អត្ថបទថ្មីៗ :

អត្ថ​ប្រយោជន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​៥យ៉ាង​នៃ​ផ្លែ​ឈើ

Sunday, December 11, 2011

១អ្នក​ប្រហែល​ជា​ដឹង​មក​ហើយ​ថា​ផ្លែ​ឈើ​មាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខ​ភាព​យើង​ម្នាក់​ៗ ប៉ុន្ដែ​ភាគច្រើន​មិន​បាន​ដឹង​ពីអត្ថ​ប្រយោជន៍​របស់​វា​ថាមាន​អ្វី​ខ្លះ​នោះទេ ដោយ​សារ​តែ​មិន​បាន​គិត​ដល់​។
ក្រៅ​ពី​បន្ថែម​រស​ជាតិ​សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ ផ្លែ​ឈើ​គឺ​មាន​កាឡូរី​ទាប ហើយ​មាន​សារធាតុ​ចិញ្ចឹម វីតាមីន និង​សារជាតិ​រ៉ែ​ជា​ច្រើន​ទៀត​។ ការ​ញ៉ាំ​ផ្លែ​ឈើ អាច​ជួយ​ឲ្យ​យើង​ក្មេង​ជាង​វ័យ មាន​ថាម​ពល ជៀស​ផុត​ពីជំងឺ និង​បង្កើន​សម្រស់​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​។
ខាង​ក្រោម​នេះ គឺ​ជា​អត្ថ​ប្រយោជន៍​៥យ៉ាង​ ដែល​អ្នក​ប្រហែល​ជាមិន​ធ្លាប់​គិត​ដល់៖
១- ជំនួយ​សក់ ព្យាបាល​សក់​ខូច
អ្នក​ប្រហែល​ជា​ធ្លាប់​អាន​អត្ថ​បទសុខ​ភាព​របស់​ខ្មែរ​សារិកា​នា​ពេល​កន្លង​មក​ដែល​និយាយ​អំពី​អត្ថ​ប្រយោជន៍​នៃផ្លែ​ប៉ោម​រួច​មកហើយ​ ប៉ុន្ដែ​នា​ពេល​នេះ​អ្នក​នឹង​ដឹង​បន្ថែម​ទៀត​ថា ផ្លែ​ប៉ោម​អាច​ជួយ​ជម្រុញ​ការ​លូត​លាស់​សក់​របស់​អ្ន​ក​បាន​ផង​ដែរ​។
យោង​តាម​ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ សារធាតុ​ប៉ូលីហ្វេណុល ឬ​ប្រូស៊ីយ៉ានីឌីន បេ-2 ដែល​មាន​នៅក្នុង​ផ្លែ​ប៉ោម​ អាច​ជួយ​ធ្វើ​ឲ្យ​សក់​លោក​អ្នក​លូត​លាស់​បាន​ល្អ ព្រម​ទាំង​ជួយ​​ព្យាបាល​បញ្ហា​អង្គែ​បាន​ទៀត​ផង​។
២- ព្យាបាល​មុខ​មុន
ផ្លែ​ស្រ្ដរប៊ើរ មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ចំពោះសុខ​ភាព​ជា​ច្រើន​នោះទេ ប៉ុន្ដែ​វា​ក៏​អាច​ជួយ​ព្យាបាល​បញ្ហា​មុខ​កើត​មុន​បាន​ទៀត​ផង​។ ផ្លែ​ស្រ្ដរប៊ើរី​ មាន​ផ្សំ​ទៅដោយ​ អាស៊ីត​អាល់ហ្វា​ហ៊ីដ្រុកស៊ី ដែល​ជួយ​កំចាត់​កោសិកា​ដែល​ខូច​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ទេ ស្រ្ដរ​ប៊ើរី​ក៏មាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺមុន​ដ៏​ខ្លាំង​ក្លា​ផង​ដែរ កំចាត់​នូវ​ស្នាម​លើ​មុខ និង​ជួយ​ថែរក្សា​ស្បែក​ឲ្យ​រលោង។
បន្ថែម​លើ​នេះ​ទៀត ស្រ្ដរ​ប៊ើរី​ ក៏​ជួយ​សម្អាត​នូវ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​ជួយ​កំចាត់​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​របស់​យើង ដែល​​ស្មើ​នឹង​ការ​កំចាត់​ភ្នាក់​ងារ​ចម្លង​ជំងឺ​មុន​ដែរ​។ វា​ក៏​ជួយ​ថែរក្សា​ជាតិ​ទឹក​នៅក្នុង​ខ្លួន ជួយ​ឲ្យ​ស្បែក​មាន​សំណើម។
យោង​តាម​ជន​ជាតិ​អេហ្ស៊ីប​បុរាណ ការ​យក​ស្រ្ដរ​ប៊ើរីយក​មក​បិត​ជាប់​នឹង​ផ្ទៃ​មុខ​ អាច​ជួយ​កំចាត់​មុន​បាន​។ អ្នក​ក៏​អាច​សាក​ល្បង​តាម​វិធី​បុរាណ​នេះ​ផង​ដែរ​។
៣- ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ
ការ​បន្ថែម​ផ្លែម្នាស់​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ គឺ​ពិត​ជា​ផ្ដល់​ផល​ល្អ​ឲ្យ​លោក​អ្ន​ក​ជាក់ជា​ពុំខាន​។ ផ្លែ​ម្នាស់​ មាន​ជាតិ​ម៉ង់កាណេស ដែល​ជា​សារធាតុ​រ៉ែ​ដែល​ចាំ​បាច់​សម្រាប់​ពង្រឹង​ឆ្អឹង​ឲ្យ​រឹង​មាំ​។
ការ​សិក្សា​ជា​ច្រើន​ បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ឆ្អឹង​មិន​រឹង​មាំ​ គឺ​មាន​កម្រិត​នៃកាល់​ស្យូម និ​ងម៉ង់​កាណេស​ទាប ដូច្នេះ​ការ​ញ៉ាំ​ទឹក​ផ្លែ​ម្នាស់ គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ជួយ​ឲ្យ​ឆ្អឹង​លូត​លាស់​បាន​ល្អសម្រាប់​ក្មេង​ៗ និង​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​សម្រាប់​មនុស្ស​ចាស់​។
៤- ជំនួយ​ភ្នែក
ផ្លែ​ទំពាំង​បាយ​ជូរ ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ម្ចាស់​ក្សត្រីនៃផ្លែ​ឈើ ដោយ​សារ​តែ​វា​មាន​ផ្សំទៅ​ដោយ​សារធាតុ​មានប្រយោជន៍​ជា​ច្រើន ព្រម​ទាំង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ដែល​មាន​ឈ្មោះ​ថា proanthocyanidins ដែ​ល​អាច​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាត​ជាលិកា​​ភ្នែក​។
ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញថា​ ទំពាំង​បាយ​ជូរ អាច​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់ កាត់​បន្ថយ​ភាព​ស្រ្ដេស​នៃ​ភ្នែក និង​ការ​ពារ​ភ្នែក​ឡើង​បាយ​។ ទឹក​ទំពាំង​បាយ​ជូរ​ ក៏​អាច​ជួយ​ការ​ពារ​មិន​ឲ្យ​មាន​ស្នាម​ខ្មៅ​ខាង​ក្រោម​រង្វង់​ភ្នែក​បាន​ផង​ដែរ​។
៥- បង្កើន​ថាម​ពល
ផ្លែគូលែន ដែល​មាន​ន័យថា អំណោយ​នៃ​ជីវិត​ដ៏​រីក​រាយ​ ក្នុង​ភាសា​ចិន គឺ​ជាផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ឆ្ងាញ់​ពិសារ។ ផ្លែ​នេះ​អាច​ជួយ​ជំនួស​ភេសជ្ជៈ​បង្កើន​ថាម​ពល​ដែល​គេ​ផឹក​ក្នុង​ពេល​លេង​កីឡា​បាន​ទៀត​ផង​។
អ្នក​លេង​កីឡា​គួ​រ​ទទួល​ទាន​ទឹក​ផ្លែ​គូលែន ដោយ​សារ​តែ​វា​អាច​ជួយ​ជម្រុញ​សុខ​ភាព​រាង​កាយ​ទាំង​មូល ក៏​ដូច​ជា​ជួយ​បង្កើន​កម្រិត​ថាម​ពល។ វា​អាច​ជួយ​ពង្រឹង​ភាព​ខ្លាំង​នៃ​រាង​កាយ បន្សុទ្ធ​ឈាម និង​ការ​ពារ​ជំងឺ​ស្រ្ដូក​។
សរុប​មក​វិញ ផ្លែ​ឈើ​ពិត​ជា​មាន​ប្រយោជន៍​ច្រើន​ណាស់​ ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ​ទេ​។ ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយ​ផ្លែ​ឈើ​ណា​ដែល​អ្នក​ចូល​ចិត្ត ដើម្បីសុខ​ភាព​ដ៏​ល្អ​ប្រសើរ​!


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.