អត្ថបទថ្មីៗ :

វិធី​ងាយ​ៗ​៨​យ៉ាង​ ក្នុង​ការលុប​បំបាត់ស្ត្រេស​

Sunday, December 11, 2011

ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ មនុស្ស​គ្រប់​រូប​សុទ្ធ​សឹង​តែ​ធ្លាប់​ជួប​ប្រទះ​នូវ​អារម្មណ៍​ស្រ្ដេស​ ដែល​មិន​អាច​ជៀស​ផុតបាន​នោះ​ទេ​។ ការ​មាន​អារម្មណ៍​ស្ត្រេស​ គឺ​មិន​ល្អ​សម្រាប់​សុខ​ភាព​របស់​យើង​នោះ​ទេ ព្រោះ​វា​អាចបង្ក​ជា​ផល​អវិជ្ជមាន​ជា​ច្រើន​។
អារម្មណ៍​ស្ត្រេស​ភាគ​ច្រើន​បាន​មក​ពី​សាលារៀន​ កន្លែង​ធ្វើ​ការ​ ក្នុង​គ្រួសារ ឬ​ក៏​ការ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រចាំ​ជីវិត​អ្វី​មួយ​។ ថ្វី​ត្បិត​តែ​យើង​ពិបាក​នឹង​ជៀស​ផុត​ពី​ស្ត្រេស ប៉ុន្ដែ​យើង​ក៏​អាច​រៀន​ពី​វិធី​លុប​បំបាត់​​​​បាន​នោះ​ដែរ​នៅ​ពេល​ដែល​វា​កើត​ឡើង។
ខាង​ក្រោម​នេះ គឺជា​វិធី​ងាយ​ស្រួល​ទាំង​៨យ៉ាង ដែល​យើង​គ្រប់​គ្នា​អាច​ធ្វើ​បាន​ ដើម្បី​លុប​បំបាត់​នូវអារម្មណ៍​ស្ត្រេស​ ឬ​ក៏​យ៉ាង​ហោច​ណាស់​ក៏​អាច​កាត់​បន្ថយ​បាន​ខ្លះ​ដែរ​៖

១- ស្ដាប់​តន្រ្ដី ៖ ការ​ស្ដាប់​នូវបទ​ចម្រៀង ឬ​បទ​ភ្លេង​ដែល​អ្នក​ចូល​ចិត្ត​ គឺពិត​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ភ្លេច​នូវ​អារម្មណ៍​ស្ត្រេស​បាន​។ ក្រៅ​ពី​តន្រ្ដី​ដែល​ចេញ​ពី​បទ​ភ្លេង តន្រ្ដី​ធម្មជាតិ​ដែលមាន​ដូច​ជា​សម្លេង​ទឹក​រលក​នា​មាត់​សមុទ្ទ ឬសម្លេង​ទឹក​ធ្លាក់ ​​ក៏អាច​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​របស់​អ្នក​បាន​នោះ​ដែរ​។
២- តាំង​សមាធិ ៖ មិនមែន​តែ​តាឥសី​នោះ​ទេ ដែល​អាច​តាំង​សមាធិ​បាន យើង​គ្រប់​រូប​ក៏​អាច​ធ្វើ​បាន​នោះ​ដែរ ព្រោះ​ការ​តាំង​សមាធិ​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​។ អ្នក​គ្រាន់​តែ​រក​កន្លែង​ស្ងាត់​ណាមួយ រួច​សម្រាក​ខួរ​ក្បាល​របស់​អ្នក​ ដោយមិន​គិត​អ្វី​ទាំង​អស់ ពោល​គឺ​ជម្រះ​ចេញ​ពីក្នុង​ខួរ​ក្បាល​ឲ្យ​អស់​ បន្ទាប់​មក​ផ្ដោត​អារម្មណ៍​លើ​ការ​ដក​ដង្ហើម​របស់​អ្នក​មួយ​ៗ ក្នុងរយៈ​ពេល​ពី​១០ ទៅ​២០នាទី​។
៣- ហាត់​ប្រាណ ៖ អ្នក​មិន​ចាំ​បាច់​ធ្វើ​អីច្រើន​​នោះទេ ដោយ​គ្រាន់​តែ​ដើរ​ជុំវិញ​ផ្ទះ តាមផ្លូវ ឬក៏​ដើរ​ដឹក​ឆ្កែ​របស់​អ្នក​ ស្រួប​យក​ខ្យល់​អាកាស​ក៏​អាច​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេស​បាន​នោះ​ដែរ​។
៤- សរសេរ​ ៖ សរសេរ​នូវ​រាល់​អារម្មណ៍​មិន​សប្បាយ​ចិត្ត​របស់​អ្នកចូល​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ ឬ​ក្នុង​ប្លុក​របស់​អ្នក ក៏​អាច​ឲ្យ​អ្នក​ជម្រះ​ចេញ​នូវអារម្មណ៍​ទាំង​នោះ​បាន​ខ្លះ​ដែរ។ ចូរ​កុំ​ព្យាយាម​លាក់​ទុក​ក្នុង​ចិត្ត​​ឲ្យ​សោះ ព្រោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​ស្ថានការណ៍ប្រសើរ​ឡើង​នោះ​ទេ​។
៥- ញ៉ាំ​ស្រា​បន្តិច​បន្តួច​ ៖ មនុស្ស​ភាគ​ច្រើន​តែង​តែ​ជ្រើ​ស​យក​ការ​ផឹក​ស្រា​ច្រើន​​ឲ្យស្រវឹង​ដើម្បី​លុប​បំបាត់​ទុក្ខ​កង្វល់ក្នុង​ចិត្ត ប៉ុន្ដែ​ធាតុពិត​ការ​ធ្វើ​បែប​នេះ​គឺមិន​ល្អ​នោះ​ទេ​។ អ្នក​អាច​ញ៉ាំ​ស្រា​បន្ដិច​បន្តួ​ច​បាន​ ដើម្បី​បន្ធូរ​អារម្មណ៍​តាន​តឹង ប៉ុន្ដែ​ត្រូវ​ចាំ​ថា ផឹក​កាន់​តែ​ច្រើន​ អារម្មណ៍​តាន​តឹង​នឹង​កាន់​តែ​អាក្រក់​ឡើង​។
៦- កុំ​ញ៉ាំអាហារ​​​ច្រើនពេក ៖ មាន​មនុស្សខ្លះ​ ជ្រើ​ស​យក​ការ​ញ៉ាំច្រើនជ្រុល​ ដើម្បី​បំភ្លេច​នូវ​អារម្មណ៍ស្រ្ដេស​ ប៉ុន្ដែ​ការ​ធ្វើ​បែប​នេះ គឺ​ស្មើ​នឹង​ការ​បង្កើន​អារម្មណ៍​ស្រេ្ដស​ទៅ​វិញ​ទេ​។ វា​គ្រាន់​តែ​អាច​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​ស្ត្រេស​បាន​មួយ​រយៈ​ខ្លីប៉ុណ្ណោះ ប៉ុន្ដែ​បញ្ហា​ប្រចាំ​ជីវិត​របស់​អ្នក​ គឺ​មិន​ទៅ​ណា​នោះ​ទេ​។ ចូរ​កំណត់​នូវ​អាហារ​ដែល​ល្អ​ចំពោះ​សុខ​ភាព ដើម្បី​ឲ្យ​អ្នកមាន​សុខ​ភាព​ល្អ​ ហើយ​និង​អាច​បំបាត់​នូវ​អារម្មណ៍​មិនល្អ​ចោល​។
៧- ទៅ​ម៉ាស្សា ៖ ការ​ម៉ាស្សា​ គឺ​ជា​វិធី​ដ៏​ល្អ និង​មា​ន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​លុប​បំបាត់​អារម្មណ៍​តាន​តឹង​។ អ្នក​អាច​ទៅ​រក​​កន្លែង​ផ្ដល់​សេវា​ម៉ាស្សា​ដង​ខ្លួនទាំង​មូល​​ក៏​បាន ឬ​បើ​មិន​ចង់​ចំណាយ​លុយ​ទេ អ្នកគ្រាន់​តែ​យក​ដៃ​ខ្លួន​ឯង​ឈ្លី​លើ​ស្មា​រយៈ​ពេល​១០នាទី​ក៏​អាច​កាត់​បន្ថយ​បាន​ខ្លះ​ដែរ​។
៨- គេង ៖ ត្រូវ​ប្រាកដ​ថា​ អ្នក​បាន​ទទួល​ទាន​ដំណេក​បាន​គ្រប់​គ្រាន់​នា​ពេល​យប់​។ ការ​គេង​មិនគ្រប់​គ្រាន់​អាច​បង្ក​ជា​បញ្ហា​ដល់​ផ្លូវ​ចិត្ត​របស់​អ្នក​ ដូច​ជា​បាត់បង់​នូវ​ការ​ផ្ដោត​អារម្មណ៍ និង​កាត់​បន្ថយ​ការ​ចង​ចាំ​បាន​ទៀត​ផង​។
ប្រសិន​បើ​អ្នក​ជួប​ប្រទះនូវ​អារម្មណ៍​ស្ត្រេស​ កុំ​ភ្លេច​សាក​ល្បង​វិធី​ងាយ​ៗ​ទាំង​៨ ខាង​លើ​នេះ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.