ក្រុមអ្នកវិទ្យាសាស្រ្ដរបស់ចក្រភពអង់គ្លេសបានរកឃើញថា ការកាត់បន្ថយការប្រើប្រាស់អំបិលចំនួន១៥ភាគរយ នឹងអាចជួយសង្រ្គោះជីវិតមនុស្សបាន ៨,៥លាននាក់នៅជុំវិញពិភពលោកនៅទសវត្សក្រោយនេះ។ ក្រុមអ្នកវិទ្យាសាស្រ្ដដដែលនេះបាននិយាយថា អង្គការសហប្រជាជាតិ (UN) ត្រូវតែធ្វើការកាត់អំបិលជាអាទិភាព ដើម្បីសុខភាពសាកល។
របាយការណ៍នៃការស្រាវជ្រាវដែលចុះផ្សាយក្នុងព្រឹត្តបត្រ British Medical នេះ បានបញ្ជាក់ថា ត្រូវតែមានការអនុវត្តការកាត់បន្ថយចាប់ពីពេលនេះតទៅ ដោយគ្មានការពន្យាពេលទៀតនោះទេ។ ប្រសិនបើធ្វើបែបនេះមិនអាចទៅរួចទេ សហគ្រាសផលិតចំណីរអាហារគួរតែធ្វើការកាត់បន្ថយកម្រិតនៃការប្រើប្រាស់អំបិលឲ្យបាន។
អ្នកវិទ្យាសាស្រ្ដដែលមកពីសាកលវិទ្យាល័យ Warwick និង Liverpool នេះបានថ្លែងនៅក្នុងរបាយការណ៍របស់ខ្លួនថា ក្រោយពីមានការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការណែនាំឲ្យកាត់បន្ថយការប្រើប្រាស់អំបិល គឺជាអាទិភាព ក៏ដូចជាវិធីដ៏មានប្រសិទ្ធិភាពបំផុតក្នុងការបង្កើនសុខុមាលភាពរបស់មនុស្ស។
ក្រុមអ្នកស្រាវជ្រាវដដែលបាននិយាយទៀតថា អំបិល និងជំងឺសម្ពាធឈាមឈាមឡើងខ្ពស់ គឺមានការទាក់ទងគ្នាដោយផ្ទាល់។ ការឡើងសម្ពាធឈាមខ្ពស់នេះ គឺនឹងបណ្ដាលឲ្យមានជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (ស្រ្ដូក) និងបង្កឲ្យមានបញ្ហាក្រលៀនទៀតផង។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ពួកគេបានលើកយកសហរដ្ឋអាមេរិកជាឧទាហរណ៍ ដោយសារតែអាមេរិកបានកាត់បន្ថយអំបិលបានមួយភាគបី អាចជួយសង្រ្គោះជីវិតបានមួយម៉ឺននាក់ ហើយក៏ជួយកាត់បន្ថយចំណាយលើថ្លៃសុខភាពបាន ២៤ពាន់លានដុល្លារក្នុងមួយឆ្នាំទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនេះក៏បានធ្វើការព្រមានផងដែរ ថាការពង្រីកចំណេះដឹងដល់សហគ្រាសផលិតចំណីរអាហារអំពីការកាត់បន្ថយអំបិលនេះ គឺជាការសំខាន់ដែលត្រូវតែធ្វើ។
សរុបមកវិញ បើតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្រ្ដដែលស្រាវជ្រាវអំពីរឿងនេះ ក៏ដូចជាសហរដ្ឋអាមេរិកដែលប្រកាសឲ្យកាត់បន្ថយអំបិលនាពេលកន្លងមក យើងម្នាក់ៗគួរតែកាត់បន្ថយការប្រើប្រាស់អំបិលនៅក្នុងការធ្វើម្ហូបប្រចាំថ្ងៃ ដោយត្រូវកាត់បន្ថយទម្លាប់នៃការហូបប្រៃឲ្យបាន ដើម្បីសុខភាពយើងទាំងអស់គ្នា។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment