ដំឡូងឈើ I-សារៈប្រយោជន៍នៃដំឡូងឈើ ដំឡូងឈើជាដំណាំអារមួយប្រភេទ ដែលអាចហូបជំនួស បាយបាននៅពេលអ្នកខ្វះអង្ករ។ ក្រៅពីធ្វើជាអាហាររបស់មនុស្ស | |||||||||||||||||||
គេអាចយកទៅធ្វើជាចំណីសត្វបានយ៉ាងល្អស្លឹកដំឡូងឈើ គេអាំចយកទៅធ្វើជាបន្លែស្រស់ អន្លក។ល។ គេអាចយកម្សៅដំឡូងឈើធ្វើជា នំបុ័ងជំនូសស្រូវសាឡីបាន ជាងនេះទៅទៀត ដំឡូងឈើក៏ជាវត្ថុធាតុដើមរបស់រោងចក្រសំរាប់ផលិតក្រដាសធ្វើ ជ័រ។ II-ប្រភេទពូជៈ ដំឡូងឈើដែលគេនិយមដាំនៅក្នុងប្រទេសកម្ពុជាយើងមានពូជានាំមកពីបរទេសនិង ពូជនៅក្នុងស្រុកពូជទាំងនោះមានពូជស្រាលនិងពួជធ្ងន់។ បើគេបែងចែកពូជទៅតាមលក្ខណៈ មើមរបស់ដំឡូងក៏មាន២ប្រភេទដែរគឺៈ ក-ពូជដែលមនុស្សហូបមើមៈ ពូជនេះមើមរបស់វាមានសាច់មើមម៉ដ្ឋរសជាតិផ្អែមច្រើនជាងស្វិងហើយវាជាពូជដែល ធន់ទ្រំាទៅនឹងការរំាងស្ងួត និងមាន រយៈពេលលូតលាស់ខ្លី គឺ៨-១២ ខែ។ ខ-ប្រភេទពូជសំរាប់ធ្វើម្សៅនិងចំណីសត្វៈ ពូជនេះមើមរបស់វាមានសាច់មើមគ្រើមមិនស្វិតមានរសជាតិស្វីងទាំងអស់។ ប្រភេទ ពូជនេះមានរយៈពេលលូតលាស់វែង។ III-បច្ចេកទេសដំាដុះ : ១-ការធ្វើដី : -អ្នកត្រូវកាប់ឬភ្ជួរដីអោយបានជំរៅប្រហែលពី ២០-៣០ស.ម ភ្ជួរឲ្យបានពីរទៅបីដង ដើម្បីឲ្យដីផុសល្អ បន្ទាប់មកអ្នកត្រូវរើសយកស្មៅចេញអោយបានស្អាត។ -អ្នកត្រូវហាលដីអោយបានស្ងួតល្អ។ ២-ការរើសពូជ -អ្នកត្រូវរើសយកដើមដំឡូងណា ដែលធំមានលក្ខណៈដុះលូតលាស់ល្អ និងមានអាយុ កាលយ៉ាងតិចមួយឆ្នាំ។ -អ្នកត្រូវកាត់ជាកង់ៗ ប្រវែងពី ១៥-២០ស.ម ។ ៣-រដូវកាលដំាដុះ : អ្នកគួរដាំដំឡូងនៅពេលដែលដីមានសំណើមគ្រប់គ្រាន់ ហើយសំណើមនៅក្នុងដីនោះ អាចធានានូវការលូតលាស់របស់ដំឡូង ក្នុងរយៈ ពេល៤-៥ខែ ដូច្នេះពេលវេលាដ៏សមស្រប និងល្អបំផុតនោះ គឺក្នុងអំឡុងខែវិច្ឆិកា និងធ្នូ ជាពីសេសបន្ទាប់ពីទឹកទន្លេស្រកចុះ។ ៤-វិធីសាស្រ្តដាំដុះ: ការដាំដំឡូងឈើជាទូទៅគេដាំតាមបីរបៀបៈ ក-ការដាំបញ្ឆៀង : ការដាំរបៀបនេះអ្នកត្រូវកំណត់ដំឡូងឈើរាងបញ្ឆៀងដែលមានមុំពី២០-៤៥ដឺក្រេ ដោយប្រៀបធៀបទៅនឹងដី។ ជាទូទៅការដាំអ្នកត្រូវកប់ដើមដំឡូងឈើផ្នែកខាងក្រោមនៃ ដងដើមទៅក្នុងដីអោយជ្រៅជួនកាលអ្នកអាចកប់ដីជិតតែម្តង ឬទុកផ្នែកខាងចុងដើមលេច ផុតពីដីបន្តិច។ ខ-ការដាំផ្តេក ការដាំរបៀបនេះអ្នកត្រូវដាក់ដើមដំឡូងផ្តេកនៅក្នុងជួរតែម្តង ឬ បាតរងតែរួចអ្នកត្រូវ កប់ដីពីលើដែលមានកំរាស់ ពី៥-១០ស.ម។ គ-ការដាំបញ្ឈរ ការដាំរបៀបនេះ អ្នកត្រូវដាំដើមដំឡូងបញ្ឈរក្នុងដីតែម្តងគឺអ្នកត្រូវកប់ផ្នែកចាស់នៃ ដើមទៅក្នុងដី ហើយទុកផ្នែកខាងចុងនៅផុតពីដី។ ចំពោះវិធីសាស្ត្រទាំងបីខាងលើនេះ ជាទូទៅគេច្រើននិយមដាំតាមរបៀបបញ្ឆៀង ឬ ផ្តេកហើយ ពីព្រោះវាផ្តល់ទិន្នផលខ្ពស់។ ឃ-ចន្លោះឃ្លាត
ប៉ុន្តែជាទូទៅគេច្រើនដាំដំឡូងឈើ ក្នុងចន្លោះពីគុម្ពមួយទៅ គុម្ពមួយប្រវែងមួយម៉ែត្រ ហើយចន្លោះពីជួរមួយទៅជួរមួយគឺប្រវែង មួយម៉ែត្រដែរ។ ង-ជម្រៅដែលត្រូវដាំ អ្នកត្រូវប្រើចប់ជីក ឬ ចប់កាប់ ដើម្បីកាប់ដីឲ្យបានជំរៅពី ៧-១០ស.ម ហើយកប់ កំណាត់ដំឡូងទៅតាមស្នាមចបនោះ។ ៥-ការប្រើជីៈ -ប្រភេទជីដែលអ្នកត្រូវប្រើនោះ គឺ ជីប្រភេទ ៨-១៦-១៩ ដាក់ក្នុងចំនួនពី៦០-១០០ គីឡូក្រាមក្នុងផ្ទៃដី ១៦០០ សង់ទីម៉ែត្រការ៉េ។ លើកទី១នៅពេលដែលដំឡូងមានអាយុបានមួយខែបន្ទាប់ពីដាំ។ដាក់លើកទីពីរនៅ ពេលដែលដំឡូងមានអាយុបីខែក្រោយពីដាំ ហើយត្រូវ ដាក់អោយបានឆ្ងាយពីគល់ដំឡូង បន្តិចគឺប្រហែលពី ២៥-៣០សមហើយលុបដី។ ៦-ការថែទាំ : -ក្រោយពីដាំដំឡូងពី ៥-៧ ថ្ងៃ ត្រូវពិនិត្យមើលការដុះពន្លករបស់ដំឡូង អ្នកត្រូវដាំជួស ឡើងវិញ ជាបន្ទាន់ចំពោះកន្លែងណាដែលមិនដុះ។ -បន្ទាប់ពីដំឡូអមានអាយុ ៣០ ថ្ងៃ ត្រូវជ្រួយដី បោចស្មៅ អោយបានស្អាតល្អដើម្បីឲ្យ ដីផុសត្រសុសល្អ។ -គួរសំអាតស្មៅឲ្យបានស្អាតនៅចន្លោះរងដំឡូង ដើម្បីឲ្យដំឡូងដុះលូតលាស់ល្អហើយ នៅពេលធ្វើស្មៅនិងជ្រួយដីត្រុវប្រយ័ត្នប្រយែងកុំឲ្យប៉ះទង្គិចដល់ឫសរបស់ដំឡូងជាពិសេស នៅពេលដែលដំឡូងកំពុងចុះមើម។ ៧-ការប្រមូលផល ការប្រមូលផលវាអាស្រ័យទៅតាមពូជរបស់ដំឡូងឈើ ចំពោះពូជស្រាលត្រូវប្រមូល ផលនៅពេលដែលដំឡូងមានអាយុ ១២-១៣ខែ ការប្រមូលផលមានពីររបៀបគឹដោយដៃ និងដោយពាក់កណ្តាលយន្តសាស្ត្រ។ ក-ការប្រមូលផលដោយដៃ អ្នកត្រូវកាប់ដើមដំឡូងឈើចោលជាមុនសិន ដោយទុកដងដើមត្រឹមតែកំពស់ប្រមាណ ២០-៥០ស.ម ការកាប់ដើមនេះគឺងាយស្រូលក្នុងការដក ។ ពេលដកមើមអ្នកត្រូវរញ្ជួយឬ រង្កៀកដើមជាមុនសិន ទើបចាប់ផ្តើមដក់បន្តិចម្តងៗ ធ្វើយ៉ាងនេះគឺដើម្បីជៀសវាងការបាក់ មើម រលាត់សំបកមើម ។ វិធីម្យ៉ាងទៀតត្រូវកាប់ដងដើម មួយផ្នែកចោលហើយបន្ទាប់មក ត្រូវទុកចោលពី ៧-១៤ ថ្ងៃសិន ទើបចាប់ផ្តើមដក។ ខ-ការប្រមូលផលដោយពាក់កណ្តាលយន្តសាស្ត្រ ការងារនេះគឺជាការរួមផ្សំនិងឧបករណ៍ផ្សេងៗ ព្រមទាំងកំលាំងមនុស្ស។ IV-ការទុកដាក់ : មើមដំឡូងឈើជាទូទៅគឺមិនអាចធានាទុកបានយូរពេលទេ ពីព្រោះវាងាយរលួយខូច ណាស់គឺបណ្តាលមកពីការរលួយខ្លួនវាបណ្តាលមកពីមេរោគឬជំងឺផ្សេងៗ។គេអាចជៀស- វាងចំពោះការរលួយរបស់ដំឡូងបានគឺតាមរយៈការរក្សាទុកមើមដំឡូអនោះដោយកប់ក្នុង ដីឬកប់ក្នុងដីខ្សាច់សើម ដាក់មើមតំរៀបគ្នាក្នុងបាវសើម ឬរុំដោយក្រដាសសើម។ គេអាច រក្សាទុកមើមដំឡូង ក្នុងរយៈពេលយូរបានដោយទុកវានៅក្នុង ឬ បន្ទប់ត្រជាក់ដែលមាន សីតុណ្ហភាព២៥អង្សាសេ ព្រមទាំស្ថិតនៅក្នុងសំណើមអាកាសពី៨៥-៩០%។ វិធីទុកម្យ៉ាងទៀតគឺគេចិតមើមដំឡូងនោះស្តើងៗ ហាលឲ្យស្ងួតរហូតដល់សំណើមក្នុង មើមដំឡូងនោះត្រឹម១០-១២%ប៉ុណ្ណោះ។ គេអាចបន្ថយនូវការរលួយមើមបានមួយកំរិតតាម រយៈការកាប់ដើមចោលមុនពេលប្រមូលផលក្នុងរយៈពេលប្រមាណពី៧-២១ថ្ងៃ។ ការទុក ដាក់ដោយខ្ចប់ក្រដាសសើម គឺអាចបន្ថយភាពរលួយបានមួយកំរិតបើប្រៀធៀបទៅនឹងការ ទុកដាក់ធម្មតា។ បើក្នុងករណីដែលគេត្រូវនំាចេញមើមស្រស់ទៅលក់កន្លែងឆ្ងាយឬប្រទេស ឆ្ងាយគឺគេគួរតែប្រមូលផលនៅពលេដែលដំណាំមានអាយុមិនលើសពី១០ខែបន្ទាប់ពីដាំ។ V-ជំងឺនិងសត្វល្អិតចង្រៃៈ ក-ជំងឺរលួយឫសៈ ជំងឺនេះបង្កឡើងដោយពពួកផ្សិត ដោយវារាតត្បាតទៅលើប្រព័ន្ធឫសដែលស្ថិតនៅ ក្នុងដីនៃដំណាំនេះ ហើយធ្វើឲ្យរលួយភាគច្រើននៅក្នុងរដូវភ្លៀងនិងស្ថិននៅក្នុងដីកណ្តេង ជាំទឹក ព្រមទាំងមានជីធម្មជាតិច្រើន។ មេរោគនៃជំងឺនេះច្រើនរាតត្បាតនៅលើដីជាំទឹក។ រោគសញ្ញានៃជំងឺនេះវាធ្វើឲ្យដើមដងស្រពោនងាប់បន្តិចម្តងៗថែមទាំងបញ្ចេញនូវទឹកម្យ៉ាង ដែលមានក្លិនស្អុយបន្ទាប់កប្រព័ន្ធឫសរបស់ដំឡូងរលួយទាំងអស់តែម្តង។ គេអាចជៀសវាង ជំងឺនេះបានតាមរយៈការជ្រើសរើសដីដែលមានលក្ខណៈសមស្រប ល្អមិនជំាទឹក ឬ នៅកន្លែងដែលមានទឹកជាប្រចាំ។ ខ-ជំងឺរលួយដើមដោយបាក់តេរីៈ ដំឡូងដែលទទួលរងនូវជំងឺនេះគេអាចសង្កេតឃើញនៅត្រួយ ឬពន្លកថ្មីរបស់វាក្រៀម ស្ងួតហើយមានភាពរលួយសើមនៅលើដងដើម នៅលើផ្ទៃនៃដងដើមគេសង្កេតឃើញមាន រន្ធតូចៗពាសពេញ។ រន្ធទាំងនោះមានលក្ខណៈពិសេសមួយដែលងាយស្រួលក្នុងការកំណត់ ចំណាំគឺគេឃើញមានជ័រស្ងួត។ ពេលដែលគេកាត់ ដើមដែលមានជំងឺនេះមានលក្ខណៈក្រិន ទាបនិងប្រព័ន្ធឫសលូតលាស់ខ្សោយបំផុត។គេអាចជៀសវាងបញ្ហានេះបានដោយគ្រាន់តែ ជ្រើសរើសដើមដែលមានសុខភាពល្អយកទៅធ្វើពូជធន់នឹងជំងឺនេះ។ VI-ផ្នែកអាហារូបត្ថម្ភ : ដំឡូងឈើជាប្រភេទដំណាំមើមមួយមុខដែលកសិករខ្មែរយើងនិយមដាំជាងគេ។ក្រៅពី មើមរបស់ដំឡូងឈើនៅតាមទីជនបទខ្លះៗ គេនៅនិយមយកត្រួយស្លឹកទៅធ្វើជាបន្លែបាន យ៉ាងឆ្ងាញ់ពិសាទៀតផង។ ក្នុងស្លឹកត្រួយដំឡូងឈើក៏មាននូវវិតាមីនអាខ្លះដែរដែលអាច ជួយការពារជំងឺភ្នែកនានារបស់កុមារតូចៗបាន។ក្នុងមើមដំឡូងឈើសំបូរទៅដោយជាតិម្សៅ ដែលអាចឲ្យបរិភោគជាអាហារទ្រទ្រង់រាងកាយបានយ៉ាងប្រសើរ។ ដូច្នេះក្នុងកាលៈទេសៈ ខ្វះខាតស្បៀង ដំឡូងឈើមានតួនាទីសំខាន់សំរាប់ទ្រទ្រង់ រាងកាយកុមារក៏ដូចជាមនុស្ស យើងគ្រប់រូបដែរ។ ដំឡូងឈើគេអាចយកទៅកែច្នៃជាបន្លែសំរាប់មុខម្ហូបផ្សេងៗ ឬធ្វើជា បង្អែម។ល។ ម្យ៉ាងទៀតក្រៅពីប្រើប្រាស់ជាផលប្រយោជន៍បានច្រើនដំឡូងឈើជាប្រភេទ ដំណាំមើមដែលងាយដាំនឹងថែរក្សាបំផុតដូចនេះគ្រួសារខ្មែរយើងគួរនាំគ្នាដាំទុកសំរាប់ជា ប្រយោជន៍គ្រួសារកុំបីខាន។
| |||||||||||||||||||
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment