អត្ថបទថ្មីៗ :

ការងារ ១០​ប្រភេទ​​គ្រោះ​ថ្នាក់​ចំពោះ​​សួត​

Sunday, December 11, 2011

សួត​របស់​មនុស្ស
បើ​តាម​ការ​ប៉ាន់ស្មាន​ដោយ​ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា មាន​កម្មករ​ជិត ២៣.០០០​នាក់​​មាន​ជំងឺ ដែល​ទាក់ទង​នឹង​សួត​ក្នុង​ឆ្នាំ ២០០៨​ និង​មាន​ច្រើន​ជាង​ ១៦.០០០​​នាក់​បាន​ស្លាប់​ជា​រៀងរាល់​​ឆ្នាំ។
ខ្មែរ​សារិកា​សូម​លើក​យក​ការងារ​ទាំង​ដប់​ប្រភេទ​ដែល​មាន​គ្រោះ​ថ្នាក់​​ខ្លាំង​ចំពោះ​សុខភាព​សួត តែ​​យើង​អាច​​អាច​ការ​ពារ​បាន។
១- ការងារ​សាង​សង់
អ្នក​ធ្វើការ​វិស័យ​នេះ​​បាន​ស្រូប​យក​ធូលី​ និង​សារធាតុ​ថ្នាំ​លាប​ជញ្ជាំង​ដែល​មាន​ហានិភ័យ​ចំពោះ... ជំងឺ​មហារីក​សួត​ខ្លាំង​។ ​​ យើង​គួរ​ពាក់​ម៉ាស់​ការពារ នៅ​ពេល​ដែល​យើង​ធ្វើការ​នៅ​ជុំវិញ​អាគារ​ចាស់​ៗ និង​ចៀសវាង​ផ្សែង​។
២- រោងចក្រ​ផលិត
អ្នក​ធ្វើការ​រោង​ចក្រ​បាន​ប្រឈម​មុខ​នឹង​ធូលី ជាតិ​គីមី ឧស្ម័ន មាន​ហានិភ័យ​សម្រាប់​ជំងឺ​ COPD។ ក្នុង​រោងចក្រ​ចំណី​អាហារ មាន​សារធាតុ​​ម្យ៉ាង​ដែល​គេ​ប្រើ​ក្នុង​ការ​ចម្អិន​ពោត​លីង​ក្នុង​មីក្រូវេវ ស្រា​ខ្លះ និង​​ចំណី​អាហារ​លឿន អាច​បណ្ដាល​កើត​ជា​ជំងឺ​ដែល​មាន​មហន្តរាយ​ធ្ងន់ធ្ងរ ពេល​ខ្លះ​អាច​ស្លាប់​បាន។
៣- ការងារ​​​ថែទាំ​សុខភាព
អ្នក​ធ្វើការ​ផ្នែក​នេះ​ប្រហែល​ពី ៨% ទៅ ១២ % មាន​ប្រតិកម្ម​ទៅ​នឹង​ម្សៅ​ដែល​មាន​នៅ​ក្នុង​ស្រោម​ដៃ​ជ័រ​ដែល​អាច​បណ្ដាល​ឲ្យ​កើត​រោគ​ហឺត​​ធ្ងន់ធ្ងរ​បាន។ លោក​វេជ្ជបណ្ឌិត Harber បាន​និយាយ​ថា«ទោះ​បី​ជា​អ្នក​មិន​បាន​ប្រើ​ប្រាស់​ស្រោម​ដៃ​ជ័រ​នោះ​ក៏​ដោយ​ ប៉ុន្តែ​ប្រសិន​បើ​យើង​ទុក​វា​នៅ​ក្នុង​បន្ទប់​ សារធាតុ​ជាតិ​ជ័រ​បន្តិច​បន្តួច​​មាន​ប្រតិកម្ម​​​ចូល​ទៅ​ក្នុង​ខ្យល់​ក៏​អាច​ប៉ះពាល់​ដល់​អ្នក​មាន​អាលែស៊ី​ (Allergy)​ nwg វា​ដែរ ។
លោក​វេជ្ជបណ្ឌិត Harberបាន​និយាយ​ថា អ្នក​ដែល​អាលែស៊ី​នឹង​សារធាតុ​នេះ​ អាច​បញ្ចប់​​អាជីព​របស់​ខ្លួន ប៉ុន្តែ​មន្ទីរ​ពេទ្យ​ខ្លះ​ដូច​ជា​មន្ទីរ​ពេទ្យ Johns Hopkins បាន​ប្ដូរ​មក​ប្រើ​ប្រាស់​ស្រោម​ដៃ​គ្មាន​ជាតិ​ជ័រ​វិញ ។
៤- ការងារ​វាយនភណ្ឌ
លោក​វេជ្ជបណ្ឌិត Harber បាន​និយាយ​ថា ជំងឺ​រលាក​សួត​បាន​កើត​ឡើង​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​ងារ​តម្បាញ គឺ​អ្នក​ដែល​ផលិត គ្រឿង​ស្រោប​ញាត់​កៅអី ឬ សាឡុង កន្សែង​ពោះ​គោ ស្រោម​ពូក​ស្រោម​ខ្នើយ និង​ក្រណាត់ ដែល​កើត​ឡើង​ធូលី​ទាំង​នោះ​ និង​ការ​ដែល​គ្មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់។
ផ្សែង ​រឹត​តែ​បង្កើន​ហានិភ័យ​ដល់​សួត ។ ការ​ពាក់​ម៉ាស់​ការពារ និង​បង្ក​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​និង​បរិដ្ឋាន​ការងារ​ល្អ​វា​ក៏​ជា​គុណ​សម្បត្តិ​មួយ​ដែរ ។
៥- ការងារ​លក់​ស្រា​ក្នុង​បា
ការ​បម្រើ​ភេសជ្ជៈ​ ស្រា នៅ​ក្នុង​បន្ទប់​ដែល​មាន​ការ​ជក់​បារី​គឺ​មាន​ហានិភ័យ​ខ្ពស់​ដល់​សួត ។ សព្វ​ថ្ងៃ​នេះ​ មាន​រដ្ឋ​ជា​ច្រើន​ដែល​​កំណត់​ថា​ ការ​ជក់​បារី​​នៅ​ក្នុង​ភោជនីយដ្ឋាន​និង​ក្នុង​រង្គសាល​ជា​ការ​ខុស​ច្បាប់។ ប្រសិន​ជា​អ្នក​ធ្វើការ​នៅ​ក្នុង​ទីក្រុង​ដែល​នៅ​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ជក់​បារី​នៅ​ក្នុង​បារ ប្រព័ន្ធ​ខ្យល់​ចេញ​ចូល​ល្អ​អាច​ជួយ​អ្នក​បាន។
៦- ការងារ​ធ្វើ​នំ
វេជ្ជបណ្ឌិត Harberបាន​និយាយ​ថា ការងារ​នេះ​វា​គឺ​ជា​ការងារ​ស្ទើរ​តែ​ជា​ស្ថិត​នៅ​បញ្ជី​​ខ្ពស់​បំផុត​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ហឺត។ លោក​ថា ​ការ​ប៉ះ​ពាល់​ទៅ​នឹង​ធូលី​ម្សៅ​​គឺ​ជា​ហានិភ័យ​ដ៏​ធំ​មួយ​ក្នុង​ការ​វិវឌ្ឍ​ជា​ជំងឺ​អាលែស៊ី។ ការ​មាន​ប្រព័ន្ធ​កង្ហារ​​ល្អ​ និង​ការ​ប្រើ​ប្រាស់​ម៉ាស់​ការពារ​អាច​ជួយ​ការពារ​ពី​ជំងឺ​បាន ។
៧- ការងារ​​ក្នុង​ឧស្សាហ​កម្ម​យាន​​យន្ត
រោគ​ហឺត​អាច​ជា​ហានិភ័យ​នៅ​ក្នុង​ឧស្សាហ​កម្ម​យាន​​យន្ត​ទាំង​នោះ ជា​ពិសេស​គឺ​ជាង​ជួសជុល​។ កន្លែង​​បាញ់​ថ្នាំ​ ក៏​អាច​បង្ក​ការ​រលាក​ស្បែក បង្កើត​អាលែស៊ី​ និង​តឹង​ទ្រូង​បណ្ដាល​ឲ្យ​ពិបាក​ដក​ដង្ហើម។
ប្រដាប់​ប្រដា​ជួយ​សម្រាប់​ដក​ដង្ហើម ស្រោម​ដៃ វ៉ែនតា​សម្រាប់​ការពារ​ភ្នែក និង​ខ្យល់​អាកាស​ចេញ​ចូល​ល្អ អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​សួត​បាន ។
៨- ការងារ​ដឹក​ជញ្ជូន
អ្នក​បើក​បរ​ដែល​ជញ្ជូន​ឥវ៉ាន់​ចេញ​ពី​ផែ និង​អ្នក​ធ្វើការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​រទេះ​ភ្លើង​អាច​មាន​ហានិភ័យ​ជំងឺ​សួត COPD។ ការ​សិក្សា​ឆ្នាំ ២០០៤​បាន​រក​ឃើញ​ថា​អត្រា​ភាគ​រយ​ខ្ពស់​នៃ​អ្នក​ស្លាប់​ដោយ​ជំងឺ​មហារីក​សួត គឺ​នៅ​ក្នុង​ចំណោម​អ្នក​ធ្វើការ​នៅ​ផ្លូវ​រទេះ​ភ្លើង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ឧស្សាហកម្ម​នេះ​បាន​ផ្លាស់ប្ដូរ​ពី​ប្រើ​ធ្យូង​ថ្ម មក​ជា​ថាមពល​ប្រេង​ម៉ាស៊ីន​វិញ​​នៅ​ក្នុង​ទសវត្សរ៍​ទី ៥០។
ទោះ​បី​ជា​ឥឡូវ​នេះ​ម៉ាស៊ីន​ទាំង​នោះ​មាន​ការ​អភិវឌ្ឍន៍​ក៏​ដោយ​ក៏​ជំងឺ​នេះ​នៅ​តែ​មាន​ការ​រាលដាល​ដដែល ។ នៅ​ឲ្យ​ឆ្ងាយ​ពី​ម៉ាស៊ីន​នេះ ហើយ​ពាក់​ម៉ាស់​ការពារ​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សួត​បាន ។
៩- ការងារ​ជីក​រ៉ែ
អ្នក​ជីក​រ៉ែ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ជំងឺ​សួត រួម​នឹង​ជំងឺ COPD ដោយ​សារ​តែ​ការ​ប៉ះពាល់​​ធូលី​ច្រើន​។ អ្នក​ជីក​រ៉ែ​ធ្យូង​គឺ​មាន​ហានិភ័យ​នៃ​ជំងឺ​សួត​ម្យ៉ាង​គឺ Pneumoconiosis (សួត​ខ្មៅ) ។
ការ​មិន​ជក់​បារី និង​ប្រើ​ប្រាស់​ម៉ាស់​ការពារ​អាច​ជួយ​អ្នក​ពី​ជំងឺ​នេះ​បាន ។
១០- ការងារ​​ពន្លត់​អាគ្គីភ័យ
អ្នក​ពន្លត់​ភ្លើង​អាច​ស្រូប​ផ្សែង និង​ជាតិ​គីមី​ដែល​ប្រហែល​ជា​មាន​នៅ​ក្នុង​អាគារ​ដែល​ឆេះ​នីមួយៗ ទោះបី​ជា​មាន​ប្រដាប់​ដក​ដង្ហើម​ដែល​ជួយ​ការពារ​ពួក​គេ​ក៏​ដោយ។ ការ​ប៉ះពាល់​សារជាតិ​ពុល និង​សារធាតុ​ម្យ៉ាង​ដែល​មិន​ឆេះ​គឺ​ជា​ហានិភ័យ​មួយ​ទោះ​បី​បន្ទាប់​ពី​ភ្លើង​រលត់​ក៏​ដោយ ។
សមាគម​អន្តរជាតិ​សម្រាប់​ការ​លត់​ភ្លើង បាន​ឲ្យ​អនុសាសន៍​ថា ពាក់​សម្ភារៈ​ការពារ​សម្រាប់​ដក​ដង្ហើម​គ្រប់​ជំហាន​នៃ​ការ​ពន្លត់​​ភ្លើង​ទាំង​អស់។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.