ផ្សិតចំបើង សេចក្តីផ្តើម : ផ្សិតចំបើងជាបន្លែសំខាន់សម្បូរជីវជាតិ សម្រាប់បង្កើនមុខម្ហូប អាហារធានាបាននូវសុខមាលភាព មនុស្សយ៉ាងល្អប្រពៃ និងកម្លាំង | ||||
មាំមួនថែមទៀតជាពិសេសងាយស្រួលលក់ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារប្រជា កសិករ។ ១.ការជ្រើសរើសទីតាំងភូមិសាស្រ្ត : -ក្នុងការបណ្តុះផ្សិតចំបើង ចាំបាច់យើងត្រូវជ្រើសរើសទីកន្លែងបណ្តុះឱ្យបានល្អដើម្បីឱ្យ ផ្សិតដុះលូត លាស់ និងទទួលបានទិន្នផលខ្ពស់គឺ : -ដីស្ងួតមិនជាំទឹក គ្មានសត្វល្អិតបំផ្លាញ -មានពន្លឺថ្ងៃគ្រប់គ្រាន់នៅរដូវវស្សា -នៅរដូវប្រាំងត្រូវឱ្យមានម្លប់ឈើងាយស្រួលបណ្តុះផ្សិត -រដូវប្រាំងការដាំដុះដំណាំផ្សិត ទទួលនូវការលូតលាស់ល្អ។ ២.ការជ្រើសរើសសម្ភារៈ និងវត្ថុធាតុដើម : ២.១ សម្ភារៈ : ការបណ្តុះផ្សិតចំបើងចាំបាច់ត្រូវមានសម្ភារ:គ្រប់គ្រាន់ក្នុងការបណ្តុះ ផ្សិតដូចជា : -កាំបិត ពូថៅ ចបកាប់ កណ្តៀវ កន្ត្រៃ ។ល។ -ប៉ោតចំពួយផ្កាឈូក -កំបោររស់ -ក្រណាត់កៅស៊ូ ឬ ស្លឹកកណ្តប -ក្រដាសវាស់ ph ២.២ វត្ថុធាតុដើមចំបើង ឬ គល់ជញ្រាំង: ២.៣ ការថែទាំវត្ថុធាតុដើម : -ការថែទាំវត្ថុធាតុដើមទុកនេះ ជាការងារមួយមានសារ:សំខាន់ណាស់ដល់ប្រជាកសិករ ដែលប្រកបមុខរបរនោះ។ -ចំបើងត្រូវយកមករៀបគរជាស្នឹម មុនពេលយកមកប្រើ ពេលប្រើត្រូវបកយកស្រទាប់ ខាងលើចោល។ ៣.ឥទ្ឋិពលលើការបណ្តុះផ្សិតចំបើង : -គេបណ្តុះផ្សិតចំបើងនៅកណ្តាលវា ឬ ម្លប់ក៏បាន ដោយយោងទៅតាមការនិយម របស់អ្នកបណ្តុះ -ចំពោះរដូវក្តៅគួរបណ្តុះក្នុងទីម្លប់ ឬ ធ្វើដំបូលក៏បាន -ការរៀបចំដីសម្រាប់បណ្តុះវាជាការងារសំខាន់ ព្រោះផ្សិតដុះដោយសារដីមានជីជាតិ ៣០ភាគរយនិង ដុះពីចំបើង ៦០ភាគរយ -ចំពោះរដូវក្តៅ ផ្សិតដុះដោយសារដីកាន់តែច្រើនឡើងព្រោះដីបានផ្ទុកអាហារផ្សេងៗ សម្រាប់ផ្តល់ឱ្យផ្សិត។ ៤.ការកំចាត់សត្វល្អិតនៅក្នុងដី : -ការកំចាត់ពពួកសត្វល្អិត គឺកំចាត់ទៅតាមលក្ខណ:បច្ចេកទេសសាមញ្ញ ឬទៅតាម លក្ខណ:វិទ្យាសាស្រ្តទំនើប។ ៤.១ ពពួកសត្វល្អិតក្នុងដីមាន : -ស្រមោច កណ្តៀរ ជន្លេន ដង្កូវនាង ៤.២ វិធានការកំចាត់និងការពារ : វិធានការនេះមានលក្ខណៈខុសប្លែកៗគ្នាទៅតាមបច្ចេកទេសដូចជា: -ចំពោះដីណាដែលត្រូវការដាំដំណាំផ្សិត គេត្រូវមានវិធីការពារដីនោះ កុំឱ្យមានសត្វ ល្អិតរស់នៅ ឬមានមេរោគ ដូច្នេះចំាបាច់ត្រូវការពាជាមុន មុននឹងដំាផ្សិតចំបើង គេត្រូវភ្ជួរដី នោះហាលពី ២-៣ថ្ងៃ ហើយបញ្ចូលទឹក ៣-៤ ថ្ងៃទើបបង្ហូរទឹកចេញវិញ ធ្វើរបៀបនេះទើប អាចការពារដីនោះបានកុំឱ្យមានសត្វល្អិតរស់នៅ ឬមានរោគ ដូច្នេះចាំបាច់ត្រូវការពារជា មុន។ វិធីនេះជាការងារងាយបំផុត ហើយពុំសូវអស់ប្រាក់ដែលយើងត្រូវចំណាយទៅលើថ្នាំ ពុល។ -ប្រើកំបោរស់ជាប្រភេទកំបោរម្យ៉ាង សម្រាប់បំបាត់សត្វល្អិតទាំងនោះបានដែរហើយ មិនប៉ះពាល់ដល់មនុស្សយើងផង ការប្រើម្សៅកំបោរនេះគេប្រើទៅលើដីផង និងនៅពេល លាយជ្រលក់ចំបើងផង ការអនុវត្តិន៍ដាំផ្សិតនេះគេត្រូវការកំបោររស់ជាចាំបាច់ណាស់។ ៥.ការៀបចំដីបណ្តុះផ្សិតចំបើង : -កាប់ដីឱ្យបានជម្រៅ ១០ ស.ម -២០ ស.ម -ហាលដី ២-៣ ថ្ងៃ បំបែកដីឱ្យតូចៗល្មម -នៅរដូវវស្សាយើងគួរលើករងឱ្យបានកម្ពស់ ១៥ ស.ម - ២០ ស.ម ៦.ទឹកដែលត្រូវប្រើក្នុងការបណ្តុះផ្សិតចំបើង : -ជាទូទៅទឹកដែលត្រូវប្រើស្រោចបន្លែបាន ក៏អាចស្រោចផ្សិតបានដែរដូចជាប្រឡាយ ដ្លុក ត្រពាំងបឹង អូ ជាដើម ជៀសវាងប្រើទឹកអណ្តូង ដែលមានជាតិរ៉ែផ្សេងៗដែលនាំឱ្យផ្សិត ដុះលូតលាស់មិនបានល្អ។ ៧. ការជ្រើសរើសមេផ្សិតចំបើង : -មេផ្សិតដែលល្អមានក្លិនក្រអូបដូចផ្សិតចំបើងពីតូច -ថង់មេផ្សិតជាប់លាប់ល្អ មិនរហែក -ថង់មេផ្សិតមានដុះសរសៃសៗ ដូចសរសែអំបោះ។ ៨.របៀបរៀបរងបណ្តុះផ្សិតចំបើង : ដំណាក់កាលទី ១ ៖ -ទទឹងរង ០.៦០ ម៉ែត្រ ទៅ ០.៧០ ម៉ែត្រ -ចន្លោះរងសម្រាប់ដើរថែទាំនិងស្រោចទឹកពី ០.៥០ ម៉ែត្រ ទៅ០.៧០ ម៉ែត្រ -បោះបង្គោលក្បាលនៅសងខាងរងដើម្បីទប់ចំបើង ដំណាក់កាលទី ២ ៖ -យកចំបើង ឬ គល់ជញ្ជ្រាំងដែលបានសម្រាំងទុកជ្រលក់ទឹកឱ្យជោគល្អ ឬដាក់ត្រាំទឹក រយៈពេល ៦.១២ ម៉ោង រួចស្រង់ចេញពីទឹក យកមកតម្រៀបដោយផ្ទុយគ្នាក្បាលកណ្តាប់ ចេញក្រៅ។ -ពេលយើងរៀបមួយស្រទាប់ហើយត្រូវស្រោចទឹកបណ្តើរ ជាន់បណ្តើរឱ្យហាប់ -យកមេផ្សិតដែលបានសម្រាំងទុកឈ្លីឱ្យម៉ដ្ឋយកមករោយតាមបណ្តោយរងដោយ ឃ្លាតចេញពីគល់កណ្តាប់ពី ៥ស.ម ទៅ ៧ស.ម ត្រូវប្រើមេផ្សិតពី ២ កញ្ចប់ (លើរង មានបណ្តោយ ៥ម) -បន្ទាប់ពីមករោយអាហារបន្ថែមពីលើមេផ្សិតទៀត អាហារបន្ថែមនោះប្រើ ១ម2= ១ គីឡូក្រាម (ស្ងួតនិងរាយល្អ ដែលត្រៀមទុកមួយសប្តាហ៍មុន)។ ដំណាក់កាលទី ៣ ៖ -បន្ទាប់ពីរោយមេផ្សិតហើយ យើងយកចំបើងជ្រលក់ទឹកឱ្យជោគ រួចយកទៅតំរៀបពី លើធ្វើសកម្មភាពដូចសើទីមួយដែរ ត្រូវបន្ថយក្បាលកណ្តាប់ចូលទៅក្នុងបន្តិចប្រមាណពី ៥ ស.ម ទៅ៧ស.ម នៅសង្ខាងរងជុំវិញ (រក្សាកម្ពស់ដដែល)។ -ការជាន់ និង ស្រោចទឹកធ្វើតាមលក្ខណ:ដូចខាងលើក្រោយពីធ្វើសកម្មភាពរួចហើយ ត្រូវយកមេផ្សិត និងអាហារបន្ថែមមករោយពីលើជាការបញ្ចប់ នៅលើសើទី ២ នៅសើទី២ នេះត្រូវប្រើមេទ្វជាពីរស្មើ ៤ កញ្ចប់លើរងប្រវែង ៥ម។ ដំណាក់កាលទី ៤ ៖ -ក្នុងដំណាក់កាលចុងក្រោយនេះយកចំបើងរៀបដូចនៅសើទី១ និងទី២ ដែរការបន្ថយ ក្បាលកណ្តាប់ធ្វើដូចនៅសើទី២ -ប៉ុន្តែនៅជាន់ទី៣ ជៀសវាងការដាក់ចំបើងក្រាស់ពេក នាំឱ្យផ្សិតដុះពុំរួច -ការស្រោចទឹក និងជាន់បង្ហាប់ធ្វើរបៀបដដែលៗ -រោយមេផ្សិតចំពីលើរង តែម្តង ទុកសង្ខាងរងឱ្យសល់ ៥ ស.ម (ប្រវែងបណ្តោយរង ៥ម = ៤កញ្ចប់)។ -រាយមេផ្សិតរួចហើយត្រូវយកចំបើងមកតម្រៀបពីលើរងដោយដាក់បណ្តោយរង កម្រាស់ ៥ស.ម -៧ស.ម។ -ក្រោយពេលរៀបចំសព្វគ្រប់ត្រូវទុកចោលរយ:ពេល ២.៣ថ្ងៃ ដោយឥតគិតពីថ្ងៃចាប់ ផ្តើម។ ៩.របៀបគ្រងចំបើងដុត : -បន្ទាប់ពីបានទុកចោលក្នុងរយ:ពេល ២-៣ថ្ងៃ មកនៅថ្ងៃទៅ៣ យើងត្រូវយកចំបើង ស្ងួតមកជជុះគ្របពីលើផ្ទៃរង ទាំងមូលឱ្យជិតសព្វកន្លែងកម្រាស់ពី ៥ស.ម -៧ស.ម រួច ចាប់ផ្តើមដុតពីក្រោមខ្យល់ (ដុចចំនួន៣កន្លែង ក្នុង១រង) គឺក្បាលរង កណ្តាល និង ចុង រង ដុតរួចត្រូវទុកចោលរយ:ពេល ១ថ្ងៃ។ ថ្ងៃបន្ទាប់បោះផេះចេញឱ្យស្អាតប្រសិនបើកន្លែងខ្លះមានផេះក្រាស់ពេកត្រូវបោសចេញ ឱ្យស្មើសព្វរង។ បន្ទាប់ពីបោសផេះ រួចទុកចោលមួយថ្ងៃ នៅថ្ងៃបន្ទាប់ស្រោចទឹកជាន់ឱ្យ ហាប់ ដោយប្រើកំបោររស់ចំនួន ០.៥គីឡូក្រាម ជាមួយទឹក ១០០លីត្រ ស្រោចពីលើរងយក ជីអ៊ុយរ៉េ ០.១០គក្រ លាយទឹក១០ប៉ោតផ្កាឈូកហើយស្រោចទឹកធម្មតាបន្ថែមទៀត។ ជជុះ ចំបើងស្ងួតគ្របពីលើរងឱ្យជិតកម្រាស់ ៧.១០ស.ម កាគ្របរងមានលក្ខណៈ ៤យ៉ាង ៖ ១. គេយកចំបើងគាបដោយឬស្សីធ្វើដូចថែសម្រាប់គ្រប ២. គេយកកណ្តាប់ដាក់ជាបញ្ឈរផ្អែកផ្ទប់គ្នាឱ្យជិតជុំវិញរង ៣. គេយកចំបើងជជុះរោយរាយគ្របតែម្តង ៤. គេយកកៅស៊ូប្លាស់ស្ទិកពណ៌សស្រអាប់គ្រប់ផ្ទាល់រងហើយ គ្របថែមពីលើ។ ១០.វិធីធ្វើជីកំប៉ុស្តសម្រាប់ផ្ត់អាហារផ្សិត : -ការផ្សំចំណីអាហារបំប៉នការផ្សំចំណីសម្រាប់ជំនួយដល់ការបណ្តុះផ្សិតជាការងារចាំ បាច់សម្រាប់ធ្វើឱ្យកើនទិន្នផល ជាងការដែលមិនដាក់ជីកំប៉ុស្ត។ -យើងអាចលៃលកផ្សំចំណីដោយខ្លួនយើងបាន ពីព្រោះនៅក្នុងស្រុកយើងមានវត្ថុធាតុ ទាំងនេះ ងាយនឹងរក។ ក្នុងការផ្សំចំណីអាហារត្រូវប្រើវត្ថុធាតុដូចខាងក្រោម : របៀបទី ១ ៖ -អាចម៍សេះស្ងួត ២០ គក្រ ច្របាច់ហាលឱ្យស្ងួត -អាចម៍គោស្ងួត ២០ គក្រ ច្របាច់រាយហាលឱ្យស្ងួត -កំប្លោកស្ងួត ១២ គក្រ ចិញ្ច្រាំឱ្យម៉ដ្ឋហាលឱ្យស្ងួត -ដើមថ្នាំជក់ស្ងួត ១០ គក្រ ចិញ្ច្រាំឱ្យម៉ដ្ឋហាលឱ្យស្ងួត -សំបកផ្លែឈូក ១៥ គក្រ ចិញ្ច្រាំឱ្យម៉ដ្ឋហាលឱ្យស្ងួត -ស្នូលផ្លែគទុំស្ងួត ៥ គក្រ បុកឱ្យម៉ដ្ឋហាលឱ្យស្ងួត ការផ្អាប់ -យើងត្រូវយកវត្ថុធាតុខាងលើដោយច្របល់ចូលគ្នាអោយសព្វ ហើយគ្របទុករយៈពេល ៧-១៥ ថ្ងៃមុននឹងយកទៅប្រើប្រាស់ របៀបទី២ ៖ -យើងយកអង្ករដំណើប ០.៥គក្រ ត្រាំទឹករយៈពេល២ម៉ោងហើយស្រង់ហាលឱ្យស្ងួត រួចបុក ឬ កិនឱ្យម៉ដ្ឋ -មេដំបែស្រា ១ ខាំ កិនឱ្យម៉ដ្ឋហើយលាយបញ្ចូលគ្នាជាម្សៅដំណើបហើយច្របល់ ជាមួយនឹងមេផ្សិត(វត្ថុធាតុនេះលាយជាមួយនឹងមេផ្សិត ១២ កញ្ចប់)។ ១១.ការថែទាំ : មាន ២ របៀប : របៀបទី ១ ៖ បន្ទាប់ពីស្រោចទឹក ជាន់ឱ្យហាប់ ដុតរួចគ្របចំបើងស្ងួតយកកៅស៊ូប្លាស់ស្ទិកពណ៌ស គ្របលើរងផ្សិតហើយគ្របថែមពីលើទៀត ធ្វើដូចដំបូលទូកគិតពីរៀបមកបាន ៩ថ្ងៃ យើង មើលឃើញនូវសរសៃប្រទាក់គ្នាពណ៌ស ប្រផេះ ដូចសម្បុកពីងពាង នៅពេលនេះយើង ពិនិត្យមើល បើកន្លែងណាដែលមានសភាពស្ងួត ហើយនៅលើផ្លាស់ស្ទិកគ្មានជាតិញើស ត្រូវស្រោចទឹកលើរងដែលគ្មានញើស រួចគ្របកៅស៊ូវិញ ហើយបង្ហើបកៅស៊ូផ្នែកខាងក្រោម កម្ពស់ ៥ ស.ម ដើម្បីឱ្យមានខ្យល់ចេញចូលបានល្អ ពិនិត្យមើលផ្សិតជាប្រចាំ ប្រសិនបើ នៅលើរងផ្សិតមានដូចពងត្រីពណ៌សៗ ត្រូវបន្ថយការស្រោចទឹក ព្រោះបើយើងស្រោចទឹក ជ្រុលបណ្តាលឱ្យរលួយខូចកូនផ្សិត។ របៀបទី ២ ៖ យើងស្រោចទឹកមួយថ្ងៃម្តង តែប្រសិនបើយើងស្រោចទឹកនៅពេលព្រឹកគឺយើងស្រោច នៅពេលព្រឹករហូត បើសិនជាយើងស្រោចនៅពេលល្ងាច គឺត្រូវស្រោចពេលល្ងាចរហូត លុះ ដល់ពេលប្រមូលផល ការស្រោចនេះគឺស្រោចឱ្យស្មើរដៃជៀសវាងស្រោចម្តងព្រឹក ម្តងល្ងាច នាំឱ្យសំណើមមិនមានភាពទៀងទាត់នៅក្នុងរងផ្សិត។ ពេលផ្សិតដុះបានប៉ុនចុងចង្កិះ យើង ត្រូវប្តូរចំបើងគ្របចេញ បើគ្មានចំបើងយើងគ្រាន់តែត្រឡប់វាក៏បាន។ ការស្រោចនេះ យើង ត្រូវពិនិត្យសំណើមក្នុងរងផ្សិត ប្រសិនបើក្នុងរងផ្សិតមានសំណើមខ្ពស់យើងត្រូវផ្អាកការ ស្រោចទឹក។ ១២.ការប្រមូលផល : -ផលិតកម្មផ្សិតត្រូវបានប្រមូលផលជាបន្តរបន្ទាប់ភាគច្រើនអនុវត្តន៍នៅពេលព្រឹកមុន ម៉ោង ៨ ពេលបេះផ្សិតត្រូវគ្របចំបើងពីលើរងវា ដើម្បីឱ្យផ្សិតលូតលាស់ផ្តល់ជាបន្តបន្ទាប់ ទៀត។ -គួរប្រមូលផលផ្សិតក្នុងលក្ខណ:ដែលផ្សិតនៅក្រពុំល្អ មានក្បាលស្រួចមុនពេលក្បាល ផ្សិតដុះចេញពីស្រោម។ កំណត់សំគាល់ -ពេលព្រឹកស្រោចទឹកនៅម៉ោង ៨ -បើស្រោចល្ងាចត្រូវស្រោចនៅម៉ោង ៥ ពេលផ្សិតចេញបិចពន្លក (ដូចពងត្រី) ត្រូវយកចំបើងពីលើរងចេញខ្លះ ដើម្បីបន្ថយ សីតុណ្ហភាពដែលអាចឱ្យផ្សិតធ្វើការដុះលូតលាស់បានល្អ។ នៅពេលចាប់ផ្តើមប្រមូលផល មិនត្រូវស្រោចទឹកច្រើនពេកទេ នាំឱ្យខូច ឬ រលួយ។ ១៣.ការកែច្នៃផលិតផលផ្សិត របៀបកែច្នៃមាន ២ យ៉ាងដូចខាងក្រោម : ១៣.១.ធ្វើជាផ្សិតស្ងួត : -លាងផ្សិតឱ្យស្អាត -ត្រាំក្នុងទឹកអំបិលដែលកំពុងពុះរយ:ពេល ៣-៤ នាទី -ស្រង់ឡើងហើយច្រោះ និងដាក់ហាលថ្ងៃឱ្យផ្សិតស្ងួតល្អ -ទុកនៅកន្លែងស្អាតដោយគ្របការពារពីស្រមោច និងសត្វល្អិត ១៣.២ ធ្វើជាផ្អកផ្សិត : -លាងឱ្យស្អាត -រៀបចំលាយទឹកអំបិលដោយផ្សំទឹក ១លីត្រ លាយអំបិល ៩០០ក្រាម រួចដាំឱ្យពុះ -ដាក់ផ្សិតចូលក្នុងទឹកពុះរយៈពេល ៨នាទី រួចយកចេញពីភ្លើង -យកទៅចាក់ក្នុងពាង ឬ ក្រឡ ហើយគ្របឱ្យជិតល្អ ជៀសវាងកុំឱ្យប៉ះពន្លឺ -ការធ្វើបែបនេះ អាចទុកប្រើប្រាស់បាន ៦ខែ នៅពេលណាចង់ទទួលទានត្រូវបន្សាប អំបិលជាមុនសិន។ ជាទូទៅបងប្អូនប្រជាកសិករតែងតែយល់ថា កាកែច្នៃផ្សិតនាំឱ្យអស់រសជាតិ។ ជាការ ពិតណាស់ វាក៏អាស្រ័យទៅលើគុណភាពនៃការកែច្នៃដែរ៕ ម្យ៉ាងទៀតការកែច្នៃរបៀបនេះ មិនប៉ះពាល់ដល់ជីវជាតិឡើយផ្ទុយទៅវិញគឺទុកសម្រាប់ ធ្វើជាអាហាររបស់បងប្អូនបរិភោគបានយូរទៀតផង។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment