យោងតាមក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ស្រ្ដីដែលផឹកកាហ្វេច្រើនជាងមួយពែងជារៀងរាល់ថ្ងៃ មានការទទួលរងគ្រោះពីជំងឺទុក្ខព្រួយតិចតួចណាស់ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនផឹកកាហ្វេ ឬផឹកតិចជាងនេះ។
លោកវេជ្ជបណ្ឌិត Alberto Ascherio មកពីសាកលវិទ្យាល័យ Harvard School of Public Health ដែលដឹកនាំការស្រាវជ្រាវនេះ បានថ្លែងឲ្យដឹងថា អ្នកគ្រាន់តែញ៉ាំកាហ្វេក្នុងកម្រិតតិចតួចប៉ុណ្ណោះ ក៏អ្នកអាចជៀសផុតពីអារម្មណ៍ទុក្ខព្រួយបាន ពោលគឺធ្វើឲ្យអ្នកសកម្មជាងមុន និងមានអារម្មណ៍ស្រស់ស្រាយ។
ដើម្បីរកឲ្យឃើញពីទំនាក់ទំនងនៃកាហ្វេ និងអារម្មណ៍ទុក្ខព្រួយ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាទៅលើស្រ្ដីជាង ៥ម៉ឺននាក់ ដែលមានអាយុជាមធ្យម ៦៣ឆ្នាំ។
ការសិក្សានេះបានធ្វើស្រង់ចម្លើយនៃសំណួរដែលសួរស្រ្ដីទាំងនោះ អំពីបរមាណកាហ្វេដែលពួកគេទទួលទាន នៅចន្លោះឆ្នាំ ១៩៩៦ ដល់ ២០០៦។
ក្នុងកំឡុងពេល១០ឆ្នាំនៃការស្រាវជ្រាវនេះ ជាលទ្ធផលបានបង្ហាញថា ស្រ្ដីចំនួន ២៦០៧នាក់ បានទទួលការរងគ្រោះដោយសារជំងឺកើតទុក្ខ តប់ប្រម៉ល់។
ការសិក្សានេះបានរកឃើញថា ស្រ្ដីដែលផឹកកាហ្វេពី៤ពែងឡើងទៅក្នុងមួយថ្ងៃ អាចកាត់បន្ថយឱកាសនៃការវិវឌ្ឍទៅរកជំងឺទុក្ខព្រួយបានដល់ទៅ ២០ភាគរយ បើប្រៀបធៀបជាមួយនឹងអ្នកដែលញ៉ាំតិចជាងមួយពែងក្នុងមួយសប្ដាហ៍។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ដែរថា ការសិក្សាផ្សេងទៀត ចាំបាច់ត្រូវតែធ្វើឡើង ដើម្បីដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃកាហ្វេ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment