ជំងឺអេដស៍(HIV/AIDS) នៅតែជាបញ្ហាមួយយ៉ាងក្ដៅគគុកកំពុងយាយីដល់សុខភាពប្រជាពលរដ្ឋកម្ពុជានិងមនុស្សម្នានៅទូទាំងពិភពលោក ដែលគេយកចិត្តទុកដាក់យ៉ាងខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ បើយើងទាំងអស់គ្នាយល់ដឹង និងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាល នោះនៅថ្ងៃអនាគតមេរោគអេដស៍នឹងត្រូវបានកាត់បន្ថយ ហើយអាចលុបបំបាត់បានទាំងស្រុងជាមិនខាន។
មុននឹងយល់ដឹងពីវិធីសាស្ត្រនៃការការពារមេរោគអេដស៍ យើងគួរយល់ថាអ្វីទៅជាមេរោគអេដស៍ ហើយជំងឺអេដស៍គឺជាអ្វី?
យោងតាមកូនសៀវភៅផ្សព្វផ្សាយរបស់សមាគមថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ដែលមានចំណងជើងថា " មេរោគអេដស៍ ជំងឺអេដស៍ " បានអោយដឹងថា មេរោគអេដស៍គឺជាវីរុសម្យ៉ាងដែលទៅបំផ្លាញ ភាពស៊ាំរបស់មនុស្សឱ្យចុះខ្សោយ។ ចំណែកជំងឺអេដស៍គឺជាចង្កោមនៃជំងឺឱកាសនិយមដែលកើតមានឡើងបន្ទាប់ពីប្រព័ន្ធភាពស៊ាំរបស់រាងកាយមនុស្សចុះខ្សោយ។
យើងដឹងហើយថាអេដស៍គឺជាជំងឺឆ្លង ដ៏កាចសាហាវប៉ុន្តែយើងអាចការពារបាន។ ការយល់ដឹងពីវិធីនៃការការពារមេរោគអេដស៍គឺជាបេះដូងនៃសុខភាព។ បើតាមរយៈកូនសៀវភៅខាងលើបានបង្ហាញថា មេរោគអេដស៍ឆ្លងតាមការរួមភេទដោយប្រើស្រោមអនាម័យមិនត្រឹមត្រូវឬមិនបានប្រើស្រោមជាមួយអ្នកដែលមានផ្ទុកមេរោគអេដស៍ ហើយថាមេរោគនេះឆ្លងតាមឈាម ដោយសារការប្រើគ្រឿងញៀនចាក់ទម្លុះស្បែកឬចាក់ថ្នាំម្ជុលរួមគ្នា និងការបញ្ចូលឈាមដែលមានផ្ទុកមេរោគអេដស៍។ ម្យ៉ាងវិញទៀតមេរោគនេះអាចឆ្លងពីម្ដាយទៅកូន ជាពិសេសនៅពេលសម្រាល។
ដើម្បីបង្ការការឆ្លងមេរោគអេដស៍ អ្នកនិពន្ធបានហាមដោយបញ្ជាក់ថា យុវវ័យកុំឆាប់ប្រឡូកក្នុងការរួមភេទពេក គឺត្រូវប្រើជំនាញចរចា ចេះដោះសារ និងពន្យារពេលរួមភេទរហូតដល់ថ្ងៃរៀបការ តែចំពោះយុវវ័យដែលមានសកម្មភាពផ្លូវភេទ មានដៃគូរួមភេទច្រើនត្រូវប្រើស្រោមអនាម័យគ្រប់ពេលនិងត្រូវពិនិត្យឈាមមុនពេលរៀបការ មិនត្រូវប្រើម្ជុល សឺរ៉ាំងឬរបស់មុតស្រួចរួមគ្នាឡើយ ហើយត្រូវជៀសវាងការប្រើគ្រឿងញៀនជាដាច់ខាត។
យុវវ័យមួយចំនួននៅពេលឆ្លងកាត់ការរួមភេទជាមួយដៃគូច្រើនតែងតែមិនទុកចិត្តខ្លួនឯងថាមានឆ្លងមេរោគអេដស៍ឬអត់ ហើយមានការព្រួយបារម្ភក្នុងចិត្តជានិច្ច។ ត្រង់ចំណុចនេះយើងត្រូវមានភាពក្លាហានទៅពិនិត្យឈាមរកមេរោគអេដស៍ ព្រោះមានផលប្រយោជន៍អាចជួយកាត់បន្ថយការព្រួយបារម្ភ អាចជួយជីវិតខ្លួនឯងបានទាន់ពេលវេលា ព្រមទាំងមានគំនិតថ្មីៗសម្រាប់រៀបចំផែនការអនាគតអោយបានប្រសើរឡើងដោយបញ្ជាក់ថា ប្រសិនបើលទ្ធផលពិនិត្យឈាមអវិជ្ជមាន(គ្មានមេរោគ)គឺជាឱកាសមួយធ្វើឲ្យយើងធ្វើការផ្លាស់ប្ដូរ ឬកាត់បន្ថយនូវការប្រព្រឹត្តិទាំងឡាយណាដែលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍។ ប៉ុន្តែប្រសិនបើលទ្ធផលពិនិត្យឈាម វិជ្ជមាន(មានមេរោគ) យើងត្រូវធ្វើតាមការណែនាំមួយចំនួនដូចខាងក្រោម៖
១- ការពារមនុស្សដែលយើងស្រឡាញ់ និងអ្នកដទៃទៀតមិនឲ្យឆ្លងមេរោគអេដស៍ពីយើង។
២- ការពារខ្លួនឯងមិនឲ្យ ឆ្លងមេរោគអេដស៍ថែមទៀតឬមេរោគដទៃទៀត ដែលអាចធ្វើឲ្យសុខភាពរបស់យើងកាន់តែខ្សោយទៅៗ។
៣- ថែរក្សាសុខភាព និងធ្វើផែនការ សម្រាប់ការរស់នៅបែបថ្មី។ កុំជក់បារី និងផឹកគ្រឿងស្រវឹង។
៤- ទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព ពិនិត្យប្រព័ន្ធការពាររាងកាយ ទទួលថ្នាំការពារ និងព្យាបាលជំងឺឱកាសនិយមឲ្យទាន់ពេលវេលា។
៥- ទទួលថ្នាំប្រឆាំងមេរោគអេដស៍ទាន់ពេលវេលាគឺមានប្រសិទ្ធិភាពជាងរង់ចាំរហូតដល់ឈឺធ្ងន់។
ដូច្នេះបើយើងរួមគ្នាអនុវត្តតាមការបញ្ជាក់បង្ហាញខាងលើ ពិតជាធ្វើឲ្យសង្គមជាតិ និងពិភពលោកទាំងមូលមានសុខភាពល្អគ្មានជំងឺអេដស៍ជាក់ជាមិនខាន៕
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment