អត្ថបទថ្មីៗ :

គន្លឹះបីយ៉ាងក្នុងការដោះស្រាយបញ្ហាប្រច័ណ្ឌ

Wednesday, December 7, 2011

បុរស​ប្រ​ច័ណ្ឌ​ស្រ្ដី​
សុភា​សិត​ខ្មែរ​មួយ​ឃ្លា​បាន​ពោល​ថា “ប្រ​ច័ណ្ឌ​ព្រោះ​ស្រឡាញ់” ពិ​ត​ជា​ត្រឹម​ត្រូវ​ណាស់ ប៉ុន្ដែ​ការ​ប្រ​ច័ណ្ឌ​នេះបែរ​ជា​ក្លាយ​ទៅ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដែល​នាំ​ឲ្យដៃ​គូ​ស្នេហា​បែក​បាក់គ្នា​ទៅ​វិញ។ តើ​អ្វីទៅ​ជា​ការ​ប្រ​ច័ណ្ឌ? ហើយ​តើ​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រ​ច័ណ្ឌ​នេះ បាន​ដោយ​របៀប​ណា? ថ្ងៃ​នេះ ខ្មែរ​សារិកា​នឹង​ពាំ​នាំ​ចម្លើយ​មក​ជួន​លោក​អ្នក​។
យោង​តាម​លោក​បណ្ឌិត ស្កុត​ ហាល​មែន (Scott Haltzman) ដែលជា​អ្នក​និពន្ធ​សៀវ​ភៅ​ស្នេហា​ជា​ច្រើន​​នោះ បាន​ឲ្យ​និយម​ន័យ​ការ​ប្រ​ច័ណ្ឌថា ការ​ភ័យ​ខ្លាច ឬ​បារម្ភ​ថា​អ្នក​ដែល​យើង​ស្រឡាញ់​ ត្រូវ​បាន​លួច​ចាប់​ចិត្ត​ប្រ​តិព័ត្យ​ដោយ​អ្នក​ដទៃ​។ អារម្មណ៍​បែប​នេះ​ គឺ​ជា​អារម្មណ៍​ដែល​ខ្លាច ​អ្នក​ដែល​នៅក្នុង​បេះ​ដូង​យើង​ ត្រូវ​បាន​គេ​ឆក់​យក​ទៅ​បាត់​។
ខាង​ក្រោ​មនេះ គឺ​ជា​គន្លឹះ​សំខាន់​ចំនួន​បី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រ​ច័ណ្ឌ​៖
១- ស្មោះ​ត្រង់​នឹង​ខ្លួន​អ្នក : លោក​បណ្ឌិត Ish Major ដែល​ជា​អ្នក​ជំនាញ​ខាង​ស្នេហា​ម្នាក់​ដែរ​នោះ បាន​ឲ្យ​យោបល់​ថា​ អ្នក​គួរ​តែ​និយាយ​ចេញ​ឲ្យ​គេ​ដឹង​ ដូច​ជា​ប្រាប់​ទៅ​មិត្ត​ភក្ដិ​ដែល​អ្នក​ទុក​ចិត្ត​បំផុត ឬ​ក៏​សាច់ញាតិ​ក្នុង​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ប្រ​ច័ណ្ឌ។ ចូរ​កុំលាក់​ទុក​អារម្មណ៍​នេះ ឲ្យ​នៅ​ជាប់​នឹង​ខ្លួន​អ្នក​រាប់​ខែ​រាប់​ឆ្នាំ​ឲ្យ​សោះ​។ ពេល​ខ្លះអ្នក​គ្រាន់​តែ​អង្គុយ​ចុះ​ ហើយ​សរសេរ​វា​ចូល​ទៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​របស់​អ្នក​ក៏​អាច​ជួយ​អ្នក​ឲ្យ​ធូរ​ស្បើយ​បាន​ដែរ​។ កា​រ​បញ្ចេញនូវ​អារម្មណ៍​នេះមក​ក្រៅ​អាច​ឲ្យ​អ្នក​គិត​បាន​កាន់​តែ​ច្បាស់​លាស់ឡើង​វិញ​។ ឧទាហរណ៍ បុរស​ម្នាក់​បាន​គិត​ថា​ ប្រ​ពន្ធ​គេ​គួរ​តែត្រ​ឡប់​មក​ពី​ហាង​ទំនិញ​វិញ​កាល​ពី​២០នាទីមុន ប្រ​ហែល​ជា​នាង​កំពុង​តែ​ត្រូវ​បាន​ញ៉ែ​ដោយ​អ្នក​គ្រប់​គ្រង​ហាង​ហើយ​។ បុរស​ក្នុង​ឧទាហរណ៍​នេះស្រមើ​ស្រម៉ៃ​ទៅ​រកផ្លូវ​អាក្រក់​ ដោយ​មិន​បាន​គិត​អ្វី​ល្អ​បន្ដិច​សោះ​ក្នុង​ពេល​គាត់​ខឹង​មួយ​ឆាវ​នេះ តែ​បើ​គាត់​គិត​ឲ្យ​បាន​យូរឡើង​វិញ​ គាត់​នឹង​នឹក​ឃើញ​នូវ​អ្វី​ដែល​ល្អ​ជា​ង​នេះ។
២- បង្ហាញ​នូវ​អារម្មណ៍​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ : លោក​បណ្ឌិត​ដដែល​បាន​និយាយ​ថា ការ​ប្រ​ច័ណ្ឌ​គឺ​ជា​អាវុធ​មុខ​ពីរ​ មុខ​ទី​មួយគឺ​​ដៃ​គូអ្នក​អាច​គិត​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ពីនាង ទើប​ប្រ​ច័ណ្ឌ និង​មុខ​ទី​២​គឺ​ដៃ​គូ​អ្នក​អាច​គិត​ថា​អ្នក​មិនទុក​ចិត្ត​នាង។ ​អ្នក​ត្រូវបញ្ចេញ​អារម្មណ៍​របស់​អ្នក​កុំ​ឲ្យ​ហួស​ព្រំដែន ដូច​ជា​អ្នកមិនគួរ​​​និយាយ​ទៅ​កាន់​ដៃ​គូទាំង​ខឹង​​ថា “បង​ពិ​ត​ជា​ប្រ​ច័ណ្ឌ​ខ្លាំង​ណាស់​ ពេល​បង​ឃើញ​អូន​ឯង​ចំណាយ​ពេល​នៅជា​មួយអា​​ម្នាក់​នោះ” ក្នុង​ន័យ​ដដែល​អ្នក​គួរ​តែ​ជំនួស​មក​វិញដោយ​និយាយ​ថា “បង​ទទួលស្គាល់​ថា​បង​ដូច​ជា​ប្រ​ច័ណ្ឌ​បន្ដិច​ដែរ​ នៅពេល​បង​ឃើញ​អូន​ទៅ​មើ​ល​កុន​ជា​មួយ​ម្នាក់​នោះ​”។ អ្នក​មិន​គួរ​បញ្ចេញ​កំហឹង​ទល់​កំហល់​នោះ​ទេ​។ វា​មិន​មាន​ប្រ​យោជន៍​នោះ​ទេ​ ក្នុង​ការ​បញ្ចេញ​នូវ​ភា​ព​ខឹ​ងក្រេវ​ក្រោធបែប​នេះ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​។
៣- ប្រ​សិន​បើ​អ្នក​មិន​មាន​អារម្មណ៍​ប្រ​ច័ណ្ឌ​ ចូរ​កុំ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ប្រ​ច័ណ្ឌ : មា​ន​មនុស្ស​ស្រី​ខ្លះ​មាន​អារម្មណ៍​ថា​អស្ចារ្យ​ណាស់​នូ​វពេល​ដែល​ដៃ​គូ​របស់​នាង​ប្រ​ច័ណ្ឌ​។ ដៃ​គូ​របស់​អ្នក​នឹង​គិត​ថា​ អ្ន​ក​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ ហើយ​​​ស្រឡាញ់​នាងខ្លាំង​​។ ប្រ​សិន​បើ​អ្នក​មិនមាន​អារម្មណ៍​ប្រ​ច័ណ្ឌ​សោះ ក៏​គួរ​បន្លំ​ធ្វើ​ជា​ប្រ​ច័ណ្ឌ​ខ្លះដែរ​ ដើម្បី​កុំ​ឲ្យ​ដៃ​គូ​របស់​អ្នកគិត​ថា​អ្នក​មិន​ខ្វល់​ពីនាង​។​ លោក​បណ្ឌិត​ជំនាញ​ខាង​ស្នេហា​​ដដែល​ ក៏​បាន​បញ្ជាក់​ទៀត​ថា ស្រ្ដី​ខ្លះ​អាច​នឹ​ងគិត​ថា​អ្ន​ក​​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ទេ បាន​ជា​មិន​ចេះ​ប្រ​ច័ណ្ឌ​អី​សោះ​អញ្ចឹង​។ ហើយ​មាន​ករណី​ខ្លះ​ទៀត​ បុរស​ដែល​ធ្លាប់​ប្រ​ច័ណ្ឌ​នឹង​ដៃ​គូ​របស់​ខ្លួន​ខ្លាំង​ បែ​រ​ជា​លែង​ប្រ​ច័ណ្ឌ​វិញនោះ គឺពិ​ត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​អាច​ឲ្យ​នាង​គិត​​ថា​ អ្នកប្ដូរ​ចិត្ត​ ឬ​លែង​ស្រឡាញ់​នាង​ដូច​មុន​ទៀត​ហើយ​។
សរុប​មក​ បើ​មិន​ចង់​ឲ្យ​ការ​ប្រ​ច័ណ្ឌ​ក្លាយ​ទៅ​ជា​មារ​មក​ពង្រាត់​ស្នេហ៍របស់​អ្នក​ទេ ចូរ​កុំ​ប្រ​ច័ណ្ឌ​ខ្លាំង​ពេកដោយ​ខ្វះ​ការ​ពិចារ​ណា និង​មិន​ត្រូវ​មិន​ប្រ​ច័ណ្ឌ​សោះ​នោះ​ទេ គួរ​បន្លំ​ធ្វើ​ជា​ប្រ​ច័ណ្ឌ​ខ្លះ​៕​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.