ការគេងមិនលក់ គឺស្ទើតែកើតមានឡើងលើមនុស្សគ្រប់គ្នាទៅហើយ ជាពិសេសគឺចាស់ៗ ដែលវាបានបង្កផលវិបាកយ៉ាងច្រើន។ ជាងនេះទៅទៀត ការស្រាវជ្រាវថ្មីមួយបានបញ្ជាក់ថា វាក៏ជាអ្នកបង្កឲ្យកើតជំងឺគាំងបេះដូងផងដែរ។
ការសិក្សាដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ បានរកឃើញថា អ្នកដែលគេងមិនលក់ នឹងប្រឈមមុខនឹងហានីភ័យដ៏ខ្ពស់នៃជំងឺគាំងបេះដូង ពោលគឺលើសអ្នកដែលគេងលក់ធម្មតាដល់ទៅ ៤៥ភាគរយឯណោះ។
លោកវេជ្ជបណ្ឌិត Lars Erik Laugsand មកពីសាកលវិទ្យាល័យ Norwegian University of Science and Technology នៅប្រទេសណ័រវេ ហើយក៏ជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា បញ្ហានៃការគេងមិនលក់ គឺបានក្លាយជារឿងសាមញ្ញទៅហើយ ហើយវាក៏មិនពិបាកក្នុងការព្យាបាលដែរ តែយ៉ាងណាក៏ដោយមនុស្សគ្រប់រូបត្រូវតែដឹងពីទំនាក់ទំនងរវាងការគេងមិនលក់នេះ ជាមួយនឹងជំងឺគាំងបេះដូង ហើយត្រូវពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើអ្នកកំពុងតែគេងមិនលក់មែននោះ។
ការសិក្សាដែលបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រ Journal of the American Heart Association នេះ បានធ្វើការពិនិត្យលើហានីភ័យនៃជំងឺគាំងបេះដូងចំពោះអ្នកដែលគេងមិនលក់ ហើយប្រៀបធៀបជាមួយនឹងអ្នកគេងលក់ធម្មតា។
ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលពិបាកក្នុងការគេងលក់ស្ទើតែរៀងរាល់យប់ក្នុងមួយខែចុងក្រោយ បានប្រឈមមុខនឹងគ្រោះថ្នាក់នៃជំងឺដ៏សាហាវនេះដល់ទៅ ៤៥ភាគរយឯណោះ។
ការសិក្សានេះ បានធ្វើឡើងចំពោះមនុស្សពេញវ័យជាជនជាតិណ័រវេ ចំនួន ៥២៦១០នាក់។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគលើទិន្នន័យរបស់មន្ទីរពេទ្យ ដើម្បីចេញជាលទ្ធផលដូចខាងលើនោះ។
លើសពីនេះទៀត គេក៏បានរកឃើញដែរថា ៣៣ភាគរយក្នុងចំណោមប្រជាជនណ័រវេទាំងអស់ បានកើតជំងឺគេងមិនលក់នេះ។
អ្វីដែលធ្វើឲ្យការសិក្សានេះកាន់តែអាចជឿបាននោះ គឺដោយសារតែមានការសិក្សាមុននេះជាច្រើនទៀត ក៏បានរកឃើញស្រដៀងគ្នានេះដែរ ពោលគឺគេងមិនលក់ នឹងប្រឈមមុខនឹងជំងឺលើសឈាម និងគាំងបេះដូង។
សរុបមកវិញ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាគេងមិនសូវលក់នាពេលយប់ ចាំបាច់ត្រូវជួបពេទ្យ ដើម្បីរកដំណោះស្រាយ ព្រោះជំងឺគាំងបេះដូង គឺជាជំងឺដ៏សាហាវ ប្រៀបបានឃាតករស្ងៀមស្ងាត់មួយអញ្ចឹង។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment