ដូរ៉ា គឺជាក្មេងម្នាក់ដែលមិនដែលអស់សង្ឃឹមក្នុងជីវិតនោះទេ ព្រោះថាវាជាក្មេងឆ្លាតហើយអត់ចេះខ្លាចអ្នកណាទេ សូម្បីតែខ្មោចក៏វាមិនខ្លាចដែរ។ តែជាអកុសល ដូរ៉ាកើតមកពិការភ្នែកទាំងសងខាង មើលអ្វីមិនឃើញទ្បើយ តែដោយសារវាមានគំនិតវិជ្ជមានចំពោះជីវិត វាមិនដែលមានអារម្មណ៍តូចចិត្តនឹងវាស្នារបស់វាទេ។ វាបាននិយាយថា មនុស្សកើតមកតែងមានល្អ និងអាក្រក់។ គ្មានអ្នកណាអាចជៀសផុតទេ ព្រោះថាវាជារឿងធម្មជាតិ។ ព្រះបានប្រាប់យើងថាចូលសប្បាយចិត្តជាមួយអ្វីដែលអ្នកមាន ហើយកុំពិបាកចិត្តជាមួយអ្វីដែលអ្នកគ្មានអី ប្រសិនបើអ្នកចង់បានអ្វីមួយនោះ ចូរព្យាយាមនោះថ្ងៃណាមួយការប្រាថ្នារបស់អ្នកនឹងក្លាយជាការពិត។
ថ្ងៃមួយនៅពេលដែលដូរ៉ាកំពុងតែរៀនអានអក្សរស្ងាត់ៗម្នាក់ឯងនៅខាងក្រោយផ្ទះ ស្រាប់តែមានខ្មោចមួយមករំខានវា ហើយគម្រាមកំហែងចង់ស៊ីសាច់របស់ដូរ៉ា។
ខ្មោច៖ យើងជាខ្មោច យើងចង់ស៊ីសាច់ឯង!
ដូរ៉ា សើចព្រោះសម្តីរបស់ខ្មោចគួរឲ្យអស់សំណើចពេក។ វាមិនបានខ្វល់នឹងសម្លេងនោះទេ ហើយក៏បន្តការអានសៀវភៅរបស់វាទៀត។
ខ្មោច៖ យើងជាខ្មោច យើងចង់ស៊ីសាច់ឯង!
ដូរ៉ា៖ ស៊ីស្អី ឯងជាខ្មោចមិនអាចស៊ីមនុស្សបានទេ។
ខ្មោច៖ ហេតុអ្វី ក៏មិនបាន?ដូរ៉ា៖ ព្រោះឯងស្លាប់ហើយមែនទេ បានឯងក្លាយជាខ្មោច?
ខ្មោច៖ អើ មកពីយើងស្លាប់បានជាយើងក្លាយជាខ្មោច ឯងនិយាយនេះគួរឲ្យចង់សើចណាស់។
ដូរ៉ា៖ ចង់សើចក្បាលឯងអី ឯងថាចង់ស៊ីយើង នេះទើបអស់សំណើច។
ខ្មោច៖ គ្មានអ្វីគួរ ឲ្យអស់សំណើចទេ ខ្មោចគ្មានធ្វើអ្វីទេ ក្រៅតែពីលងមនុស្ស និងស៊ីមនុស្សនោះ។
ដូរ៉ា៖ មុននឹងឯងស្លាប់ ឯងបានចូលរៀនទេ លោកខ្មោច?
ខ្មោច៖ រៀនបានថ្នាក់ទី ២ "ក"។
ដូរ៉ា៖ អីចឹងបានជាល្ងង់ណាស់។ ឯងដឹងទេមនុស្សយើងមានគ្រឿងសំខាន់ពីរយ៉ាង ទីមួយ គឺរាងកាយ និងទីពីរ គឺ ព្រលឹង។ នៅពេលរាងកាយឯងស្លាប់ទៅនោះព្រលឹងនឹងចេញពីខ្លួនរបស់ឯង មនុស្សភាគច្រើនគេនិយាយបែបនេះ។ ហើយឯងដឹងថារាងកាយ និងព្រលឹងហ្នឹងស្អីគេអត់?
ខ្មោច៖ យើងមិនសូវដឹងទេ។
ដូរ៉ា៖ រាងកាយនោះ គឺជាយើង ហើយព្រលឹងគឺជារូបឯង។ រាងកាយមានសាច់មានឈាម រីឯព្រលឹងគ្មានសាច់គ្មានឈាមទេ។ រាងកាយមើលឃើញប៉ះបាន តែព្រលឹងដូចឯងមើលមិនឃើញប៉ះក៏មិនបានដែរ។
ខ្មោច៖ យើងមានរូបរាង ឯងមើលយើងមក។
ដូរ៉ា៖ យើងពិការភ្នែកមើលស្អីក៏មិនឃើញដែរ ហើយយើងក៏មិនជឿថាឯងមានរូបរាងដែរ។ យើងសួរឯងមួយ តើឯងមានដកដង្ហើមឬអត់?
ខ្មោច៖ ដូចជាអត់ផង យើងស្លាប់ហើយ ឲ្យដកដង្ហើមយ៉ាងម៉េច?
ដូរ៉ា៖ ឯងនិយាយនេះត្រូវណាស់ យើងពិតជាទ្បប់មែនដែលសួរសំណួរភ្លើៗបែបនេះ។ ចុះឯងមានផឹងទឹកដែរឬអត់?
ខ្មោច សើចព្រោះថា អាដូរ៉ាសួរសំណួរឆ្កួតៗ។
ខ្មោច៖ ទឹកក៏អត់ផឹកដែរ ព្រោះអត់ស្រេកផង។
ដូរ៉ា៖ ត្រូវហើយឯងជាខ្មោច អត់ត្រូវការទឹកនិងខ្យល់ទេ។ លោកខ្មោចចាំស្តាប់ណា៖ ទឹកនិងខ្យល់ គឺជាអាហារសំខាន់សបំផុតនៅលើផែនដីនេះ បើអត់វាទេមនុស្សនឹងស្លាប់ជាមិនខាន។ បើឯងអត់ផឹកទឹក និងស្រួបយកខ្យល់ផង ឯងស៊ីយើងធ្វើអ្វី។ អត់ស៊ីយើងក៏ឯងមិនស្លាប់ដែរ។
ខ្មោច៖ យើងមិនជឿឯងទេ។
ដូរ៉ា៖ បើឯងមិនស៊ីស្អីសោះក៏ឯងមិនងាប់ទៀតដែរ ព្រោះថាឯងបានងាប់ម្តងរួចទៅហើយ។ លោកខ្មោចឯងមិនអាចងាប់ម្តងទៀតទេ។ ហើយគេក៏មិនដែលឮថាមានខ្មោចងាប់ដែរ តែបើងាប់វិញក៏ល្អដែរ ព្រោះថាឯងបានចាប់ជាតិទៅជារបស់ផ្សេងទៀត ស្រួលមិនស្រួលបានក្លាយជាព្រះផង។ ឯងយល់នូវអ្វីដែលយើងនិយាយឬអត់?
ខ្មោច៖ តែយើងឃ្លាន។
ដូរ៉ា៖ ឃ្លាន? ឯងច្រទ្បំហើយ បើតាមយើងដឹងខ្មោចអត់មានរាងកាយទេ ដូចនេះឯងពិតជាមិនអាចឃ្លានបានទេ។ យើងថាឯងអផ្សុកច្រើនជាង ឃ្លាន តើយើងនិយាយនេះត្រូវទេ?
ខ្មោច៖ និយាយបែបនេះដូចជាម្យ៉ាងដែរ។ ចុះធ្វើម៉េចកុំឲ្យអផ្សុក?
ដូរ៉ា៖ រឿងនឹងដ៏ទៅសួរបងប្រុសយើង។ គាត់ប្រហែលជាដឹងរឿងនេះ។
ខ្មោច៖ បងរបស់ឯងនៅឯណា យើងនឹងទៅសួរភ្លាម?
ដូរ៉ា៖ គាត់ស្លាប់ ៣ឆ្នាំមុននេះ ហើយឥទ្បូវមិនដឹងថាព្រលឹងគាត់ទៅដល់ទីណាទេ។ ឯងទៅតាមរកគាត់ទៅប្រហែលជាគាត់អាចជួយឯងបាន។
ខ្មោច៖ Facebook គាត់ឈ្មោះអី?
ដូរ៉ា៖ ចុម ខ្មោចប្រើ Facebook ទៀត។ ឈ្មោះ Juju beber តែគាត់ឈប់ប្រើវាជិតបីឆ្នាំ ហើយ។
ខ្មោច៖ ឯងអត់ដឹងអីមែន អ្នកប្រើ Facebook មិនអាចលប់ ឈ្មោះចេញពីវែបសាយនេះបានទេ បើបង្កើតហើយ ឈ្មោះនោះនឹងទៅក្នុងវែបសាយរហូត។ ដូចនេះយើងទៅមើល Facebook របស់បងឯង នឹងដឹងថាគាត់ចូលចិត្តទៅទីកន្លែងណា នៅពេលនោះយើងនឹងងាយស្រួលតាមរកគាត់ជាមិនខាន។
ដូរ៉ា៖ អាខ្មោចឆ្កួត!
រឿងនេះចង់ពន្យល់ថាខ្មោចនៅក្នុងលោកនេះគឺមិនមានទេ។ តែមានមនុស្សមួយចំនួនបាននិយាយថាគេបានឃើញខ្មោច ហើយអ្នកខ្លះទៀតត្រូវខ្មោចលងទៀតផង។ តែអ្នកខ្លះដែលថាឃើញខ្មោចនោះ នៅពេលសួរថាខ្មោចរាងយ៉ាងម៉េចនោះគេមិនដឹងទេ។ បើតាមវិទ្យាសាស្រ្តខ្មោចគឺមិនមានទេ តែព្រលឹងអាចមាន។ តែទោះជាយ៉ាងណាក៏ដោយ ក៏គ្មានភស្តុតាងឯណាថាមានព្រលឹងនោះដែរ។ ខ្មោច ឬក៏ព្រលឹងនេះ អាចកើតពីអារម្មណ៍របស់អ្នកដែលមានអារម្មណ៍ភ័យខ្លាចពេក ចេះតែគិតនេះគិតនោះ។ អ្វីៗទាំងអស់ដែលធ្វើឲ្យមនុស្សភ័យក្លាចនោះគឺមកពីអារម្មណ៍ទាំងអស់ តែដោយសារដូរ៉ាគ្នាពិការភ្នែកដូចនេះវាមិនខ្លាចខ្មោចនោះទេ ទោះជាខ្មោចមែនក៏វាមិនខ្លាចដែរ ព្រោះថាវាមើលអត់ឃើញផង ដូចនេះរឿងនេះចង់បញ្ជាក់ថា ខ្មោចគ្រាន់តែជាការស្រមើស្រមៃរបស់មនុស្សប៉ុណ្ណោះ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment