ដោយមិនចាំបាច់ប្រើប្រាស់នូវផលិតផលការពារភាពចាស់មុនអាយុ អ្នកគ្រាន់តែញញឹម ក៏អាចធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យផងដែរ ពោលគឺក្មេងជាងវ័យដល់ទៅ៣ឆ្នាំ បើយោងតាមការរកឃើញថ្មីមួយ។
ក្រុមអ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ មកពីវិទ្យាស្ថាន Max Planck នៅទីក្រុងប៊ែឡាំង បានរកឃើញថា ការញញឹម គឺធ្វើឲ្យមនុស្សមើលទៅកាន់តែទាក់ទាញជាងអ្នកដែលមិនញញឹម ព្រមទាំងបញ្ចេញភាពក្មេងជាងអាយុផងដែរ។
ការសិក្សានេះបានធ្វើឡើងដោយសួរបុរស និងស្រ្ដីចំនួន១៥០នាក់ ឲ្យទស្សន៍ទាយអាយុនៃមុខមនុស្សក្នុងរូបថតជាង១០០០នាក់ ហើយជាលទ្ធផលបានបង្ហាញថា រូបថតដែលមានមុខសើចសប្បាយ ឬញញឹមត្រូវបានគេទស្សន៍ទាយអាយុក្មេងជាងអាយុពិតរបស់រូបទាំងនោះ។
លោក Manuel Voelkle ដែលជាអ្នកដឹកនាំការសិក្សានេះបានបញ្ជាក់ថា ការបញ្ចេញទឹកមុខគឺពិតជាជះឥទ្ធិពលត្រលប់មកវិញ ដូច្នេះអ្នកគួរតែធ្វើយ៉ាងណា បញ្ចេញវាឲ្យបានត្រឹមត្រូវ។ អ្នកដែលបញ្ចេញស្នាមញញឹម គឺមើលទៅល្អជាងអ្នកដែលមានទឹកមុខក្រញ៉ូវ អត់សូវញញឹម ឬសើចលេងសប្បាយ។
ការសិក្សានេះគឺផ្ទុយពីមតិមួយចំនួនតូច ដែលបានអះអាងថា សើចច្រើនបង្កើនស្នាមជ្រួញ ដោយបានបញ្ជាក់ថាសើច ឬញញឹមកាន់តែច្រើន នោះអ្នកនឹងកាន់តែក្មេងជាងវ័យ។
មិនត្រឹមតែក្មេងជាងវ័យប៉ុណ្ណោះទេ ការសិក្សាកាលពីមុនរបស់អង់គ្លេស ក៏បានរកឃើញដែរថា ការមានអារម្មណ៍សប្បាយ អាចកាត់បន្ថយហានីភ័យនៃការស្លាប់មុនអាយុដល់ទៅ ៣៥ភាគរយឯណោះ។
ដូច្នេះតើចាំអ្វីទៀត បញ្ចេញស្នាមញញឹមរបស់អ្នកដើម្បីទទួលបាននូវជីវិតមួយដ៏រីករាយ និងស្រស់បំព្រងចាប់ពីពេលនេះតទៅ!។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment