មានករណីខ្លះ ទោះបីជាអ្នកព្យាយាមនិយាយលួងលោម សូមទោស យ៉ាងណាក៏ដោយក៏វាមិនអាចដូចដើមបានដែរ។
ដើម្បីទប់ស្កាត់នូវការបែកបាក់ទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ អ្នកគប្បីព្យាយាមជៀសវាងនិយាយនូវពាក្យសម្ដី ៥ ឃ្លាដូចខាងក្រោម៖
១- អូនមិនទុកចិត្តបងទេ
ការនិយាយពាក្យមួយឃ្លានេះ អាចធ្វើឲ្យបុរសក្នុងបេះដូងរបស់អ្នកអាក់អន់ចិត្ត ឬអាចនឹងធ្វើដូចអ្វីដែលអ្នកនិយាយ។ ប្រសិនបើអ្នកនិយាយពាក្យនេះទៅ នោះវាអាចជាពាក្យសម្ដីចុងក្រោយដែលនិយាយទៅកាន់បុរសម្នាក់នោះក៏ថាបាន។ ពាក្យសម្ដីមួយឃ្លានេះ គឺជាពាក្យសម្ដីរបស់ស្រ្ដីដែលឈឺចាប់ដោយសារបុរសបោកប្រាស់ម្ដងហើយម្ដងទៀតប៉ុណ្ណោះ។
២- ប្រុសគ្រប់គ្នាគឺដូចតែគ្នា
អ្នកត្រូវចាំឲ្យច្បាស់ថា គ្រប់មនុស្សគឺមិនដូចគ្នានោះទេ ហើយបុរសក៏មិនដូចគ្នាទាំងអស់ដែរ។ ទោះបីជាអ្នកធ្លាប់ឃើញបុរសក្បត់ចិត្តស្រីច្រើនប៉ុណ្ណាក៏ដោយ ឬក៏អ្នកធ្លាប់ត្រូវបានបុរសបោកប្រាស់បេះដូង ច្រើនដងរួមមកហើយក៏ដោយ ក៏មិនមានន័យថា បុរសដែលអ្នកកំពុងស្រឡាញ់ដូចបុរសអស់នោះដែរ។ ប្រសិនបើអ្នកនិយាយពាក្យនេះទៅកាន់កំពូលដួងចិត្តរបស់អ្នកក្នុងពេលកំពុងឈ្លោះគ្នា នោះបុរសនោះនឹងលែងគោរពអ្នកទៀតហើយ។
៣- បងមិនបានការសោះនៅលើគ្រែ
ប្រាកដណាស់បុរសស្អប់ពាក្យសម្ដីនេះខ្លាំងណាស់។ ប្រសិនបើគាត់មិនសូវពូកែរឿងនឹងមែន អ្នកអាចនិយាយពាក្យផ្សេង ឬក៏ប្រើវិធីផ្សេងវិញប្រសើរជាង។ ទោះបីជាសិចគឺជាគ្រឿងផ្សំមួយដ៏សំខាន់ក្នុងទំនាក់ទំនងគូស្នេហ៍ក៏ដោយ ប៉ុន្ដែបើអាចទៅរួច ចូរកុំនិយាយបែបនេះអី។ ដូចដែលធ្លាប់លឺហើយថា បើមិនបានសរសើរថាខ្លាំង កុំបង្អាប់ថាខ្សោយទៅបានហើយ តែបើជៀសមិនរួចទេ ប្រើវិធីផ្សេងឲ្យគាត់ដឹងវិញល្អជាង។
៤- សង្សាររបស់អូនមុន មិនដែលធ្វើរឿងបែបនេះទេ
ការប្រៀបធៀបបុរសដែលខ្លួនឯងកំពុងស្រឡាញ់ជាមួយនឹងអតីតសង្សារ ឬអតីតស្វាមី គឺជាការសម្លាប់ជីវិតស្នេហារបស់អ្នកដោយខ្លួនឯងហើយ។ ចូរស្រឡាញ់បុរសដែលអ្នកស្រឡាញ់នៅអ្វីដែលគាត់មាន មិនមែនតម្រូវឲ្យគាត់ធ្វើតាមបុរសមុនរបស់អ្នកនោះទេ។ ចូរចងចាំថា គ្មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះទេ សំខាន់ត្រូវចេះយល់ចិត្តគ្នា។ បើយើងដាក់ចិត្ត ដាក់បេះដូងស្រឡាញ់ហើយ បានន័យថាអ្នកព្រមទទួលយកអ្វីដែលគាត់កំពុងមាន។
៥- ម៉ាក់របស់បងដូចជាបិសាចអញ្ចឹង
ការជេរម្ដាយក្មេកគឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះគាត់ក៏ជាអ្នកមានគុណយើងផងដែរ។ ទោះបីជាបុរសរូបនោះ ស្រឡាញ់អ្នកងប់ប៉ុណ្ណាក៏ដោយ ក៏គាត់ប្រហែលជាពិបាកទទួលយកស្រ្ដីដែលជេរម្ដាយគាត់ដែរ។ ទោះខឹងយ៉ាងណា គ្រាន់តែប្រាប់ដោយប្រើពាក្យផ្សេងទៅបានហើយ។
សរុបមកវិញ ចូរចងចាំថា ការប្រើពាក្យពេចន៍គឺសំខាន់ណាស់នៅក្នុងជីវិតស្នេហា។ ដូច្នេះ មុននឹងនិយាយត្រូវគិតពីអារម្មណ៍របស់ដៃគូរបស់អ្នកផង។ ខ្មែរសារិកា សូមជួនពរឲ្យគូរស្នេហ៍លើលោកទាំងអស់ ជួបតែនឹងសេចក្ដីសុខផ្អែមល្ហែមនឹងគ្នាជានិច្ច៕
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment