សុបិន្តអាក្រក់ គឺភាគច្រើនមានរយៈពេលវែង ហើយកើតឡើងនៅដំណាក់កាលចុងក្រោយនៃដំណេក ពោលគឺពេលជិតភ្លឺ មុនយើងភ្ជាក់ពីគេង។ បាតុភូតនេះ ភាគច្រើនកើតលើកូនក្មេង ប៉ុន្ដែវាក៏អាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ពេញមួយជីវិតក៏មានដែរ។
ក្រុមអ្នកជំនាញជឿជាក់ថា មនុស្សដែលមានគំនិតឆ្នៃប្រឌិតខ្ពស់ ដែលតែងតែស្រមើស្រមៃ ឬអ្នកដែលងាយទទួលរងឥទ្ធិពលពីកត្តាសង្គម និងបរិស្ថានជុំវិញ គឺជាអ្នកប្រឈមនឹងហានីភ័យនៃសុបិនអាក្រក់។
អ្នកត្រូវចងចាំថា សុបិនអាក្រក់ គឺមិនមែនជារឿងពិតនោះទេ។ ការយល់សុបិនអាក្រក់ យូរៗម្ដង គឺមិនមែនជាបញ្ហានោះទេ ប៉ុន្ដែប្រសិនបើវាកើតឡើងជាប្រចាំ នោះវាគឺជាបញ្ហាដែលអ្នកត្រូវរកវិធីដោះស្រាយ។
ថ្ងៃនេះដែរ ខ្មែរសារិកា សូមនាំមកជូនលោកអ្នកនូវហេតុផល៦យ៉ាង ដែលធ្វើឲ្យយើងជួបប្រទះនូវសុបិនអាក្រក់ក្នុងពេលគេង៖
១- ឱសថ
ថ្នាំមួយចំនួន ជាពិសេសគឺថ្នាំងងុយគេង ថ្នាំសណ្ដំ ថ្នាំស្រវឹង ជាដើម គឺជាថ្នាំដែលប៉ះពាល់ដល់កម្រិតនៃការបញ្ជូនសារនៃសរសៃប្រសាទក្នុងភាគកណ្ដាលនៃប្រព័ន្ធសរសៃប្រសាទ ដែលធ្វើឲ្យខួរក្បាលជួបនូវសុបិនដ៏គួរឲ្យភ័យខ្លាច។
២- គ្រឿងស្រវឹង
គ្រឿងស្រវឹង គឺជាគ្រឿងដែលអាចជួយឲ្យអ្នកគេងលក់បានរហ័ស ប៉ុន្ដែនៅពេលខ្លះ វាអាចធ្វើឲ្យអ្នកភ្ញាក់ គេងលែងលក់ក៏មានដែរ។ ការទទួលទានគ្រឿងស្រវឹងច្រើនហួស គឺអាចនាំទៅដល់ការយល់សប្តអាក្រក់ និងគេងមិនលក់។
៣- មានជម្ងឺ
ពេលខ្លះ ការកើតជម្ងឺផ្ដាសាយធំ ឬផ្ដាសាយធម្មតា ក៏អាចធ្វើឲ្យយើងជួបសុបិនអាក្រក់ផងដែរ។ ក្រៅពីនេះ ការពិបាកដកដង្ហើម ការកើតជម្ងឺងងុយដេក ក៏អាចបង្កើនការប្រឈមមុខនឹងសុបិនអាក្រក់នោះដែរ។
៤- អាហារមានរសជាតិហិរ
ការញ៉ាំអាហារដែលមានរសជាតិហិរ ឬប្រៃពេក មុនពេលចូលដំណេក អាចរំខានដល់ការគេងរបស់អ្នក ហើយក៏នឹងធ្វើឲ្យអ្នកជួបសុបិនអាក្រក់ដែរ។ ការញ៉ាំអាហារច្រើនជ្រុល ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារត្រូវធ្វើការធ្ងន់ធ្ងរមុនពេលចូលគេង ក៏អាចធ្វើសុបិនអាក្រក់តាមលងអ្នកផងដែរ។
៥ - អារម្មណ៍ស្រេ្ដស និងការភ័យខ្លាច
សុបិនអាក្រក់ គឺជាលទ្ធផលនៃអារម្មណ៍ធុញថប់ ស្រេ្ដស តប់ប្រម៉ល់ និងការភ័យខ្លាច។ ការជួបប្រទះនូវរឿងដែលអាក្រក់ៗក្នុងជីវិត ដូចជាការត្រូវបានគេចាប់រំលោភ ការបាត់បង់នូវមនុស្សដែលខ្លួនស្រឡាញ់ ការឃើញហេតុការគ្រោះថ្នាក់ចរាចរសាហាវៗនៅនឹងមុខ និងរឿងហេតុអាក្រក់ផ្សេងទៀត គឺជាមូលហេតុដ៏ធំដែលធ្វើឲ្យអ្នកត្រូវប្រឈមមុខនឹងសុបិនអាក្រក់។
៦- អារម្មណ៍តានតឹងរាល់ថ្ងៃ
ការជួបប្រទះនូវអារម្មណ៍តានតឹងជារៀងរាល់ថ្ងៃ ដូចជាការងារគ្មានសុវតិ្ថភាព (គ្មានកុងត្រាត្រឹមត្រូវ) បញ្ហាហិរញ្ញវត្ថុ បញ្ហាគ្រួសារ (ការលែងលះ ) គឺជាមូលហេតុផ្សេងទៀត ដែលធ្វើឲ្យអ្នកជួបសុបិនអាក្រក់។
ខាងលើនេះ គឺជាមូលហេតុដែលបណ្ដាលឲ្យមានសុបិនអាក្រក់។ ចូរកុំភ័យខ្លាច ប្រសិនបើអ្នកដូចនូវអ្វីដែលរៀបរាប់ខាងលើ។ អ្នកនឹងជួបនូវសុបិនដ៏ល្អ ប្រសិនបើអ្នកធ្វើការផ្លាស់ប្ដូរនូវទម្លាប់ការរស់នៅឲ្យបានល្អប្រសើរ!
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment