អត្ថបទថ្មីៗ :

កំសាន្ត​​រឿង​ខ្លី សភាវគតិ​ដែល​មិន​អាច​រីក​លូត​លាស់​បាន

Tuesday, December 13, 2011

កូន​ចៀម និង​លា​កញ្ចាស់
កាល​ពី​ព្រង​នាយ​នៅ​ឯជើង​ភ្នំ​ឱរ៉ាល់ មាន​មេ​ចៀម​ចំណាស់​មួយបាន​កើត​បាន​កូន​មួយ​ហើយ​ក៏​ស្លាប់​ទៅ។ ចាប់​តាំង​ពី​ម្តាយ​របស់​កូន​ចៀម​ស្លាប់​ចោល​វា​ទៅ កូន​ចៀម​ដ៏​កំ​សត់​ច្រទ្បំ​ សត្វ​លា​ដ៏​កញ្ចាស់​ល្ងី​ល្ងើ​មួយ​ក្បាល​ថា​ ជា​ម្តាយ​របស់​វា ព្រោះ​កូន​ចៀម​ជឿ​ថា​មាន​តែ​ម្តាយ​ទេ​ដែល​អាច​បង្កើ​ត​កូន​បាន ចំណែក​ឯឪពុក​វិញ​មិន​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន​ទ្បើយ។
ចាប់​តាំង​ពីពេល​នោះ​មក​កូន​ចៀម​ដើរ​តាម​សត្វ​លា​កញ្ចាស់​នោះ​គ្រប់ទី​កន្លែង នៅ​តាម​ចង្កេះ​ភ្នំ ជើង​ភ្នំ ក្នុង​រូង​ថ្ម និង​តាម​ដង​អូរ​ មាត់​ស្រះ មិន​ថា​សត្វលា​កញ្ចាស់​នោះ​ទៅ​ណា​ទេ កូន​ចៀម​ខំ​ដើរ​តាម​មិន​ឲ្យ​បាត់​ម្តាយ​របស់​វា​មួយ​វិនាទី​ណា​ទ្បើយ។
ច្រើន​ខែ​កន្លង​ផុត​ទៅ​កូន​ចៀម​រីក​ធំ​ធាត់​ទាំង​រាង​កាយ និង​ខួរ​ក្បាល ប៉ុន្តែ​វា​មិន​បាន​រៀន​សូត្រ​វិជ្ជា​ជីវៈ ពី​សត្វ​លា​ល្ងី​ល្ងើ​បន្តិច​ទេ ដែល​នៅ​ក្នុង​ចិត្ត​សត្វ​ចៀម​វា​ចាត់​ទុក​សត្វ​លា​ជា​ម្តាយ​ដ៏​ជា​ទី​ស្រលាញ់​របស់​វា ចំណែក​សត្វ​លា​​ដែល​ជា​សត្វ​មិន​ចេះ​ខ្វល់​ខ្វាយ​ពី​អ្វី​ទាំង​អស់​លើក​លែង​តែ​រឿង​ស៊ី​ចេញ វា​ចាត់​ទុក​កូន​ចៀម​ជា​ដុំ​ថ្ម​មួយ​ដុំ ដែល​មាន​ចលនា​ប៉ុណ្ណោះ។
ថ្ងៃ​មួយ​​កូន​ចៀម​ដែល​រីក​ធំ​ធាត់​ទាំង​រាង​កាយ​ និង​ខួរ​ក្បាល​តប់​ប្រ​មល់ នៅ​មិន​សុខ រហូត​វា​សំរេច​ចិត្ត​ទៅ​សួរ​ម្តាយ​ជា​ទី​ស្រលាញ់​របស់​វា។
កូនចៀម៖ ម៉ែ! ម៉ែ! តើ​ម៉ែ​ដឹង​ទេ? មនុស្ស​ ថា​យើង​ដែល​ជា​សត្វ​ទាំង​អស់​មាន​តែ​សភាវគតិ​ទេ​ ហើយ​មិន​ចេះ​ស្អី​នោះ​ទេ​ក្រៅ​តែ​ពី​សភាវគតិ​។ ហើយ​បើ​ម៉ែ​អត់​​​បង្កៀន​ស្អី​ដល់​កូន​ផង​ធ្វើ​ម៉េច​កូន​អាច​អភិវឌ្ឍ សភា​វគតិ​របស់​កូន​បាន?
សត្វ​លា​កញ្ចាស់​បញ្ចេញ​ខ្យល់​តាម​រុន្ធច្រ​មុះ ដោយ​មិន​ចូល​ចិត្ត​និ​យាយ​ច្រើននៅ​ពេល​ស៊ី តែ​ជា​ធម្ម​តា​វា​ស៊ី​តែ​រហូត​ហ្នឹង។
សត្វលា៖ ជា​ការ​ពិត​ណាស់​មនុស្ស​ទាំង​នោះ​និ​យាយ​មិន​​ត្រឹម​ត្រូវ​ទេ ហើយ​យើង​ធ្វើ​អ្វី​មួយ យើង​គិត​ណាស់​ មិន​មែ​នចេះ​តែ​ប្រើ​សភាវ​គតិ​ ដូច​មនុស្ស​បាន​និយាយនោះ​ទេ។
សត្វលា​កញ្ចាស់​បាន​បន្ត​ទៀត៖ យើង​ចាក​ចេញ​ពី​វ៉ូង​មនុស្ស​ក៏​ព្រោះ​តែ​យើង​មិន​ចង់​ធ្វើ​ជា​អ្នក​បំ​រើ​របស់​គេ​តទៅ​ទៀត។
កូន​ចៀម៖ បើ​ម៉ែ​មិន​ព្រម​ប្រាប់​ខ្ញុំ​ឥ​ទ្បូវ ខ្ញុំនឹងសួរ​ ​ម្តង​ហើយ​ម្តង​ទឿត រហូត​ដល់​ម៉ែ​ប្រាប់​ខ្ញុំ​។
សត្វ​លា​​ ​ធុញ​ទ្រាន់​ និង​ការ​សួរ​ដេញ​ដោររបស់​កូន​ចៀម​ក្រៅ​ខោ​របស់​វា​ណាស់​ នៅ​ទី​បញ្ចប់​សត្វ​លា​ក៏​ព្រម​ឆ្លើយ តែ​វា​មាន​ល័ក្ខខ័ណ្ឌមួយ។
សត្វលា៖ យើង​ប្រាប់​ឯង​ក៏​បាន​ តែ​ឯង​ត្រូវសន្យា​ថា​ ​ជឿ​លើ​អ្វី​ដែល​យើង​ប្រាប់ ហើយ​ហាម​សួរ​ដេញ​ដោលយើង​ទៀត។
កូន​ចៀម​ក៏​ងួក​ក្បាល​យល់​ព្រម។
សត្វលា៖​ ល្អណាស់​អញ្ចឹង ចាំ​យើង​ប្រាប់​ពី​សភា​វ​គតិ​របស់​ឯង។ ពពួក​សត្វ​ចៀម​ដូច​ជា​ពួក​ឯង​ជា ពពួក​សត្វ​ដែល​មាន​កំលាំង​ខ្លាំង ហើយ​ក្លាហាន។ ពួក​ឯង​រស់​នៅ​ដើម្បី​ធ្វើ​សង្រ្គាម​ជាមួយ​ពពួក​សត្វ​អាក្រក់​ដែល​យើង​បាន​ស្គាល់​ថា​ជា​សត្វ​មនុស្ស​ជើង​ពីរ។ សំរាប់​យើង​សត្វ​លា ហើយ​ប្រ​ហែល​ជា​សត្វ​ជាង​គេ​បំផុត​លើ​ពិភព​លោក​នេះ គឺ​យើង​បាន​ឃើញ​ពូជ​អំបូរ​របស់​ឯង​ជាពពួក​សត្វ​ស៊ី​សាច់​ជា​អា​ហារ ហើយ​នៅ​ពេល​ឯង​ធំ​ទ្បើង​មាន​កំលាំង និង​ស្នែង​ដ៏​មុត​នោះ ឯង​នឹង​ស៊ី​សាច់​គ្រប់​ប្រ​ភេទ លើក​លែង​តែ​សាច់​សត្វ​លា​មួយ​ចេញ។
សត្វ​លា​កញ្ចាស់​ល្ងី​ល្ងើ​​ដោយ​សារ​វា​ហត់​ពេក (និយាយ​ផង​ ទំពារ​ចំបើង​ផង) ក៏សំរាក​មួយ​ផ្លេត។ វា​ដក​ដង្ហើម​វែង​ៗ មួយ​ស្រ​បក់​ហើយ​ក៏​បន្ត​ទៀត​ថា៖ ឯង....ជា...សត្វ...ដ៏​ខ្លាំង និង...​អស្ចារ្យ​បំផុត​លើ​លោក​នេះ។
កូន​ចៀម​បន្ទាប់ពី​បាន​រៀន​ ពី​សភាវ​គតិ​របស់​វា​ពី​ម្តាយ​វា​ហើយ បាន​ចង់​ចាំ​ពាក្យ​បង្រៀន​របស់​ម្តាយ​វា​គ្រប់​ម៉ាត់។
កូន​ចៀម​ក៏​សំ​ពះ​លា​ ម្តាយ​ល្ងី​ល្ងើរបស់​ខ្លួន​ទៅ​វឹក​ហាត់​ត្រៀម​ខ្លួន​ប្រ​យុទ្ធ​ជា​មួយ​ពួក​មនុស្ស​ដើម្បី​សេរី​ភាព​សត្វ​ព្រៃ​ទាំង​អស់។
ចំ​ណែក​ឯ​សត្វ​លា​វិញ​ មិន​បាន​យក​ភ្នែក​មើល​សត្វ​ចៀម​នោះ​ទេ ដោយ​សារ​វា​រវល់ រាប់​ចំបើង​សំរាប់​ស៊ី​ថ្ងៃ​ស្អែក​ទៀត។  ​ ​
ព្រលឹម​ស្រាង​ៗ​​កូន​ចៀម​បាន​មក​វឹក​ហាត់​នៅ​ជិត​ស្រះ​ដ៏​ស្ងាត់​មួយ។ វា​ឆ្លុះ​ខ្លួន​វា​នឹង​ទឹក​ស្រះ បញ្ចេញ​ធ្មេញ​ដ៏​ស្អាត​របស់ ហើយ​ក៏​ចាប់​ផ្តើម​រៀន​គ្រ​ហឹម "ម៉េ... ម៉េ..."។​ វា​ក៏​គ្រហឹម​ម្តង​ទៀត "ម៉េ...ម៉េ..."។
វា​ខ្ទប់​មាត់​របស់​វា​ ហើយ​ខំ​សំលឹង​ជុំវិញ​ស្រះ​ក្រែង​ល​មាន​អ្នក​លួច​មើល​វា​កំពុង​វឹក​ហាត់។ ម្ត​ង​នេះ​កូន​ចៀម​ខំ​សង្កៀត​ធ្មេញ​របស់​វា​ខ្លាំង​ៗ​ ហើយ​ព្យាយាម​គ្រហឹម​ឲ្យ​ខ្លាំង "ម៉េ...ម៉េ..."។
ដោយ​អស់​សំនើច​និង​សំលេង​គ្រហឹម​ដ៏​ពីរោះនិង​ស្រទន់​របស់​ខ្លួន​ វា​ក៏​ផ្ទុះ​សំ​ណើច​តែ​ម្នាក់​ឯង ក្នុង​ព្រៃ​ដ៏​ស្ងាត់​ជ្រ​ងំ។ វា​ក៏​ព្យា​យាម​គ្រហឹម​ម្តង​ទៀត "ម៉េ...ម៉េ..." វា​ក៏​ផ្ទុះ​សំណើច​ម្តង​ទៀត។ តាំង​ពី​ព្រ​លឹង​ ទល់​ព្រ​លប់ វា​សើច​ទ្បើង​រីក​មាត់​ប៉ុន​មាត់​ក្រ​ពើ​ទៅ​ហើយ វា​សើច​ខ្លាំង​ពេក​រហូត​ដល់​មាត់​វា​ទំពារ​ចំ​បើង​លែង​កើត។
នៅ​ព្រឹក​បន្ទាប់​កូន​ចៀម​ដើរ​ទៅ​រក​ស្រះ​ដ៏​ដែល​ដើម្បី​វឹក​ហាត់​បន្ត។ នៅ​ក្បែ​រ​មាត់​ស្រះ​ វា​បាន​ប្រ​ទះ​ឃើញខ្មោច​សត្វ​ទន្សាយ​ព្រៃ​មួយ ដែល​ត្រូវ​បាន​សត្វ​កាច​សាហាវ​ហែក​ស៊ី។ ដោយ​នៅ​ចាំ​សំដី​របស់​ម្តាយ​វា ដែល​បាន​ប្រាប់​ថា​ វា​ជា​ពូជ​សត្វ​ស៊ីសាច់​ជា​អាហារ នោះ​កូន​ចៀម​ក៏​សាក​រៀន​ស៊ី​សាច់​ដែល​នៅ​សល់​នោះ​ល​មើល។
វា​ស៊ី​បាន​បន្តិច ក៏​គ្រ​វី​ក្បាលខ្ញាក ព្រឺ​ខ្លួន ញ័រ​ទាំង​រាង​កាយ ពី​ក្បាល​រហូត​ដល់​ចុង​ជើង។ វា​ខំ​ខ្ជាក់​សាច់​ចេញ​ពី​មាត់​វា​យ៉ាង​រហ័ស​ ហើយ​ខ្ពុរ​មាត់​វា​ពីរ បី​សារ​ ព្រោះ​វា​ខ្ពើម​និង​ក្លិន​ឈាម។ នៅ​ព្រឹក​នោះ​វា​ក្អួត​ ប្រាំ​ដង វិល​មុខ​ធីង​ធោង រក​ស៊ី​អី​ក៏​មិន​កើត។ ដោយ​សារ​តែ​វា​គ្មាន​កំ​លាំង​នៅ​ក្នុង​ខ្លួន​ផង វា​ក៏​ដេក​នៅ​ក្រោម​ដើម​ឈើ​រហូត​ដល់​យប់​ បាន​ត្រលប់​ទៅ​ផ្ទះ​វិញ។
នៅ​ឯ​ផ្ទះ​វា​លួច​សំងំ ទំពារ​ស្មៅ ស្ងាត់​ៗ​ម្នាក់​ឯងក្លាច​ម៉ែ​វា​ឃើញ ថា​វា​ជា​កូន​អត់​បាន​ការ។ ចំពោះ​សត្វ​លា​វិញ​វា​មិន​ដែល​ដឹង​ថា​មាន​សត្វ​ចៀម​នៅ​ជា​មួយ​វា​ទ្បើយ វា​ខ្វល់​តែ​រឿង​មួយ​គត់​គឺ​រឿង​ស៊ី។
ច្រើន​ខែ​កន្លង​ផុត​ទៅ កូន​ចៀម​រីក​លូត​លាស់​ពេញ​វ័យ មាន​កំលាំង​ និង​ស្នែង​ល្មម​គ្រប់​គ្រាន់​សំរាប់​ត​តាំង​នឹង​សត្រូវ​បាន​ហើយ។ ពេល​វេលា​បាន​មក​ដល់​កូន​ចៀម​ក៏​បាន​លា​ម្តាយ ទៅ​សមរភូមិ តែ​ម្នាក់​ឯង ជា​មួយ​និង​មហិចតា​មួ​យ​ គឺ​យក​សេរី​ភាព​ជូន​សត្វ​ព្រៃ​ទាំង​ទ្បាយ។
ពីរ បី​ថ្ងៃ​បាន​កន្លង​ផុត​ទៅ កូន​ចៀម​កំ​សត់ បាន​វិល​ត្រលប់​មក​ផ្ទះ​វិញ ដោយ​នៅ​លើ​ខ្លួន​របស់​វា​ប្រ​លាក់​សុទ្ធ​តែ​ដី ហើយ​នៅ​លើ​ស្នែង​របស់​វា​ប្រ​លាក់​សុទ្ធ​តែ​ឈាម​ វា​ដើរ​ចួល​មក​ជិត​សត្វ​លា​កញ្ចាស់​ បន្ទាប​ស្នែង​វា​ចុះ ដើម្បី​ឲ្យ​ម្តាយ​វា​ឃើញឈាម។ បន្ទាប់​មក​វា​ក៏​ប្រាប់​ម្តាយ​វា (ទោះ​ជា​វា​ដឹង​ថា​ម្តាយ​របស់​វា​មិន​ស្តាប់​វា​ក៏​ដោយ​) ថាថ្ងៃ​នេះ​កូន​សម្លាប់​សត្វ​មនុស្ស​បាន​ ៥​នាក់។
តាម​ការ​ពិត​ទៅ កូន​ចៀម​គ្មាន​បាន​ទៅ​ដល់​ភូមិ​អ្នក​ស្រុក​ទេ វា​ទៅ​រមៀលដី​លេង នៅ​ក្បែរ​មាត់​ស្រះ រីឯ​ឈាមជាប់​ស្នែង​របស់​វា​វិញ គឺ​បាន​មក​ដោយ​សារ​វា​ទៅ​ជល់និង​ផ្លែ​ប៉េង​ប៉ោះ​ទុំ​ក្នុង​ព្រៃ​ជិត​នោះ។​
ពេល​វេ​លា​កន្លង​ផុត​ទៅ​សត្វ​លា​កញ្ចាស់​ក៏​បាន​ស្លាប់​ទៅ ហើយ​កូន​ចៀម​កំ​សត់​នៅ​តែ​ម្នាក់​ឯង​។ ម្តង​បន្តិច​ៗ​វា​ក៏​ភ្លេច ពី​សភាវ​គតិ​ដែល​សត្វ​លា​កញ្ចាស់​បង្រៀន​វា។ ហើយ​ក៏​រស់​នៅ​តាម​តែ​សភាវគតិ​ដែល​ធម្ម​ជាតិ​ផ្តល់​ឲ្យ​វាវិញ។
នេះ​ហើយ​គេ​ហៅ​ថា សភា​វគតិ! 


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.