អត្ថបទថ្មីៗ :

ប្រវត្តិបុណ្យកឋិន

Tuesday, December 13, 2011

កឋិនទាន​បវេណី​ព្រះពុទ្ធសាសនា​គឺជា​ឧត្ដម​បុណ្យ​របស់​ពុទ្ធបរិស័ទ​។ ពាក្យ​ថា​“កឋិន“​ជា​ភាសាបាលី​ សំដៅ​យក​ក្រប​ក្ដារ ដែល​ភិក្ខុសង្ឃ​សម័យ​បុរាណ​ឥណ្ឌា​ប្រើ​សម្រាប់​ដេរ​សំពត់​ធ្វើ​ជា​ស្បង់​ ចីវរ​។ សំពត់​ដែល​បាន​រៀបចំ​តាក់តែង​ឡើង​នោះ​មាន​ឈ្មោះថា“សំពត់​កឋិន“ ។

បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យ​កឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់​ ពុំមានទំវត្ដណាមួយ ត្រូវ​បាន​ខក​ខាន​ឡើយ​ដូច្នេះ​គេតែងតែឃើញ ក្បួន​កឋិន​ទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិន​មាន​កឋិន​ណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើ​វត្តនៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់។ កាលខ្ញុំនៅកុមារភាពស្រុកយើង ពុំទាន់មាន ការរីកចំរើនខាងផ្លូវគមនាគមន៍នៅឡើយ យាន​យន្ដ​ទៀត​សោត​ក៏​ពុំ​សូ​វ​​មាន ខ្ញុំ​ច្រើន​ឃើញ​​ពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ ដោយប្រើដំរីជាយានជំនិះ ក្នុងពិធីហែអង្គកឋិនដោយដំរីនេះ មើល 
ទៅគួរអោយសប្បាយរីករាយខ្លាំងណាស់ មាន​ដំរី​ជា​ច្រើន​ រហូតដល់ ២០ ទៅ ៣០ដំរី ដើរដង្ហែជាជួរ ដំរីនិមួយៗគេ តុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌ នៅលើខ្នងដំរី គេចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេ​មាន​ប្រគំ​ភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។ លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។ គេ​និមន្ដ​ព្រះសង្ឃ​ឆាន់​ពេល​ថ្ងៃ​ត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់​ក្ដៅ​រាក់​ទាក់​រីក​រាយ​ជា​ពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គ​កថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ។ ចៅអធិការវត្ដ បាន​ចាត់​អោយ​ភិក្ខុ​មួយ​អង្គ​ជា​អ្នក​គ្រង​អង្គកឋិន​នោះ។ ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ។

អត្ថន័យ​នៃ​បុណ្យកឋិន

តាម​អដ្ឋកថា​សំដៅ​យក​ព្រះពុទ្ធដីកា ដែល​ព្រះពុទ្ធ​ទ្រង់​បាន​បញ្ញត្តិ​ទុក​មក​ថា​កឋិន​គឺ​ការប្រជុំ​រួម​នូវ​ រូបធម៌ និង​នាមធម៌ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថន័យ​ពីរ​យ៉ាង​គឺៈ

1. រស់​បាន​ដោយ​កម្រ​សម​ដូច​វិគ្គហៈ​ថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“​។ ប្រែ​ថា “សភាវៈ​ឯណា​រស់​បាន​ដោយ​កម្រ សភាវៈ​នោះ​ហៅថា​កឋិន​ព្រោះ​លោក​ប្រៀបប្រដូច​ជា​ឈើ​ស្នឹង ដែល​បុគ្គល​កាត់​ចាកចេញ​ពី​ដើម ហើយ​យក​ទៅ​បោះភ្ជាប់​នឹង​ដី​រមែង​ដុះ​លូតលាស់​ឬ​រស់នៅ​បាន​ដោយ​កម្រ​យ៉ាងណា​ ឯ​កិច្ច ដែល​នឹង​កើតឡើង ឬ​តាំង​ឡើង​ជា​កឋិន​ពេញទី គឺ​បាន​ដោយ​កម្រ​ពន់ពេក​ណាស់​ក៏​យ៉ាង​នោះ​ដែរ“​។

2. ពោល​សរសើរ​ព្រោះ​ចីវរ​ទាន ដែល​យើង​កសាង​ជា​កឋិន​នោះ ជា​ទាន​វិសេស​ជាង​ទាន​ដទៃ ដែល​ព្រះអរិយ​ទាំងឡាយ​មាន​ព្រះសម្ពុទ្ធ ជា​ប្រធាន​តែង​ពោល​សរសើរ​ថា​ជា​ទាន​ដ៏​វិសេស​អាច​រួបរួម ឬ​ក៏​សង្គ្រោះ​នូវ​អានិសង្ស​៥​យ៉ាង​របស់​ភិក្ខុ​អ្នក​ក្រាលគ្រង​មិន​ឱ្យ​ទៅ​ គ្រង​នៅ​ទី​ដទៃ​បាន​។ សម​ដូច​វិគ្គហៈ​ថា​“បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“​។ ប្រែ​ថា​“ធម្មជាតិ​ឯណា​ក្រៀក​ទុក​ឬ​សង្គ្រោះ​នូវ​អានិសង្ស​ទាំង​៥​យ៉ាង​មិន​ ឱ្យ​ទៅ​ក្នុង​ទី​ដទៃ​បាន ធម្មជាតិ​នោះ​ឈ្មោះ​ថា​កឋិន“​។

កឋិន​នេះ​អាច​ឱ្យ​សម្រេច​ដល់​បុគ្គល​ទាំងពីរ​ផ្នែក​គឺៈ

* ទាយក ឬ​ទាយិកា គឺជា​អ្នក​ឱ្យ​។ ជន​នោះ​រមែង​ទទួល​អានិសង្ស​ច្រើន ទទួល​ផល​ច្រើន ក្នុង​អនាគតកាល មាន​ការ​ទទួល​នូវ​សម្បត្តិ​ក្នុង​ឋាន​ទេវលោក​ជាដើម​។

* បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជា​អ្នកទទួល​ក្រាលគ្រង និង​អនុមោទនា​កឋិន​ត្រូវ​បាន​សម្រេច​នូវ​អានិសង្ស ៥​យ៉ាង​ពេញលេញ គ្រប់គ្រាន់ ដរាប​ដល់​រយៈកាល​នៃ​កឋិន​ខេត្ត​។

ពិធី​ដែល​ទាយក-ទាយិកា នាំ​យក​សំពត់​កឋិន​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា អស់​មួយ​ត្រីមាស (៣ខែ) ក្នុង​អាវាស (វត្ត) ណាមួយ និង​នៅ​ពេលណា​មួយ​ក្នុង​កំណាត់ ២៩​ថ្ងៃ (ចាប់ពី​ថ្ងៃ ១​រោច ខែ​អស្សុជ​រហូតដល់​ថ្ងៃ​១៥​កើត​ពេញ​បូណ៌មី​ខែ​កត្តិក) ឱ្យ​លោក​ក្រាលគ្រង​មាន​ឈ្មោះ​ថា​“បុណ្យកឋិន“ ឬ “កឋិនទាន“​។

បុព្វហេតុ​កឋិន

វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បាន​ចែង​អំពី​បុព្វហេតុ​នៃ​បុណ្យកឋិន​ថា“ក្នុង​សម័យ​ពុទ្ធកាល ព្រះសម្ពុទ្ធ ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់ តែ​បង្សុកូល​ចីវរ ព្រះអង្គ​ពុំ​ទាន់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ប្រើ​គហបតី​ចីវរ​នៅឡើយ“ ​។

នា​សម័យ​មួយ​នោះ​នៅ​ក្នុង​រវាង​មជ្ឈិម​ពោធិកាល ព្រះសម្ពុទ្ធ​ទ្រង់​កំពុងតែ​ចាំ​ព្រះវស្សា​ក្នុង​វត្តជេតពន ដែល​ជា​អារាម​របស់​អនាថបិណ្ឌិកសេដ្ឋី សាង​ថ្វាយ​នៅ​ទៀប​ក្រុងសាវត្ថី​។ គ្រានោះ​មាន​ភិក្ខុ​៣០​អង្គ​”ភទ្ទវគ្គិយត្ធេរ“ ក្នុង​ដែន​បាឋេយ្យ ជា​អ្នក​ប្រព្រឹត្ត​ធម៌ធុតុង្គ​រុក្ខមូល​នៅ​ក្នុង​ព្រៃ​បាន​នាំគ្នា​និមន្ត​ ចេញពី​ទីនោះ​មកកាន់​ក្រុងសាវត្ថី ដើម្បី​នឹង​ចូល​ក្រាបបង្គំគាល់​ព្រះសម្ពុទ្ធ​។ ប៉ុន្តែ​ពេល​ភិក្ខុ​ទាំងអស់​បាន​មកដល់​តែ​ត្រឹម​សាកេត (ភូមិ​មួយ​នៅ​ជាប់នឹង​ក្រុងសាវត្ថី) ស្រាប់តែ​ថ្ងៃ​ចូលវស្សា​ក៏​មកដល់​នឹង​ស្រូត​មក​ទៀត​មិនទាន់ ក៏​នាំគ្នា​ផ្អាក​ធ្វើដំណើរ​ស្វែងរក​ទីសេនាសនៈ​នៅ​ចាំវស្សា​៣​ខែ នា​ទីនោះ​តែម្ដង​ទៅ​។

ភិក្ខុសង្ឃ​ទាំង​៣០​អង្គ​នោះ​មាន​សេចក្ដី​អផ្សុក​កើតទុក្ខ​តូច​ព្រះទ័យ​ យ៉ាងខ្លាំង ដោយ​គិត​ឃើញ​ថា​ព្រះសម្ពុទ្ធ​ទ្រង់​គង់នៅ​ទីនោះ​ចម្ងាយ​ត្រឹមតែ​៦​យោជន៍ (៩៦​គីឡូម៉ែត្រ) ទៀត​សោះ មិន​សម​យើង​ទាំងឡាយ​ស្កុន​ដំណើរ​មិនបាន​ចូល​គាល់​បម្រើ​ព្រះអង្គ​ដូច​បំណង​។

លុះដល់​ថ្ងៃ​ចេញវស្សា​បវារណា​ស្រេចហើយ ភិក្ខុ​ទាំងអស់​ក៏​នាំគ្នា​ប្រញាប់ប្រញាល់​ចូលកាន់​ក្រុងសាវត្ថី​។ លុះដល់​ហើយ ភិក្ខុ​ទាំង​៣០​អង្គ ក៏បាន​ចូល​ទៅ​ក្រាបថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធ ដោយ​មាន​ស្បង់​ចីវរ​ទទឹក​ជោក​។ ព្រះសម្ពុទ្ធ ក៏​មាន​ព្រះភាគ​ទ្រង់​មាន​ព្រះបន្ទូល​រួសរាយ​រាក់ទាក់ និង​ត្រាស់​សួរសុខទុក្ខ​ភិក្ខុ​ទាំងនោះ​ថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តើ​សរីរយន្ត​របស់​អ្នក​ទាំងឡាយ ល្មម​អត់​សង្កត់​បាន​ឬ​ទេ​? ល្មម​ប្រព្រឹត្ត​ទៅ​បាន​ឬ​ទេ​? តើ​អ្នក​ទាំងឡាយ​មាន​សេចក្ដី​ព្រមព្រៀង​ស្មោះស្មើ​ឥតមាន​វិវាទ​ទាស់ទែង​គ្នា ​ទេ​ឬ​?“​។

ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ក្រាបបង្គំទូល​នូវ​សេចក្ដី​លំបាក​ខ្លាំង​របស់​ ខ្លួន​ក្នុង​ការ​ធ្វើដំណើរ ដែល​មាន​មក​តាម​ផ្លូវ ដោយ​សព្វគ្រប់​ប្រការ​។

លំដាប់នោះ ព្រះសម្មាសម្ពុទ្ធ​សម្ដែង​នូវ​ធម្មកថា​ប្រារព្ធ​អំពី​សង្សារវដ្ដ​មិន​មាន​ ទីបំផុត​ប្រោស​ប្រទាន​ដល់​ភិក្ខុ​ទាំងនោះ​។ លុះ​ចប់​ធម៌​ហើយ ភិក្ខុ​ទាំងឡាយ​នោះ​បាន​សម្រេច​ព្រះអរហត្ត​ផល​គ្រប់ៗ​អង្គ​រួច​ហើយ​ក៏​ នាំគ្នា​ក្រាបថ្វាយបង្គំលា​ព្រះសម្ពុទ្ធ​ចៀសចេញទៅ​។

លំដាប់​តអំពីនោះមក​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះពុទ្ធ​ចិន្ដា​ថា “ប្រសិនបើ​តថាគត​បាន​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ទុក​ រួចពី​គ្រា​មុន​មក​ម៉្លេះ​សម​ភិក្ខុ​ទាំង​៣០​អង្គ​នេះ​បាន​លះ​ចីវរ​មួយ​ទុក​ នៅ​កន្លែង ហើយ​យក​ជាប់​មក​ជាមួយ​ខ្លួន តែ​ស្បង់​មួយ​ប៉ុណ្ណោះ​មាន​អត្ថិភាព​ស្រាល​មិន​លំបាក​តាម​ផ្លូវ​យ៉ាង​នេះ​ សោះឡើយ​។ រីឯ​កឋិនត្ថារកិច្ច​នេះ​សោត ព្រះពុទ្ធ​ទាំងឡាយ​គ្រប់​ព្រះអង្គ​ក៏​ធ្លាប់​បាន​អនុញ្ញាត​ទុក​ដល់​សាវក​ពុំ ​ដែល​លះបង់​ផង“​។

លុះ​ព្រះសម្ពុទ្ធ​ ទ្រង់​ព្រះតម្រិះ​យ៉ាង​ដូច្នេះ​ហើយ ទើប​ទ្រង់​ត្រាស់​ឱ្យ​ប្រជុំ​ភិក្ខុ​ទាំងឡាយ​រួចហើយ ទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ថា “អនុជានាមិ ភិក្ខវេវស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“​។ ប្រែថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅ​ចាំវស្សា​រួចហើយ​ទទួល​ក្រាលគ្រង​កឋិន​បាន​។ ម្នាល​ភិក្ខុ​ទាំងឡាយ! អានិសង្ស​៥​ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ទាំងឡាយ ដែល​ជា​អ្នក​បាន​ក្រាលគ្រង និង​បាន​អនុមោទនា​កឋិន​រួចហើយ​នោះ“​។

កឋិនកាល (កាលទាន)

ចីវរ​កឋិន​មិន​ខុសប្លែក​គ្នា​អំពី​ចីវរ​ទាន​ដទៃ​ទៀត​ទេ គ្រាន់តែ​ការ​ធ្វើ​បុណ្យកឋិន​ចីវរ​មាន​កំណត់កាល​បរិច្ឆេទ​ច្បាស់លាស់ និង​មាន​ប្រជាប្រិយភាព​ច្រើន ដែល​ហៅថា “កឋិនកាល ឬ​កាលទាន“​។

ព្រះសម្ពុទ្ធ​ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​ទទួល​ស្បង់ចីវរ​អំពី​ ពុទ្ធបរិស័ទ និង​គហបតី​ទាំងឡាយ ក្នុង​ពេល​មួយ​ខែ កំណត់​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ​ដល់​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ខែ​កត្តិក (ការ​រវាង​ពាក់កណ្ដាល​ខែ​តុលា​ដល់​ពាក់កណ្ដាល​ខែ​វិច្ឆិកា​)​។ ព្រះសម្ពុទ្ធ​ទ្រង់​ព្រះ​មេត្តា​ប្រោស​អនុញ្ញាត ដល់​ភិក្ខុសង្ឃ ជា​អ្នក​ក្រាលគ្រង និង​អនុមោទនា​កឋិន​នោះ​បាន​ទទួល​អានិសង្ស​៥​ប្រការ​។

ជន​មាន​សទ្ធា​ដែល​បាន​ធ្វើ​កឋិនទាន​ឈ្មោះ​ថា​ជា​អ្នក​បាន​គោរព​នូវ​ ព្រះពុទ្ធដីកា ដែល​ទ្រង់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ បាន​ទទួល​អានិសង្ស​៥​ប្រការ​ផង ជា​អ្នក​មាន​ចិត្ត​អាណិត​អាសូរ ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា​អស់​ត្រីមាស​នោះ​ផង និង​ជា​អ្នក​ត​អាយុ​ព្រះពុទ្ធសាសនា អស់​កាល​ជា​យូរ​អង្វែង​ទៅ​ផង​។

ព្រះសម្មាសម្ពុទ្ធ​ ទ្រង់​សម្ដែង​ជា​គាថា​យ៉ាង​នេះ​ថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“​។ ប្រែថា “ជន​ដ៏​មាន​ប្រាជ្ញា (ណាមួយ) បាន​ធ្វើ​នូវ​សេចក្ដី​សុខ​ស្រួល (ដល់​អ្នកដទៃ) ជន​នោះ​ឯង​រមែង​បាន​ជួបប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល (ជា​ពិតប្រាកដ​ពុំ​ដែល​ខាន​ឡើយ)“​។

សេចក្ដីអធិប្បាយ​ជា​យ៉ាង​នេះ​ថា “ជន​ណា​បាន​ធ្វើ​កឋិនទាន ដែល​នាំ​ឱ្យ​ភិក្ខុសង្ឃ​បាន​ទទួល​នូវ​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​បាន​ ឈ្មោះ​ថា​ជា​អ្នក​ឱ្យ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នកដទៃ​ក្នុង​បច្ចុប្បន្ន​ ជាតិ ជន​នោះ​ឯង​តែង​បានសុខ​ក្នុង​មនុស្សលោក និង​ទេវលោក ក្នុង​អនាគត​។

ដោយ​អំណាច​ផលានិសង្ស​នៃ​កឋិន​នោះ​ក្នុង​អនាគតកាល ជន​នោះ​នឹង​បាន​ជា​ឯហិភិក្ខុ ឬ​ឯហិភិក្ខុនី​មាន​ត្រៃចីវរ​កើតឡើង​ឯកឯង​ដោយ​ឫទ្ធិ​នៅ​ពេល​បព្វជ្ជា​ជា​ បព្វជិត​នៅ​ក្នុង​សាសនា ព្រះពុទ្ធ​អង្គ​ណាមួយ​ហើយ​ក៏​នឹង​បានសម្រេច​មគ្គផល​និព្វាន​ក្នុង​ពេល​ បព្វជ្ជា​នោះ​ពុំខាន​ឡើយ“​។

តាំងពី​ពេលនោះ​តរៀងមក​បុណ្យកឋិន​បាន​ក្លាយជា​បុណ្យ​ទំនៀម​មួយ​របស់​ពួក​ ពុទ្ធបរិស័ទ ដើម្បី​បំពេញ​នូវ​សេចក្ដី​ត្រូវការ​ស្បង់ចីវរ​ដ៏​វិសេស​នេះ​៕

ស្តាប់ ឆាយយាំ


ឯកសារយោង

* ដកស្រង់​ពី​កាសែត​កោះសន្តិភាព

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.