អត្ថបទថ្មីៗ :

៥ វិធី ទប់ទល់​​អារម្មណ៍​ខឹង​ក្រេវ​ក្រោធ

Sunday, December 18, 2011

មនុស្ស​កំពុង​ខឹង
តើ​អ្នក​ធ្លាប់​ខឹង​ដែរ​ឬ​ទេ​? មិន​បាច់​ឆ្លើយ​ ក៏​អាច​ដឹង​បាន​ថា ព្រោះ​អ្នក​ណា​ក៏​ធ្លាប់​ជួប​ប្រទះ​នូវ​អារម្មណ៍​ខឹង​ក្រេវ​ក្រោធ​នេះ​ដែរ ដោយ​គ្រាន់​តែ​ខុស​គ្នា​ត្រង់កម្រិត​នៃ​កំហឹង​តែ​ប៉ុណ្ណោះ​។ តើ​ការ​ខឹង​របស់​អ្នក​នោះធ្លាប់​ឈាន​ដល់ការ​ប្រើ​អំពើ​ហិង្សា​ ឬ​ជេរ​ប្រទេច ឬ​ក៏​ទប់​នៅក្នុង​ចិត្ត​មិន​បញ្ចេញ​ឲ្យ​អ្នក​ណា​ដឹង​?
ការ​ខឹង​ គឺ​ជា​អារម្មណ៍​មិនល្អ​ម្យ៉ាង​ ដ៏​ពុះ​កញ្ជ្រោល​ ដែល​កើត​ឡើង​ដោយ​សារ​សកម្មភាព​អ្វី​មួយ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ ឬ​អ្វី​ផ្សេង​ទៀត ហើយ​ពេល​ខ្លះ​ក៏​អាច​ចេញ​ពី​អារម្មណ៍​ស្រមើ​ស្រមៃ​ផង​ដែរ។
ប្រសិន​បើ​អ្នក​មិន​អាច​ទប់​អារម្មណ៍​ខឹង​មួយ​ឆាវ​របស់អ្នក​បាន រហូត​ឈាន​ដល់ការ​ប្រើអំពើ​ហិង្សា​ ឬ​បោក​ប្រាស់​របស់​របរ​ដែលនៅ​ជុំវិញ​ខ្លួន នោះ​ហើយ​គឺ​ជា​ផល​អាក្រក់​នៃ​ការ​ខឹង​។ ចំណុច​មិ​ន​ល្អមួយ​ទៀត​នៃ​ការ​ខឹង​ គឺ​វា​បាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​យ៉ាង​ធ្ងន់​ធ្ងរ​ ប៉ះ​ពាល់​ដល់​ការងារ​ ការ​រក​ស៊ី ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​បាត់បង់​នូវ​គុណ​ភាព​នៃ​ជីវិត​ផង​ដែរ​។
បើ​ការ​ខឹង ពិត​ជា​មាន​ផល​​មិន​ល្អ​ច្រើន​ដូច​ខាង​លើ​នេះ​មែន តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទប់​ទល់ ឬ​គ្រប់​គ្រង​អារម្មណ៍​ខឹង ប្រៀប​បាន​ទឹក​ពុះ​១០០អង្សា​​នេះ​បាន​? ចម្លើយ​គឺ​មាន​ដូច​ខាង​ក្រោម ៖
១- រាប់​ឲ្យ​បាន​ដល់​១០
ប្រសិនបើ​ទទួល​អារម្មណ៍​ខឹងក្រេវ​ក្រោធ​​នៅ​ពេល​ណា​មួយ​នោះ អ្នក​ត្រូវ​ចាប់ផ្ដើម​ដោយ​ការ​ដក​ដង្ហើម​វែង​ៗ មួយ​ៗ ហើយ​រាប់​រហូត​ដល់ ១០​។ បើ​ស្ដាប់​មើល​ទៅ​ ដូច​ជា​រាង​ចម្លែក​បន្ដិច ប៉ុន្ដែ​វា​គឺ​ជា​វិធី​ទប់​កំហឹង​មួយ​ដ៏ល្អ​ប្រសើរ​ដែលណែ​នាំដោយ​អ្នក​ជំនាញ ហើយ​វា​ក៏​ជា​វិធី​សាស្រ្ដ​មួយ​ដ៏​ពេញ​និយម​ផង​ដែរ ដែល​អាច​ជួយ​បញ្ចុះ​កម្រិត​នៃ​ការ​ខឹង​បាន​មួយ​ផ្នែក​ធំ​។ ការ​រាប់​ គឺ​អាច​ជួយ​ឲ្យអ្នក​ត្រជាក់​ចិត្ត ហើយ​នឹង​នាំអ្នក​ឲ្យ​គិត​សារ​ជា​ថ្មី​ ពោល​គឺ​មិន​មែន​ខឹង​ដោយ​ឥត​ហេតុផល​។
២- ញ៉ាំ​ទឹក​ត្រជាក់
ការ​ញ៉ាំ​ទឹក​ត្រជាក់មួយ​កែវ គឺ​ពិត​ជា​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ការ​ខឹង​បាន​ ដោយ​វា​បាន​នាំ​យក​ភាព​ត្រជាក់​ទៅ​ក្នុង​អារម្មណ៍​ដែលកំពុង​តែ​ពុះ​យ៉ាង​ក្ដៅ​គគុក​នៅ​ក្នុង​ខ្លួន​លោក​អ្នក​។ សូម​ចង​ចាំ​ថា ទឹក​ត្រជាក់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ត្រជាក់​​នោះ​ទេ ក៏​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​អ្នក​ត្រជាក់​ផង​ដែរ ទោះ​មិន​ត្រជាក់​ទាំង​ស្រុង​ ក៏​អាច​កាត់​បន្ថយ​បាន​ភាគ​ច្រើន​ដែរ​។
៣- ផ្ដោត​លើ​អ្វី​ដែល​​វិជ្ជមា​ន
នៅ​ពេល​ដែល​អារម្មណ៍​ខឹង​ បាន​កើន​ឡើង​ខ្លាំង​ទៅ​ៗ​នោះ អ្នក​ត្រូវ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​វិជ្ជមាន​។ ការ​គិត​ក្នុង​ផ្លូវ​វិជ្ជ​មាន ឬ​ធ្វើ​អ្វី​ដែល​វិជ្ជ​មាន​​ អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​រីក​រាយ ភ្លេច​អស់​នូវ​កំហឹង​ក្នុងខ្លួន​អ្នក​។ អ្នក​អាច​លេង​ជាមួយ​កូន​ៗជា​ទី​ស្រលាញ់​របស់អ្នក​ប្រសិន​បើ​មាន ឬ​ស្ដាប់​ចម្រៀង​ដែលអ្នក​ពេញ​ចិត្ត ក៏​ដូច​ជា​មើល​ខ្សែភាព​យន្ត​ និង​សកម្មភាព​ផ្សេង​ទៀត ដែល​អ្នក​ចូល​ចិត្ត​ធ្វើ ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​កំហឹង​ក្នុង​ខ្លួន​អ្នក​ចាក​ចេញ​ទៅ​ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​។
៤- រក​ពេល​ស្ងប់​ស្ងាត់ម្នាក់​ឯង
ប្រសិន​បើ​ការ​សន្ទនា​របស់​អ្នក​ជាមួយ​នឹង​អ្នក​ណាម្នាក់​ ធ្វើ​ឲ្យ​អ្នក​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​នោះ អ្នក​មិន​ត្រូវ​ឆ្លើយ​តប​វិញ​នោះទេ​។ អ្នក​ត្រូវ​ចំណាយ​ពេល​នៅ​ឲ្យ​ឆ្ងាយ​ពី​ហេតុការណ៍​នោះ និង​សម្រាក​ម្នាក់​ឯង​ដោយ​ស្ងៀម​ស្ងាត់ ដើម្បី​ពន្លត់​នូវ​អារម្មណ៍​ខឹង ដែល​កំពុង​ឆេះ​សន្ធោ​សន្ធៅ​នោះ​។
៥- ហាត់​ប្រាណ
ការ​បញ្ចេញ​សកម្មភាព​ផ្នែក​ផ្លូវ​កាយ ពោល​គឺ​ការ​ហាត់​ប្រាណ ក៏​អាច​ជួយ​ឲ្យ​អ្នក​បញ្ចុះ​កំហឹង​បាន​ដែរ។ អ្នក​អាច​ដើរ​ ឬ​រត់​យឺត​ៗ ក៏បាន​ដែរ ព្រោះ​វា​អាច​បំលែង​ការ​ខឹង​ ទៅ​ជា​សកម្មភាព​នៃ​ការ​ហាត់​ប្រាណ​។ ការ​ហាត់​ប្រាណ​ជាប្រចាំ អាច​ជួយ​បណ្ដុះ​បណ្ដាល​រាង​កាយ និង​អារម្មណ៍​របស់​អ្នក​ ឲ្យ​ឆ្លើយ​តប​នូវ​អ្វី​ដែលកើត​ឡើង​ជុំវិញ​ខ្លួន​បាន​ល្អ ដោយ​មិន​យក​កំហឹង​ទល់​កំហល់​។
សរុប​មក​វិញ ខាង​លើ​នេះ គឺ​ជា​វិធី​មួ​យ​ចំនួន​ដែល​លោក​អ្នក​អាច​យក​មក​ប្រើ​បាន​ពេល​ដែល​អ្នក​ជួប​ប្រទះ​នូវ​អារម្មណ៍​ខឹង​អ្វី​មួយ ហើយ​ត្រូវ​ចង​ចាំ​នូវ​ពាក្យ​ចាស់​មួយ​ឃ្លា ដែល​បានលើក​ឡើង​ថា "ខឹង​ខុស ខឹង​ខាត ខឹង​ខូច"។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.