលឱ្យប៉ះពាល់ដល់ការលូតលាស់ របស់កូនកៅស៊ូ។ ដូចនេះ ការសម្អាតស្មៅអនុវត្តនៅរៀងរាល់មួយខែម្តង។ ៣ខែក្រោយមក ការសម្អាតស្មៅត្រូវអនុវត្តរៀងរាល់ ១,៥-២ ខែម្តង។ក្នុងរដូវភ្លៀង ករណីជួបប្រទះកូនរដូវ ប្រាំង ហើយកូនកៅស៊ូនៅតូច ដីស្ងួតខ្លាំងត្រូវធ្វើការស្រោចស្រព ៣ ថ្ងៃម្តង។ ចាប់ពីពាក់ កណ្តាលខែវិច្ឆិកា-មេសា ការស្រោចស្រត្រូវអនុវត្តជាប្រចាំរៀងរាល់៣ថ្ងៃម្តងដោយបរិមាណ ទឹក ៨០-១០០ម៣/ហ.ត ទើបមែកពូជមានគុណភាព និងផលិតភាពល្អសម្រាប់ការបំបៅ។ គួរយកចិត្តទុកដាក់ផងដែរក្នុងការត្រួតពិនិត្យ និងព្យាបាលជម្ងឺស្លឹកនៅក្នុងច្បារពូជ បើពុំនោះ ទេគុណភាពភ្នែកពូជនឹងធ្លាក់ចុះ ហើយការបំបៅមិនទទួលបានលទ្ឋផលល្អឡើយ។ ការដាក់ ជីគួរអនុវត្តជារៀងរាល់ឆ្នាំ ដោយប្រើជីប្រភេទ NPK (15:15:15) ក្នុងបរិមាណ ៨០០-១០០០ គ.ក្រ/ហ.ត ដោយចែករំលែកជីដាក់ចំនួន ២លើក លើកទី១ នៅពេលកូនកៅស៊ូដុះលូត លាស់បាន១ឆ័ត្រ ស្លឹក និងលើកទី២ រយ:ពេល ១.៥-២ ខែ (នៅមុនពេលកាត់មែកពូជយក ទៅប្រើប្រាស់)។ គេត្រូវឧស្សាហ៍កាត់ខ្នែងព្រៃ (ត្រចៀកទន្សាយ) ពីជើងទម្ររៀងរាល់ ២ សប្តាហ៍ម្តង នៅក្នុងរយ:ពេល ៣ ខែ ដំបូងក្រោយបំបៅដុះចេញជារូបរាងហើយក្លាយទៅជា មែកពូជ គេត្រូវឧស្សាហ៍ត្រួតពិនិត្យមែកពូជនោះ រៀងរាល់ ២ សប្តាហ៍ម្តងបើឃើញមានខ្នែង បែកចេញពីមែកពូជនោះ គេត្រូវកាត់វាចេញជាបន្ទាន់ បើមិនដូចច្នោះទេមែកពូជនោះមិន អាចប្រើប្រាស់បានឡើយ ដែលជាហេតុធ្វើឱ្យបាត់បង់បរិមាណភ្នែកពូជហើយផ្តល់ឱ្យការ បំបៅមិនបានគ្រប់គ្រាន់។ អំពីខ្នែងពូជដែលដុះឡើងវិញសារជាថ្មីក្រាយពីការកាត់មែកពូជ ទៅប្រើប្រាស់ចំពោះច្បារពូជដែលមានដង់ស៊ីតេខ្ពស់ គេរក្សាទុក ២ខ្នែង/គល់ និង ៣-៤ ខ្នែង/គល់ ចំពោះច្បារពូជដែលមានដង់ស៊ីតេទាប។
       ៤.ការកាត់មែកពូជយកទៅបំបៅ :
       អាយុមែកពូជដែលអាចកាត់យកទៅបំបៅបាន អាស្រ័យទៅតាមគោលបំណងនៃអ្នក ប្រើប្រាស់ ដែលជាទូទៅគេចែកចេញជា ៣ប្រភេទ:
       -មែកពូជប្រភេទភ្នែកខ្ចី:មានអាយុពី ៤-៥ ខែ ភ្នែកពូជប្រភេទនេះអាចប្រើប្រាស់បាន តែមួយរយ:ពេលខ្លី និងភ្លាមៗក្រោយពេលកាត់តែប៉ុណ្ណោះ ហើយនៅជិតៗ នឹងកន្លែងបំបៅ តែម្តង មិនអាចទុកឆ្លងថ្ងៃ ហើយនឹងដឹកជញ្ជូនទៅកន្លែងឆ្ងាយៗ បានទេ។ បើពុំនោះសោត គុណភាពនឹងថយចុះ។ ផ្នែកពូជប្រភេទនេះពិបាកធ្វើការបំបៅ ហើយអត្រារស់ទាបនៅពេល ជួបប្រទះនឹងអាកាសធាតុក្តៅរាំង ឬសគ្មានភ្លៀងនៅពេលដាំ ប៉ុន្តែជាភ្នែកសកម្មបើអាកាស ធាតុអំណោយផល។
       -មែកពូជប្រភេទភ្នែកវ័យមធ្យម : មានអាយុពី ៦-៨ ខែ ភ្នែកពូជប្រភេទនេះអាចប្រើ ប្រាស់បានល្អ ជាងប្រភេទភ្នែកខ្ចី និង ប្រភេទភ្នែកចាស់ ងាយបំបៅ ងាយដឹកជញ្ជូនទៅកាន់ ទីឆ្ងាយ ទុកបានយូរជាងប្រភេទភ្នេកខ្ចី។
       -មែកពូជប្រភេទភ្នែកចាស់ : មានអាយុពី ១០-១២ ខែ ភ្នែកពូជប្រភេទនេះ ងាយបំបៅ ជាងប្រភេទភ្នែកខ្ចី ងាយដឹកជញ្ជូនទៅកាន់ទីឆ្ងាយ ហើយទុកបានយូរជាងប្រភេទភ្នែកខ្ចី និង ភ្នែកវ័យមធ្យម ព្រមទាំងធន់ទ្រាំនឹងអាកាសធាតុក្តៅ រាំងឬសបានប្រសើរជាង ២ ប្រភេទខាង លើ ប៉ុន្តែប្រភេទនេះមិនសូវសកម្មទេ។
       ៤.១ របៀបកាត់មែកពូជ : ដើម្បីបង្កើនបរិមាណភ្នែកពូជ ដែលអាចយកទៅប្រើ ប្រាស់បានលើមួយឯកតា មែកពូជនៅរយ:ពេល ១៥-២០ថ្ងៃ មុនពេលកាត់មែកពូជទៅប្រើ ប្រាស់ គេកាត់ទងស្លឹកចោលទុកតែ ២២០ថ្ងៃ មុនពេលកាត់មែកពូជទៅប្រើប្រាស់ គេកាត់ ទងស្លឹកចោលទុកតែ ២-៣ ស.ម ពីមែកពួជប៉ុណ្ណោះ ហើយគេរក្សាស្លឹកទុកចំនួន ២ ឆ័ត្រ ខាងចុងមែក។ នៅពេលព្រឹកគេកាត់មែកពូជ នៅមុនម៉ោង ១០ និង ពេលល្ងាចគេកាត់នៅ ក្រោយម៉ោង ៣ រសៀល។ គេកាត់មែកពូជ ចេញពីគល់មែកប្រវែង ៨-១០ស.ម ហើយបន្ត ធ្វើរបៀបនេះរហូតដល់ឆ្នាំទី១០ ទើបរើច្បារពូជចាស់ដើម្បីដាំឡើងវិញជាថ្មី។ នៅក្រោយ ពេលកាត់មែកពូជរួច គេយកខ្លាញ់គោ (Vaseline) លាបលើស្នាមមុខកាត់នៃគល់ពូជភ្លាម ដើម្បីការពារជម្ងឺផ្សិតរាតត្បាតលើមុខរបួស។
       ៤.២ ការរក្សា និង វេចខ្ចប់មែកពូជដែលកាត់រួច : ក្រោយពេលកាត់ គេជ្រលក់ ចុងទាំងសងខាងនៃមែក ពូជទៅក្នុងឆ្នាំងក្រមួនទៀន (Parafine) ដែលបានដុតរំលាយដើម្បី រាំងស្កាត់ការរំភាយចំហាយទឹកតាមស្នាមមុខកាត់នោះ។ ក្នុងករណីដឹកជញ្ជូនទៅទីឆ្ងាយមែក ពូជទាំងនោះត្រូវចងជាបាច់តូចៗ ពី ១០-២០ មែក/បាច់ ហើយទ្រាប់ខ័ណ្ឌចេញមែកពូជ ដោយស្លឹកកៅស៊ូ កម្ទេចក្រណាត់ ឬចម្បើង ព្រមទាំងប្រោះទឹកសើមៗ ដើម្បីរក្សាសំណើម មែកពូជ រួចហើយវេចខ្ចប់ នឹងស្រទបចេក ទើបរៀបចូលកេសឈើ។ គេអាចវេចខ្ចប់មែក ពូជនឹងក្រណាត់បាវសើម ឬ ភ្ជល់ក៏បាន ដោយធ្វើយ៉ាងណាការពារឱ្យបាននូវការប៉ះពាល់ មេកានិចទៅលើមែកពូជ។ ក្រោយការវេចខ្ចប់ត្រូវសរសេរឱ្យបានច្បាស់លាស់នូវឈ្មោះពូជ ថ្ងៃ ខែ ឆ្នាំ ទីកន្លែងដែលបានផ្តល់មែកពូជ។ នៅពេលដឹកជញ្ជូន ក៏ដូចជាពេលបំបៅមែក ពូជត្រូវរក្សាទុកក្នុងម្លប់ជានិច្ច ហើយនៅពេលដឹកជញ្ជូនដល់ទីកន្លែង គប្បីរើមែកពូជចេញពី កេសដាក់ក្នុងម្លប់ គ្របចម្បើងពីលើស្តើងៗ និង ប្រោះទឹកផ្សើមឱ្យបានញឹកញាប់។

យោងតាមៈវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
ទស្សនាវដ្តី កសិកម្ម
ឆ្នាំទី ៦ ត្រីមាសទី ៤ (តុលា-ធ្នូ) ឆ្នាំ ២០០៧ លេខ ២៤

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.