វិទូៈ អាស្នាឯងអត់មើលសេចក្តីប្រកាសទេអី? ក្នុងបន្ទប់ប្រលងគេមិនអនុញ្ញាតឲ្យយកឯកសារចួលទេ។
វាស្នាៈ ឯងពិតជាអត់ដឹងខ្យល់មែន។ វាជារឿងធម្មតាហើយដែលនៅពេលប្រលងសិស្សត្រូវយកឯកសារចួល។ កុំឲ្យតែគេឃើញទៅបានហើយ។
វិទូៈ ទៅជាអញអត់ដឹងខ្យល់ទៅវិញ។ ឯងប្រាប់អញមើលថាដូចម្តេចទៅហៅថាការប្រលង?
វាស្នាៈ យើងមិនខ្វល់ថាវាមានន័យថាម៉េចទេ ឲ្យតែយើងប្រលងជាប់ទៅគឺបានហើយ។
វិទូៈ ចុះប្រលងជាប់បានអ្វី? វាសំខាន់ប៉ុណ្ណាទៅសំរាប់ឯង?
វាស្នាៈ ទី១ យើងបានទ្បើងថ្នាក់ ទី២ម្តាយឪពុកយើងអត់ជេរ ទី៣ យើងក្លាយជាសិស្សគំរូ ទី៤មិត្តភ័ក្តិយើងសរសើរយើង និងទី៥យើងអាចជប់លៀង ឬក៏ទៅដើរលេងនៅខេត្តនានាបាន។ វាសំខាន់ណាស់សំរាប់យើងព្រោះយើងអាចបង្ហាញពីសមត្តភាពរបស់យើងដែលអាចប្រលងជាប់។
វិទូៈ អីចឹងផង! ចាំយើងប្រាប់ឯងថាការប្រលងមានន័យថាម៉េច នៅពេលដែលប្រលងរូចហើយសិន។ នៅពេលនោះឯងប្រហែលជាលែងចង់ជាប់ទៀតហើយ។
វាស្នាៈ ចាំទៅជួបយើងនៅកន្លែងលក់ទឹកអំពៅក្បែររបងសាលាទៅបើចង់ជួបយើង។ តែឥទ្បូវសូមយកពិន្ទុ ១០០សិន ចាំគិតទៀត។
ក្រដាសប្រលងបានមកដល់ថ្នាក់ លោកគ្រូ ច ក៏បានចែកឲ្យបេក្ខជនមួយច្បាប់ម្នាក់ៗ។ វិទូបានក្រដាសភ្លាម ក៏ចាប់ផ្តើមសរសេរភ្លាម ព្រោះវាដឹងពីចំលើយនៃសំណួរ។ វាស្នាយកក្រដាសប្រលងមកមើល អានបានពីរ បីបន្ទាត់ ងងឹតមុខឈឹង វាគ្រវីក្បាលឲ្យតតាត់។ ភ្នែកមើលលោកគ្រូ ដៃលូកក្រោមតុ រកក្រដាសឯកសារដែលវាយកមកតាមខ្លួន។
មួយដងអត់អី។ ពីរដងអត់អី។ បីដងគ្រូវាមកដល់តុ ប្រមូលយកឯកសារខ្ទេចគ្មានសល់ពីក្រោមតុវា។
ប្រលងចប់វាស្នាបែកញើសជោគ ដូចនៅក្នុងទ្បនំបុ័ង។ នៅពេលប្រលងចប់ វាស្នាដើរចេញទៅក្រៅ ហើយទៅកង្គុយផឹកទឹកអំពៅដើម្បីបាត់ក្តៅ។
វិទូៈ ក្តៅខ្លាំងមែនទេ បានជាបែកញើសច្រើនម្លេះ?
វាស្នាៈ បន្ទប់ប្រលង អត់កង្ហារ វាអីចឹងហើយ។ ប្រលងមិនស្មើរគ្នា អ្នកខ្លះបើកមើលឯកសារ អ្នកខ្លះមិនបានមើលឯកសារ។ ចាប់មួយ អត់មួយ នេះគេហៅថាលំអៀង។
វិទូៈ នេះមកពីឯងមិនទាន់យល់ពីនិយមន័យនៃការប្រលង។
វាស្នាៈ យល់បានប្រយោជន៍អ្វើបើ ប្រលងធ្លាក់ដូចតែគ្នា។
វិទូៈ វាមានប្រយោជន៍ណាស់ចំពោះអ្នកធ្លាក់ ហើយរឹតតែមានប្រយោជន៍ទៀតសំរាប់អ្នកដែលប្រលងជាប់។
វាស្នាៈ ស្អីគេប្រលងធ្លាក់មានប្រយោជន៍ដែរ?
វិទូៈ ពិតណាស់ធ្លាក់ក៏មានប្រយោជន៍ដែរ។
វាស្នាៈ យើងមិនជឿ ឯងកុំមកបោកយើង។
វិទូៈ ឯងដែលលឺពាក្យថា បរាជ័យជា ចំណុចផ្តើមនៃភាពជោគជ័យឬអត់?
វាស្នាៈ ចុះវាមានអីទាក់ទងនឹងការប្រលងធ្លាក់ទៅ?
វិទូៈ ទាក់ទងណាស់។ ឧទាហរណ៍ឲ្យងាយស្តាប់៖ នៅរោងចក្រផលិតរថយន្តមួយ ទំរាំគេ ផលិតបានរថយន្តមួយមកដាក់លក់នៅទីផ្សារបាន គេត្រូវផលិតហើយ សាកជិះវារាប់សិបគ្រឿងជាមុនសិន ដើម្បីធានាថាទ្បាននោះវាល្អឥតខ្ចោះ។ មានអ្វីខុសប្រក្រតីតែបន្តិច គេកំទេចវាចោលហើយធ្វើមួយទៀត។ គេធ្វើបែបនេះរហូតទាល់តែវាលែងមានចំណុចខ្វះខាត ទើបគេសំរេចផលិតវាដាក់លក់លើទីផ្សារបាន។ សាលារៀនប្រៀបដូចជារោងចក្រផលិតរថយន្តអីចឹង ខុសគ្នាត្រង់ថា សាលារៀនមិនយកមនុស្សទៅសម្លាប់ ដូចរោងចក្រយកទ្បានទៅកំទេចចោលនោះទេ។
វាស្នាៈ ឈប់... ឈប់... យើងយល់តិចៗហើយ។ អីចឹងបើយើងធ្លាក់កាន់តែច្រើនដង នោះយើងនឹងក្លាយជាមនុស្សដែលល្អឥតខ្ចោះហើយមែនទេ។
វិទូៈ ថាអីចឹងក៏បាន។ តែបើឯងធ្លាក់ច្រើនដងពេក នោះគេអាចថាឯងជាមនុស្សឥតបានការ។
វាស្នាៈ ចុះពួកអ្នកប្រលងជាប់ដោយសារមើលឯកសារឯងមានយោបល់យ៉ាងណាដែរ?
វិទូៈ គឺដូចជាទ្បានដែលផលិតអត់បានធ្វើការសាកល្បងអីចឹង។ បើអ្នកគេជិះទ្បានវិញ គេមិនប្រើប្រភេទទ្បានបែបនេះទេ ឬបើគេជ្រុលទិញនោះគេនឹងខកចិត្តនៅថ្ងៃក្រោយ។ គឺទ្បាននោះល្អគន់តែសំបកក្រៅប៉ុណ្ណោះ ចំណែកឯគ្រឿងក្នុងវិញអត់ល្អទេ។
វាស្នាៈ ប៉ុន្តែអ្នកដែលប្រទ្បងធ្លាក់គេអត់ឲ្យតំលៃទេ។ គឺត្រូវម៉ែឪ ស្តីបន្ទោស គ្រូមិនឲ្យតំលៃ ហើយមិត្តវិញមើលមុខគ្នាមិនចំទេ។
វិទូៈ គេមើលងាយឯងមិនអីទេ ព្រោះគេមិនស្គាល់ពីឯងច្បាស់ តែបើឯងមើលងាយខ្លួនឯងវិញ នេះគឺជាការបរាជ័យមួយដ៏ធំ។
វាស្នាៈ យើងមិនដែលមើលងាយខ្លួនឯងទេ តែនៅពេលដែលគេមើលងាយយើងច្រើនពេក វាធ្វើឲ្យយើងមានអារម្មណ៍មិនសប្បាយចិត្ត។ នោះវាធ្វើឲ្យយើងស្អប់ខ្លួនឯង។
វិទូៈ ល្អណាស់ឯងនិយាយនេះត្រូវចិត្តយើងណាស់។ មនុស្សយើងម្នាក់ៗនៅក្នុងលោកយើងនេះគ្មាននណាម្នាក់ល្អឥតខ្ចោះនោះទេ។ ការស្អប់ខ្លួនឯងគឺជារឿងល្អណាស់ ព្រោះថាបើយើងគិតតែលើកតំកើនខ្លួនឯង អួតថាខ្លួនជាមនុស្សល្អដាច់គេ នោះនៅចុងក្រោយអ្នកនឹងទទួលបរាជ័យក្នុងជីវិតជាមិនខាន។
វាស្នាៈ អីចឹងមនុស្សម្នាក់ៗគួរតែរៀនស្អប់ខ្លួនឯងឲ្យបានច្រើនមែនទេ អាទូ?
វិទូៈ មីងឲ្យទឹកអំពៅខ្ញុំមួយថង់មក។ និយាយជាមួយអានេះយូរទៅ កាន់តែយូរទៅ។
វាស្នាៈ ឯងឆ្លើយនឹងសំណួររបស់យើងឬអត់?
វិទូៈ ឆ្លើយតែចាំអញផឹកទឹកអំពៅសិន។
វាស្នាៈ តើទឹកអំពៅនឹងវាសំខាន់ជាងសំណួរអញឬ?
វិទូៈ តើឯងចង់ឲ្យអញឆ្លើយនឹងសំណួរមួយណា?
វាស្នាៈ ឆ្លើយទាំងពីរមក។
វិទូៈ ចាំមួយភ្លែត.......................!!!!!!!!!!!!!
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment