អត្ថបទថ្មីៗ :

កំសាន្ត​រឿង​ខ្លី អាសុខ​និង​អា​សៅ​ជជែក​គ្នា​ពី​រឿង​ស្នេហា

Tuesday, December 13, 2011

love_beach2ការ​ជជែក​គ្នា​គឺ​ជា​ការ​កំសាន្ត​មួយ​របស់​មនុស្ស​ តែ​សំរាប់ អាសុខ និង​អា​សៅ​វិញ​កា​រ​ជជែក​គ្នា​គឺ​ជា​រឿង​ស្លាប់​រស់ ព្រោះ​ថា​នៅពេល​វា​ជជែក​គ្នា​ម្តងៗពី​រឿង​អ្វី​មួយ វា​តែង​តែ​ចង់​ឈ្នះ​រៀង​ៗ​ខ្លួន ទោះ​ជា​រឿង​បន្តិចបន្តួច​ក៏​ដោយ។ វា​ក៏​ធ្លាប់​ជជែក​គ្នា​ពី​រឿង "ពង​មាន់ និង​មេមាន់ មួយ​ណា​កើត​មុន" ដែរ។ អា​សុខ​វា​ថា មេមាន់ជាអ្នក​កើត​មុន​ព្រោះ​ថា​បើ​វា​កើត​មុន នោះ​ប្រាកដ​ជា​វា​ចាស់​ជាង។ តែ​អាសៅ​វិញ​វា​និយាយ​ថា កូន​មាន់​កើត​មុន​មេមាន់ មេមាន់​វា​កើត​ចេញពី​ពង​មាន់។ វា​ទាំង​ពីរ​​និយាយ​ត្រូវ​ដូច​គ្នា ខុស​ត្រង់​ថា​វា​យក​ពង​មាន់​ខុស​គ្នា​មក​និយាយ បើ​វា​យក​ពង​មាន់​ណា​មួយ​ជាក់​លាក់ និង​មេមាន់​ជាក់​លាក់​មួយ​មក​និយាយ​នោះ​វា​នឹង​រក​ឃើញ​ថា​មួយ​ណា​ត្រូវ​មួយ​ណា​ខុស​ជា​មិន​ខាន។ ដោយ​សារ​តែ​រឿង​ពង​មាន់​​និង​មេ​មាន់​នេះ​ហើយ​បាន​ជា​ភ្នែក​របស់​វា​ម្នាក់​ៗ ទ្បើង​ជាំ ដោយ​សារ​តែ​និយាយ​មិន​ចេះ​សម្រប​សម្រួល​​គ្នា ហើយ​ដំណោះ​ស្រាយ​ចុង​ក្រោយ​របស់​វា​គឺ​កាត់​សេចក្តី​ដោយ​ប្រើ​កំលាំង​បាយ។ និយាយ​ទៅ​បើ​ពអ្នកណា​ខ្លាំង​ជាង​អ្នក​នោះ​​ជា​អ្នក​ឈ្នះ។
ដល់ពេល​អ្នកជិត​ខាង​សួរ​ពួក​វា​ថា​ ពេល​ឯង​ឈ្នះ​បាន​អី? វាទាំងពី​រ​អ្នក​ឆ្លើយ​ថា ឈ្នះ​មាន​ឲ្យ​កាស​ជ្រើស​រើស​ប្រធាន​បទ​សំរាប់​ជជែក​លើក​ក្រោយ​ទៀត។ យើង​អាច​មាន​ប្រៀប​ជាង​ព្រោះ​យើង​បាន​គិត​មុន នេះ​ជា​ប្រយោជន៍​នៃការ​ឈ្នះ។  ប៉ុន្តែ​វា​មិន​ដែល​ជជែក​គ្នា​ដឹង​ឈ្នះ​ចាញ់​ម្តង​ណា​ទ្បើយ គឺ​សម្រេច​ដោយ​ការ​វាយ​ដំ​គ្នា​តែ​រហូត​ហ្នឹង។ ដោយ​សារ​អាសុខមានមាឌធំជាង វា​ឈ្នះ​តែ​រហូត​ចំណែក​អាសៅ​វិញ គិត​តែ​ពី​ចាញ់។
តែ​អា​សៅ​វា​ជា​មនុស្ស​មាន​គំនិត វិជ្ជមាន វា​តែង​តែ​និយាយ​ថា៖ យើង​មិន​ជឿ​ថា​ អាសុខ​វា​ឈ្នះ​តែ​រហូត​នោះ​ទេ បើគិត​ពី​ប្រូបាប៊ីលីតេ​វិញ វា​ប្រាកដជា​មានភាគ​រយ​ដែល​វា​ចាញ់​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។ ដូច​នេះ​នៅពេល​អា​សុខ​បបួល​វា​ជជែក​គ្នា​ម្តងៗ​វា​មិន​ដែល​បដិសេធ​ទេ។
ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​ពួក​វា​អត់​ទៅ​រៀន​ទេ ដូច​នេះ​វា​នាំ​គ្នាទៅ​ស្ទូច​ត្រី​ ហើយ​ឆ្លៀត​ឱកាស ជជែក​គ្នា​ពី​រឿង​ស្នេហា ដែល​អាសុខ​ជា​អ្នក​ជ្រើស​រើស​យក​​ប្រ​ធាន​បទនេះ។ ទៅ​ដល់​កន្លែង​ស្ទូច​ត្រី​មិន​ទាន់​ដាក់គូថ​អង្គុយ​ស្រួល​បួល​ផង អា​សុខ​ក៏​ចាប់​ផ្តើម​បើ​ក​ការ​ប្រជុំភ្លាម។
អាសុខ៖ អាសៅ ឯង​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ យើង​ធានា​ថា​ថ្ងៃ​នេះ ឯង​ប្រាកដ​ជា​ចាញ់​ទៀត​ជា​មិន​ខាន។
អាសៅ៖ ហ៊ាន​លេង​ ហ៊ាន​ចាញ់។ តែ​កុំ​លេង​ប្រើ​ល្បិច អញ​មិនចូល​ចិត្ត​ទេ។
អាសុខ៖  ថ្ងៃ​នេះ​យើង​ជជែក​គ្នា​ពី​រឿង​ស្នេ​ហា ព្រោះថា​វា​ជា​ប្រធាន​បទ​មួយ​ដែលពេញ​និយម។​
អាសៅ៖ ស្អី​ក៏​បាន​ដែរ យើង​មិនដែល​ខ្លាច អា​ខួរ​ក្បាល​បង្កង​ដូច​ឯង​ទេ។
អា​សុខ​ដាក់​នុយ​ចូល​ផ្លែ​សន្ទូច​របស់​វា ហើយ​ក៏​បោះ​ចូល​ទៅ​ក្នុង​ទឹក​ហើយ​ដោត​ដង​សន្ទូច​នៅ​នឹង​ដី បន្ទាប់​មក​​ក៏​ចាប់​ផ្តើម។
អាសុខ៖ តើ​សេចក្តី​សេ្នហា​រកើត​មកពីណា?
អាសៅ៖ កើត​មក​ពី​ការ​រៀន​សូត្រ​។
អាសុខ៖ ខុស​ហើយ គឺ​កើត​មកពី​ធម្មជាតិ​ទេ​។
អាសៅ៖ មុន​នឹង​ថា​យើង​ខុស ឯង​ត្រូវ​តែ​ពន្យល់​យើង​សិនទៅ។
អាសុខ៖ ព្រោះ​ថា​អញ​កើត​មក​ មាន​សេចក្តី​ស្នេហា​តែ​ម្តង នេះគឺ​ជា​ឧទាហរណ៍​ស្រាប់។ ហើយ​ក៏​គ្មាន​សាលា​ណា​ បង្រៀន​ឲ្យ​យើង​ចេះ​ស្រាលាញ់​គ្នា​ដែរ។
អាសៅ៖ អី​ចឹង​ផង! ចុះ​នៅពេល​ឯង​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ឯង ឯង​មាន​សេចក្តី​សេ្នហា​ដែរ?
អាសុខ៖ និយាយ​ត្រឹម​យើង​បាន​ហើយ កុំ​លេង​ដល់​ម្តាយ​យើង។
អាសៅ៖ តើ​នៅពេលឯងមានអាយុ ១​ខួប ឯង​មានសេចក្តី​សេ្នហា​ដែរ?
អាសុខ៖ អញ​មិន​ដឹង​ទេ ព្រោះ​អញ​នៅ​ក្មេង​ពេក។
អាសៅ៖ អីចឹង ឯង​មាន​សេចក្តី​ស្នេហា​ចាប់តាំងពីពេល​ណា​មក?
អាសុខ៖ នៅពេល​ដែល​យើង​ចេះ​ស្រលាញ់​ស្រី ប្រហែល​ជា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។
អាសៅ៖ ចុះ​ហេតុ​អ្វី​បានជា​ឯង​ចេះ​ស្រាលាញ់​ស្រី?
អាសុខ៖ មកពី​យើង​មើល​កុន និង​អាន​សៀវភៅ​ស្នេហា។
អាសៅ៖  នេះ​គេ​ហៅ​ថា​រៀន​ ហើយ បើ​អត់រៀនទេ​ធ្វើ​ម៉េចឯង​ចេះ​មាន​ស្នេហា​បាន។
អាសុខ៖ យើង​អត់​បានរៀនទេ យើង​គ្រាន់តែ​មើលវា​លេង​ៗ​ទេ។ ហើយ​សេចក្តី​សេ្នហា​វា​កើត​ទ្បើង​ដោយ​ខ្លួន​ឯង យើង​មិន​ដឹង​ខ្លួន​ផង​។
អាសៅ៖ យើង​សួរ​ឯងវិញ។ ចុះ​បើ​ឯង​អត់​បាន​មើល​កុន​ស្នេហា ឬ​ក៏​អត់​បាន​អាន​សៀវភៅ​សេ្ន​ហា​ទេ តើ​ឯង​អាច​មាន​សេ្នហា​ដែរ​ឬទេ? ហើយ​បើ​ឯង​មិន​ដែល​ដឹង​ថា​ស្នេហា​នឹង​ស្អី​ផង ឯងធ្វើ​ម៉េច​ចេះ​បង្កើត​សេចក្តី​សេ្នហា​​ទៅ?
អាសុខ៖ យើង​មិន​ដឹង​ទេ។ យើង​គិត​ថា​ចម្លើយ​របស់​យើង​ទាំងពីរ​នាក់​ត្រូវ​ដូច​គ្នា តែ​ចម្លើយ​របស់ឯង​មាន​ន័យ​ម្យ៉ាង​ដែរ តើ​ឯងអាច​ពន្យល់​យើង​បន្តិច​បានទេ?
អាសៅ៖ គ្មាន​ត្រូវ​ដូច​គ្នា​ស្អី​នោះទេ គឺ​ចម្លើយ​របស់​យើង​ត្រូវ ចំណែក​របស់ឯង​វា​ខុស។
អាសុខ៖ បើ​អី​ចឹង​យើង​សួរ​ឯង​វិញ តើ​សត្វ​មាន​សេចក្តី​ស្នេ​ហាឬអត់?
អាសៅ៖ ប្រាកដ​ជា​មាន។
អាសុខ៖ ចុះ​សត្វ​ដែល​ទៅ​រៀន​អត់ បាន​ជា​វា​ចេះ​មាន​ស្នេហា?
អាសៅ៖ ប្រហែល​ជាអត់​ទេ។
អាសុខ​៖ អីចឹង បាន​ជា​អញ​ថា​សេចក្តី​ស្នេហា​កើត​មកពី​ធម្មជាតិ។
អាសៅ៖ ដូច​ជា​ត្រូវ​ម្យ៉ាង​ដែរ។
អាសុខ​៖ អី​ចឹង​ហើយបាន​ជា​អញ​ថា​ ចម្លើយ​រប​ស់​យើង​ទាំងពីរនាក់​ត្រូវ​ដូច​គ្នា។
អាសៅ៖ អើ​ ស្នើ​រគ្នា​មែន។
អាសុខ៖ ដើម្បី​ដឹង​ថា​អ្នក​ណា​ឈ្នះ​អ្នក​ណា​ចាញ់​មាន​តែ​វៃ​គ្នា។
អាសៅ៖ ឯង​លេង​ល្បិច​ទៀត​ហើយ យើង​វៃ​មិន​ឈ្នះ​​ឯងទេ។ ឥទ្បូវ​យើង​នាំ​គ្នា​ស្ទូច​ត្រី​ទៅ អ្នក​ណា​ស្ទូច​ត្រី​បាន​ច្រើន​ជាង​អ្នក​នោះ​ជា​អ្នក​ឈ្នះ។
អាសុខ៖ អី​ចឹង​ក៏​បាន យើង​ក៏​មិន​ចង់​វៃ​ឯងដែរ ព្រោះ​ថា​សង្សារ​របស់​យើង​ជា​ប្អូន​ស្រី​របស់​ឯង។
អាសៅ៖ អាសុខ អាណា​ឲ្យ​ឯង​មកស្រលាញ់​ប្អូន​ស្រី​យើង។ យើង​នឹង​ប្តូរ​ស្លាប់​រស់ជា​មួយ​ឯង​ហើយ។

តាមពិតទៅ​ចម្លើយ​របស់​ពួក​វា​មិន​ខុស​ទេ គឺ​ត្រូវ​ដូច​គ្នា។ ខុស​ត្រង់​ថា វា​អត់​ប្រាប់ពី​ប្រភេទ​នៃ​ស្នេហា។ បើ​ស្នេហា​បែប​ម្តាយ​និង​កូន នេះ​វា​ជា​សេ្នហា​ដែល​កើត​ពី​ធម្មជាតិ។​ តែ​បើ​យើង​និយាយ​ពី​សេចក្តី​ស្នេហា បែប​សម័យទំនើប ឬ​ក៏​សេចក្តី​សេ្នហា បែប រ៉ូមេអូ និង ជូលៀត (Romeo និង​ Juliet) គឹ​យើង​ត្រូវ​តែ​រៀន ព្រោះ​ថា​ស្នេ​ហា​ប្រភេទ​នេះ​ជា​ស្នេ​ហា​បែប​មនោសញ្ចេតនា ហើយ​វា​បង្កប់​នូវ​អារម្មណ៍​ជ្រាលជ្រៅ​ណាស់ រហូត​ដល់​ហ៊ា​ន​សម្លាប់​ខ្លួន​ដើម្បី​ស្នេហាទៀត​ផង​។ ហើយ​ស្នេហា​ប្រភេទ​នេះ​ វា​មាន​ប្រភព​មុន​គេ គឺ​នៅ​ទ្វីប​អឺរ៉ុប ដែល​មាន​ភស្តុតាង​ស្រាប់​នៅ​ក្នុង​សៀវភៅ​រឿង​ស្នេហា និង​កំណាព្យ​ផ្សេងៗ​ជា​ដើម។ ហើយ​ស្នា​ហា​មាន​ច្រើន​ប្រភេទ​ណាស់ បើ​អ្នក​ចង់​ដឹង​ត្រូវ​តែ​ស្វែង​យល់ពី​វា​បន្ថែម។   


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.