អត្ថបទថ្មីៗ :

វិធី​ថ្មី​ក្នុង​ការ​ព្យាបាល​មហារីក​ប្រូស្តាត

Sunday, December 11, 2011

ទីតាំង​​មហារីក​ប្រូស្តាត
សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​រាយការណ៍​ថា ក្រុម​គ្រូ​ពេទ្យ​ប្រទេស​សិង្ហបុរី​មាន​អភិវឌ្ឍ​វិធី​ព្យាបាល​មួយ​បែប​ដែល​ជា​ជម្រើស​ថ្មី​​សម្រាប់​អ្នក​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ហើយ​ថែម​ទាំង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​តិចតួច​ និង បាន​កាត់​បន្ថយ​ពេលវេលា​ព្យាបាល​បាន​យ៉ាង​ច្រើន​ថែម​ទៀត​ផង។
​សារព័ត៌មាន Chanel NewsAsia​បាន​និយាយ​ក្នុង​របាយការណ៍​ថា អ្នក​ជំងឺ​ប្រាំ​ពីរ​នាក់​ដែល​​ប្រឈម​នឹង​ហានិភ័យ​មហារីក​ក្រពេញ​ប្រូស្តាត​ទាប ​បាន​ចូល​រួម​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ដំបូង​នៅ​ឯ​មន្ទីរ​ពេទ្យ​ទូទៅ​ប្រទេស​សិង្ហបុរី និង មជ្ឈមណ្ឌល​ជាតិ​ជំងឺ​មហារីក​នៃ​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ហើយ​លទ្ធផល​ដែល​ចេញ​មក​ដំបូង​នោះ​បង្ហាញ​ថា វិធី​សាស្ត្រ​ប្រើ​អុលត្រាសោន​​នាំ​ទៅ​រក​ផល​​ប៉ះពាល់​ស្មុគស្មាញ​តិច​តួច​ប៉ុណ្ណោះ។
លើស​ពី​នេះ​ទៅ​ទៀត​ ជម្រើស​ថ្មី​នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​បន្ត​សកម្មភាព​ដូច​ធម្មតា... ​ក្រោយ​រយៈ​ពេល​ពី​ឬ​បី​ថ្ងៃ​នៃ​ការ​ព្យាបាល បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ពីរ​សប្ដាហ៍​នៃ​ការ​វះកាត់​​យក​ក្រពេញ​ប្រូស្តាត​​ចេញ​នោះ​។
មហារីក​ក្រពេញ​ប្រូស្តាត​បាន​យាយី​ដល់​អ្នក​ដែល​មាន​អាយុ​ច្រើន​ក្នុង​ប្រទេស​សិង្ហបុរី​បួន​ដង​ច្រើន​ជាង​កាល​ពី​សាមសិប​ឆ្នាំ​មុន។ ជម្រើស​ព្យាបាល​ពីមុន​មាន​ដូច​ជា ការវះកាត់​ និង វិធីសាស្ត្រ​វិទ្យុសកម្ម។ តែ​ការ​ព្យាបាល​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ខ្លាំង​ដល់​សុខភាព​អ្នក​ជំងឺ។
វិធី​ព្យាបាល​ថ្មី​អាច​ឲ្យ​លោក​គ្រូ​ពេទ្យ​មើល​ឃើញ​ពី​ដុំ​សាច់​មហារីក និង​ ជាលិកា​ដែល​នៅ​ជុំវិញ ហើយ​កម្រិត​កម្ដៅ​ខ្លាំង​នឹង​ត្រូវ​បញ្ចាំង​ចំ​ដុំ​សាច់​នោះ​ដើម្បី​បំផ្លាញ​វា​ដោយ​គ្មាន​ផល​ប៉ះពាល់​ដល់​ជាលិកា​ដែល​ល្អ​នោះ​ទេ។
ផល​ប្រយោជន៍​សំខាន់​បំផុត​នោះ​​នៃ​បច្ចេកវិទ្យា​ថ្មី​នោះ​គឺ ការ​ទៀង​ទាត់ និង ល្អិត​ល្អន់​ចំពោះ​ការ​ពិនិត្យ​រក​ និង កែសម្រួល​ការ​ព្យាបាល​ក្នុង​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​មួយ។ នេះ​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​បច្ចេកវិទ្យា​រូបភាព​ស្រ៊ីឌី​ដែល​អាច​ពិនិត្យ​បាន​ច្បាស់លាស់។
លោក ក្វេក ជិន វៃ (Kwek Jin Wei) ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​ព្យាបាល​ដោយ​វិទ្យុ​នៅ​ឯ​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​មហារីក​នៃ​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា នៅ​ពេល​ដែល​យើង​ព្យាបាល យើង​ព្យាបាល​តែ​កន្លែង​ដុំ​សាច់​ដែល​មាន​មេរោគ​មហារីក​ជា​មួយ​នឹង​វិធី​សាស្ត្រ​ដែល​បាន​សន្មត​ដូច​ជា ការ​វះ​កាត់​ជា​ដើម​ដែល​ដែល​អ្នក​ជំងឺ​ត្រូវ​ទទួល​ការ​វះ​កាត់​ដើម្បី​យក​​ដុំ​សាច់​នោះ​ចេញ​ទាំង​មូល ដែល​បាន​បង្កើន​ផល​ប៉ះពាល់​អវិជ្ជមាន​ដូច​ជា ការ​បន្ទោរ​បង់​ដោយ​មិន​ដឹង​ខ្លួន និង​ ពិការភាព​ជា​ដើម។
ជំហាន​ទី​ពីរ​បាន​ចាប់​ផ្ដើម​កាត​ពី​ខែ​មុន ហើយ​ជម្រើស​ព្យាបាល​នេះ​​នឹង​អាច​យក​មក​អនុវត្ត​បាន​លើ​អ្នក​ជំងឺ​ប្រហែល​ជា​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.