អត្ថបទថ្មីៗ :

ការចម្លងជម្ងឺផ្តាសាយ បក្សី

Tuesday, December 20, 2011

ការចម្លងជម្ងឺផ្តាសាយ បក្សីការចម្លងជម្ងឺផ្តាសាយ បក្សី
១. សេចក្តីផ្តើម
       ជំងឺផ្តាសាយបក្សី ដែលរាតត្បាតលើមនុស្ស ត្រូវបានស្គាល់តាំង តែពីយូរយារណាស់មកហើយ។ ឈ្មោះជម្ងឺផ្តាសាយត្រូវបានឱ្យដោយ
យោងទៅលើជំនឿពីបុរាណដែលថា បណ្តាលមកពីបីសាច និងឥទ្ឋិពលមិនធម្មតា មកពី ពាក្យឡាតាំង Influentia។ ពីមួយឆ្នាំទៅមួយឆ្នាំការរាតត្បាតទៅលើមនុស្ស ការកើតជម្ងឺជា រឿយៗនៅលើសត្វជ្រូក និងសេះ ម្តងម្កាលរាតត្បាតនៅលើប្រភេទសំពាធ(mink) ភេ និង ត្រីបាឡែន និងការផ្ទុះជម្ងឺដែលបំផ្លិចបំផ្លាញដល់វិស័យចិញ្ចឹមបក្សី ជានិច្ចកាលរំលឹកយើងឱ្យ ដឹងថា ជម្ងឺផ្តាសាយជាជម្ងឺដែលមិនអាចលុបបំបាត់បាន។
       ២. ផ្តាសាយបក្សី និងការចម្លង
       ជម្ងឺផ្តាសាយបក្សី ជាជម្ងឺឆ្លងកាចសាហាវ និងគ្រោះថ្នាក់បំផុតដែលបង្កឡើងដោយ វីរុសផ្តាសាយ (type A) និងបង្កជំងឺលើសត្វស្លាបគ្រប់ប្រភេទ រួមមាន : មាន់ ទា ក្ងាន មាន់- បារាំង និងសត្វស្លាបផ្សេងៗទៀត ព្រមទាំងមនុស្សផងដែរ។ នៅក្នុងវិស័យចិញ្ចឹមសត្វតាម បែបឧស្សាហកម្ម មាន់បារាំងបំប៉នយកសាច់ និងមាន់ពងជាប្រភេទដែលទទួលការចំលង ខ្លាំងជាងគេ។ សត្វស្លាប់ដែលរស់នៅជាសេរី អាចមានវីរុសនៃជម្ងឺផ្តាសាយនៅក្នុងខ្លួន តែ ពួកវាពុំឈឺទេ ដោយសារមានភាពសុំាធម្មជាតិក្នុងខ្លួន។
       សត្វស្លាបព្រៃ ជាប្រភពដ៏សំខាន់ក្នុងការពង្រាយវីរុសជម្ងឺផ្តាសាបក្សី។ វីរុសនៃជម្ងឺផ្តា- សាយបក្សី មានរាយប៉ាយពាសពេញនៅក្នុងបរិយាកាស ពិសេសទឹកថ្លុក ត្រពាំង។ វីរុសនេះ ក៏ត្រូវបានរកឃើញផងដែរនៅក្នុងលាមកសត្វស្លាប (សត្វស្លាបដែលផ្ទុកមេរោគ"carriers" និងសត្វស្លាបដែលឈឺ) នៅក្នុងសាច់ស្រស់ សាច់បង្កក និងសាច់ក្លាស្សេ នៅលើសំបកស៊ុត ផ្នែកក្រហម និងសនៃស៊ុត។ វីរុសផ្តាសាយបក្សី អាចរស់នៅសីតុណ្ហភាពល្មមរយៈពេលដ៏ យូរ ហើយក្នុងស្ថានភាពកំណក វីរុសអាចរស់នៅជារៀងរហូត។ ក្នុង១ ក្រាមនៃលាមកសត្វ ស្លាបដែលមានមេរោគ អាចបង្ការចម្លងដល់បក្សី ១ លានក្បាល។ ការផ្ទុះនៃជម្ងឺដែលបង្ក ដោយវីរុសផ្តាសាយបក្សី មិនអាចធ្វើការព្យាករណ៍បានទេ។
       ពពួកបក្សីព្រៃ (សត្វស្លាបទឹក) ជាភ្នាក់ងាចម្លងវីរុសផ្តាសាយបក្សីចំបងបំផុតហើយវីរុស នៅក្នុងអនុក្រម H1-15, N1-19 ត្រូវបានរកឃើញនៅលើប្រភេទសត្វស្លាបទាំងនេះ (Alexander, 2000)។ ពោះវៀន ជាកន្លែងដែលប្រសើរបំផុតសម្រាប់ការលូតលាស់របស់វីរុស នៃជម្ងឺផ្តាសាយបក្សីក្នុងខ្លួនបក្សីទឹក។ ការចម្លងជាទូទៅមិនបង្ហាញនូវរោគសញ្ញានៃជម្ងឺទេ ហើយបរិមាណដ៏ច្រើននៃវីរុស ត្រូវបានបញ្ចេញទៅក្នុងទឹក ដែលបង្កជាវដ្តនៃការចម្លងតាម មាត់លាមក (Slemons and Easterday, 1978) ។ ក្នុងចំណោមបក្សីទឹកដែលផ្លាស់ទីតាម រដូវកាលសត្វទា សត្វស្លាបដែលរស់នៅតាមឆ្នេរ និងសមុទ្រ ជាអ្នកនាំមកនូវការចម្លងដល់ សត្វស្លាបស្រុក (Alexander,2000)។ ការប៉េះផ្ទាល់រវាងបក្សីព្រៃ និងបក្សីស្រុកតាមរយៈការ ដកដង្ហើមជារឿយៗ មិនមែនជាករណីចំបងក្នុងការចម្លងវីរុសចូលមកកសិដ្ឋានចិញ្ចឹមសត្វ ស្លាបទេ។ បក្សីទឹក ដែលមានផ្ទុកមេរោគអាចសាយភាយវីរុសផ្តាសាយបក្សីតាមរយៈលាមក ទៅក្នុងតំបន់មួយ ហើយវីរុសនៅពេលនោះឆ្លងរាលដាលយ៉ាងខ្លាំងទៅកសិដ្ឋានចិញ្ចឹមបក្សី តាមរយៈមធ្យោបាយចំលងផ្សេងៗទៀត។ ចំពោះលក្ខខណ្ឌនៅកម្ពុជា ការយកសត្វស្លាបឈឺ និងងាប់ធ្វើជាអាហារ និងបង្កការចម្លងជម្ងឺផ្តាសាយបក្សីយ៉ាងធ្ងន់ធ្ងរ។ ការសិក្សានាពេលថ្មី នេះ នៅប្រទេសវៀតណាមបានបង្ហាញថា ៨ដង។ ទឹកដែលផ្ទុកដោយវីរុសផ្តាសាយបក្សី អាចជាកត្តាចំបងក្នុងការចំលងមេរោគ។ វីរុសទាងនេះ អាចបង្កើតលក្ខខណ្ឌសមស្របនៅ ក្នុងខ្លួនបក្សីស្រុក និងពពួកថនិកសត្វមួយចំនួនទៀត (Scholtissek,1994, Scholtissek, 1995, Scholtissek,1997, Webster,1997)។
       តាំងពីយូរលង់ណាស់មកហើយ មនុស្សយើងបានធ្វើការប្រែប្រួលប្រព័ន្ឋបរិស្ថានធម្ម- ជាតិ ហើយបង្កើតជាបរិស្ថានថ្មីមួយសម្រាប់ប្រភេទសត្វជាច្រើន រួមបញ្ចូលទាំងប្រភេទសត្វ ស្លាបផងដែរ។ ដោយការចិញ្ចឹម និងបង្ខាំងប្រភេទសត្វស្លាបជាច្រើន មនុស្សយើងបានជំរុញ ខ្លួនឯងទៅក្នុងគ្រោះអន្តរាយជីវសាស្រ្តមួយ ដោយទទួលការចម្លងពីសត្វទាំងនេះ ឧទា- ហរណ៍ដូចជាករណីជម្ងឺគ្រុនសត្វសេក (parrot fever) កុំពីឡូបាក់តេរីយ៉ូស៊ីសសាល់ម៉ូណែល ឡូស៊ីស និងរបងសត្វស្លាប។ មនុស្សយើងបានបង្កើតជាឈ្នាន់មួយ ដែលមេរោគបង្កជម្ងឺ មានឱកាសផ្លាស់ប្តូរពីម្ចាស់ធម្មជាតិ (natural host) ទៅម្ចាស់ផ្សេងទៀត។ ករណីជម្ងឺផ្តា- សាយបក្សី ទីផ្សារសត្វស្លាបរស់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យកើតមានការផ្ទុះជម្ងឺ ផ្តាសាយបក្សី ដែលក្នុងនោះទីផ្សារបក្សីនៅឆ្នេរខាងកើតនៃសហរដ្ឋអាមេរិកនៅហុងកុង និង នៅអ៊ីតាលី ជាឧទាហរណ៍ ជាប្រភពដែលបណ្តាលឱ្យមានការឆ្លងរាលដាលនៃជម្ងឺផ្តាសាយ បក្សីទៅលើកសិដ្ឋានជាច្រើន នៅក្នុងប្រទេសទាំងនេះ។
       នៅពេលជម្ងឺកើតមាននៅក្នុងហ្វូងសត្វ ការរាលដាលពីហ្វូងមួយទៅហ្វូងមួយទៀត នឹង កើតមានយ៉ាងងាយ ប្រសិនជាវិធានជីវសុវត្ថិភាពមិនត្រូវបានអនុវត្ត។ ជម្ងឺផ្តាសាយបក្សីត្រូវ បានចម្លងដោយការប៉ះផ្ទាល់ជាមួយសត្វស្លាប ដែលមានជម្ងឺនៅក្នុងកសិដ្ឋាន។ ការប្រើ ប្រាស់ចំណី និងទឹកជាមួយគ្នា ក៏អាចនាំមកនូវការចម្លងផងដែរ។ ការសាយភាយជម្ងឺផ្តា- សាយបក្សីពីកសិដ្ឋានមួយទៅកសិដ្ឋានមួយទៀត ជាចំបងតាមរយៈលាមក ដោយសារនៅ ក្នុងលាមកមានវីរុសច្រើន និងអាចរស់បានក្នុង រយៈពេលវែង។ ការដឹកជញ្ជូនបក្សីឈឺ លាមកពីសត្វឈឺ ប្រសិនជាដឹកជញ្ជូនដោយឧបករណ៍ដែលប្រឡាក់ប្រឡូសដោយមេរោគ សំលៀកបំពាក់ ដែ ទ្រនាប់ជើង ទម្រស៊ុត រថយន្តដឹកចំណី ទឹក និងចំណីអាហារ សុទ្ឋតែ អាចបង្កឱ្យមានការសាយភាយនៃវីរុស។ ទោះបីជាយ៉ាងណាក៏ដោយមនុស្សគឺជាបុព្វហេតុ យ៉ាងសំខាន់ក្នុងការសាយភាយជម្ងឺទៅបក្សីស្រុក។ អ្នកថែរក្សាកសិករកម្មករ រថយន្តដឹក ជញ្ជូន និងអ្នកបើកបរដែលចូលកសិដ្ឋាន ការធ្វើចរាចរបក្សី ឬការផ្តល់ចំណីអាហារ បណ្តា ឱ្យសាយភាយជម្ងឺផ្តាសាយបក្សីនៅក្នុង និងក្រៅកសិដ្ឋាន។ តាមរយៈការសិក្សាដោយប្រើ ប្រាស់ប្រព័ន្ឋព័ត៌មានភូមិសាស្រ្ត បានបង្ហាញពីរបៀបនៃការចម្លងពីកសិដ្ឋានមួយទៅកសិ- ដ្ឋានមួយទៀត តាមរយៈការធ្វើចរាចររថយន្តដឹកជញ្ជូន និងមនុស្សដែលធ្វើការនៅកសិដ្ឋាន ផ្សេងគ្នា (Ehlers et al., 2003, Valleron and Vidal, 2002) ។
       ៣. ការពារការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី
       ការធ្វើអនាម័យល្អ គួបផ្សំជាមួយនឹងវិធានជីវសុវត្ថិភាព ផ្តល់ប្រសិទ្ឋភាពខ្ពស់ក្នុងការ ការពារប្រឆាំងទៅនឹងជម្ងឺផ្តាសាយបក្សី។ ដូច្នេះ វិធីសាស្រ្តទាំងអស់ ប្រើប្រាស់សម្រាប់ ការពារ និងត្រួតពិនិត្យការសាយភាយនៃជម្ងឺផ្តាសាយបក្សី ត្រូវទាក់ទងទៅនឹងការត្រួត ពិនិត្យការប្រឡាក់ប្រឡូសនៃឧបករណ៍ និងបុគ្គលិកបម្រើការ។ ដោយហេតុថា បក្សីព្រៃត្រូវ បានចាត់ទុកជា មូលហេតុចំបងក្នុងការចម្លងដល់សត្វស្លាបស្រុក ពិសេសពពួកសត្វស្លាប ដែលនៅតាមទីផ្សារបក្សី និងពពួកសត្វស្លាបដែលចិញ្ចឹមដោយលែងសេរី ប្រការសំខាន់ត្រូវ កាត់បន្ថយការប៉ះពាល់រវាងប្រភេទទាំងពីរនេះ។ កម្មវិធីអប់រំដ៏សមរម្យមួយ ត្រូវមានជាចាំ បាច់ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងពីកត្តាគ្រោះថ្នាក់ ដែលពាក់ព័ន្ឋទៅនឹងការរក្សា ទុកសត្វស្លាបដែលមានជំងឺផ្តាសាយបក្សី។ នៅក្នុងកម្រិតកសិដ្ឋាន ការរួមបញ្ចូលគ្នានៃកម្ម វិធីអប់រំអំពីជម្ងឺផ្តាសាយបក្សី និងផលវិបាក ការតាមដាន និងការរាយការណ៍ត្រូវអនុវត្ត។ កម្មវិធីការពារគួរបញ្ចូលការបញ្ចប់ការចម្លងនៅក្នុងកន្លែងតូចតាចមួយ។
       ការអង្កេតតាមដាន ជាជំហានបន្ទាប់ក្នុងការការពារប្រឆាំងនឹងជម្ងឺផ្តាសាយបក្សី។ ការងារនេះជួយឱ្យយើងបានដឹងពីប្រភពនៃការចម្លង និងអាចមានលទ្ឋភាពធ្វើការកំទេចសត្វ បានភ្លាមៗនៅក្នុងតំបន់ផ្ទុះជម្ងឺ។ ការកំណត់ប្រភេទវីរុសក្នុងអនុក្រុមផ្សេងទៀតដែលមិនសូវ មានលទ្ឋភាពបង្កជម្ងឺអាចជួយក្នុងការទប់ស្កាត់ ការរាលដាលនៃជម្ងឺពិសេសការបំប្លែងទៅ ជាប្រភពវីរុសដែលមានការរាលដាលខ្លាំង។ ផែនការសំរាប់អន្តរាគមន៍នៅពេលមានផ្ទុកជម្ងឺ ត្រូវមានរួចជាស្រេចរួមមាន ការអង្កេតតាមដាន ចត្តាឡឺសក្ត និងការសម្លាប់ចោល។
       ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សីនៅក្នុងកន្លែងចិញ្ចឹមសត្វស្លាប ក៏ ដូចជាក្នុងកម្រិតកសិដ្ឋានមធ្យោបាយមួយចំនួនទៀតដូចខាងក្រោមត្រូវអនុវត្ត:
       -ត្រូវសំអាតបរិវេណកន្លែងចិញ្ចឹមសត្វឱ្យបានជាប្រចាំ។
       -ត្រូវសំអាតរាល់ឧបករណ៍យានយន្តមុននឹងចូលកសិដ្ឋាន។
       -ត្រូវអនុវត្តគោលការណ៍ចេញទាំងអស់-ចូលទាំងអស់ និងសំអាតកសិដ្ឋាន ឬកន្លែង ចិញ្ចឹមឱ្យបានស្អាត រួចទុកចោលរយៈពេល ១៥ថ្ងៃ មុននឹងចាប់ផ្តើមចិញ្ចឹមសារជាថ្មី។
       -ត្រូវស្គាល់ប្រភពសត្វដែលទិញមកចិញ្ចឹមឱ្យបានច្បាស់លាស់
       -ត្រូវសហការឱ្យបានជិតស្និទ្ឋជាមួយភ្នាក់ងារបសុពេទ្យ និងរាយការណ៍នៅពេលមាន សត្វស្លាបឈឺ។
       -ជៀសវាងដាក់សត្វស្លាបឈឺនៅលាយឡំជាមួយនឹងសត្វស្លាបដែលមានសុខភាពល្អ។
       -ជៀសវាងការយកសត្វស្លាបដែលឈឺ ឬងាប់ធ្វើជាអាហារ។
       -ជៀសវាងការដឹកជញ្ជូនសត្វស្លាបពីកន្លែងមួយទៅមួយ តាមរថយន្ត កង់ ម៉ូតូពីកន្លែង ដែលមានសត្វស្លាបឈឺ ឬសង្ស័យថាឈឺ។

យោងតាមៈទស្សនាវដ្តី កសិកម្ម
រៀបរៀងដោយ : ទុំ សុធ្ឋីរ៉ា
ឆ្នាំទី៥ ត្រីមាសទី ២(មេសា-មីថុនា) ឆ្នាំ២០០៦ លេខ ១៨

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.