ពួកគេទាំងបីគឺជាមិត្តល្អនឹងគ្នាទោះបីជាមាន ឬក្រយ៉ាងណាក៏ដោយ។ ពួកគេតែងនិយាយថា "មានគឺមាន ក្រគឺក្រ ហើយមិត្តភ័ក្តិល្អ គឺនៅតែជាមិត្តភ័ក្តិល្អ"។
អ្នកទាំងបីតែងតែនិយាយអួតប្រាប់គ្នាថា ខ្លួនគេម្នាក់ៗគឺជាមនុស្សមានគំនិត មានចំណេះដឹងជ្រៅជ្រះ ដឹងអាក្រក់ ល្អ ត្រូវ និងខុស នៅក្នុងសង្គម។ គាត់ទាំងបីធ្លាប់និយាយប្រាប់គ្នាដូចខាងក្រោម៖
គ្រូពេទ្យ សុខៈ ខ្ញុំធ្វើជាគ្រូពេទ្យយូរឆ្នាំហើយ មិនដែលមើលជំងឺសំលឹងទ្រព្យគេនោះទេ។ អ្នកក្រក៏មើល អ្នកមានក៏មើល និយាយរួមឲ្យតែឈឺ ហើយមកពឹងខ្ញុំ។ លុយកាក់មិនសំខាន់អាចជំពាក់បាន បើអត់លុយខ្ញុំព្យាបាកមិនគិតថ្លៃទេ។ តែបើសើបដឹងថាមានលុយអត់ព្រមសង ខ្ញុំនឹងផ្តឹងទៅតុលាការអន្តរជាតិ។ បើយើងចង់ធ្វើទាហានមកពីយើងចង់បាញ់កាំភ្លើង និងបំរើជាតិ ចំណែកខ្ញុំចង់ធ្វើពេទ្យ មកពីខ្ញុំចង់ព្យាបាលជួយសង្រ្គោះអ្នកជំងឺ។ មើលគេឆាប់ជា កាន់តែសប្បាយចិត្ត ត្បិតពេលខ្លះ មើលមិនជា ហើយមានពេលខ្លះទៀតមានគ្រោះថ្នាក់ដល់ជីវិត នឹងគឺជាវាស្នា បន្ទោសខ្ញុំក៏មិនកើត ព្រោះខ្ញុំមិនមែនជាពេទ្យទេវតាឯណា។
សាស្តា្រចារ្យ ចំរើនៈ ចំណែកខ្ញុំជាគ្រូបង្រៀនចិត្តធម៌ ប្រាក់ខែតិចតួចអាចទប់ទល់រួច ព្រោះមានបង្រៀនក្រៅម៉ោងបន្ថែម បានលុយគួបផ្សំគ្រប់ សំរាប់ចាយ។ សិស្សរៀន ឬមិនរៀនក្រៅម៉ោងក៏នៅតែជាសិស្ស។ ខ្ញុំទុកពួកវាដូចជាកូនរបស់ខ្ញុំអីចឹង ព្រោះពួកវាខំចំណាយពេលដ៏មានតំលៃ មកស្រូបចំណេះដឹងពីខ្ញុំ។ សិស្សឆ្លាត ក៏សិស្ស សិស្សល្ងង់ ក៏សិស្ស មិនត្រូវមើលងាយសិស្សខ្លួនឯងទ្បើយ។ យើងត្រូវបង្រៀនសិស្សឆ្លាត ឲ្យចេះជួយសិស្សល្ងង់ ហើយបង្រៀនសិស្សល្ងង់ឲ្យចេះស្តាប់សិស្សឆ្លាតធ្វើបែបនេះបានគេហៅថាគ្រូមានសីលធម៌។
អ្នកសុំទាន សង្ហាៈ ខ្ញុំក្រតែទ្រព្យ តែចិត្តខ្ញុំមាន។ខ្ញុំ ដឹងល្អ និងអាក្រក់ អ្វីដែលត្រូវ ហើយអ្វីដែលខុសរកស៊ីសុច្ចរិត មិនដែលប្រព្រឹតអំពើថោកទាប។ ថ្វីត្បិតតែ រកស៊ីអត់មានដើមទន់ ហើយនិយាយជាមួយមនុស្សដែលខ្ញុំមិនដែលស្គាល់ ប៉ុន្តែខ្ញុំចេះធ្វើឲ្យគេអាណិត ហើយឲ្យគេមានទំនុកចិត្តជឿជាក់ ក្នុងការផ្ញើរលុយគេជាមួយខ្ញុំ។ រកស៊ីត្រូវមានគោលការណ៍ច្បាស់លាស់៖
ទី១ មិនត្រូវស្រែក ឬប្រើពាក្យមិនល្អចំពោះអតិថិជន
ទី២ សុំទានគេកុំឲ្យគេទើសចិត្ត គឹសុំយ៉ាងច្រើន ៣ដង បើមិនអោយដើរចេញ ហាមដាច់ខាតរឿងជេរម៉ែអតិថិជន
ទី៣ បើគេព្រមឲ្យលុយត្រូវសំពះអរគុណគេ។ បើគេឲ្យលុយដុំ ត្រូវគិតសិនថាគួរយក ឬមិនយក ព្រោះថាយើងមិនសូវស្គាល់គេទេ អាចយកទៅមានរឿង ឬក៏យកទុក្ខដាក់ខ្លួន។
ទី៤ ហាមសុំទានគេនៅពេលគេកំពុង បរិភោគអាហារ ព្រោះ គេអាចថាយើងរំខានគេ។
អ្នកទាំងអស់គ្នាតែងតែណាត់ជួបគ្នាជារៀងរាល់ថ្ងៃអាទិត្យ ដើម្បីជួបជុំគ្នាជជែកកំសាន្តជាមួយគ្នា និយាយពីនេះ ពីនោះ។ ជាធម្មតាគេណាត់ជួបគ្នាតាមដងផ្លូវ ឬនៅតាមសួនច្បារសារធារណៈ ប៉ុន្តែយូរៗម្តង គេណាត់ជួបគ្នាក្នុងភោជនីដ្ឋាន ព្រោះគេអាចជជែក បណ្តើរ ញុំា បណ្តើរ ហើយគេអាចជជែកបានយូរផង។
យ៉ាប់តែម្យ៉ាងទេ គឺត្រង់ថា សង្ហាជាអ្នកសុំទាន គ្នាគ្មានលុយសំរាប់ចាយក្នុងភោជនីដ្ឋានទេ។ ពេលខ្លះគាត់ភរថា មានធុរៈ ពេលខ្លះទៀតគាត់សុំច្បាប់ត្រង់ៗថាអត់លុយ ហើយពេលខ្លះទៀតគាត់ក៏សុខចិត្តទៅជួបមិត្តគាត់ តែគាត់មិនញុំាអីទេ។
សង្ហាថ្ងៃនេះទ្រនុយយ៉ាងស្អាត តែគ្មានពាក់ខ្សែក្រវ៉ាត់ទេ។ គាត់ដាក់អាវយឺតសរបស់គាត់ក្នុងខោខ្លី និងមានមួកប្រផេះពាក់នៅលើក្បាល។ គាត់ដើរទៅតូបទូរសព្ទសារធារណៈមួយ ដើម្បីតេទៅ លោកគ្រូចំរើន។ សង្ហានិយាយបណ្តើរ ចង់សើចបន្តិច ចង់យំបន្តិច ព្រោះនេះជាលើទីមួយដែលខ្លួនបាននិយាយទូរសព្ទនឹងគេ។ សង្ហាប្រាប់លោកគ្រូចំរើន ឲ្យតេទៅគ្រូពេទ្យសុខ ថាចង់ណាត់ជួប នៅភោជនីដ្ឋានចាស់ជជែកគ្នាលេង។
ភោជនីដ្ឋានចាស់មួយណា? លោកគ្រូចំរើនសួរ។
អាមួយដែលអ្នកបំរើ ដេញអញ្ញចេញនោះ អញ្ញចង់ទៅមើលមុខវាម្តងទៀត សង្ហាប្រាប់គ្រូចំរើន។
នៅឯភោជនីដ្ឋាន អ្នកទាំងបីបានអង្គុយជួបជុំគ្នា នៅតុឆ្ងាយពីគេ ព្រោះមនុស្សច្រើន រំខានដល់ការជជែកលេងរបស់គាត់ទាំងបី។
សង្ហាៈ ចុម គ្រូពេទ្យចេះហៀរសំបោរដែរ?
សុខោៈ គ្រូពេទ្យអត់ចេះឈឺទេចុះ?
សង្ហាៈ អញបើឈឺដូចឯងវិញប្រាកដជាងាប់មិនខាន ព្រោះគ្មានលុយទិញថ្នាំ។ តែសំណាងល្អដែល អញមិនដែលឈឺ។
សុខៈ មានជីវិតមានទុក្ខ អស់ជីវិតអស់ទុក្ខ។ អីចឹងមកពីឯងនៅសល់ទុក្ខបានជាមិនទាន់ដល់ថ្ងៃងាប់។
សង្ហាៈ កើតចាស់ ឈឺ ស្លាប់ ជារឿងធម្មជាតិ យើងមិនជឿលើបុណ្យបាប ស្អីនោះទេ។
ចំរើនៈ ពួកឯងជជែកទៅមិនបាច់ហៅស្អីស៊ីទេ។
សង្ហាៈ អត់ស៊ីក៏ឃ្លាន ស៊ីហើយក៏នៅតែឃ្លាន តើមួយជីវិតនេះឯងស៊ីប៉ុន្មានដង?
ចំរើនៈ អារឿងនឹងអញមិនខ្វល់ទេ អញដឹងថា ៣០ថ្ងៃអញ្ញបើកលុយម្តង។
សុខៈ អាសង្ហាទើបវាដឹង ព្រោះមួយថ្ងៃវាឃ្លានរហូត បើមិនឃ្លានវាមិនទៅសុំទានគេទេ។
សង្ហាៈ អារឿងសុំទានគេជារឿងផ្ទាល់ខ្លួន កុំនិយាយពីវាល្អជាង។ ឥទ្បូវហៅអីស៊ី។
សុខៈ ហៅ ក៏ហៅ។ តែនៅទីនេះគឺនៅក្នុងហាង មិនមែនក្នុងព្រៃទេ គេត្រូវការប្រាក់ដើម្បីដោះដូរ។
សង្ហាៈ ចុះសន្លឹកប្រាក់ ១០ អឺរ៉ូនេះមិនមែនជាលុយទេអី?
ចំរើនៈ បាត់តែមួយអាទិត្យសោះ ចាយសុទ្ធតែប្រាក់អឺរ៉ូ។
សុខៈ អឺរ៉ូ អឺរួយ ស្អី តោះនិយាយពីសាច់ការវិញ។ ឲ្យតែដឹងថាអាសង្ហាមានលុយទៅបានហើយ។
សង្ហាៈ យើងចាំតែពាក្យនឹងយូរហើយ។ យើងមានសំណួរខ្លះចង់សួរពួកឯង ព្រោះឯងរៀនបានជ្រៅជ្រះជាងអញ។
ចំរើនៈ អញមិនហានថាទេ។ ទៅបង្រៀនសិស្សសព្វថ្ងៃ មានអារម្មណ៍ថានិយាយតែរឿងដ៏ដែលៗ។ ពេលខ្លះមានអារម្មណ៍ថាល្ងង់ជាងសិស្សទៀត ព្រោះបង្រៀនជិត ១០ឆ្នាំហើយ ចំណែកឯសិស្សវិញ វារៀនតែពីរ បីថ្ងៃក៏ចេះដែរ។
សុខៈ យើងវិញចេះតែពេទ្យទេ បើក្រៅពីពេទ្យគឺទទេ។
ចំរើនៈ ចាប់ផ្តើមទៅអញ្ចឹង អាសង្ហា ចាំយើងហៅស្អីស៊ី។
សង្ហាៈ ដូចម្តេចហៅថា សភាវមានជីវិត និងអត់ជីវិត?
សុខៈ មានជីវិតគឺចេះដើរ អត់ជីវិតគឺអត់ចេះដើរ។
ចំរើនៈ ចុះដើមឈើចេះដើរដែរ?
សុខៈ អីចឹង គឺចេះដើរ បូកនិង រុក្ខជាតិទៅបានហើយ។
សង្ហាៈ ប្រសិនបើអញឆ្លើយដូចឯងប្រហែលជាមិនបាន ១០ អឺរ៉ូនេះទេមើលទៅ។
ចំរើនៈ ចុះចំលើយវាយ៉ាងម៉េចវិញ អាសង្ហា ឯងប្រាប់អញមើល អញចង់ដឹងណាស់។
សង្ហាៈ ងាយណាស់។ សភាវមានជីវិតគឺ នៅអ្វីៗដែលនៅរស់ ហើយអត់ជីវិតវិញគឺអ្វីៗដែលស្លាប់។
ចំរើន និងសុខៈ អ៊ុញ!
សង្ហាៈ កុំទាន់អាលអ៊ុញ។ បន្ទាប់មកបរទេសម្នាក់នោះក៏សួរយើងទៀត។
សុខៈ សួរថាម៉េច?
សង្ហាៈ ចុះព្រលឹងជាសភាវមានជីវិត ឬអត់ជីវិត?
ចំរើនៈ អាណាទៅដឹង។
សុខៈ ប្រហែលជាមានជីវិតហើយមើលទៅ។
សង្ហាៈ ដឹងអញឆ្លើយម៉េចអត់?
សុខៈ ធ្វើម៉េចអញដឹង។ ចេះតែសួរមែនអានេះ។
សង្ហាៈ អញប្រាប់បរទេសនោះថា។ បើព្រលឹងនោះនៅរស់ វាជាសភាវមានជីវិត ហើយបើព្រលឹងងាប់ វាជាសភាវអត់ជីវិត។
ចំរើនៈ ល្អវិញ។
សុខៈ ដាច់ចង្កេះអ្នកសួរ។ ចំលើយលប់ៗ តែអាចយកជាការបាន។
សង្ហាៈ បន្ទាប់មកគេសួរយើងទៀត។ គេសួរ ព្រលឹងកើតមកពីណា ហើយនៅពេលងាប់តើព្រលឹងនោះវាទៅណា?
សុខៈ ឆ្លើយមកអញចាំស្តាប់។
សង្ហាៈ នៅពេលដែលមនុស្សស្លាប់ នោះព្រលឹងនឹងកើតមក។ ហើយព្រលឹងមានផ្លូវពីរ ទីមួយទៅឋានសួគ៌ និងទី២ទៅឋាននរក។ ព្រលឹងមិនងាប់ទេ បើវាទៅឋាននរក តែបើវាទៅឋានសួគ៌វិញនោះព្រលឹង និងងាប់ ហើយចាប់ជាតិក្លាយជាព្រះ។ នៅពេលក្លាយជាព្រះគឺយើងលែងស្លាប់ហើយ។ នៅពេលដែលយើងក្លាយជាព្រះ យើងនឹងក្លាយជាសភាវអត់ជីវិតវិញ ហើយគ្មានរូប គ្មានរាង ហើយគ្មានអ្វីទាំងអស់ គឺមានតែនាមមួយមុខគត់។ ដែលនាមនេះគឺមនុស្សជាអ្នកដាក់ឲ្យ។ហើយនាមនេះនឹងត្រូវបាត់បង់ នៅពេលដែលវ៉ូងមនុស្សដាច់ពូជពីភពផែនដីនេះទៅ។
សុខៈ អត់យល់!
ចំរើនៈ អាសុខ ស៊ីបាយយើង អាសង្ហាវាឆ្កួតហើយ។ ឈប់ស្តាប់វាទៀត។
សង្ហាៈ ចាំយើងធ្វើការពន្យល់ បានងាយយល់។
សុខ និងចំរើនៈ បានហើយ ស៊ីបាយសិនទៅ។ ចាំស៊ីបាយហើយសិនទៅ។
សង្ហាៈ អីចឹងក៏បាន។ ចាំស្តាប់ការបកស្រាយរបស់យើងណា។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment