ខណៈដែលការជក់បារី ត្រូវបានគេដឹងគ្រប់គ្នាថា ជាការបង្កឲ្យកើតជំងឺមហារីកទៅហើយនោះ ការស្រាវជ្រាវថ្មីមួយរបស់អាមេរិកបានបង្ហាញឲ្យឃើញថា ការជក់បារីនៅពេលព្រឹកព្រលឹម នឹងអាចបង្កើនហានីភ័យនៃជំងឺមហារីកកាន់តែខ្លាំងទៀត។
ការសិក្សាថ្មីនេះ បានរកឃើញថា អ្នកជក់បារីដែលជក់បារីនៅក្រោយពីភ្ញាក់ពីដំណេក៣០នាទី នឹងធ្វើឲ្យពួកគេត្រូវប្រឈមជាមួយនឹងគ្រោះថ្នាក់នៃជំងឺមហារីកជាច្រើនដូចជា ក្បាល ក និងសួត។
ការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Penn State College of Medicine នៃសហរដ្ឋអាមេរិក បានធ្វើការត្រួតពិនិត្យលើកំណត់ត្រានៃការសិក្សាពីមុនចំនួនពីរផ្សេងគ្នា ដែលធ្វើឡើងចន្លោះឆ្នាំ ១៩៧៧ និង១៩៩៩ ដែលរួមមានអ្នកជក់បារីជាប្រចាំចំនួន ៩៤០០នាក់។
ជាលទ្ធផល បានបង្ហាញថា
អ្នកជក់បារី ដែលចាប់ផ្ដើមជក់បារី១ដើមដំបូង នៅរយៈពេលចន្លោះពី ៣១នាទី ទៅ៦០នាទីក្រោយពីភ្ញាក់ពីដំណេក មានអត្រាកើតជំងឺមហារីកសួត ១,៣១ដងលើសអ្នកដែលចាប់ផ្ដើមជក់ក្នុងរយៈពេល១ម៉ោងក្រោយពីភ្ញាក់ពីដេក។កាន់តែធ្ងន់ធ្ងរជាងនេះទៀត ហានីភ័យខ្ពស់បំផុតនៃការវិវឌ្ឍទៅរកជំងឺមហារីកសួត គឺចំពោះអ្នកដែលជក់នៅរយៈពេលកន្លះម៉ោងដំបូងបន្ទាប់ពីភ្ញាក់ពីដំណេក ពោលគឺមានអត្រាដល់ទៅ ១,៧៩ដងលើសអ្នកឯទៀត។
ចំណែកឯមហារីក ក្បាល និង ក វិញ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលជក់នៅរយៈពេល ៣១នាទី ទៅ៦០នាទីក្រោយពីភ្ញាក់ពីដំណេក មានអត្រាគ្រោះថ្នាក់ ១,៤២ដង លើសអ្នកដែលជក់ក្នុងរយៈពេលលើសពីមួយម៉ោងក្រោយពីភ្ញាក់។ មិនខុសពីមហារីកសួតនោះទេ អ្នកដែលជក់នៅរយៈពេល៣០នាទីដំបូង មានអត្រាគ្រោះថ្នាក់ខ្លាំងជាងគេ ពោលគឺមានអត្រាគ្រោះថ្នាក់នៃជំងឺមហារីក ក្បាល និងក ដល់ទៅ ១,៥៩ដងលើសអ្នកដែលចាំជក់ក្រោយពីរយៈពេលមួយម៉ោង។
សូមបញ្ជាក់ប្រាប់ប្រិយមិត្តផងដែរថា ការសិក្សាស្រាវជ្រាវនេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Joshua Muscat មកពីសាកលវិទ្យាល័យ Penn State College of Medicin សហរដ្ឋអាមេរិក ចំណែកឯលទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តិបត្រជំងឺមហារីក។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment