ការសិក្សាថ្មីដែលធ្វើឡើងដោយមជ្ឈមណ្ឌលការពារ និងទប់ស្កាត់ជំងឺ នៃសហរដ្ឋអាមេរិក បានរកឃើញថា មានការកើនឡើងដល់ទៅ ៣៧ភាគរយនៃអត្រាជំងឺស្រ្ដូកចាប់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ២០០៨ ចំពោះកុមារ ក្មេងជំទង់ និងមនុស្សពេញវ័យ នៅសហរដ្ឋអាមេរិក។
អ្នកដឹកនាំការស្រាវជ្រាវនេះ ដែលមានឈ្មោះថា វេជ្ជបណ្ឌិត Mary G. George បានបញ្ជាក់ថា ដើម្បីចេញជាលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវទាំងអស់ បានធ្វើការវិភាគលើទិន្នន័យជាតិដែលយកបានពីមន្ទីរពេទ្យនៃអ្នកជំងឺដែលមានអាយុពី ១៥ ដល់៤៤ឆ្នាំ ចន្លោះឆ្នាំ ១៩៩៥ ដល់ឆ្នាំ២០០៨។
ជាលទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលកើតជំងឺស្រ្ដូកទាំងពីរភេទ នៅគ្រប់ក្រុមអាយុមានការកើនឡើងទាំងអស់ លើកលែងតែក្រុមក្មេងស្រី ដែលមានអាយុពី ៥ទៅ ១៤ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះទេ ជំងឺស្រ្ដូកបានកើនឡើងដល់ទៅ ៥០ភាគរយចំពោះបុរសដែលមានវ័យ ៣៥ឆ្នាំ ដល់ ៤៤ឆ្នាំ ខណៈដែលមានការកើនឡើងចំនួន ៤៦ភាគរយចំពោះមនុស្សប្រុសដែលមានអាយុ ១៥ ទៅ ៣៤ឆ្នាំ និងកើនឡើង ៥១ភាគរយចំពោះក្មេងប្រុសអាយុ ៥ឆ្នាំ ដល់ ១៤ឆ្នាំ។
ចំពោះស្រ្ដីវិញក៏មានការកើនឡើងដែរ តែមិនសូវច្រើនដូចក្រុមបុរសនោះទេ ពោលគឺ ស្រ្ដីដែលមានវ័យពី ៣៥ឆ្នាំ ដល់៤៤ឆ្នាំ មានការកើនឡើងជំងឺស្រ្ដូក ២៩ភាគរយ ស្របពេលដែលមនុស្សស្រីដែលមានអាយុ ១៥ឆ្នាំ ដល់ ៣៤ឆ្នាំ មាន២៣ភាគរយ និងក្មេងស្រីដែលមានអាយុ ៥ឆ្នាំ ទៅ១៤ឆ្នាំ មានការកើនឡើងតែ ៣ភាគរយប៉ុណ្ណោះ។
ក្រៅពីរកឃើញជំងឺស្រ្ដូក ក្រុមអ្នកស្រាវជ្រាវក៏បានសង្កេតឃើញដែរថា អ្នកដែលមានអាយុ ១៥ ដល់៣៤ឆ្នាំ មាន៣៣ភាគរយ មានជំងឺលើសឈាម និងអ្នកមានអាយុ ៣៥ទៅ ៤៤ឆ្នាំ មាន៥០ភាគរយ។ បន្ថែមលើនេះទៀត អ្នកដែលមានអាយុ ៣៥ ទៅ៤៤ឆ្នាំ នៃអ្នកទាំងនោះ មាន ២៥ភាគរយ កើតជំងឺទឹកនោមផ្អែម។
ហេតុអ្វីបានជាក្មេងៗកើតជំងឺស្រ្ដូក?
បើយោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ហេតុផលចម្បងបំផុតដែលធ្វើឲ្យក្មេងៗកើតជំងឺស្រ្ដូក គឺបណ្ដាលមកពីទង្វើខុសឆ្គងដែលពួកគេកំពុងតែប្រព្រឹត្ត ដែលមានដូចជា ញ៉ាំអាហារខ្វះជីវជាតិ ការធាត់លើសទម្ងន់ ការខ្វះការហាត់ប្រាណ និងការផឹកគ្រឿងស្រវឹងច្រើនលើសលប់។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment