នៅក្នុងវិទ្យាល័យ សិស្សក្រទ្បេចក្រទ្បុចគ្រូរំទំ មួយមានសិស្សល្បីឈ្មោះប្រចាំសាលាពីរនាក់ ម្នាក់ឈ្មោះ ផ្កាយ វាស្នា និងម្នាក់ ទៀតឈ្មោះ តារា វិទូ។ ពីរនាក់វាបៀប ដូចជា អេទ្បិចត្រុង និងប្រូតុងអ៊ីចឹង ព្រោះថា វានៅជិតគ្នាមិនបានលើសពី ពីរនាទីផងនឹងមានផ្កាភ្លើងផ្ទុះទ្បើង ជាមិនខាន។
ព្រះមានចិត្តល្អណាស់ដែលបង្កើត ពួកវាទាំងពីរនាក់មកឲរស់នៅ ក្នុងភូមិតែមួយ ផ្ទះជាប់របងជាមួយគ្នា ហើយដល់ពេលវាចូលរៀន វារៀនសាលាជាមួយគ្នា ក្នុងថ្នាក់រៀនជាមួយគ្នា តាំងពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១០។ ពួកវាមិនដែលនិយាយត្រូវគ្នាម្តងណាទ្បើយ។ វាឈ្លួសគ្នាតាំងពី របងទ្វារផ្ទះ រហូតដល់របងទ្វារសាលា ហើយវាបន្តប្រកែកគ្នាក្នុងថ្នាក់រៀន រហូតដល់ក្នុងផ្ទះរៀងៗខ្លួន ប៉ុនែ្តពួកវាមានទំលាប់ល្អមួយ គឺនៅពេលឈ្លោះគ្នា វាប្រើតែមាត់ទេដើម្បីដោះស្រាយបញ្ហា តែយូរៗម្តងនៅពេលដល់កមែនទែន វាខាំដៃ និងស្លឹកត្រចៀកគ្នាដោះស្រាយទំនាស់។
ផ្កាយវាស្នា ជាសិស្សកំពូលខាងសួរ។ វាសួរហើយ វាសួរទៀត វាសួរមិនចេះចប់ និយាយអោយខ្លីទៅ គឺវាសួរតាំងពីម៉ោងចូលរៀន រហូតដល់ម៉ោងចេញលេង។ គ្រូវាមួយណាក៏ស្ពាយវចនានុក្រម និងសៀវភៅចំណេះដឹងទូទៅ បួន ដប់ក្បាលមកជាមួយដែរ នៅពេលមកបង្រៀនថ្នាក់វាម្តងៗព្រោះ ខ្លាចចាញ់ប្រាជ្ញាសិស្សកំពូលសួរមួយរូបនេះ។
ចំណែក តារាវិទូវិញ វាជាសិស្សប្រកបដោយចំណេះដឹងជ្រៅជ្រះយល់ដឹងច្រើន ព្រោះថាវាជាមនុស្សចូលចិត្តអាន សៀវភៅ។ សៀវភៅស្អី ក៏វាអានដែរ លើកលែងតែសៀវភៅសរសេរមួយចេញ ព្រោះគេយកវាមកសរសេរ មិនមែនយកមកអានទេ ហើយម្យ៉ាងទៀតវាគ្មានអក្សរសំរាប់អានផង។ វិទូមានកេរ្ត៍ឈ្មោះល្បីក្នុងសាលា មិនមែនដោយសារវា មានចំណេះជ្រៅជ្រះនោះទេ គឺមកពីវាជាសិស្សកំពូលខាងផា មិនថាសិស្ស ស្រី ឬសិស្សប្រុសទេ សូម្បីតែ គ្រូបាអាចារ្យ ក៏វាផាដែរ។
ថ្ងៃនេះគឺជាថ្ងៃសៅរ៍ ហើយម៉ោងចុងក្រោយត្រូវរៀន បរិស្ថានវិទ្យា។ គ្រូបង្រៀនមុខវិជា្ជនេះគឺ លោកគ្រូ ច។
កាលពីសប្តាហ៍មុនគាត់បានរំលងពីរមេរៀនហើយ មូលហេតុមកពីលោក ផ្កាយ វាស្នា សួរដេញដោរពេក។ លោកគ្រូ ច ខ្លាចបង្រៀនមិនទាន់ កម្មវិធីសាលា ទើបរំលងមេរៀនខ្លះទៅ។ គាត់បានប្រាប់សិស្សគាត់ថា រៀនមេរៀនច្រើនបានប្រយោជន៍អ្វី បើរៀនមេរៀនមួយមិនចេះប្រាកដផងហ្នឹង។ ប៉ុន្តែជាធម្មតា សិស្សលោកគ្រូ ច មិនបានរៀនពីគាត់ច្រើនប៉ុន្មានទេ ព្រោះឲតែគាត់និយាយបាន ពីរ បី មាត់ ផ្កាយ វាស្នាលើកដៃសួរភ្លែត។
វាសួរហើយ វាសួរទៀត គឺវាសួរ តែរហូតហ្នឹង។លោកគ្រូ ច ពេលខ្លះចង់ក្អួតម្តងៗ ដោយសារវាសួរពេករកគាត់ និយាយស្អីមិនបាន។ វាសួរនោះសួរ មើលតែវាជាអ្នកកាសែតអន្តរជាតិយកពត័មានទាន់ហេតុការណ៍។
ម៉ឺង…ម៉ឺង…ម៉ឺង… ជួងសាលាបន្លឺទ្បើង។ សិស្សទាំងអស់ នាំគ្នារត់ប្រញៃចូលក្នុងថ្នាក់រៀន។ សិស្សទាំងអស់គ្នា ក្រោកឈរនៅពេលលោកគ្រូ ច ដើរចូលក្នុងថ្នាក់។ គាត់ឲសញ្ញាអោយសិស្សគាត់អង្គុយចុះហើយគាត់យកដីស មក សរសេរលើក្តាខៀន (អានទំពរ័ទី ១៥និង១៦)។ គាត់សរសេរហើយក៏ដើរទៅអង្គុយនៅតុគាត់មិនហ៊ាន ហាមាត់និយាយសោះ ព្រោះខ្លាច ផ្កាយវាស្នា មានសំណួរ។ គាត់ដើរចេញទៅក្រៅ បន្តិចក្រោយមកគេឃើញ គាត់មកវិញជិះលើម៉ូតូដ៏កញ្ចាស់របស់គាត់ ហុយផ្សែងអោយជុក។សិស្សទាំងអស់គ្នានាំគ្នាសើច លើកលែងតែ ផ្កាយវាស្នា ចេញ។ វាបែរជាក្រោកឈេរទ្បើងលើកដៃចង់សួរសំណួរអោយឆ្កុយ។
លោកគ្រូ ច : មានសំណួរអ្វី វាស្នា?
វាស្នាស : ហេតុអ្វីបានជាជិះម៉ូតូចូលក្នុងថ្នាក់រៀន លោកគ្រូ ច?
(ក្តាប់) វិទូអង្គុយនៅតុជួរក្រោយនិយាយខ្សឹបៗដាក់ត្រចៀក អាម៉ាប់ មិត្តរួមតុរបស់វា។ (ចាប់…របស់លោកគ្រូ) អាម៉ាប់ខ្សឹបដាក់វិទូវិញ។ហើយពួកវានាំគ្នាសើចក្អឹកៗតិចៗមិនឲគ្រូវាលឺទ្បើយ។
លោកគ្រូ ច : ហេតុអ្វីបានជាលោកគ្រូជិះម៉ូតូចូលក្នុងថ្នាក់រៀន?វាស្នា សាកឆ្លើយទៅមើល។
វាស្នា : តើលោកគ្រូសួរខ្ញុំ ឬខ្ញុំសួរលោកគ្រូ?
វិទូ(លូកមាត់) : លោកគ្រូសួរ ឯងហ្នឹងអាស្នាពិតជាអត់ដឹងខ្យល់មែនអានេះ។
វាស្នា : យើងមិនដឹងទេខ្យល់ យើងដឹងតែល្ហើយ។ តើខ្យល់ជាអ្វីឯងប្រាប់យើងមើល?
លោកគ្រូ ច គ្រវីក្បាលហួសចិត្ត ព្រោះគាត់សួរមិនទាន់បានមួយសំណួរស្រួលបួលផង ស្រាប់តែ វាស្នា សួរបាន បីសំណួរបាត់។ វិទូបិតមាត់មិនចង់ឈ្លោះជាមួយគូកន ទុកឱកាសឲលោកគ្រូបង្រៀនត។ គ្រូ ច បន្តមេរៀននៅពេលឃើញសិស្សឆ្នើមទាំងពីរនាក់ បាត់មាត់រៀងៗខ្លួន។
គ្រូ ច : ថ្ងៃនេះយើងរៀនអំពី ផ្សែងម៉ូតូ ដែលគេហៅថា ឧស្ម័នកាបូនិច វាជាឧស្ម័នជាតិពុលម្យ៉ាងដែល បំផ្លាញ បរិស្ថាន និងធ្វើឲមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស។
វាស្នា : ចុះហេតុអ្វីបានជាក្មេងហិតកាវ តាមហិតផ្សែងម៉ូតូ អត់ស្លាប់អ៊ីចឹង? ហើយវានិយាយថា ផ្សែងហ្នឹងធ្វើឲវាមានកំលាំងជាងមុនទៀត។ ម៉េច អ៊ីចឹង?
វិទូ : ឯងពិតជាអត់ដឹងខ្យល់មែន។ ពួកវាហិតផ្សែងម៉ូតូមក ពីពួកវាអត់លុយទិញបាយស៊ី។ តាមពិតទៅវាគ្មានធ្វើឲមានកំលាំងស្អីទេ វាគ្រាន់តែជួយឲបាត់ឃ្លានបាយមួយរយ:តែប៉ុន្មោះ។
វាស្នា : ចុះឯងដឹងខ្យល់ឬ ?
គ្រូ ច : វាស្នា! បានហើយអង្គុយចុះទៅ។ថ្ងៃនេះយើងរៀនអំពីឧស្ម័នកាបូនិច មិនមែនរៀនពីខ្យល់ទេ។
វាស្នា : ចុះខ្យល់ និងឧស្ម័នខុសគ្នាដូចម្តេចទៅ?
លោកគ្រូ ច វិលមុខមានអារម្មណ៍ ធីងធោង ព្រោះគាត់ខ្លាចមិនអាចបញ្ចប់មេរៀនគាត់ ម្យ៉ាងថ្ងៃប្រលងឆមាសក៏ ជិតមកដល់ដែរ។ ប៉ុន្តែដោយខ្លាចសិស្សគាត់អន់ចិត្ត គាត់ព្យាយាមឆ្លើយសំណួរវាបន្តទៀត។
គ្រូ ច : តើអ្នកណាអាចឆ្លើយសំណួរវាស្នាបាន?
វិទូក្រោកទ្បើងភ្លែតមិនឲខាតពេលយូរ វានាំអាម៉ាប់ទៅជាមួយ ដើរសំដៅតុវាស្នា វិទូបែរគូថអាម៉ាប់ដាក់អាវាស្នាហើយខ្សឹប ប្រាប់អាម៉ាប់តិចៗ។ អាម៉ាប់ងួកក្បាល។ (ពូតតតតត) អាម៉ាប់ផោមស្អុយពេញមួយថ្នាក់។
វិទូ : ឧស្ម័នគឺវាស្អុយដូចផោមអាម៉ាប់អីចឹង ចំណែកឯខ្យល់វិញមិនស្អុយទេ។
សិស្សទាំងអស់គ្នានាំគ្នាសើច តែវាស្នាមិនបានចូលរួមការសើចទេ ដោយសារវានៅមានសំណួរបន្តទៀត។
វាស្នា : ចុះឧស្ម័ន អុកស៊ីសែន ស្អុយដូចផោមអាម៉ាប់អត់ វិទូ?
លោកគ្រូ ច ខ្ទប់មុខដើរចេញទៅក្រៅបាត់ព្រោះវាស្នាសួរពេក រកគាត់បង្រៀនស្អីមិនបាន។ វិទូឃើញលោកគ្រូដើរ ទៅក្រៅបាត់ បានឱកាស លុតគូកន មួយរយ មួយរយ។
វិទូ : យើងធ្វើម៉េចដឹងបើយើងមិនបានហិតផោមអាម៉ាប់ផង មានតែឯងទេទើបដឹងព្រោះឯងបានហិត ផោមវា។
សិស្សទាំងអស់នាំគ្នាសើច ក្អឹកៗ លើកលែងអាម៉ាប់ចេញ វាសើចលឺ ហាហាហា ហាហាហា។ វាស្នាខឹងក្តៅស្លឹកត្រចៀក ឆេវព្រោះធ្វើអី្វវិទូមិនកើត។
វាស្នា : ឯងប្រាប់យើងមើល បើឯងដឹងខ្យល់។តើអ្វីទៅហៅថាខ្យល់? វាមានប្រភពមកពីណា?
វិទូ : យើងប្រាប់ក៏បាន តែមុននឹងប្រាប់យើងមានលក្ខ័ណមួយ។
វាស្នា : ស្អីគេទៅ?
វិទូ : គឺហាមឯងសួរអញ ពេលអញ និយាយ។
វាស្នាស : ល្អ
វិទូ : ខ្យល់…
វាស្នា : ឈប់…ឈប់សិន… ចុះបើយើងឆ្ងល់?
វិទូហុច ប៊ិចនិងក្រដាស សមួយសន្លឹកឲវាស្នា ហើយវិទូក៏ចាប់ផ្តើមនិយាយ។
វិទូ : ខ្យល់ចែកជាបីធំៗ ខ្យល់អាកាស ខ្យល់អាការ:ជំងឺ និងខ្យល់របស់ព្យពា្ជន:ខែ្មរ។
ដែលហៅថាខ្យល់អាកាស គឺជាបណ្តុំឧស្ម័នទាំងទ្បាយដែលនៅផ្តុំគ្នាក្នុងបរិយាកាស។ ខ្យល់អាកាសមានប្រភពមកពី បន្ទុះភ្នំភ្លើង ភ្លើងឆេះព្រៃ មនុស្សសត្វដកដង្ហើម និងព្រៃឈើស្រូប និងបញ្ចេញឧស្ម័ន អុកស៊ីសែន និងកាបូនិច។ ដោយសារភាពវៃឆ្លាតរបស់មនុស្ស មនុស្សបានស្រាវជ្រាវ ឃើញវិធីធ្វើឲមាន កំនើនខ្យល់អាកាសកាន់ តែច្រើនជាង មុនទៀត ដូចជាផ្សែងចេញពីរោងចក្រ នុយក្លេអ៊ែ រោងច្រកកាត់ដេរ និងផ្សែងចេញពី យានជំនិះគ្រប់ប្រភេទ។ ខ្យល់ហ្នឹងចែកជាពីរប្រភេទទៀត គឺខ្យល់ត្រជាក់(ធ្ងន់) និងខ្រល់ក្តៅ(ស្រាល)។ខ្យល់កាន់តែក្តៅ មាឌវាកាន់តែធំ ហើយទំងន់វាកាន់តែស្រាល ចំនែកឯខ្យល់ត្រជាក់វិញវាផ្ទុយពីគ្នា។
ខ្យល់អាការ:ជំងឺ វាជាអាការ:ជំងឺម្យ៉ាងដែលធ្វើឲមនុស្សងងឹតភ្នែក ពេលខ្លះដួលសន្លប់នៅកន្លែងក៏មាន។ មូលហេតុដែលធ្វើឲមនុស្សកើតខ្យល់ព្រោះមកពីគាត់ធ្វើការហួសកំលាំង ហើយបរិភោគតិចតួច។
ខ្យល់នៃព្យញ្ជន:ខ្មែរ ខ្យល់នេះគឺសំដៅលើសំទ្បេង ខុសគ្នានៃព្យញ្ជន:ខ្មែរ។ខ្យល់នេះបែងចែកជាពីរ គឺខ្យល់ពួក «អ» និង «អ៊»។ ខ្យល់ប្រភេទនេះមានប្រភពមកពីបុព្វបុរសយើងដែលបានបង្កើតភាសាខ្មែរដ៏ពិសេសនេះទ្បើង ចំណែកឯភាសាអង់គ្លេសវិញ គ្មានខ្យល់ប្រភេទនេះទេ។
វាស្នា : អស្ចារ្យ! ពិតជានិយាយបានក្បោះក្បាយមែន យើងសូមសរសើរ។
វិទូ : ទូលបង្គំមិនហ៊ានទទួលទេ មិនហ៊ានទទួលទេ។
វាស្នា : កុំទាន់អាលអរពេកអាវ៉ា អញនៅមានសំណួរ ចុងក្រោយមួយទៀត។ សំណួរយើងសួរថា ៖ តើខ្យល់ដែលបក់ទៅមកនៅក្នុងថ្នាក់រៀននេះមានប្រភពដើមកំណើតនៅឯណា? កុំប្រាប់យើងឲសោះថាវាចេញ មកពីផោមអាកាម៉ាប់។
វិទូ : អេក្វាទ័រ។
វាស្នា : ហេតុអ្វី?
វិទូ : ចុះឯងថាសំណួរចុងក្រោយ ម៉េចឥទ្បូវសួរទៀតហើយ?
វាស្នា : ចុងក្រោយមែនទែនហើយលើកនេះ។
វិទូ(ក្រវីក្បាល) : បើចង់ដឹងខ្លាំងចាំយើងប្រាប់។ យើងធ្លាប់បានប្រាប់ឯងហើយថា ខ្យល់ជាបណ្តុំនៃឧស្ម័ន នៅក្នុងបរិយាកាស។ វាគ្មានជើងសំរាប់ដើរទេ ហើយក៏គ្មានអ្នកណាម្នាក់បង្កើតកង្ហារយ័ក្សសំរាប់បក់វាដែរ។ ខ្យល់មានចលនាទៅបានគឺដោយសារបំរែបំរួលស៊ីតុណ្ហភាពនៅលើភពផែនដី និយាយឲស្រួលស្តាប់ទៅគឺ មានកន្លែងខ្លះក្តៅ កន្លែងខ្លះត្រជាក់ឧទាហរណ៏ តំបន់អេក្វាទ័រជាតំបន់ក្តៅបំផុត ហើយតំបន់ប៉ូលជាតំបន់ត្រជាក់ បំផុត។ កាលណាតំបន់អេក្វាទ័រ ទទួលកំដៅកាន់តែក្តៅទ្បើងៗ ខ្យល់នៅតំបន់នោះក៏កាន់តែក្តៅទ្បើងៗដែរ។ កាលណាខ្យល់កាន់តែក្តៅទំងន់វាកាន់តែស្រាល ហើយក៏ចាប់ផ្តើមហោះទៅលើមេឃ វាហោះរហូតដល់តែវា អស់ចិត្តទើបវាធ្លាក់ចុះមកវិញ រួចវាធ្វើដំណើរឆ្ពោះទៅតំបន់ប៉ូល ហើយខ្យល់នៃតំបន់ប៉ូលក៏បក់មកជំនួស ខ្យល់នៅតំបន់អេក្វាទ័រវិញ។ ការបក់ទៅបក់មកដូចនេះ វាបង្កើតបានជាចរនខ្យល់នៅលើផែនដីយើងនេះ។ ចំពោះខ្យល់ក្នុងថ្នាក់វិញ គឺពិតជាបក់មកពីតំបន់អេក្វាទ័រប្រាកដណាស់ ព្រោះថាវាក្តៅអ៊ុនៗ។
បន្ទាប់ពីវិទូពន្យល់ចប់ គេឃើញលោកគ្រូ ច ដើរត្រលប់មកថ្នាក់វិញ ទឹកមុខគាត់មិនសូវជាសប្បាយចិត្តប៉ុន្មានទេ ព្រោះហេតុថា ខឹងសិស្សសួរច្រើនពេក។ លោកគ្រូ ច ដើរមិនទាន់ដល់តុស្រួលបួលផង ស្រាប់តែគេឃើញ វាស្នាក្រោកឈរលើកដៃសួរ សំណួរភ្លែត។
វាស្នា : តើលោកគ្រូទើបអញ្ជើញមកពីណា?
គ្រូ ច : មកពីបន្ទប់ទឹក ចុះវាស្នារកគ្រូធ្វើអ្វី?
វាស្នា : ខ្ញុំរកលោកគ្រូ ចង់សួរថាតើ ឧស្ម័នកាបូនិច មានប្រភពមកពីណា?
លោកគ្រូ ច ញញឹមព្រោះបានឱកាសពន្យល់សិស្សពីមេរៀនរបស់គាត់។
គ្រូ ច : ពិតជាសួរបានល្អមែន វាស្នា។ ឧស្ម័នកាបូនិចមាន...........
ម៉ឺង ម៉ឺង ម៉ឺង..........ម៉ឺង ម៉ឺង ម៉ឺង..........ម៉ឺង ម៉ឺង ម៉ឺង..........
លោកគ្រូ ច មិនទាន់បានពន្យល់ស្អីផងស្រាប់តែជួងសាលាបន្លឺសំលេងរំពងពេញទីធ្លាសាលា។
គ្រូ ច : មេរៀននេះសន្មត់ថាចប់ អាទិត្រក្រោយដល់ថ្ងៃប្រលងហើយ។ បើពួកឯងខ្ជិលអត់ មើលមេរៀនទេ គ្មានព្រះឯណាមកជួយឲឯងប្រលងជាប់ទេ។ សំណួរសួរតែក្នុងសៀវភៅទេ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment