អត្ថបទថ្មីៗ :

គុណ​ប្រយោជន៍​ផ្លែ​ស្ត្ររប៊ើរី

Sunday, December 11, 2011

​ផ្លែ​ស្ត្ររប៊ើរី
ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ស្ត្ររប៊ើរី​ដែល​គេ​បាន​បង្កក​ស្ងួត​អាច​មាន​តួនាទី​មួយ​ក្នុង​ការ​ការពារ​រោគ​មហារីក​បំពង់​អាហារ។
អ្នក​ស្រាវជ្រាវ​ឈានមុខ​គឺ​លោក​​ស្រី​បណ្ឌិត តុង ឆេង (Tong Cheng) ជា​សាស្ត្រាចារ្យ​ជំនួយ​ការ​នៅ​ផ្នែក​ដុំ​សាច់​ពក​វេជ្ជសាស្ត្រ​ នៃ​មហាវិទ្យាល័យ​ឱសថសាស្ត្រ​ខាង​ក្នុង សាកល​វិទ្យាល័យ​រដ្ឋ​អូហាយូ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ផ្លែ​ស្ត្ររប៊ើរី​អាច​ជា​ជម្រើស​មួយ​ឬ​អាច​មាន​ប្រតិកម្ម​ល្អ​ជា​មួយ​ថ្នាំ​ការពារ​ផលិត​ពី​សារធាតុ​គីមី​​សម្រាប់​ទប់​ស្កាត់​រោគ​មហារីក។
លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ឯ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១០២​នៃ​សមាគម​... អាមេរិក​សម្រាប់​ការ​​ស្រាវជ្រាវ​រោគ​មហារីក​ក្នុង​រដ្ឋ​ហ្វ្លរីដា។
លោក​ស្រី​ ឆេន​បាន​បន្ត​ថា យើង​បាន​ធ្វើ​ការ​សរុប​ទិន្នន័យ​នៃ​ការ​សិក្សា​នេះ​ថា ការ​ញ៉ាំ​ស្ត្ររប៊ើរី​ចំនួន​ប្រាំ​មួយ​ខែ​គឺ​មាន​សុវត្ថិភាព​ និង ងាយ​ស្រួល​ក្នុង​ការ​ញ៉ាំ។ លើស​ពី​នេះ​ទៀត​នោះ ទិន្នន័យ​ដំបូង​ៗ​របស់​យើង​បាន​ស្នើ​ថា​ផ្លែ​ស្ត្ររប៊ើរី​អាច​កាត​បន្ថយ​កម្រិត​ជាលិកា​មិន​ល្អ និង បន្ថយ​រោគ​មហារីក​ដែល​ពាក់ព័ន្ធ​ដល់​ដំណើរ​ការ​របស់​ម៉ូលេគុល។
ក្នុង​ការ​សិក្សា​នេះ​ គេ​បាន​ឲ្យ​អ្នក​​សិក្សា​​ត្រូវ​​ញ៉ាំ​ផ្លែ​ស្ត្ររប៊ើរី​​​កក​ហើយ​ស្ងួត​ចំនួន​៦០​ក្រាម​ជា​រៀងរាល់​ថ្ងៃ​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ។ អ្នក​ស្រាវជ្រាវ​ទទួល​បាន​នូវ​​គំរូ​ជីវជាលិកាសាស្ត្រ​មុន​ និង​ ក្រោយ​ពេល​ញ៉ាំ​ផ្លែ​នេះ​របស់​អ្នក​ចូល​រួម​ការ​សិក្សា​។ លទ្ធផល​បង្ហាញ​ថា អ្នក​ចូល​រួម​ចំនួន​២៩​នាក់​ក្នុង​ចំណោម​៣៦​នាក់​បាន​កាត់​បន្ថយ​នូវ​កម្រិត​ជាលិកា​​មិន​ល្អ​ក្នុង​កំឡុង​ពេល​នៃ​ការ​សិក្សា។
ការ​ប្រើប្រាស់​ផ្លែ​ស្ត្ររប៊រី​​កក​​ហើយ​ស្ងួត​នោះ​មាន​សារសំខាន់​ណាស់​ពី​ព្រោះ​វា​អាច​បណ្ដេញ​ជាតិ​ទឹក​ចេញ​ពី​​ផ្លែ​នោះ​បាន​ និង អាច​រក្សា​សារធាតុ​ការពារ​បាន​ចំនួន​ដប់​ដង នេះ​បើ​តាម​លោកស្រី​ ឆេន។
រោគ​មហារីក​បំពង់​អាហារ​​​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​បី​នៃ​រោគ​មហារីក​ក្រពះ និង​ ពោះវៀន​ទូទៅ និង មាន​លំដាប់​ទី​ប្រាំ​មួយ​នៃ​រោគ​មហារីក​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ពិភពលោក។
លោក​ស្រី ឆេន និង ក្រុម​ស្រាវជ្រាវ​របស់​គាត់​កំពុង​តែ​សិក្សា​លើ​កោសិកា​មហារីក​បំពង់​អាហារ​ដែល​មាន​ចំនួន​៩៥​%​នៃ​ករណី​មហារីក​បំពង់​អាហារ​លើ​ពិភពលោក។ ប្រទេស​ចិន ជា​កន្លែង​ដែល​ការ​សិក្សា​នេះ​កំពុង​តែ​ដំណើរ​ការ​មាន​អត្រា​រោគ​មហារីក​នេះ​ខ្ពស់​ជាង​គេ​បំផុត នេះ​បើ​តាម​ព្រឹត្តិបត្រ​ AAAS។
ក្នុង​ការ​សិក្សា​មុន​ៗ លោក​ស្រី ឆេន និង​ ដៃ​គូ​​បាន​រក​ឃើញ​ថា​ផ្លែ​ស្ត្ររប៊ើរី​ដែល​​កក​​ហើយ​ស្ងួត​​អាច​រារាំង​ការ​វិវឌ្ឍ​នៃ​សាច់​មហារីក​បំពង់​អាហារ​បាន។ ដោយ​ផ្អែក​លើ​​លទ្ធផល​នេះ ពួក​គាត់​បាន​បន្ត​ការ​ពិសោធ​ដោយ​រួម​ទាំង​អ្នក​ដែល​មាន​ជាលិកា​មិន​ល្អ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅ​ជា​រោគ​មហារីក​បំពង់​អាហារ។
លោក​ស្រី​បណ្ឌិត​បាន​បន្ថែម​ថា ការ​សិក្សា​របស់​យើង​នេះ​មាន​សារសំខាន់​ព្រោះ​​វា​បង្ហាញ​ថា​ផ្លែ​ស្ត្ររប៊ើរី​អាច​បន្ថយ​ដំណើរ​ការ​វិវឌ្ឍ​របស់​ជាលិកា​ដែល​មាន​រោគ​មហារីក​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.