អត្ថបទថ្មីៗ :

ការសិក្សាលើការថែរក្សាទុកដាក់គ្រាប់ស្តៅ

Tuesday, December 20, 2011

ការសិក្សាលើការថែរក្សាទុកដាក់គ្រាប់ស្តៅការសិក្សាលើការថែរក្សាទុកដាក់គ្រាប់ស្តៅ
នាមប្រភេទ និង អំបូរ
       ឈ្មោះវិទ្យាសាស្រ្ត : Azadirachta indica A.H.L. Juss
       Synonyms : Melia azadirachta L. (1753), Melia indica
(AH.L. Juss) Brandi(1874) Antelaea azakirachta (L), Adelb. (1948)
       ឈ្មោះជាភាសាអង់គ្លេស : Magosa
       ឈ្មោះជាភាសាបារាំង : Margosier
       ឈ្មោះជាភាសាកម្ពុជា : ស្តៅ (Sdao)
       លក្ខណទូទៅ​​ ៖
       ស្តៅជារុក្ខជាតិដែលមានកំពស់ពី ៤-៥ ម ឬលើសពីនេះ។ វាច្រើនដុះនៅទីវាលឬ ព្រៃ ស្រោង។ តួដើមជាធម្មតាខ្លី ហើយបែកមែកនៅកំពស់មិនលើសពី ៧.៥ ម រីឯអង្កត់ផ្ចិតអាច មានទំហំរហូតដល់ ៩០សម ហើយតួដើម ជួនកាលមានរាងមិនមូលល្អទេ។ ស្តៅត្រូវបានគេ និយមដាំនៅស្ទើរតែពាសពេញសកលលោក។ នៅប្រទេសកម្ពុជា គេនិយមដាំវា ដើម្បីយក ស្លឹក និង ផ្កាសម្រាប់បរិភោគ ហើយដើមវា សម្រាប់ប្រើប្រាស់ជាគ្រឿងសំណង់ទូទៅ។ ស្លឹក មានរាងមូលស្រួចដូចផ្លែលំពែង ខ្លះទៀត មានរាងមូលទ្រវែង។ ផ្កាវាមានពណ៌ស ផ្លែវាមាន រាងមូលទ្រវែង រលោង និងមានពណ៌បៃតងនៅពេលខ្ចី និងប្រែជាពណ៌លឿងស្រស់នៅ ពេលទុំ ហើយមានសាច់ដែលមានជាតិស្អិត រុំស្រោប ព័ទ្ឋជុំវិញគ្រាប់។ ផ្លែវាទុំនៅចុងខែ មេសា ដល់ដើមខែមិថុនា។ សាច់ឈើវាមានដង់ស៊ីតេពី ៧២០-៩៣០ គ.ក្រ ក្នុងមួយមែត្រ គូប (720-930kg/m3) នៅក្នុងសំណើម ១២%។
       បញ្ហាដែលនាំឱ្យមានការយកចិត្តទុកដាក់ក្នុងការពិសោធន៍ ៖
       ជាប្រភេទាឈើដែលមានសក្កដានុពលក្នុងការប្រើប្រាស់ ទាំងនៅក្នុង និងក្រៅ ប្រទេស។ លក្ខណៈសរីរៈរបស់គ្រាប់វា ត្រូវបានគេរាយការណ៍ថា មានលក្ខណៈខុសប្លែកគ្នា ទៅតាមតំបន់ ដោយនៅបណ្តាប្រទេសនានា នៅទ្វីបអាស៊ី អ្នកជំនាញគ្រាប់ពូជបានអះអាង ថា ជាគ្រាប់ដែលមិនអាចទុកបានយូរ (Recalcitrant) តែនៅបណ្តាប្រទេសមួយចំនួននៅទ្វីប អាហ្វ្រិក ត្រូវបានឯកសារមួយចំនួនអះអាងថា ជាគ្រាប់ដែលអាចទុកដាក់ និង ថែរក្សាបាន យូរ (Orthodox)។ ដោយឡែកនៅប្រទេសកម្ពុជា ពុំទាន់មានឯកសារណាមួយពោលបញ្ជាក់ អះអាងអំពីលក្ខណៈសរីរៈរបស់គ្រាប់វានៅឡើយទេ ដែលជាហេតុទាមទារឱ្យមានការ ពិសោធន៍សាកល្បងមួយឡើង ដើម្បីបញ្ជាក់អំពីបញ្ហានេះ។
       ការបេះប្រមូល និង ការប្រឡះគ្រាប់​ ៖
       ជាទូទៅ នៅពេលទុំវាតែងជ្រុះពង្រាយមកដី តែទន្ទឹមនឹងនោះផ្លែវា ក៏ជាទីចូលចិត្តរបស់ សត្វស្លាបមួយចំនួន ដែលតែងតែចឹកស៊ីហើយពាំផ្លេ និងគ្រាប់ទៅកាន់ទីកន្លែងផ្សេងៗទៀត (ដែលការណ៍នេះហើយ ជាការដុះពង្រាយនៃប្រភេទនេះ ដោយធម្មជាតិទៅកាន់ទីកន្លែង ដ៏ទៃទៀតដែលឆ្ងាយពីដើមមេរបស់វា។ ដូចនេះការរង់ចាំឱ្យផ្លែស្តៅជ្រុះមកជាការមួយមិន សូវទទួលបានផលល្អទេក្នុងការប្រមូលផ្លែពួកនេះ។ ដើម្បីជាការពិសោធន៍យើងបានឡើង លើដើមហើយកាត់មែកតូចៗ ដែលមានផ្លែទុំយកមកបេះយកផ្លែនៅក្រោមដើម រួចប្រមូល វាដាក់ក្នុងស្បោងក្រណាត់ប្រហែល ១-២គក្រ រួចដឹកជញ្ជូនមកបន្ទប់ពិសោធន៍។
       ការត្រាំ និង ច្របាច់ផ្លែស្តៅ ដើម្បីយកគ្រាប់ដំណុះកូនស្តៅពេលពិសោធន៍ ៖
       នៅក្នុងបន្ទប់ពិសោធន៍ យើងបានរូតរះចាក់ផ្លែទាំងនេះ ចូលក្នុងធុងទឹកមួយរួចច្របាច់ ដោយដៃ ដើម្បីជំរះយកសាច់ ផ្លែ ដែលស្អិតចេញ រួចសំរិតទឹកដែលមានជាតិសាច់នេះចេញ ហើយស្រង់យកតែគ្រាប់ដែលប្រឡេះបាន។ ចំពោះផ្លែដែលមិនទាន់របូតគ្រាប់ចេញមក យើងបានបន្តច្របាច់វាសារជាថ្មីម្តងហើយម្តងទៀត រហូតទាល់តែសព្វផ្លែទុំទាំងត្រូវបាន ប្រឡេះយកគ្រាប់ចេញ។ គ្រាប់ដែលប្រឡេះចេញពីផ្លែហើយ យើងលាងសំអាតវាជាច្រើន លើកច្រើនសារ ដើម្បីជំរះជាតិរំអិលរបស់សាច់ ផ្លែ ដែលនៅជុំវិញគ្រាប់រួចដាក់វាហាលថ្ងៃ ឱ្យស្ងួត រួចទើបចាប់ផ្តើមធ្វើការពិសោធន៍ និងថែរក្សាទុកដាក់។
       ការពិសោធន៍ ៖
       -ប្រវិតិ្តរបស់គ្រាប់​ ៖
       កាលបរិច្ឆេទនៃការប្រមូល : ៣០ មេសា ២០០៣
       ទីកន្លែងប្រមូលផ្លែ : ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ
       សំណើមរបស់ផ្លែ: 6៨.៧1%
       ទំងន់ផ្លែ : ៣០៧៨ ក្រ ក្នុង ១០០០គ្រាប់ ឬ ៣២៥ ផ្លែ ក្នុង១ គក្រ
       សំណើមគ្រាប់បន្ទាប់ពីសំងួតរួច : ៤៤៤.៥០ក្រ ក្នុង ១០០០ក្រាប់ ឬ ២២៥០គ្រាប់
       ការកាត់គ្រាប់ពិនិត្យ : ៩១%
       លទ្ឋផលនៃការពិសោធន៍ដំបូង ៖
កាលបរិច្ឆេទនៃ
ការពិសោធន៍
ការធ្វើប្រព្រឹត្តិកម្មអត្រាដំណុះ%រយ:ពេលឃើញមាន
ដំណុះដំបូង
08 ខែឧសភា 2003ត្រាំទឹកធម្មតា
មួយយប់
៨២%៧ថ្ងៃ មានដំណុះ
៦៩,៥០%
សន្និដ្ឋាន : គ្រាប់ស្តៅមិនមានលក្ខណ:សំងំទេដោយការធ្វើប្រព្រឹត្តិកម្មមិនចោទជាបញ្ហា ឡើយ។
       ការថែរក្សាទុកដាក់ :
       នៅក្នុងការថែរក្សាទុកដាក់ យើងបែងចែកគ្រាប់ទាំងនេះជាពីរផ្នែករួច ធ្វើការស្តុកទុកនៅ ទីកន្លែងពីរខុសគ្នា ៖ បន្ទប់ធម្មតា និងទូរដែលមានសីតុណ្ហភាព ១០អង្សាសេ។ រីឯលទ្ឋផល នៃការថែរក្សាទុកដាក់ ទទួលបានដូចតទៅនេះ ៖
       លទ្ឋផលនៃការបណ្តុះគ្រាប់ស្តៅបន្ទាប់ពីការថែរក្សាទុកដាក់ ៖
រយ:ពេលនៃការ
ថែរក្សាទុក
លក្ខខណ្ឌនៃការទុកដាក់កំរិតសំណើមបន្ទាប់
ពីការថែរក្សា
អត្រាដំណុះ
២ អាទិត្យក្នុងទូរដែលមានសីតុណ្ហភាព
១០អាង្សាសេ
៣៨,៧៣%៥៦%
ក្នុងបន្ទប់ធម្មតា៤០,៥២%៧,៥០%
១ ខែក្នុងទូរដែលមានសីតុណ្ហភាព
១០អង្សាសេ
៤១,៩២%១៩,៦%
ក្នុងបន្ទប់ធម្មតា៤៣,០៣%០%
៣ ខែក្នុងទូរដែលមានសីតុណ្ហភាព
១០អង្សាសេ
៤០,៥១%០%
ក្នុងបន្ទប់ធម្មតា៣៩,៦២០%
សន្និដ្ឋាន : គ្រាប់ស្តៅមិនអាចថែរក្សាទុកដាក់បានយូរឡើយ។
       យោបល់ចំពោះការធ្វើលទ្ឋកម្មគ្រាប់ស្តៅ : ថ្វីត្បិតតែគ្រាប់ស្តៅមិនមានការលំបាកក្នុង ការធ្វើប្រព្រឹត្តិកម្មក៏ដោយក៏ការធ្វើលទ្ឋកម្មគ្រាប់ស្តៅចាំបាច់ត្រូវមានការយល់ដឹងឱ្យបានគ្រប់ គ្រាន់ដែរ។ ការធ្វើលទ្ឋកម្មគ្រាប់ស្តៅគួរតែធ្វើឱ្យបានលឿន ដើម្បីទទួលបានគ្រាប់ដែលមាន គុណភាពល្អ។ នៅរដូវផ្លែទុំ យើងគួរប្រមូលផ្លែវាឱ្យបានទាន់ពេល ព្រោះថាបើយើងយឺត យាវ សត្វអាចនឹងចឹកស៊ីផ្លែរបស់វាអស់។ ការប្រមូលគួរតែធ្វើឡើងដោយការកាត់មែកតូចៗ ដែលមានផ្លែទុំ រួចបេះផ្លែវាច្រកចូលក្នុងស្បោង ដែលមានខ្យល់ចេញចូលល្អគួរជៀសវាង ដាក់វាក្នុងស្បោងដែលហប់បិទជិតព្រោះវានាំឱ្យផ្លែឆាប់រលួយនិងឡើងមេ ជាហេតុនាំឱ្យ គ្រាប់ឆាប់ខូច។ បន្ទាប់ពីប្រមូលបានហើយ ផ្លែទាំងនេះត្រូវរូតរះលាងសំអាតយកសាច់ផ្លែ ចេញឱ្យបានឆាប់បំផុតតាមការដែលអាចធ្វើទៅបាន ការយឺតយ៉ាវនាំឱ្យផ្លែទាំងនេះឡើងមេ ហើយក្លាយជាអាស៊ីត ដែលបំផ្លាញគ្រាប់។ ការលាងសំអាតនេះប្រសិនបើអាចធ្វើទៅបាន គួរតែធ្វើនៅទីកន្លែងដែលមានទឹកហូរ ព្រោះវាងាយស្រួលក្នុងការជំរះយកសាច់ផ្លែចេញបាន ល្អ។ ប្រសិនបើពុំមានទីទឹកហូរនោះ យើងគួរលាងសំអាតវាក្នុងធុង ឬ ចានដែក ឬ ជ័រដែល មានទំហំធំហើយសំរឹតទឹកដែលមានជាតិសាច់ចេញ។ ធ្វើរបៀបនេះឱ្យបានច្រើនសារ ដើម្បី ឱ្យវាជ្រះល្អ ប្រសិនបើយើងលាងវាមិនបានជ្រះល្អទេ នោះគ្រាប់នឹងនៅមានជាប់ជាតិសាច់ ដែលសើមជានិច្ច ដែលជាការងាយស្រួលបំផុតសម្រាប់ការរាតត្បាតរបស់ផ្សិត ចង្រៃ ក្នុង ការបំផ្លាញគ្រាប់។ បន្ទាប់ពីលាងសំអាតបានត្រឹមត្រូវល្អហើយគ្រាប់ទាំងនេះត្រូវរូតរះយកវា ទៅសាបនៅក្នុងថ្នាលភ្លាមតាមការដែលអាចធ្វើទៅបាន។ ក្នុងករណីដែលគ្រាប់មិនអាចយក ទៅសាបបានភ្លាម យើងគួរដាក់ហាលសំដិលឱ្យបានឆាប់។ ការហាលសំដិលនេះមិនគួរ ឱ្យ លើសពីរយៈពេល១អាទិត្យឡើយ ហើយគួរយកវាទៅដាក់សាបក្នុងថ្នាលឱ្យបានឆាប់ប្រសិន បើគ្នានការចាំបាច់ណាមួយក្នុងការថែរក្សាទេនោះ។ មិនគួរថែរក្សាគ្រាប់ស្តៅទុកឡើយ។ ក្នុង ករណីដែលគ្រាប់ស្តៅមិនអាចយកទៅសាបនៅថ្នាលបានភ្លាមទេនោះ បន្ទាប់ពីហាលរួច យើងគួរវេចខ្ចប់វាក្នុងស្បោងប្លាស្ទិកឱ្យបានជិត រួចយកទៅរក្សាទុកក្នុងទូរដែលមានសីតុណ្ហ ភាពប្រហែល ១០អង្សាសេតែការថែរក្សាបែបបនេះ មិនគួរឱ្យលើសពី ២អាទិត្យទេ ហើយ គួរតែជាជំរើសចុងក្រោយ។
       ឯកសារយោង :
       -អ្នកស្រី ឌី ផុន រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា ឆ្នាំ ២០០០
       - PROSEA, Plant Resource of South-Asia 5, (2) Timber trees : Minor commercial timbers.
       -លទ្ឋផលពិសោធន៍គ្រាប់ស្តៅ របស់បន្ទប់ពិសោធន៍គ្រាប់ពូជឈើកម្ពុជា។
       ដោយ : ហុង គឹមហ៊ាន
       -មន្ត្រីវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និង សត្វព្រៃ
       -មន្ត្រីគំរោងគ្រាប់ពូជឈើកម្ពុជា

យោងតាមៈទស្សនាវដ្តី កសិកម្ម
ឆ្នាំទី ៤ ត្រីមាសទី ៤ (តុលា-ធ្នូ) ឆ្នាំ ២០០៥ លេខ ១៦


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.