តើធ្វើដូចម្ដេចដើម្បីជៀសវាងការងងុយគេងពេលថ្ងៃនេះបាន?
ខាងក្រោមនេះ គឺជាវិធីសាស្រ្ដ៦យ៉ាង ដែលអាចជួយលោកអ្នកបាន៖
១- គេងពេលយប់ឲ្យបានគ្រប់គ្រាន់ ៖ ការគេងលក់ស្រួលដោយគ្មានការរំខាននាពេលយប់ ឲ្យបានពី៧ទៅ៩ម៉ោង ក្នុងមួយយប់ គឺពិតជាល្អប្រពៃណាស់។ អ្នកត្រូវចងចាំនូវពាក្យមួយឃ្លាថា " ឆាប់ចូលគេង និងឆាប់ភ្ញាក់ពីដំណេក" ។ ពិតណាស់ការគេងច្រើនពេក ក៏នឹងអាចធ្វើឲ្យប៉ះពាល់ដល់ការងារ ឬការសិក្សាបន្ថែមនៅផ្ទះរបស់អ្នកផងដែរ ប៉ុន្ដែបើអ្នកអាចធ្វើវាបាន នោះគ្មានផ្លូវដែលអ្នកត្រូវអង្គុយងោកនៅក្នុងថ្នាក់រៀន ឬនៅការិយាល័យនោះទេ។
២- ឈប់គេងលេងពេលថ្ងៃត្រង់ ៖ ការគេងពេលថ្ងៃត្រង់ ក៏អាចធ្វើឲ្យប៉ះពាល់ដល់ការគេងពេលយប់ផងដែរ។ ប្រសិនបើអ្នកចង់គេងឲ្យបានលក់ស្រួលនៅពេលយប់ នោះអ្នកគួរតែជៀសវាងការគេងនៅពេលថ្ងៃត្រង់។
៣- ជៀសវាងញ៉ាំអាហារថ្ងៃត្រង់ច្រើនជ្រុល ៖ ការញ៉ាំអាហារថ្ងៃត្រង់ឆ្អែតជ្រុល អាចបង្កើននូវចលនាឈាមរត់ទៅកាន់ក្រពះ ហើយបន្ទាបនូវចលនាឈាមដែលផ្គត់ផ្គង់នៅខួរក្បាល ដែលអាចធ្វើឲ្យអ្នកអស់កម្លាំង និងងងុយគេង ដូច្នេះអ្នកគួរតែកុំញ៉ាំច្រើនពេកអី។
មួយវិញទៀត ចំពោះអ្នកដែលអង្គុយរយៈពេលយូរ គួរតែញ៉ាំអាហារពេលល្ងាចឲ្យបាន ២ទៅបីម៉ោង មុននឹងចូលគេង ព្រោះវានឹងផ្ដល់ឲ្យរាងកាយរបស់អ្នករំលាយអាហារបានល្អ ហើយនឹងធ្វើឲ្យអ្នកគេងលក់ស្រួល។
៤- ធ្វើលំហាត់ប្រាណ ៖ ដូចដែលលោកអ្នកបានដឹងហើយថា ការហាត់ប្រាណពិតជាសំខាន់ណាស់ចំពោះរាងកាយរបស់យើងម្នាក់ៗ។ ចូរចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក ដោយស្ដាប់នូវតន្រ្ដីពិរោះៗ ហើយធ្វើការរត់ហាត់ប្រាណជុំវិញផ្ទះរបស់អ្នក។ ស្ដាប់ចម្រៀងបណ្ដើរ រត់តិចៗបណ្ដើរ នោះអ្នកនឹងទទួលបាននូវអារម្មណ៍ល្អពេញមួយថ្ងៃជាក់ជាមិនខាន។
៥- រៀបចំកន្លែងធ្វើការរបស់អ្នកឲ្យបានស្អាត ៖ ការធ្វើការនៅកន្លែងដែលគួរឲ្យធុញទ្រាន់ គ្មានសណ្ដាប់ធ្នាក់ ក៏នឹងមិនអាចជម្រុញឲ្យអ្នកមានទឹកចិត្តធ្វើការពេញមួយថ្ងៃដែរ ដូច្នេះអ្នកគួររៀបចំកន្លែងធ្វើការរបស់អ្នកឲ្យមានរបៀបរៀបរយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ជ្រះថ្លា មិនស្ពឹកស្រពន់។
៦- លុបមុខ និងទំពារស្ករកៅស៊ូ ៖ ប្រសិនបើអ្នកទំនេរពីការងារ ឬដល់ម៉ោងសម្រាកពីសិក្សា សូមធ្វើការលុបលាងមុខរបស់អ្នកចេញ ជាមួយនឹងទឹកត្រជាក់ៗ។ ការធ្វើបែបនេះ នឹងធ្វើឲ្យរាងកាយរបស់អ្នកដែលល្ហិតល្ហៃ បើកភ្នែកលែងចង់រួចនោះ ត្រឡប់មកជាសកម្មឡើងវិញ។ បន្ថែមលើនេះ អ្នកអាចទំពារស្ករកៅស៊ូ ព្រោះវាអាចជួយឲ្យខួរក្បាលយើងសកម្ម និងគិតបានលឿន។
សរុបមកវិញ កត្តាសំខាន់បំផុតដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេងនាពេលថ្ងៃ គឺដោយសារតែអ្នកគេងពេលយប់មិនគ្រប់គ្រាន់។ អនុវត្តតាមវិធីខាងលើទាំង៦ នោះអ្នកនឹងអាចដោះស្រាយបញ្ហានេះបានហើយ។ ប្រសិនបើអ្នកមានវិធីអ្វីផ្សេងទៀត សូមចែកជូនជាបទពិសោធន៍ដល់អ្នកដទៃតាមរយៈ ប្រអប់ផ្ដល់យោបល់ខាងក្រោម!
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment