មុននឹងអ្នកចម្អិនអាហារជាពិសេសសាច់អាំង ចូរអ្នកគិតដល់ជំងឺមហារីក ដែលនឹងអាចកើតឡើងចំពោះអ្នកប្រសិនបើសាច់ដែលអ្នកអាំងនោះខ្លោច។ មនុស្សជាច្រើនប្រហែលជាដឹងហើយថា សាច់ដែលចម្អិនខ្លោច អាចបង្កឲ្យកើតជំងឺមហារីក ប៉ុន្ដែនៅពេលនេះ ក្រុមអ្នកវិទ្យាសាស្រ្ដបានរកឃើញពីផលអាក្រក់របស់វាលើសអ្វីដែលអ្នកធ្លាប់បានដឹងនោះទៅទៀត។
ក្រុមអ្នកវិទ្យាសាស្រ្ដទាំងនោះបានបញ្ជាក់ថា ការញ៉ាំសាច់ដែលចម្អិនឆ្អិនពេក (អាំង ឬចៀន) ឬនិយាយសាមញ្ញថា ខ្លោច គឺអាចបង្កើនកម្រិតហានីភ័យនៃជំងឺមហារីកដល់ទៅពីរដងលើសអ្វីដែលធ្លាប់គិតកាលពីមុន។
ការស្រាវជ្រាវកាលពីមុនដែលយកសត្វកណ្ដុរមកធ្វើពិសោធន៍នោះ បានរកឃើញពីហានីភ័យនៃជំងឺមហារីកចំពោះអាហារខ្លោច ប៉ុន្ដែនៅពេលនេះ ការសិក្សាថ្មីបំផុតមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Norwegian Institute of Public Health បានរកឃើញថា កណ្ដុរមិនមានអង់ហ្ស៊ីម soltfotransferases នៅពេញខ្លួនដូចមនុស្សនោះទេ ពោលគឺមានតែនៅក្នុងថ្លើមប៉ុណ្ណោះ។ អង់ហ្ស៊ីមប្រភេទនេះ គឺអាចធ្វើឲ្យផលប៉ះពាល់នៅក្នុងអាហារថយចុះ ប៉ុន្ដែវាក៏អាចបង្កើនផលប៉ះពាល់បានផងដែរក្នុងករណីខ្លះ។
ក្រុមអ្នកស្រាវជ្រាវថ្មីនេះបានធ្វើការចាក់បញ្ចូលនូវអង់ហ្ស៊ីមនេះទៅក្នុងសត្វកណ្ដុរ ដើម្បីដឹងពីភាពខុសគ្នានៃកម្រិតហានីភ័យ។ ជាលទ្ធផលបានបង្ហាញថា ហានីភ័យបានកើនពី ៣១ភាគរយក្នុងការសិក្សាលើកមុន មកដល់ ៨០ភាគរយ។
កណ្ដុរដែលត្រូវបានចាក់បញ្ចូលអង់ហ្ស៊ីមដូចមនុស្សបានទទួលហានីភ័យខ្ពស់ដល់ទៅ ៨០ភាគរយ ក្នុងការវិវឌ្ឍទៅរកជំងឺមហារីក។
លទ្ធផលនេះបានបង្ហាញថា មនុស្សដែលញ៉ាំសាច់ខ្លោច អាចនឹងប្រឈមមុខនឹងជំងឺមហារីកដល់៨០ភាគរយឯណោះ មិនមែនតែ ៣១ភាគរយ ដូចអ្វីដែលយើងធ្លាប់ដឹងកន្លងមកនោះទេ។
មិនត្រឹមតែប៉ុណ្ណោះទេ នេះក៏ជាសញ្ញាថ្មីមួយដែលបង្ហាញថា ការយកកណ្ដុរធម្មតា មកធ្វើពិសោធន៍គឺមិនសូវជាល្អប៉ុន្មាននោះទេ ពោលគឺពុំសូវត្រូវពេលយកមកប្រៀបធៀបជាមួយមនុស្ស។
សរុបមកវិញ ការចម្អិនអាហារជាពិសេសគឺសាច់ គឺត្រូវធ្វើឲ្យត្រឹមត្រូវ គឺឆៅពេកក៏មិនល្អ ឆ្អិនពេករហូតខ្លោចក៏មិនល្អនោះដែរ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment