អត្ថបទថ្មីៗ :

ស្រ្ដី​គួ​រ​មានកូន​នៅ​អាយុ​ប៉ុន្មាន​ទើប​ល្អ​?

Wednesday, December 7, 2011

ស្រ្ដី​មាន​ផ្ទៃ​ពោះ​នៅវ័យ​ក្មេង​
បញ្ហា​អាយុ​នៃ​ការ​យក​កូន​គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ស្រ្ដី​គ្រប់​ៗ​រូប​។ ប្រសិន​បើ​យក​កូន​នៅ​វ័យ​ក្មេង​ពេក​ក៏​មិនល្អ យក​កូន​នៅ​វ័យ​ចាស់​ពេក​ក៏​មិន​ល្អ​ដែរ​។ បើ​ដូច្នេះ​មែន​​ តើ​អាយុ​ប៉ុន្មាន​ទើប​ល្អ​ក្នុងការ​យក​កូន​?
បើ​គិត​តាម​ជីវសាស្រ្ដ​ (មិនគិត​លើ​កត្តា​សង្គម​) អាយុ​ដែល​ល្អ​ប្រសើ​រ​ក្នុង​ការ​មាន​កូន​ គឺ​ចាប់​ពី​ ១៨ ឆ្នាំ បន្ត​រហូត​ដល់​អាយុ​ត្រា​ទុក​ពីរ (ពី​ ២០ ទៅ​២៩ឆ្នាំ​)។ ប្រសិន​បើ​ស្រ្ដី​ឈាន​ចូល​ដល់​ខ្ទង់ ៣០​ហើយ​នោះ សមត្ថភាព​នៃ​ការ​បង្ករ​កំណើត​ ចាប់​ផ្ដើម​ធ្លាក់​ចុះ​ហើយ​។ យ៉ាង​ណាមិញ បើ​ចូល​ដល់​ខ្ទង់​ ៣០​ហើយ សូម​កុំ​ឲ្យ​លើស​ពី​អាយុ ៣៥​ឆ្នាំ ព្រោះ​វា​កាន់​តែមាន​បញ្ហា​ថែម​ទៀត​។ ប្រសិន​បើ​ស្រ្ដី​ដែល​ឈាន​ចូល​ដល់​វ័យ​ ៤០ឆ្នាំ​ហើយ​នោះ គួរ​តែ​កុំ​ប្រថុយ​យក​កូនទៀត​អី ព្រោះ​បញ្ហា​នឹង​កើត​មាន​ច្រើន​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​។ ខណៈ​ដែល​ធម្មជាតិ​បាន​កំណត់​មក​ ឲ្យ​មាន​កូន​នៅ​វ័យ​ខ្ទង់​២០ឆ្នាំ​ គឺ​ជា​ពេល​ល្អ​បំផុត ប៉ុន្ដែ​កត្តា​សង្គម​វិញ ការ​មាន​កូន​នៅ​ពេល​ឈាន​ចូល​វ័យ​២០ឆ្នាំ គឺហាក់​ដូច​ជា​ក្មេង​ពេក​ហើយ​ ក្នុង​ការ​ក្លាយ​ជា​ម្ដាយ​របស់​គេ​។
បច្ចុប្បន្ននេះ​ ស្រ្ដី​មាន​និន្នាការ​មិនចង់​បាន​កូន​នៅ​វ័យ​ខ្ទង់​២០ឆ្នាំ​របស់​ខ្លួន​ឡើយ ព្រោះ​ម្នាក់​ៗ​មាន​ការ​រវល់​នឹង​ការ​បំពេញ​ការ​ងារ ឬ​ប្រកប​របរ​រក​ស៊ី​ផ្សេង​ៗ ឬ​ក៏​ចង់​បន្ត​ការ​សិក្សា​ឲ្យ​បាន​ច្រើន​សិន​មុន​នឹង​យក​បុត្រ​។​ ម្យ៉ាង​វិញ​ទៀត ការ​យក​កូន​នៅ​ខ្ទង់ ២០ឆ្នាំ​នេះ គឺ​អាច​នឹង​ប្រឈម​នឹង​បញ្ហាហិរញ្ញ​វត្ថុ​ខ្លាំង​ ព្រោះ​មិន​ទាន់​មាន​លំនឹង​ការងារ​ ឬលំនឹង​ជីវិត​នៅឡើយ​។ ត្រូវ​ដឹង​ថា ទារក​ដែល​បាន​ប្រសូត​មក​ មិន​មែន​ត្រូវ​ការ​តែ​ការ​បីបម​ថ្នម​ថ្នាក់​ពី​មាតា​បិតា​វ័យ​ក្មេង​របស់​ខ្លួន​នោះ​ទេ ប៉ុន្ដែ​ពួកគេ​ក៏​ត្រូវ​ការ​ថវិការ​របស់​អ្នក​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​គេ​ផង​ដែរ​។
បន្ថែម​លើ​នេះ​ទៀត ការ​មាន​កូន​នៅ​វ័យ​ក្មេង​ពេក ក៏​អាច​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​ទាំងពីរ​ផង​ដែរ​។ ម្ដាយ​ដែល​មាន​វ័យ​ក្មេង​ ភាគ​ច្រើនមិន​សូវ​មាន​បទ​ពិសោធន៍​ជីវិត​គ្រប់​គ្រាន់​ ដើម្បី​ដោះ​ស្រាយ​នូវ​អារម្មណ៍​ស្រ្ដេស​ពេល​មើល​កូន ខណៈ​ដែល​ឪពុក​វ័យ​ក្មេង​ក៏​មាន​អារម្មណ៍​មិនសូវ​ល្អ​ប៉ុន្មាន​ដែរ នៅ​ពេល​ឃើញ​ភរិយា​ដែល​ធ្លាប់​តែ​ស្រស់​ស្អាត​របស់ខ្លួន ប្រែ​ជា​ធ្លាក់​សម្រស់​ពេល​មាន​កូន និង​ជា​ពិសេស​មិន​សូវ​មានពេល​វេលា​រួម​មេត្រី​ជាមួយ​នឹង​គ្នា​ឲ្យ​បាន​ច្រើន​ដូច​គ្រា​មុន​។​ ការ​និយាយ​បែប​នេះ​ គឺ​មិន​មែន​សំដៅ​លើ​គ្រប់​គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​ទាំង​អស់​នោះ​ទេ គឺ​គ្រាន់​តែ​និយាយ​តាម​បែប​ចិត្ត​សាស្រ្ដ ដែល​មាន​ភាគច្រើន​អញ្ចឹង​។ ពេល​វេលា​នៃ​ការ​មាន​កូន​នៅ​វ័យ​ក្មេង​នេះ គឺ​ទាម​ទារ​ការ​អត់​ធ្មត់​ឲ្យ​បានច្រើន​​នៅ​កំឡុង​ពេល​នេះ ដើម្បី​ឲ្យគ្រួសារ​អ្នក​កាន់​តែ​មាន​សុភមង្គល​។ ជា​សំណាង​អាក្រក់ មាន​គូស្វាមី​ភរិយា​ថ្មើង​ថ្មី​ជា​ច្រើន មិនសូវ​ឆ្លង​កាត់​ដំណាក់​កាល​ដំបូង​នៃ​ការ​មាន​កូន​នេះ បាន​ល្អ​ប៉ុន្មាន​នោះ​ទេ​។
ផ្ទុយ​ពី​គូ​ស្វាមី​ភរិយា​ដែល​យកកូន​នៅ​វ័យ​ក្មេង​ពេក, គូស្វាមី​ភរិយា​ដែល​ចាស់​ទុំ គឺ​មាន​បញ្ហា​នៃ​ការ​មាន​កូន​តិច​ជា​ង​ក្មេង​ៗ​។ ពួក​គេ​មាន​បទ​ពិសោធន៍​ជីវិត​យូរ​ជាង និង​បាន​ត្រៀម​រួចរាល់​ ក្នុង​ការ​បំពេញ​លក្ខ​ខ័ណ​ជា​ឪពុកម្ដាយ​មួយ​ដ៏​ល្អ​។ ប៉ុន្ដែ​ ភាពចាស់​ទុំក៏​ជា​បញ្ហា​ផង​ដែរ​ និយាយ​ឲ្យ​ចំ​ គឺ​បញ្ហា​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​តែ​ម្ដង​។
ហាក់​ដូច​ជា​ផ្ទុយ​ពី​ការ​លើក​ឡើង​ដោយ​សម្អាង​លើ​កត្តា​ជីវសាស្រ្ដ និង​កត្តា​សង្គម​ខាង​លើ​បន្តិច, អ្នក​វិទ្យាសាស្រ្ដ បាន​លើ​ក​ឡើង​ថា អាយុ​ដែល​ល្អ​បំផុត​ក្នុង​ការ​មាន​កូន​គឺ អាយុ៣៤​ឆ្នាំ​។ នៅ​អាយុ​៣៤​ឆ្នាំ​នេះ ស្រ្ដី​មាន​ភាព​ល្អប្រសើរ​ទាំង​សុខភាព និង​ស្ថេរភាព​ហិរញ្ញ​វត្ថុ​ (ការ​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ដ​មក​ពី​សាកល​វិទ្យាល័យ​ Texas)។ ចំណែក​ឯ​កា​រ​ស្រាវ​ជ្រាវ​មួយ​ទៀត​នៅ ប្រទេស​អង់​គ្លេស​ បាន​រក​ឃើញថា​ ស្ដ្រី​គួរ​តែមានកូន​នៅ​មុន​វ័យ ៣៥​ឆ្នាំ​ ព្រោះ​ស្រ្ដី​ដែល​លើស​ ៣៥​ឆ្នាំ មានសុខភាព​កាន់​តែ​ខ្សោយ​ ហើយ​អាច​វិវឌ្ឍន៍​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម ឬ​លើស​ឈាម​ជាដើម​ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សម្រាល​បុត្រ​។
ការ​សម្រេច​ចិត្ត​ក្នុង​ការ​យក​កូន​ ពិត​ជា​សំខាន់​ណាស់ ដូច្នេះ​អ្វី​ដែល​ល្អ​បំផុត​ គឺ​ខ្លួន​អ្នកផ្ទាល់ជា​អ្នក​សម្រេចចិត្តដោយ​ខ្លួន​ឯង​។​ អ្នក​ត្រូវ​ដឹង​ពី​កត្តា​សុខ​ភាព​ផ្ទាល់​ខ្លួន កត្តា​ស្ថេរភាព​ហិរញ្ញ​វត្ថុ​ក្នុង​គ្រួសារ និ​ង​កត្តា​សុវត្ថិភាព​ការងារ​ ជា​ដើម​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.