ការសិក្សាដ៏ធំមួយនៅតៃវ៉ាន់បានបង្ហាញថា អ្នកគ្រាន់តែចំណាយពេលត្រឹមតែ ១៥នាទីដើម្បីហាត់ប្រាណជារៀងរាល់ថ្ងៃ នោះអ្នកនឹងអាចបង្កើនអាយុដល់ទៅ៣ឆ្នាំ។
មនុស្សភាគច្រើនបានព្យាយាមហាត់ប្រាណឲ្យបានតាមស្ដង់ដាដែលបានកំណត់ ពោលគឺ ៣០នាទីក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្ដាហ៍ ប៉ុន្ដែពេលនេះអ្នកជំនាញសង្ឃឹមថា ការរកឃើញថ្មីដែលតិចជាងមុននេះ (ហាត់ប្រាណ១៥នាទី) នឹងអាចលើកទឹកចិត្តមនុស្សឲ្យហាត់ប្រាណកាន់តែច្រើនជាងមុន។
លោក Chi Pang Wen មកពីវិទ្យាស្ថានជាតិសុខាភិបាលរបស់តៃវ៉ាន់ ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថា គ្រាន់តែហាត់ប្រាណសមល្មមត្រឹម ១៥នាទី ដូចជាការដើរ ក៏អាចផ្ដល់ផលប្រយោជន៍ដល់អ្នកដែរ។ អត្ថប្រយោជន៍នេះគឺមានសម្រាប់គ្រប់គ្នា ទាំងបុរស ទាំងស្រ្ដី ទាំងក្មេង ទាំងចាស់ ទាំងអ្នកមានសុខភាពល្អ ទាំងអ្នកមិនមានសុខភាពល្អ ។
លោក Wen និងសហសេវិករបស់គាត់ ដែលបានបោះពុម្ភការរកឃើញនេះនៅក្នុងព្រឹត្តបត្រសុខភាព The Lancet នៅថ្ងៃអង្គារនេះ បានធ្វើការសិក្សាលើអ្នកចូលរួមចំនួន ៤១៦០០០នាក់ រយៈពេល១៣ឆ្នាំ ដើម្បីវិភាគលើកំណត់ត្រាសុខភាព និងកម្រិតសកម្មភាពហាត់ប្រាណប្រចាំថ្ងៃជារៀងរាល់ឆ្នាំ។
បន្ទាប់ពីធ្វើការបែងចែកអ្នកចូលរួមទៅតាមអាយុ ទម្ងន់ ភេទ រួចមក ជាលទ្ធផលក្រុមអ្នកស្រាវជ្រាវនេះ បានរកឃើញថា ១៥នាទីនៃការហាត់ប្រាណប្រចាំថ្ងៃ អាចបង្កើនអាយុសង្ឃឹមរស់ចំនួន ៣ឆ្នាំ បើប្រៀបធៀបជាមួយអ្នកដែលគ្មានសកម្មភាពហាត់ប្រាណសោះ។
បន្ថែមលើនេះទៀត ការហាត់ប្រាណជាប្រចាំរាល់ថ្ងៃ ក៏អាចជួយកាត់បន្ថយការស្លាប់ដោយសារជំងឺមហារីកបាន ១០ភាគរយផងដែរ។
សូមបញ្ជាក់ផងដែរថា ការសិក្សារបស់លោក Wen នៅពេលនេះក៏ស្រដៀងនឹងការសិក្សាមុនៗ ដែលរកឃើញថា មិនចាំបាច់ហាត់ប្រាណសម្រុកខ្លាំងពេកទេ គឺត្រឹមរយៈពេលកំណត់មួយបានហើយ ប៉ុន្ដែការរកឃើញនាពេលនេះ គឺជាលើកទីមួយហើយ ដែលកំណត់ពេលតិចជាងគេ ពោលគឺត្រឹម១៥នាទី។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment