អត្ថបទថ្មីៗ :

ថ្នាំ​​មហារីក​សុដន់​ អាច​ធ្វើ​ឲ្យ​កើត​ទឹក​នោម​ផ្អែម​?

Sunday, December 11, 2011

tamoxifenការ​សិក្សា​ថ្មី​មួយ​របស់​កាណា​ដា បាន​បង្ហាញ​ថា ស្រ្ដី​វ័យ​ចំណាស់​ដែល​ប្រើ​ប្រាស់​នូវ​ឱសថ​ព្យាបាល​ជំងឺ​មហារីក​សុដន់ អាច​បង្កើន​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ស្រ្ដី​ដែល​មិន​ប្រើ​ឱសថ​ដូច​គ្នា​នេះ​។
ការ​រក​ឃើញ​ដែល​បោះ​ពុម្ភ​នៅក្នុង​ព្រឹត្តិបត្រ​ជំងឺ​មហារីក​នេះ មិន​បាន​បង្ហាញ​ថា​ថ្នាំ តាម៉ូស៊ីហ្វ៊ែន (tamoxifen) ដែល​ជា​ថ្នាំ​ប្រើ​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​ បាន​ចូល​រួម​ចំណែក​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ប៉ុន្ដែ​មិន​មែន​ដោយ​ផ្ទាល់​នោះ​ទេ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ បាន​​និយាយ​ថា ក្រៅ​តែ​ពី​កត្តា​ដែល​បង្កឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែលមាន​ដូច​ជា​ ការ​ធាត់​ជ្រុល ឬ​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ ការ​ប្រើ​ប្រាស់​ថ្នាំ​ តាម៉ូស៊ី​ហ៊្វែន ក៏​ជា​កត្តា​រួម​ផ្សំ​ផង​ដែរ​។
ការ​សិក្សា​នេះ បាន​ធ្វើ​ឡើង​ចំពោះ​ស្រ្ដី​ច្រើនជាង ១៤០០០នាក់ ដែល​កើត​ជំងឺ​មហារីកសុដន់ មាន​អាយុ​ចាប់ពី ៦៥ឆ្នាំ​ឡើង​ទៅ​។ ក្នុង​រយៈ​ពេល​១០ឆ្នាំ​នៃ​ការ​ស្រាវ​ជ្រាវ​នេះ គេ​បានរកឃើញ​ថា ស្រ្ដីចំនួន ១០ភាគ​រយ​បាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។
ក្នុង​នោះ​ដែរ ស្រ្ដី​ដែលកំពុង​​ប្រើ​ប្រាស់ថ្នាំ​ តាម៉ូស៊ីហ៊្វែន​ មាន​អត្រា​ក្នុង​ការ​កើត​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង​ស្រ្ដី​ដែល​មិន​ប្រើ ដល់​ទៅ​ ២៥ភាគ​រយ។
ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ អ្នកស្រី Lorraine L. Lipscombe មកពី​សាកល​វិទ្យាល័យ​តូរ៉ុនតូ នៃ​ប្រទេស​កាណាដា ដែល​ជា​អ្នក​ដឹក​នាំការ​ស្រាវ​ជ្រាវ​នេះ បាន​និយាយ​ថា ការ​កើន​ឡើង​នៃ​កម្រិត​គ្រោះថ្នាក់ គឺ​តូច​ណាស់ ដូច្នេះ ការ​រកឃើញ​នេះគួរ​តែ​មិន​ចាំ​បាច់​ប្រកាស​ប្រាប់​ស្រ្ដី​ដែល​កំពុង​ប្រើ​ថ្នាំ​នេះ​ទេ​។​ ថ្នាំ​ តាម៉ូស៊ីហ្វ៊ែន គឺ​ជា​ថ្នាំ​ដ៏សំខាន់​បំផុត​ ដូច្នេះ​ អ្នក​ស្រី​មិ​ន​ចង់​ឲ្យ​ស្រ្ដី​ទាំង​ឡាយឈប់ប្រើ​វា​នោះទេ​។
អ្នក​ស្រី​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​សិក្សា​របស់​គាត់​ និង​សហការី​នេះ គឺ​ជា​ការ​សិក្សា​ដែល​បង្ហាញ​ជាលើក​ដំបូង​នៃ​ការ​ទាក់​ទង​គ្នា​រវាងថ្នាំ​តាម៉ូស៊ីហ្វ៊ែន និង​ជំងឺ​ទឹក​នោម​ផ្អែម​ ដូច្នេះ​ចាំបាច់​ត្រូវ​មាន​ការ​សិក្សា​ជាច្រើន​ផ្សេងទៀត ដើម្បី​រក​ឲ្យឃើញ​កាន់​តែ​ច្បាស់​។ ក្រៅ​ពី​នេះ ការ​សិក្សា​ផ្សេង​ទៀត គួរ​តែ​បញ្ចូល​ស្រ្ដី​វ័យ​ក្មេង​ដែរ ព្រោះ​ថា​ការ​សិក្សារ​បស់​គាត់​លើក​នេះ គឺ​ធ្វើ​ឡើង​ចំពោះ​តែ​ស្រ្ដី​វ័យ​ចំណាស់​ប៉ុណ្ណោះ​ ដើម្បី​ដឹង​ថា​ស្រ្ដី​វ័យ​ក្មេង​មាន​កម្រិត​គ្រោះថ្នាក់​ដូច​គ្នា​ដែរ​ឬ​ទេ​។
ប្រសិន​បើ​ថ្នាំ​ តាម៉ូស៊ី​ហ្វ៊ែន ពិត​ជា​បង្កើន​ហានីភ័យ​នៃជំងឺ​ទឹក​នោម​ផ្អែម​មែន នោះ​វា​នឹង​ធ្វើ​ឲ្យ​ថ្នាំ​នេះ​កាន់​តែ​មាន​ឈ្មោះមិន​ល្អ​បន្ថែម​ទៀត ព្រោះបើយោង​តាម​វិទ្យាស្ថាន​ជាតិ​មហារីក​នៃ​សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ថា ថ្នាំ​នេះ​បាន​បង្កើន​កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំងឺដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល ជំងឺ​ឈាម​កក ជំងឺ​មហារីក​ស្បូន និង​ជំងឺ​ភ្នែក​ឡើង​បាយ ។
យ៉ាង​ណាមិញ អត្ថ​ប្រយោជន៍​នៃ​ថ្នាំ​ តាម៉ូស៊ីហ្វ៊ែនសម្រាប់​ជំងឺ​មហារីក​សុដន់​ ​គឺ​វា​បាន​លប់​បាត់​លើ​ហានីភ័យ​ទាំង​នោះ​បាត់​ទៅ​ហើយ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.