អត្ថបទថ្មីៗ :

ទារក​មាន​សមត្ថភាព​ចង​ចាំ​ចង្វាក់​ភ្លេង

Sunday, December 11, 2011

ទារក​ និង​ម្ដាយ
យោង​​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ទារក​មាន​សមត្ថភាព​ចង​ចាំ​ចង្វាក់​ភ្លេង​ដែល​ពួក​គេ​បាន​លឺ​កាល​ខ្លួន​​នៅ​ក្នុង​ស្បូន​របស់​ម្ដាយ។​
អ្នក​វិទ្យាសាស្ត្រ​បាន​ចាក់​ភ្លេង​ឲ្យ​អ្នក​ម្ដាយ​ទារក​ស្ដាប់​​ចំនួន​បី​សប្ដាហ៍​មុន​ពេល​ផ្ដល់​កំណើត​ និង​បាន​ធ្វើ​តេស្ត​ទារក​នោះ​មួយ​ខែ​ក្រោយ​ពី​ពេល​ដែល​គេ​បាន​កើត។ ចង្វាក់​បេះ​ដូង​របស់​ទារក​បាន​ថយ​ចុះ​តាម​អត្រា​មួយ​ដ៏​អស្ចារ្យ​នៅ​ពេល​ដែល​គេ​បាន​លឺ​ចង្វាក់​ភ្លេង​នៅ​ពេល​ក្នុង​ពោះ​ម្ដាយ នេះ​បើ​ប្រៀប​ធៀប​នឹង​ភ្លេង​ដែល​គេ​ពុំ​ដែល​បាន​លឺ​ពី​មុន។
ការ​រក​ឃើញ​នេះ​បាន​បន្ថែម​ការ​យល់​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​... នូវ​ផល​ប៉ះពាល់​របស់​ភ្លេង​ដែល​គេ​បាន​លឺ​កាល​នៅ​ក្នុង​ពោះ​ដោយ​រួម​ទាំង​ពី​របៀប​ដែល​ទារក​រៀន​និយាយ​ទៀត​ផង។ អ្នក​ចិត្ត​ជីវវិទ្យា​ ​​ការូលីន ក្រេន័រ​ឌីហ្វឺរ (Carolyn Granier-Deffere) មក​ពី​សាកល​វិទ្យាល័យ​ប៉ារីស​ដេកាត​ បាន​ស្នើ​សុំ​ឲ្យ​​ស្ត្រី​ដែល​មាន​គភ៌​ជិត​គ្រប់​ខែ​ចំនួន​ហាសិប​នាក់​ស្ដាប់​ចង្វាក់​ព្យ៉ាណូ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ នៅ​ពេល​ដែល​ក្មេង​ទាំង​ហាសិប​នាក់​​នោះ​​មាន​អាយុ​មួយ​ខែ គេ​បាន​ចាក់​ភ្លេង​ទាំង​នោះ​ឲ្យ​ក្មេង​ស្ដាប់។ ជា​មធ្យម​អត្រា​ចង្វាក់​បេះ​ដូង​របស់​ទារក​ដែល​កំពុង​ដេក​បាន​ពន្យឺត​ក្នុង​រយៈពេល​ខ្លី​ចំនួន​​ដប់ពីរ​ដង​ក្នុង​មួយ​នាទី​ជា​មួយ​នឹង​ភ្លេង​ដែល​គេ​ធ្លាប់​ស្ដាប់ បើ​ប្រៀប​ធៀប​នឹង​ភ្លេង​ដែល​គេ​ពុំ​ធ្លាប់​ស្ដាប់​គឺ​ចំនួន​ប្រាំ​ឬ​ប្រាំ​មួយ​ដង។
លទ្ធផល​នេះ​បង្ហាញ​ថា ទារក​ទើប​កើត​បាន​យក​ចិត្ត​ទុក​ដាក់​​​​លើ​ភ្លេង​ឬ​ចម្រៀង​របស់​ម្ដាយ​ខ្លួន​ជាង​ នេះ​បើ​តាម​កញ្ញា ការូលីន ក្រេន័រ​ឌីហ្វឺរ​​ដែល​បាន​ចុះ​ក្នុង​ព្រឹត្តិបត្រ​កន្លង​មក។
ការ​ស្ដាប់​របស់​មនុស្ស​បាន​អភិវឌ្ឍ​ក្នុង​កំឡុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នៅ​ការ​មាន​គភ៌។ ក្នុង​រយៈពេល​ប្រាំ​សប្ដាហ៍​មុន​ពេល​កើត រន្ធ​ត្រចៀក​​ជា​ធម្មតា​មាន​​លក្ខណៈ​ពេញ​វ័យ​គ្រប់គ្រាន់។ ការ​រក​ឃើញ​ទាំង​នេះ​បាន​បន្ថែម​ភស្តុតាង​​​ដែល​យល់​ថា ការ​ស្ដាប់​​លឺ​មុន​ពេល​ឆ្លង​ទន្លេ​អាច​ជួយ​ឲ្យ​ទារក​​ដឹង​ពី​សូរ​សំឡេង​នៃ​ការ​និយាយ។
កញ្ញា​បាន​បន្ថែម​ថា ការ​រក​ឃើញ​នេះ​ពុំ​មាន​ន័យ​ថា​ស្ត្រី​កំពុង​មាន​គភ៌​គួរ​តែ​ច្រៀង​ឬ​ស្ដាប់​ភ្លេង​ខណៈ​ពេល​ដែល​កូន​របស់​ខ្លួន​កំពុង​មាន​ការ​វិវឌ្ឍន៍​នៅ​ក្នុង​ពោះ​នោះ​ឡើយ។ នៅ​ពេល​ដែល​ទារក​ក្នុង​ពោះ​​នោះ​អាច​ស្ដាប់​លឺ​បាន​គ្រប់គ្រាន់​ហើយ ប្រហែល​ជា​ប្រាំ​សប្ដាហ៍​មុន​កើត វា​នឹង​លឺ​គ្រប់​សំឡេង​ទាំង​អស់​​មាន​នៅ​​ក្នុង​បរិស្ថាន​ម្ដាយ​របស់​វា។ ពុំ​មាន​តម្រូវ​ការ​ផ្នែក​ជីវសាស្ត្រ​បន្ថែម​សម្រាប់​ការ​ស្ដាប់​នោះ​ឡើយ ប៉ុន្តែ​បើ​ស្ដាប់​ច្រើន​គឺ​កាន់​តែ​ល្អ​​ជា​ពិសេស​ក្នុង​កំឡុង​ពេល​ទារក​កំពុង​តែ​វិវឌ្ឍ។ ប្រសិន​បើ​អ្នក​ម្ដាយ​ទាំង​ឡាយ​ចង់​ឲ្យ​កូន​ចូលចិត្ត​ស្ដាប់​ចម្រៀង ពួក​គេ​អាច​ចាប់​ផ្ដើម​នៅ​ពេល​ដែល​កូន​នោះ​កើត​ហើយ។​ លើស​ពី​នេះ​ទៀត​គួរ​ចង​ចាំ​ថា ឧបករណ៍​ដែល​ម្ដាយ​ទាំង​ឡាយ​ដាក់​ដោយ​ផ្ទាល់​លើ​ស្បែក​របស់​ខ្លួន​ដើម្បី​ស្ដាប់​តន្ត្រី​អាច​​មាន​គ្រោះ​ថ្នាក់ ​ដោយ​កញ្ញា​បាន​ណែនាំ​ថា សំឡេង​អាច​មាន​គ្រោះថ្នាក់​ដល់​ត្រចៀក​របស់​ទារក​ក្នុង​ផ្ទៃ​ប្រសិន​បើ​វា​លឺ​ពេក ស្ដាប់​យូរ​ពេក​ឬ​​​ម្ដាយ​បង្ខំ​ស្ដាប់​ពេក​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​វិវឌ្ឍ​ផ្នែក​ខាង​ក្នុង​ត្រចៀក​របស់​ក្មេង។
ចម្រៀង​របស់​អ្នក​ម្ដាយ​គឺ​ជា​សូរ​សំឡេង​​ពី​ធម្មជាតិ​ដ៏​វិសេស​បំផុត។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.