ឆ្លើយតបនឹងកំណើនប្រជាជននៅទីក្រុងដែលបានកើនឡើងនៅគ្រប់ប្រទេសលើសាកលលោកបែបនេះហើយ ទើបមានការស្រាវជ្រាវជាច្រើនបានផ្ដោតសំខាន់ទៅលើបញ្ហានេះ។ ការស្រាវជ្រាវចុងក្រោយមួយដែលទាក់ទងនឹងសុខភាព បានបង្ហាញថា កុមារដែលកើតនៅទីក្រុង និងក្មេងៗដែលធំឡើងនៅទីក្រុង គឺបានជួបប្រទះនូវបញ្ហាសុខភាពជាច្រើន ទាំងផ្លូវកាយ និងផ្លូវចិត្ត។
កាលពីឆ្នាំ១៩០០ ប្រជាជនទីក្រុងនៅទូទាំងពិភពលោក គឺមានតែ ១៤ភាគរយប៉ុណ្ណោះ ប៉ុន្ដែគិតត្រឹម៣ឆ្នាំមុននេះ ប្រជាជនទីក្រុងបានកើនឡើងដល់ ៥០ភាគរយទៅហើយក្នុងចំណោមប្រជាជនពិភពលោកសរុប ខណៈដែលឆ្នាំ២០៥០ខាងមុខនេះ ត្រូវបានគេប៉ាន់ស្មានថានឹងកើនដល់៧០ភាគរយ។
ដូចដែលលោកអ្នកបានដឹងហើយថា ប្រជាជនទីក្រុង គឺមានជីវិតប្រសើរជាងអ្នកជនបទស្រុកស្រែចម្ការ ដែលយ៉ាងហោចណាស់ក៏ភាគច្រើននៃអ្នកទីក្រុងមានជីវភាពគ្រាន់បើជាង និងមានការងារល្អជាងអ្នកស្រុកស្រែដែរ។ អ្នកទីក្រុងបាននាំគ្នារីករាយនឹងម្ហូបអាហារឆ្ងាញ់ៗ ប្លែកៗតាមនឹកឃើញទាំងអាហារខ្មែរ និងអាហារបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធសង្គមប្រសើរជាង សេវាថែទាំសុខភាពក៏ល្អជាង ហើយអនាម័យក៏ស្អាតជាង។
ប៉ុន្ដែ ទន្ទឹមនឹងចំណុចប្រសើរជាងខាងលើនេះ អ្នកទីក្រុងក៏ត្រូវប្រឈមមុខនឹងការកើនឡើងនៃជំងឺដែលបណ្ដាលមកពីជាតិពុលទាំងឡាយ ក៏ដូចជាជំងឺផ្លូវចិត្ត ជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម និងបញ្ហាផ្សេងៗទៀត។ ពិសេសជាងនេះទៀត ដោយសារតែទីក្រុងកាន់តែមានមនុស្សច្រើនទៅៗ គឺរឹតតែធ្វើឲ្យបញ្ហាទាំងនេះ កាន់តែអាក្រក់ទៅៗតាមនោះដែរ។
ការស្រាវជ្រាវថ្មីមួយ បានបញ្ជាក់ថា ការស្រូបយកជាតិពុល និងកង្វក់នៅក្នុងទីក្រុងជារៀងរាល់ថ្ងៃ អាចប៉ះពាល់ដល់មនុស្សតាំងតែពីមិនទាន់កើតមកម្លេះ។ ទារកដែលកើតនៅទីក្រុង ភាគច្រើនមានទម្ងន់ធ្ងន់ និងធំជាងទារកដែលកើតនៅជនបទ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយ ប៉ុន្ដែបើប្រៀបធៀបម្ដាយនៅទីក្រុង និងម្ដាយនៅជនបទវិញ គឺម្ដាយនៅទីក្រុងមានកម្រិតជាតិគីមីពុលម្យ៉ាងដែលមានឈ្មោះថា xenoestrogens ខ្ពស់នៅក្នុងឈាម ហើយទារកដែលនៅក្នុងផ្ទៃពួកគេក៏បានទទួលជាតិគីមីពុលមួយនេះផងដែរ។
សារធាតិគីមីពុល Xenoestrogens នេះគឺជាសារធាតុដែលបង្កផលប៉ះពាល់ដល់រាងកាយរបស់យើងជាច្រើន ដូចជាជំងឺមហារីកជាដើម ដែលវាមាននៅក្នុងផ្សែងចេញពីឡាន ម៉ូតូ ដែលមានច្រើននៅទីក្រុង។
ទោះបីជាមានការព្រមានជាច្រើន ទាក់ទងនឹងបញ្ហាសុខភាពចំពោះអ្នករស់នៅទីក្រុងយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា ប្រជាជនភាគច្រើននៅតែបន្ដចំណាកស្រុក មកកាន់ទីក្រុង ឬទីប្រជុំជនផ្សេងៗ ព្រោះវាជាកន្លែងបណ្ដុំនៃពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរ និងអ្វីៗគ្រប់បែបយ៉ាង។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment