នៅពេលព្រឹកប្រហែលជាម៉ោង ៤គេឃើញវិទូក្រោកពីដំណេកដើរសំដៅទៅចំការខាងក្រោយផ្ទះ ដើម្បីដងទឹកស្រោចចំការបន្លែ និងមើលថែទាំដំណាំ បន្ទាប់មកវាទៅបោសសំអាតទ្រង់មាន់នៅឯកៀនផ្ទះ ហើយវាដាក់ចំណីឲ្យសត្វមាន់ ទាវាស៊ី។
ដោយសារព្រឹកនេះជាព្រឹកថ្ងៃអាទិត្រគេមិនឃើញវាស្នាអើតក្បាលចេញពីផ្ទះរបស់វាទ្បើយ។ វាកំពុងដេកជំទិតគូថ ក្រលំភួយជិត ឃើញសល់តែក្បាល។ ទោះជាវាភ្ញាក់ក៏ដោយ ក៏វាមិនខ្ចីក្រោកដែរ វាដេកក្បាលសំលឹងមើលបង្អួច រងចាំពន្លឺថ្ងៃរះដល់មាត់បង្អួចវាទើបវាព្រមក្រោក។
វាស្នាដេកកាន់តែយូរ ក្រពះវាកាន់តែកូរ ព្រឹកនេះដូចជាខុសពីព្រឹកធម្មតា ព្រោះថាព្រះអាទិត្រមិនព្រមរះសោះ។ វាឆ្ងល់ក្នុងចិត្តថា ថ្ងៃនេះថ្ងៃអាទិត្រ តិចព្រះអាទិត្រអត់ធ្វើការទេដឹង។វាចាំដល់ម៉ោង ១០ នៅតែមិនឃើញមានថ្ងៃរះទៀត។ មិនអស់ចិត្តវាក៏បង្ខំចិត្តដើរចេញទៅក្រៅ។ វាស្នាពោលទ្បើង៖ ឲ្យព្រះអាទិត្ររះយ៉ាងមេច បើមេឃរកភ្លៀង។ ខំតែចាំអត់ហានក្រោកពីគ្រែ។ ចាំតែតិចទៀតដល់ម៉ោងដេកវិញបាត់។
វិទូនៅក្បែររបងផ្ទះវាស្នាកំពុងឲ្យចំណីសត្វពោលទ្បើងថា៖ ចុះអ្នកណាឲ្យឯងចាំព្រះអាទិត្ររះ មកពីឯងជាមនុស្សខ្ជិល។
វាស្នាៈ យើងមិនខ្ជិលទេ ប្អូនស្រីយើងបានវាខ្ជិល។
វិទូៈ ចុះប្អូនស្រីឯងទៅណាហើយ?
វាស្នាៈ មិនដឹងទេតាំងពីព្រឹកមក ប្រហែលជាវាទៅផ្សារលក់បន្លែហើយមើលទៅ។
វិទូៈ អីចឹងស្អីទៅហៅថា ខ្ជិលនោះហា៎?
វាស្នាៈ ចុះឯងដែលលឺគេថា ខ្ជិលងើបគូថមិនរួចឬអត់?
វិទូៈ ថីមិនធ្លាប់។
វាស្នាៈ ប្អូនស្រីរបស់យើង នៅពេលវាទៅផ្សារម្តងៗ វាហើបគូថមិនរួចទេពីកន្លែងលក់នោះ។
វិទូៈ ក្បាលឯង! ចេះតែថាមែនអានេះ។ អីចឹងអ្នកធ្វើការនៅ Office សុទ្ធតែខ្ជិលទាំងអស់ហើយចឹង ព្រោះមួយថ្ងៃៗ គេអង្គុយលើកៅអីសឹងតែរហូត។
វាស្នាលឺដូចនេះ អស់សំនើចក្នុងចិត្ត ដោយសារមិត្តរបស់វាផាវាកប់ៗ។ អាវាស្នាក៏ដើរទៅខាងក្រោយផ្ទះរបស់វាលប់មុខចេញ។
វាស្នា(ស្រែកពីចំងាយ): ស្អីទៅហៅថាខ្ជិលអាទូ?
វិទូៈ ឯងទៅឆ្លុះកញ្ចក់មើលទៅ នោះឯងនឹងដឹងហើយ។
វាស្នាញញឹម ដោយសារមិត្តវានិយាយដឺដងដាក់វា។ វាស្នាឈប់និយាយជាមួយវិទូ។ វាដើរចូលក្នុងផ្ទះវា យកអាវដ៏កញ្ចាស់មួយមកពាក់ និងនៅក្នុងដៃវាគេឃើញមានក្រដាសមួយសន្លឹក និង ប៉ិចមួយដើម ហើយវាដើរតំរង់មកផ្ទះវិទូ។
វាស្នា(នៅជិតវិទូ): ឯងបោកប្រាស់យើង។ យើងឆ្លុះហើយតែអត់ឃើញខ្ជិលផង។
វិទូៈ មកពីឯងល្ងង់។
វាស្នាៈ ចុះធ្វើដូចម្តេចកុំឲ្យល្ងង់?
វិទូៈ ឯងសួរម្តងទៀតមើលក្រែងអញស្តាប់ច្រទ្បំ?
វិស្នាៈ ធ្វើម៉េចបានជាឆ្លាតដូចឯង?
វិទូៈងាយស្រួលណាស់។ ឯងទ្រាំធ្វើល្ងង់ឲ្យអស់ចិត្តសិនទៅ ឯងនឹងក្លាយជាមនុស្សឆ្លាតហើយ។
វាស្នាៈ ធ្វើម៉េចទៅ?
វិទូៈ ធ្វើម៉េចក៏បានដែរ ប៉ុន្តែហាមតែម្យ៉ាងគត់គឺកុំឲ្យធ្វើឆ្លាត។
វាស្នាៈ អញយល់ហើយ។
វិទួៈ ឯងក្លាយជាមនុស្សឆ្លាតបាត់។
វាស្នាៈ ឆ្លាតម៉េចកើតបើយើងមិនទាន់បាត់ល្ងង់ផង។
វិទូៈ ចុះឯងថាយល់ហើយ។
វាស្នាៈ យើងយល់អ្វីដែលឯងនិយាយ តែយើងគិតថាភាពល្ងង់របស់យើងនៅមានច្រើនទៀត។យើងមិនទាន់ចង់ក្លាយជាមនុស្សឆ្លាតទេ។
វិទូៈ អើអីចឹង ចាំល្ងង់អស់ចិត្តសិនទៅ ចាំឆ្លាតក៏មិនទាន់ហួសពេលដែរ។
វាស្នាៈ ក្នុងនាមយើងជាមនុស្សល្ងង់ យើងត្រូវឆ្ងល់ច្រើន។ ឥទ្បូវយើងសូមសួរសំណួរមួយចំនួនទាក់ទងការប្រទ្បង។
វិទូៈ បើមិនជិតដល់ថ្ងៃប្រទ្បងឯងមិនមករកអញទេ។ មានទាំងក្រដាស និងប៉ិចផង ចង់សំភាសអញហើយមើលទៅ។
វាស្នា ខំសួរសំណួរវិទូ ជាច្រើនទាក់ទងនឹងការប្រទ្បងខាងមុខនេះ។ វាសួរបែបនេះចង់បាននិទ្ទេស A ហើយមើលទៅ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment