អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

អាហារឆ្អិន ផ្ដល់​ថាម​ពលជាងអាហារ​ឆៅ

Sunday, December 11, 2011

អាហារដែលចម្អិនឆ្អិន
ក្រៅ​ពី​ផ្ដល់នូវរស​ជាតិឈ្ងុយ​ឆ្ងាញ់ អាហារ​ចម្អិន ដែលមានទាំង​សាច់ និង​បន្លែ បាន​ផ្ដល់ឲ្យរាងកាយ​យើង​នូវ​ថាមពលច្រើន​ជាង​សាច់ និង​បន្លែ​ដែល​ឆៅ នេះបើ​យោង​តាមការ​សិក្សា​ថ្មីមួយ​របស់​អាមេរិក។
យោងតាមក្រុមអ្នកជំនាញទាំងនោះ បានឲ្យ​ដឹងថា អាហារដែលចម្អិន​ឆ្អិន អាច​ជួយ​បង្កើន​នូវអត្ថ​ប្រយោជន៍​ដល់​រាង​កាយ​ទាំង​មូល ក៏​ដូច​ជា​ខួរ​ក្បាល​របស់​យើង ហើយ​ក៏​ជួយ​បង្កើន​ថាម​ពល​ដល់​អ្នក​ដែល​បញ្ចេញ​សកម្មភាព​ច្រើន​ ដូច​ជាអ្នក​រត់​ក្នុង​ចម្ងាយ​ឆ្ងាយ​ជា​ដើម​។
ការ​សិក្សា​នេះ​ត្រូវបាន​ដឹកនាំ​ធ្វើឡើងដោយ​លោក Rachel Carmody អ្នកជីវសាស្រ្ដប្រចាំសាលា Harvard's Graduate School of Arts and Sciences សហរដ្ឋ​អាមេរិក​ រួមនឹង​សហការី​របស់លោក​។
លទ្ធផល​នៃ​ការ​ស្រា​វជ្រាវ​នេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ យើង​ម្នាក់ៗ​គួរ​តែញ៉ាំ​អាហារ​ដែលឆ្អិន​ ជា​ជាង​ញ៉ាំ​អាហារ​ដែល​នៅ​ឆៅ ដោយ​សារ​តែ​មិន​ត្រឹម​តែ​ល្អ​ចំពោះសុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំងជួយ​បង្កើតកម្រិត​ថាម​ពលក្នុង​រាង​កាយ​បាន​ទៀត​ផង​។ ទោះ​បី​ជា​យ៉ាង​ណាក្ដី​ ការរកឃើញនេះ ក៏​បាន​បង្ហាញ​ដែរ​ថា អាហារ​ឆ្អិនអាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ផង​ដែរ។ 
លោកសាស្រ្ដាចារ​ Richard Wrangham ដែល​ជាអ្នក​ស្រាវជ្រាវម្នាក់ដែរ​នោះ បានបញ្ជាក់​ដែរ​ថា នេះ​គឺ​ជា​លើក​ដំបូងហើយ ដែល​យើង​អាច​ដឹង​ចម្លើយ​ច្បាស់ ថា​ហេតុ​អ្វី​បាន​ជាយើងត្រូវញ៉ាំអាហារដែលឆ្អិន។ ហេតុ​ផល​ចាំ​បាច់​បំផុត​នោះ គឺ​វា​បាន​ផ្ដល់​ឲ្យ​យើងនូវ​ថាម​ពល ជួយ​បង្កើន​ថាមពល ដែល​ថាម​ពល​នេះ​ហើយ ដែលជីវិតមនុស្សម្នាក់ៗត្រូវការ។

លេង​ដី​តាំង​ពី​ក្មេង​ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ក្មេង​លេង​ដី
អ្នក​ប្រហែល​ជា​ភ្លាប់​បាន​ឃើញ​ក្មេងៗ​នៅ​តាម​ទី​ជន​បទ​ខ្លះ រត់​លេង​ដី មិនទាំង​ពាក់​ស្បែកជើង​ផង ប៉ុន្ដែ​ក្មេង​ទាំង​នោះ​មើល​ទៅ​ទ្រលុក​ទ្រលន់ ហើយធន់​នឹង​ជំងឺ​ល្មម​ៗ​បាន​ទៀត​ផង​។ តើ​នេះ​មក​ពី​អ្វី?
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា ថ្វី​ត្បិត​តែ​​ការ​លេងភក់ដ៏​គគ្រិច​ ឬ​លេង​ដី​កខ្វក់របស់​ក្មេង​តូច​ៗ​ បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ពួក​វា​មិន​សប្បាយ​ចិត្ដ​ ប៉ុន្ដែ​ទង្វើ​របស់​ក្មេងៗ​ទាំង​នោះ គឺ​ស្មើ​នឹង​ការ​ពង្រឹងភាព​ស៊ាំ​នឹង​ជំងឺ​របស់​ពួក​គេ​ទៅ​វិញ​។
យោង​តាម​ការ​រកឃើញ​នៅ​ក្នុង​​ការ​សិក្សា​ថ្មីនេះ បាន​ឲ្យ​ដឹង​ថា​ កុមារ​ដែល​ប៉ះ​ពាល់​នឹង​ប្រភេទ​បាក់​តេរី​ជា​ច្រើន​ផ្សេង​ៗ​គ្នា មាន​ប្រព័ន្ធភាព​ស៊ាំ​ប្រសើរ​ជាង​កុមារ​ដែល​ស្អាត​បាត មិន​ដែល​ប៉ះ​ពាល់​ដី​បន្ដិច​ណា​សោះ​នោះ​។ ពួកគេ​នឹង​មាន​ការ​ការ​ពារ​ប្រសើរ​នៅ​ពេល​ពួក​គេ​ធំ​ឡើង​។
ទោះ​យ៉ាង​ណា​ក្ដី ឪពុក​ម្ដាយ​នៅ​សម័យ​នៃ​មាន​ការ​យល់​ដឹង​ច្រើន​ពី​វិធី​រស់​នៅ​ប្រកប​ដោយ​អនាម័យ ដូច្នេះ​ពួក​គេ​ប្រាកដ​ជា​មិន​បណ្ដោយ​ឲ្យ​កូនៗ​ជា​ទីស្រលាញ់ ទៅលេង​ភក់ ឬ​ដី​នោះ​ទេ​។ ប៉ុន្ដែ​ភាពអនាម័យ​ជ្រុល​ទាំង​នោះ បាន​ធ្វើ​ឲ្យ​កេ្មង​ជា​ច្រើន​ទទួល​រង​នូវ​ allergy ជា​ច្រើន​ប្រភេទ​ផង​ដែរ​ (ជាមធ្យម​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​បាន​រងគ្រោះ​ដោយ Allergy)។
ការ​សិក្សា​នេះ​ធ្វើឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពីសាកល​វិទ្យាល័យ​ Copenhagen។ ពួក​គេ​បាន​សិក្សា​ទៅ​លើ​កុមារ​ចំនួន ៤១១នាក់ អស់​រយៈ​ពេល​១២ឆ្នាំ​ ចាប់​តាំង​ពី​ទារក​ចាប់​កំណើត​ឡើង ទម្រាំ​ចេញ​ជា​លទ្ធផល​នេះ​។

ហេតុ​អ្វី​បុគ្គលិក​ការិយាល័យ​ប្រឈម​ជំងឺមហារីក?

បុគ្គលិក​ការិយាល័យ​
ក្រុម​អ្នក​ជំនាញ​បាន​ធ្វើការ​ព្រមាន​ថា បុគ្គលិក​ការិយាល័យ​គឺ​ជា​អ្នក​ដែលប្រឈម​មុខ​នឹង​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​។ តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ​? ចម្លើយ​យ៉ាង​ខ្លី គឺ​ដោយ​សារ​បុគ្គលិក​ទាំង​នោះ​ជា​អ្នក​នៅ​អង្គុយ​ក្នុង​រយៈ​ពេល​យូរ​។ បុគ្គលិក​ការិយាល័យ​ ដែល​អង្គុយ​នៅ​នឹង​កន្លែង​យូរ​ គឺ​អាច​បង្កើន​កម្រិ​តគ្រោះ​ថ្នាក់​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺមហារីក​ពោះ​វៀន និងមហារីក​សុដន់។
លទ្ធផល​នៃ​ការ​សិក្សា​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុ​ងសន្និបាទ​ប្រ​ចាំ​ឆ្នាំ​នៃ​វិទ្យាស្ថានស្រាវ​ជ្រាវ​មហារីក​អាមេរិកាំង​ បាន​បង្ហាញ​ពី​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ក្លា​នៃ​ការ​អង្គុយ​នៅនឹង​កន្លែង ខ្វះ​សកម្មភាព​ ជាមួយ​នឹង​ការ​រីក​លូត​លាស់​នៃ​កោសិកា​មហារីក​។ ក្រុមអ្នកវិទ្យាសាស្រ្ដ​ទាំង​នោះ​ បាន​ជឿជាក់​ថា​ ការ​អង្គុយ​នេះ​ហើយ ដែល​បានប​ង្ក​ឲ្យ​មាន​​ជំងឺ​មហារីកចំនួន​ ៩២០០០ករណី​ ជា​រៀង​រាល់​ឆ្នាំ​។
ដោយ​មាន​ពន្លឺពី​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ ក្រុមអ្នក​ជំនាញ​ខាង​សុខ​ភាព​បាន​ទាម​ទារ​ឲ្យ​មនុស្ស​ជៀស​វាង​ការ​អង្គុយ​លើ​កៅអី ឬ​សាឡុង​យូរ​ពេក​ ពោល​គឺ​ក្រោក​ឡើង​បញ្ចេញ​សកម្មភាព​ខ្លះ​ប្រសិន​បើ​អាច​ឆ្លៀត​បាន​។ ក្រុមអ្នក​ជំនាញ​ទាំង​នោះ​ បាន​សំណូម​ពរ​ឲ្យ​អ្នក​ដែល​អង្គុយ​យូរ​ៗ​ ធ្វើ​ការ​ហាត់​ប្រាណ​២នាទី​ ជា​រៀង​រាល់​មួយ​ម៉ោង​ម្ដង​ ក្នុង​មួយ​ថ្ងៃនៅ​ក្នុង​ម៉ោង​ដែល​ពួក​គេ​ធ្វើ​ការ​​។
ការ​ហាត់​ប្រាណ​ដែល​ល្អ​បំផុត និង​ងាយស្រួល គឺ​អ្នក​គ្រាន់​តែ​ដើរ​តែ​ប៉ុណ្ណោះ ក៏​អាច​កាត់​បន្ថយ​កម្រិតលូតលាស់​នៃ​សារធាតុ​ដែល​បង្ក​ជំងឺ​មហារីក​បាន​ផង​ដែរ​។
ការ​សិក្សា​ផ្សេង​ទៀត​ ក៏​បាន​រក​ឃើញ​ស្រដៀង​គ្នា​នេះដែរ ពោល​គឺ​បុគ្គលិក​​ការិយាល័យ​ដែល​អង្គុយ​យូរ​ៗ ប្រឈម​នឹង​ជំងឺ​មហារីក​បើ​ទោះ​បី​ជា​ឆ្លៀត​ពេលហាត់​ប្រាណ​ក៏​ដោយ​។

អាហារ​៨យ៉ាង​ការ​ពារ​មហារីក​សុដន់

អាហារ​ជួយ​ទប់​មហារីក​សុដន់
ជំងឺ​មហារីក​សុដន់​ គឺ​ជា​ជំងឺ​ដែល​ស្រ្ដី​នៅ​ទូទាំង​ពិភព​លោក​ខ្លាច​បំផុត​។ ប្រសិន​បើ​មិន​ព្យាបាល​ទាន់​ពេល​វេលា​ទេ វា​នឹង​រីក​រាល​ដាល​ពី​សុដន់ ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​។
ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​មហារីកមួ​យ​ប្រភេទ​​ដែល​កើត​ច្រើន​បំផុត​សម្រាប់​ស្រ្ដី ដោយ​មិន​ប្រកាន់​ពូជ​សាសន៍​ ពណ៌​សម្បុរ ឋានៈសង្គម មាន​ ក្រ អ្វី​នោះ​ឡើយ ដែល​ជា​មធ្យម​ម្នាក់​ក្នុង​ចំណោម​១០០នាក់​ នឹង​ប្រឈម​នឹង​ជំងឺ​នេះ​ម្ដង​ក្នុង​មួយ​ជីវិត​របស់​ពួកគេ​។
មូល​ហេតុ​នេះ​ជំងឺ​នេះ រួម​មាន​ ប្រវត្តិ​គ្រួសារ​ធ្លាប់​​មាន​អ្នក​កើត​ជំងឺ​នេះ​ និង​ហ្សែន ប៉ុន្ដែ​ទន្ទឹម​នឹង​កត្តា​ហានីភ័​យ​នេះ វា​ក៏​មាន​វិធី​កាត់​បន្ថយ​កម្រិត​គ្រោះ​ថ្នាក់​បាន​ផង​ដែរ​។ ខាង​ក្រោម​នេះ​គឺ​ជាប្រភេទអាហារ​៨យ៉ាង ដែល​អាច​ជួយ​លោក​អ្នក​ជៀស​ផុត​ពី​ជំងឺ​មហារីក​សុដន់​បាន​៖
១- តែ​បៃ​តង​
តែ​បៃ​តង​ មាន​អត្ថ​ប្រយោជន៍​សុខ​ភាព​ជា​ច្រើន​ ដែល​ក្នុង​នោះ​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​មហារីក​ផង​ដែរ​។ វា​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ការ​ពារ​ការ​រីក​លូត​លាស់នៃ​ជំងឺ​នេះ​យ៉ាង​មានប្រសិទ្ធិ​ភាព​។
២- អាហារ​ស្លឹក​បៃ​តង​ចាស់​
អាហារ​ដែល​មានស្លឹក​ពណ៌បៃ​តង​ចាស់ ដូច​ជា​ស្ពៃ​ក្ដោប ខាត់​ណា ប្រូកូលី គឺ​មាន​ផ្សំ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដ៏​ខ្លាំង​ក្លា​ ដែល​មាន​ឈ្មោះ​ថា indole-3-carbinol ដែល​ជួយ​ទប់​ស្កាប់​មិន​ឲ្យ​មេរោគ​រីក​លូត​លាស់​បាន​។
ទោះ​យ៉ាង​ណា​ក្ដី ការ​ចម្អិន​ឆ្អិន​ពេក កម្ដៅ​ក្ដៅ​ពេក គឺ​អាច​កាត់​បន្ថយ​គុណភាព​របស់​បន្លែ​ទាំ​ង​អស់​នេះ​បាន​។
៣- ខ្ទឹម​ស
សារធាតុ Sulphur ដែល​មាន​នៅ​ក្នុង​ខ្ទឹម​ស​ អាច​មាន​ប្រសិទ្ធិ​ភាព​ខ្លាំង​ក្នុង​ការ​ការ​ពារ​ប្រឆាំង​នឹងមហារីក​សុដន់​បាន។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ស្រ្ដី​ដែល​ញ៉ាំ​ខ្ទឹម​ស យ៉ាង​តិច​ម្ដ​ង​ក្នុង​មួយ​សប្ដាហ៍​ មាន​អត្រា​ទាប​ក្នុង​ការ​កើត​ជំងឺ​នេះ​។
៤- ខ្លាញ់​ត្រី
ខ្លាញ់ដែល​នៅ​ក្នុងត្រី​ មាន​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះនៃ​ជំងឺ​មហារីកសុដន់​។ ខ្លាញ់​ត្រី​ មាន​ផ្សំ​ទៅដោយ Omega-3 ដែល​ជួយ​ទប់​មិន​ឲ្យ​មេរោគ​នៃ​ជំងឺ​នេះ​រីក​ដុះដាល​បាន​ និង​ជួយ​ជម្រុញ​កម្រិត​ឈាម​ហូរបាន​ទៀត​ផង​។
៥- ប៉េង​ប៉ោះ
ប៉េង​ប៉ោះ គឺ​ជា​អាវុធ​ដែល​អាច​វាយ​ប្រហារ​ជំងឺ​មហារីក​សុដន់​បាន​។ ប៉េង​ប៉ោះ​មាន​ផ្សំទៅ​ដោយ lycopene ដែល​ជា​សារធាតុ​ប្រឆាំង​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​អាច​ទប់​ទល់​មហារីក​បាន​។
៦- ផ្សិត​ 
ផ្សិត​គឺ​ជាំ​អាហារ​ដ៏​ពេញ​និយម​មួយ​ ហើយ​វា​ក៏​ជា​ភ្នាក់​ងារ​ប្រឆាំង​នឹង​មហារីក​ផង​ដែរ​។ វា​មាន​សារធាតុ​ដែល​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ហានីភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​សុដន់​។
សរុប​មក​វិញ ការ​ការ​ពារ​ គឺ​ជា​កូន​សោរ​មួយ​ដ៏​សំខាន់​។ ដូច្នេះ​ត្រូវ​ការ​ពារ​ ប្រសើរ​ជាង​ព្យាបាល​។

អាហារ​ខ្លោច បង្ក​ជំងឺ​មហារីក​លើស​អ្វី​ដែល​ធ្លាប់​បានគិត​

1មុននឹង​អ្ន​ក​ចម្អិន​អាហារ​ជា​ពិសេស​សាច់​អាំង ចូរ​អ្នក​គិត​ដល់​ជំងឺ​មហារីក​ ដែល​នឹង​អាច​កើត​ឡើង​ចំពោះ​អ្នក​ប្រសិនបើ​សាច់​ដែល​អ្នក​អាំង​នោះ​ខ្លោច​។ មនុស្ស​ជា​ច្រើន​ប្រហែល​ជាដឹង​ហើយ​ថា សាច់​ដែល​ចម្អិន​ខ្លោច អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ប៉ុន្ដែ​នៅ​ពេល​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​រក​ឃើញ​ពី​ផល​អាក្រក់​របស់​វា​លើស​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ដឹង​នោះ​ទៅ​ទៀត​។
ក្រុមអ្នក​វិទ្យាសាស្រ្ដ​ទាំង​នោះ​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​សាច់​​ដែល​ចម្អិន​ឆ្អិន​ពេក (អាំង​ ឬ​ចៀន) ឬ​និយាយ​សាមញ្ញ​ថា​ ខ្លោច​ គឺ​អាច​បង្កើន​កម្រិត​ហានីភ័យ​នៃ​ជំងឺ​មហារីក​ដល់ទៅ​ពីរ​ដង​លើស​អ្វី​ដែល​ធ្លាប់​គិតកាល​ពីមុន​។
ការ​ស្រាវ​ជ្រាវ​កាល​ពី​មុន​ដែល​យក​សត្វ​កណ្ដុរ​មក​ធ្វើ​ពិសោធន៍​នោះ បាន​រកឃើញ​ពី​ហានីភ័យ​នៃ​ជំងឺ​មហារីក​ចំពោះ​អាហារ​ខ្លោច​ ប៉ុន្ដែ​នៅ​ពេល​នេះ ការ​សិក្សា​ថ្មី​បំផុត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មកពី​វិទ្យាស្ថាន Norwegian Institute of Public Health បាន​រក​ឃើញ​ថា កណ្ដុរ​មិនមាន​អង់ហ្ស៊ីម​ soltfotransferases នៅ​ពេញ​ខ្លួន​ដូច​ម​នុស្ស​នោះ​ទេ ពោល​គឺ​មាន​តែ​នៅ​ក្នុង​ថ្លើម​ប៉ុណ្ណោះ​។ អង់ហ្ស៊ីម​ប្រភេទ​នេះ គឺ​អាច​ធ្វើ​ឲ្យ​ផល​ប៉ះ​ពាល់​នៅ​ក្នុង​អាហារ​ថយ​ចុះ ប៉ុន្ដែ​វា​ក៏​អាច​បង្កើន​ផល​ប៉ះ​ពាល់​បាន​ផង​ដែរ​ក្នុង​ករណី​ខ្លះ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថ្មី​នេះ​បាន​ធ្វើ​ការ​ចាក់​បញ្ចូល​នូវ​អង់​ហ្ស៊ីម​នេះ​ទៅ​ក្នុង​សត្វ​កណ្ដុរ​ ដើម្បី​ដឹង​ពី​ភាពខុស​គ្នានៃ​កម្រិត​ហានីភ័យ​។ ជា​លទ្ធផល​បាន​បង្ហាញ​ថា​ ហានីភ័យ​បាន​កើន​ពី ៣១​ភាគ​រយ​ក្នុង​ការ​សិក្សា​លើក​មុន មក​ដល់ ៨០ភាគ​រយ​។
កណ្ដុរ​ដែលត្រូវ​បាន​ចាក់​បញ្ចូល​អង់ហ្ស៊ីម​ដូ​ចមនុស្ស​បាន​ទទួល​ហានីភ័យ​ខ្ពស់​ដល់​ទៅ ៨០ភាគ​រយ​ ក្នុង​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​​មហារីក​។
លទ្ធផល​នេះ​បាន​បង្ហាញ​ថា មនុស្ស​ដែលញ៉ាំ​សាច់​ខ្លោច​ អាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ដល់​៨០ភាគ​រយ​ឯ​ណោះ មិនមែន​តែ ៣១​ភាគ​រយ​ ដូច​អ្វី​ដែល​យើង​ធ្លាប់​ដឹង​កន្លង​មក​នោះ​ទេ​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​សញ្ញា​ថ្មី​មួយ​ដែល​បង្ហាញ​ថា​ ការ​យក​កណ្ដុរ​ធម្មតា​ មក​ធ្វើ​ពិសោធន៍​គឺ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះទេ ពោល​គឺ​ពុំ​សូវ​ត្រូវ​ពេលយក​មក​ប្រៀប​ធៀប​ជាមួ​យ​មនុស្ស​។
សរុប​មក​វិញ ការ​ចម្អិន​អាហារ​ជា​ពិសេស​គឺ​សាច់ គឺ​ត្រូវ​ធ្វើ​ឲ្យត្រឹម​ត្រូវ​ គឺ​ឆៅ​ពេក​ក៏មិន​ល្អ ឆ្អិនពេក​រហូត​ខ្លោច​ក៏​មិនល្អនោះ​ដែរ​។

កុំ​ផឹក​ស្រា បើ​មិន​ចង់​កើត​មហារីក​សុដន់!

ស្រ្ដី​ផឹក​ស្រា
ស្រ្ដី​ដែល​ផឹក​ស្រា​តែ​ពីកែវ​ក្នុង​មួយ​ថ្ងៃ ក៏​អាច​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​សុដន់​ដល់​ទៅ ៥០ភាគ​រយ​លើស​អ្នក​ដែល​មិន​ផឹក​ស្រា​នោះ​ដែរ​។ នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក ហើយ​មិន​ត្រឹម​ប៉ុណ្ណោះទេ សូម្បី​តែ​ផឹក​ត្រឹម​បីទៅ​បួន​កែង​ក្នុង​មួយ​សប្ដាហ៍​ ដែល​មិន​លើស​ពី​អ្វី​ដែល​ក្រុម​គ្រូពេទ្យបាន​ណែ​នាំ​នោះ ក៏​អាច​បង្ក​ជា​ហានិភ័យ​នោះ​ដែរ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ ក៏​បាន​ធ្វើការ​ព្រមាន​ផង​ដែរ ចំពោះស្រ្ដី​ទាំង​ឡាយ​ណា​ដែល​ផឹក​ស្រា​ជា​ប្រចាំ​នៅ​អាយុ​ខ្ទង់​២០ឆ្នាំ​ និង​៣០ឆ្នាំ​ គឺ​នឹង​បង្ក​ជា​ផល​វិបាក​ជា​ច្រើន​នៅ​ពេល​ពួក​គេ​ចាស់​ទៅ។
បើតាម​ការ​ណែ​នាំ​របស់​រដ្ឋា​ភិបាល​នៃប្រទេស​មួ​យ​ចំនួន​បាន​កំណត់​ថា​ ស្រ្ដី​មិន​គួរ​ញ៉ាំ​ស្រា​លើស​ពី​៧កែវ (កែវ​ខ្នាត​កណ្ដាល) នោះ​ទេ​ ក្នុង​មួយ​សប្ដាហ៍​។ ប៉ុន្ដែ​ការ​សិក្សា​ថ្មី​នេះ​បាន​រក​ឃើញថា សូម្បី​តែ​ផឹក​តែ​ពាក់​កណ្ដាល​នេះ ពោលគឺ​បី​ទៅ​បួន​កែវ​ក្នុងមួយសប្ដាហ៍​ក៏​អាច​បង្កើន​ហានីភ័យ​នៃ​ជំងឺ​សាហាវ​នេះ​ចំនួណ ១៥ភាគ​រយ​ផង​ដែរ​។ ហើយ​ចំណែក​ឯ​ស្រ្ដី​ដែល​ផឹក​២កែវ​ក្នុង​មួយថ្ងៃ​ឡើង​ទៅ នឹង​កើន​កម្រិត​គ្រោះ​ថ្នាក់​ដល់ទៅ ៥០ភាគ​រយ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកលវិទ្យាល័យ​ Harvard និងមន្ទីរ​ពេទ្យស្រ្ដី​នៅ​បូស្ដុន សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ពិនិត្យ​លើ​ទិន្នន័យ​សុខ​ភាព​របស់​ស្រ្ដី​ជាង​១០ម៉ឺននាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ៣០ ទៅ​៥៥ឆ្នាំ។ ក្រោយ​ពី​រយៈ​ពេល​ជិត​ ៣០ឆ្នាំ​ក្រោយ​មក ទើប​ចេញជា​លទ្ធផល​បែ​ប​នេះ ពោល​គឺ​អ្នក​ផឹក​ពីរ​កែវ​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ នឹង​មាន​កម្រិត​គ្រោះថ្នាក់​ខ្លាំង​ (លើស​អ្នក​អត់​ផឹក៥០%)។ ក្រៅ​ពី​នេះ អ្នក​ផឹក​លើស​ពី​មួយ​កែវ​ទៅ​២កែវ​ក្នុង​មួយ​ថ្ងៃ ប្រឈម​នឹង​កម្រិត​ហានីភ័យ​ ២៨ភាគ​រយ​ផង​ដែរ ខណៈ​ដែល​អ្នក​ផឹក​តិច​ជាង​នេះ មាន​កម្រិត​គ្រោះថ្នាក់ ១៥ភាគ​រយ​ដូច​បង្ហាញ​ខាង​លើ​ស្រាប់​។
ជំងឺ​មហារីក​សុដន់​គឺ​ជា​ជំងឺ​ដែល​គ្រោះ​ថ្នាក់​បំផុតមួយ​សម្រាប់​ស្ដ្រី ដែល​ស្ថិតិ​បានបង្ហាញ​ថា ស្រ្ដីម្នាក់​ក្នុង​ចំណោម​៨នាក់ អាច​នឹង​វិវឌ្ឍ​ទៅ​រក​ជំងឺនេះ​ក្នុង​ពេល​ណា​មួយ​នៃ​ជីវិត​របស់ពួក​គេ​។

ជាតិ​កាហ្វេអ៊ីន ជួយ​ការ​ពារ​ជំងឺ​​មហារីក​ស្បែក​!

ស្រ្ដីញ៉ាំ​កាហ្វេ
អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ ជា​ពិសេស​គឺ​ស្រ្ដី នឹង​អាច​កាត់​បន្ថយ​នូវ​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​បាន បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នកស្រាវ​ជ្រាវ​របស់​អាមេរិក​។
ការ​សិក្សា​ដែលបង្កើត​ឡើង​ដោយ​ក្រុមអ្នក​ស្រាវ​ជ្រាវ​មក​ពី​សាលា Harvard School of Public Health នេះ​ បានរក​ឃើញ​ថា អ្នក​ចូល​ចិត្តញ៉ាំ​កាហ្វេ ពោលគឺញ៉ាំ​លើស​ពី​បី​ពែង​ក្នុងមួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​អត្រា​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ស្បែក​បានចំនួន ២០ភាគ​រយ​ បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ញ៉ាំ​តិច​ជាង​មួយពែង​ក្នុង​មួយខែ​។
ក្រុមអ្នក​ស្រាវ​ជ្រាវ​​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើទិន្នន័យ​សុខ​ភាព​របស់​មនុស្ស​ជាង ១១ម៉ឺន​នាក់ ដែល​មាន​អាយុជា​មធ្យម ២៣ឆ្នាំ​។ ជា​លទ្ធផល​បាន​បង្ហាញថា ស្រ្ដីដែល​ញ៉ាំ​កាហ្វេ​លើសពី​បី​ពែង​ក្នុងមួយថ្ងៃ អាច​កាត់បន្ថយ​ហានីភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រកជំងឺ​នេះ​បាន​២០ភាគ​រយ​។
ទោះ​បី​ជា​យ៉ាង​ណា​ក្ដី បុរស​ក៏​មិន​សូវ​ខុស​ពី​ស្រ្ដី​ប៉ុន្មានដែរ គ្រាន់​តែតិច​ជាង​ប៉ុណ្ណោះ គឺអាច​កាត់​បន្ថយ​បាន​ ៩ភាគ​រយ​ ចំពោះ​អ្នក​ញ៉ាំ​លើស​ពី​បី​ពែង​ក្នុង​មួយ​ថ្ងៃ​។
សារជាតិ​កាហ្វេអ៊ីន​ ដែលមាន​ក្នុង​កាហ្វេ គឺ​ជា​ធាតុ​ផ្សំ​ចម្បង​ដែល​អាច​ការ​ពារ​ជំងឺ​មហារីក​បាន​ បើ​កាហ្វេអត់ជាតិ​កាហ្វេអ៊ីន ក៏ឥត​ប្រយោជន៍​នោះ​ដែរ​។ 

សុភមង្គល​ជួយ​ឲ្យ​មាន​អាយុ​វែង​!

2មនុស្ស​ដែល​ធ្វើ​អារម្មណ៍​ឲ្យ​សប្បាយ និង​គិតអ្វី​ក្នុង​ផ្លូវ​​វិជ្ជមាន​ នឹង​មាន​អាយុ​វែង​ជាង​អាយុ​សង្ឃឹម​រស់ បើយោង​តាម​​​​អ្នក​វិទ្យាសាស្រ្ដមួយ​ក្រុម​​​។
ការ​អះ​អាង​បែប​នេះ គឺ​ដោយ​សារ​តែ​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ទាំង​នោះ​ បាន​ធ្វើ​ការ​សិក្សា​រយៈ​ពេល​៥ឆ្នាំ​ ទៅលើមនុស្ស​៤ពាន់​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ៥២ទៅ ៧៩ឆ្នាំ​។ លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​អារម្មណ៍​សប្បាយ មាន​ទំនុក​ចិត្ត​ក្នុង​ខ្លួន ឬ​មាន​គំនិត​វិជ្ជមាន បាន​កាត់​បន្ថយ​កម្រិត​ស្លាប់​មុន​អាយុ​ដល់ទៅ ៣៥ភាគរយ​ឯ​ណោះ បើ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដែល​មិ​​ន​សូវ​សប្បាយ​ចិត្ត​​។
ការ​រក​ឃើញ​របស់ University College of London នេះ គឺ​ជា​ក្ដី​សង្ឃឹម​ថ្មី​ដែល​នឹង​ជម្រុញ​ឲ្យ​មនុស្ស​រស់​នៅ​ដោយ​រីក​រាយ​ ជៀស​ឆ្ងាយ​ពី​អារម្មណ៍​ស្រ្ដេស​ មួម៉ៅ​ ដែល​បង្ក​ផល​វិបាក​ចំពោះ​សុខ​ភាព។
លោក Andrew Steptoe ដែល​ជា​អ្នកដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ថា ការ​បង្ហាញ​ពី​លទ្ធផល​នា​ពេល​នេះ បាន​ផ្ដល់​ឲ្យ​នូវ​ហេតុ​ផល​ផ្សេង​ទៀត ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​ស្នាម​ញញឹម​សម្រាប់​មនុស្ស​ចាស់​។
ការ​សិក្សារយៈ​ពេល​វែង​នេះ បាន​គាំ​ទ្រ​ ឬ​រក​ឃើញ​ស្រដៀង​គ្នា​នឹង​ការ​សិក្សា​មុន​ៗ​ ដែល​បាន​អះ​អាង​ថា ការ​គិត​វិជ្ជមាន​ ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ច្រើន​ណាស់។ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ទាំង​នោះ បាន​លើក​ឧទាហរណ៍​ថា ទឹក​កន្លះ​កែវ បើ​អ្នក​មើល​ឃើញ​ផ្នែក​ដែល​មាន​​ទឹក ឬ​និយាយ​បាន​ថា កន្លះ​ពេញ​នោះ គឺ​ជា​អ្នក​គិត​វិជ្ជមាន​ បើ​ធៀប​ជាមួយ​អ្នក​ដែល​មើល​ឃើញ​ផ្នែក​ដែលអត់​ទឹក​។
កាល​ពី​ខែមីនា​កន្លង​ទៅ ក្រុមអ្នក​វិទ្យាសាស្រ្ដ​មក​ពី​សាកល​វិទ្យាល័យ​ Illinois សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា អារម្មណ៍​វិជ្ជមាន បាន​កាត់​អ័រម៉ូន​ស្រ្ដេស​ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​បាន​ទៀត​ផង​។
សរុប​មក​វិញ បើ​ចង់​បាន​អាយុ​វែង និង​មាន​សុខ​ភាព​ល្អ គួរ​ធ្វើ​ឲ្យ​អារម្មណ៍​រីក​រាយ និង​កុំ​គិត​អ្វី​ក្នុង​ផ្លូវ​អវិជ្ជមាន​ច្រើន​ពេក​។ ប្រសិន​បើ​យើង​ មាន​អារម្មណ៍​តាន​តឹង ធុញ​ថត់ ស្រ្ដេស​ និង​ទុទិដ្ឋិនិយម​ច្រើន​ពេក នោះវា​នឹង​អាច​នាំ​យើង​ទៅ​រក​ជំងឺ​ផ្សេង​ៗ ព្រម​ទាំង​កាត់​បន្ថយ​អាយុ​របស់​យើង​ថែម​ទៀត​ផង​។

ផឹក​ច្រើន​បង្កើន​មហារីក​ក្រពះ​!

3បុរស​ៗ​ដែល​ចូល​ចិត្ត​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ ជារៀង​រាល់​ថ្ងៃ​ គួរ​តែ​កាត់​បន្ថយ​ហើយ​នា​ពេល​នេះ ដោយ​សារ​តែ​ការ​រក​ឃើញ​ចុង​ក្រោយ​បំផុត​មួយ​បាន​បញ្ជាក់​ថា វា​នឹង​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ។
ការ​សិក្សា​ជាច្រើន​បាន​ព្យាយាម​ស្វែង​រក​ថា​តើ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន អាច​បង្កើន​ហានីភ័យ​នៃជំងឺ​មហារីក​ក្រពះ​ដែរ​ឬ​ក៏​អត់ ហើយ​ទី​បំផុត​លទ្ធផល​បាន​បង្ហាញ​ថា ពិត​ជា​អញ្ចឹង​មែន​។
ការ​រក​ឃើញ​នេះ គឺ​បាន​មក​ពី​ការ​សិក្សា​លើ​មនុស្ស​ពេញ​វ័យ​នៅអឺរ៉ុប​ចំនួន ៥០ម៉ឺន​នាក់ ដែល​ជា​ការ​សិក្សា​ដ៏​ធំ​មួយ​។ 
នៅ​ពេល​ចាប់​ផ្ដើម​ស្រា​វជ្រាវ​ដំបូង​ បុរស​ជាង ១ម៉ឺន​នាក់ បាន​ប្រាប់​ថា​ពួក​គេ​ផឹក​ស្រា​ជាមធ្យម ៤កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ជា​លទ្ធផល​ពួក​គេ​បាន​កើត​ជំងឺ​មហារីក​ក្រពះ​លើស​អ្នក​ដែល​ផឹក​តិច​ជាង​នេះដល់​ទៅ​ពីរ​ដងឯណោះ​​។
នៅ​ពេល​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​តាម​ដាន​ឲ្យ​ដិត​ដល់​ជាង​នេះ ពួក​គេ​បាន​រក​ឃើញ​ថា​ គ្រឿង​ស្រវឹង​ដែល​​លេច​ធ្លោ​ជាង​គេ​គឺ​ស្រាបៀ​ (មាន​អត្រា​បង្ក​ជំងឺ​មហារីក​ក្រពះ​ខ្លាំង​ជាង​ស្រា)។
ទោះ​បី​ជា​ភាគ​ច្រើន​ជាបុរស​ដែល​រក​ឃើញ​ថា​កើត​ជំងឺ​នេះ​ ប៉ុន្ដែ​ទំនាក់​ទំនង​រវាង​មហារីក​ក្រពះ​ និ​ងការ​ផឹក​គ្រឿ​ងស្រវឹង​ចំពោះ​ស្រ្ដី​ក៏​ស្រដៀង​នឹង​បុរស​ដែរ​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជ​បណ្ឌិត Eric J. Duell ដែល​ជា​អ្នក​ដឹក​នាំការ​ស្រាវ​ជ្រាវ​នេះ​ (ស្រ្ដី​ដែល​ផឹក​គ្រឿង​ស្រវឹង​ច្រើន​លើស​លប់ គឺ​មិន​តិច​ជាង​បុរស​ឆ្ងាយ​ណាស់ ពោល​គឺ​ក្នុង​ចំណោម​១៣០០០​នាក់ផឹក​ច្រើន​​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ មានស្រ្ដី​​តែ ២៣០០នាក់​ប៉ុណ្ណោះ)។ 
ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការ​សំណូម​ពរ​ហើយ​ សំណូម​ពរ​ទៀត ថា​គួរ​ទទួល​ទាន​គ្រឿង​ស្រវឹង​ឲ្យ​បាន​សម​ល្ម​ម​បាន​ហើយ កុំ​ប្រឹង​ដល់​ថ្នាក់ស្រវឹង​រាល់​ថ្ងៃ​ពេក ពោល​គឺ​ជា​មធ្យម ២កែវ​ក្នុង​មួយ​ថ្ងៃ​ គឺ​សម​ល្ម​ម​ហើយ​ ចំណែក​ឯ​ស្រ្ដី​វិញ​មិនគួរ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។
មិន​ត្រឹម​តែ​បង្ក​មហារីក​ក្រពះ​នោះ​ទេ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​នឹង​បង្ក​ឲ្យ​កើត​មហារីក​មាត់​ និង​បំពង់​កផង​ដែរ បូក​បន្ថែម​ជាមួយ​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ដឹង​គឺ​វា​ ប៉ះ​ពាល់​ថ្លើម និង​បង្ក​ជា​ផល​វិបាក​ជា​ច្រើន​ទៀត​។
សរុប​មក​វិញ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ គឺ​ដូច​ជា​មិន​ឃើញ​មាន​ផល​ល្អ​អ្វី​ទេ ក្រៅ​​ពី​សប្បាយ​មួយ​ភ្លែត​ពេល​ជួប​ជុំមិត្ត​ភក្ដិ​ តែ​បែរ​ជា​បង្ក​ជា​ផល​វិបាក​ជា​ច្រើន​លើស​លប់​ទៅវិញ​នោះ​ទេ​។

ពិស​ពីង​ពាង ​ក្ដី​សង្ឃឹម​ថ្មី​សម្រាប់អ្នកកើត​មហារីក​សុដន់​

ពីង​ពាង
ជំងឺ​មហារីក​សុដន់ គឺ​ជា​ជំងឺ​មហា​រីក​មួយ​ប្រភេទ​ក្នុង​ចំណោម​ជំងឺ​មហារីក​ដែល​កើត​ឡើង​ច្រើន​​ចំពោះស្រ្ដី​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ការ​សិក្សា​ជា​ច្រើន​គឺ​នៅ​តែ​មិន​ទាន់​រក​ឃើញ​នូវ​វិធី​កំចាត់​ជំងឺ​សាហាវ​នេះ​នៅ​ឡើយ​ទេ​។​
នៅ​ក្នុង​ឱកាស​នៃ​ខែ​នៃ​ទិវា​ជំងឺ​មហារីក​ពិភព​លោក សាកល​វិទ្យាល័យ​ Western Australia បាន​រក​ឃើញនូវ​វិធី​ព្យាបាល​ថ្មី​នៃ​ជំងឺ​នេះ​ហើយ​។
ក្រុម​អ្នក​ស្រាវ​ជ្រា​វ​ទាំង​​នេះបាន​រក​ឃើញ​ថា ពិស​ពីង​ពាង គឺ​អាច​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​កំចាត់នូវ​កោសិកា​នៃ​ជំងឺ​មហារីក​សុដន់​។ នៅ ក្នុង​ការ​សិក្សា​ដែល​ធ្វើ​ឡើង​រយៈ​ពេល​២ឆ្នាំ​នេះ លោក​វេជ្ជ​បណ្ឌិត David Wilson និង​សហការី​របស់​គាត់​ បាន​ប្រមូល​នូវ​ពិស​ពីង​ពាង​ចំនួន ១០ប្រភេទ​សម្រាប់​យក​មក​ពិសោធន៍​។
យោង​តាម​លោកវេជ្ជ​បណ្ឌិត​ដដែល​នេះ ពិស​ពីង​ពាង​មាន​ផ្សំ​ទៅ​ដោយ​ម៉ូលេគុល​ ដែល​អាច​កំចាត់​នូវ​កោសិកា​នៃ​ជំងឺមហារីក​បាន​។ ការ​អះ​អាង​របស់​លោក​វេជ្ជ​បណ្ឌិត​នេះ​ គឺ​មិន​មែន​ជា​ការ​បញ្ជាក់​ជាលើក​ដំបូង​ពី​ប្រយោជន៍​នៃ​ពិស​ពីង​ពាង​នោះ​ទេ ជាក់​ស្ដែង​ការ​សិក្សា​មុន​ៗ​នេះ ក៏​បាន​រក​ឃើញ​ដែរ​ថា ម៉ូលេគុលនៃ​ពិស​ពីង​ពាង (ឬ​ពិស​ខ្ទួយ) ​ អាច​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​ព្យាបាល​រោគឈឺ​រ៉ាំ​រ៉ៃ​បាន​ទៀត​ផង​។ 
លោក​វេជ្ជ​បណ្ឌិត Norelle Daly ដែល​ជា​អ្នកជំនាញ​ខាង​មហារីក​សុដន់ បាន​និយាយ​ដែ​រ​ថា ក្ដីសង្ឃឹម​ថ្មី គឺ​ពិស​ក្នុង​ពីង​ពាង​នឹង​អាច​ជួយ​អ្នក​ជំងឺ​មហារីក​សុដន់ ឬក៏​អាច​សម្លាប់​នូវ​កោសិកា​ជំងឺ​នេះ​បាន​។
បន្ថែម​លើ​នេះ​ទៀត ក្រុម​អ្នក​ស្រា​វជ្រាវ​ដែល​មក​ពី​ មជ្ឈ​មណ្ឌល Peter MacCallum Cancer ក៏​បាន​អភិវឌ្ឍ​នូវ​ឱសថ​ដែល​អាច​កំចាត់​កោសិកា​ជំងឺ​នេះ​បាន​ដែរ។ ឱសថ​នេះ​នឹង​អាច​រួច​រាល់ ហើយ​បង្ហាញ​មុខ​នៅ​លើ​ទីផ្សារ​ក្នុង​រយៈ​ពេល ៥ឆ្នាំ​ទៀត​។

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.