
អ្នកមើលទូរទស្សន៍
លោកសាស្រ្ដាចារ្យ Frank Hu មកពីសាលាសុខាភិបាលសាធារណៈ Harvard របស់អាមេរិក និងជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានថ្លែងថា សារនេះគឺជាសារមួយដ៏សាមញ្ញ។ អ្នកគ្រាន់តែកាត់បន្ថយការមើលទូរទស្សន៍ នោះអ្នកនឹងកាត់បន្ថយហានីភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ បានហើយ ជាងនេះទៀត ជំងឺបេះដូងក៏ថយចុះដែរ។
តាមពិតទៅ ការស្រាវជ្រាវនេះមិនបានបញ្ជាក់ថា ការមើលទូរទស្សន៍ជាកត្តាផ្ទាល់ដែលបង្កជំងឺនេះទេ ប៉ុន្ដែការមើលទូរទស្សន៍បានធ្វើឲ្យមនុស្សផ្លាស់ប្ដូរនូវទំលាប់រស់នៅ ដោយអង្គុយនៅមុខកញ្ចក់ទូរទស្សន៍ ដោយមិនបានបញ្ចេញនូវសកម្មភាពអ្វី ដែលនេះនឹងនាំទៅរកការធាត់លើសទម្ងន់។
ក្រុមអ្នកស្រាវជ្រាវនេះ ក៏បានបញ្ជាក់ដែរថា អ្នកដែលចំណាយពេលវេលាអង្គុយនៅមុខកញ្ចក់កុំព្យូទ័រដើម្បីលេងហ្គេម ឬឆែកអ៊ីនធើណិត ក៏អាចមានផលប៉ះពាល់ស្រដៀងគ្នានេះដែរ (ការស្រាវជ្រាវបន្ទាប់នឹងធ្វើលើរឿងនេះ)។
ការស្រាវជ្រាវនេះ មិនមែនជាការស្រាវជ្រាវដ៏តូចនោះទេ ព្រោះអ្នកស្រាវជ្រាវបានធ្វើការបូកបញ្ចូលគ្នានូវការស្រាវជ្រាវចំនួន៨ធំៗកន្លងមក ដែលធ្វើឡើងទៅលើមនុស្ស ១៧៥០០០នាក់។
ចំណែកឯលោកវេជ្ជបណ្ឌិត Iain Frame ដែលជាអ្នកជំនាញខាងជំងឺទឹកនោមផ្អែមនៅអង់គ្លេស ក៏បានធ្វើការដាស់តឿនដល់អ្នកទាំងឡាយណាដែលមិនចូលចិត្តចំណាយពេលសំឡឹងមើលកញ្ចក់ទូរទស្សន៍ឲ្យងាកមកធ្វើសកម្មភាពផ្សេងវិញ ព្រោះការធ្វើសកម្មភាពនៃរាងកាយ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមបានដល់ទៅជាង ៦០ភាគរយឯណោះ។
ក្រុមអ្នកជំនាញដទៃទៀតក៏បានធ្វើការណែនាំឲ្យយើងគ្រប់គ្នា បង្វែរពីការអង្គុយស្ងៀមមួយកន្លែង (នៅពេលទំនេរពីការងារ) មកធ្វើជាសកម្មភាពហាត់ប្រាណផ្សេងៗវិញ ដើម្បីសុខភាពល្អ ពោលគឺ បើមួយថ្ងៃហាត់ប្រាណបាន ៣០នាទី (មួយសប្ដាហ៍ឲ្យបានប្រាំថ្ងៃយ៉ាងតិច) នោះសុខភាពយើងនឹងស្ថិតស្ថេរបានយូរ ជាពិសេសគឺសុខភាពបេះដូងតែម្ដង។|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment