ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សគ្រប់រូបសុទ្ធសឹងតែធ្លាប់ជួបប្រទះនូវអារម្មណ៍ស្រ្ដេស ដែលមិនអាចជៀសផុតបាននោះទេ។ ការមានអារម្មណ៍ស្ត្រេស គឺមិនល្អសម្រាប់សុខភាពរបស់យើងនោះទេ ព្រោះវាអាចបង្កជាផលអវិជ្ជមានជាច្រើន។
អារម្មណ៍ស្ត្រេសភាគច្រើនបានមកពីសាលារៀន កន្លែងធ្វើការ ក្នុងគ្រួសារ ឬក៏ការជួបប្រទះនូវបញ្ហាប្រចាំជីវិតអ្វីមួយ។ ថ្វីត្បិតតែយើងពិបាកនឹងជៀសផុតពីស្ត្រេស ប៉ុន្ដែយើងក៏អាចរៀនពីវិធីលុបបំបាត់បាននោះដែរនៅពេលដែលវាកើតឡើង។
ខាងក្រោមនេះ គឺជាវិធីងាយស្រួលទាំង៨យ៉ាង ដែលយើងគ្រប់គ្នាអាចធ្វើបាន ដើម្បីលុបបំបាត់នូវអារម្មណ៍ស្ត្រេស ឬក៏យ៉ាងហោចណាស់ក៏អាចកាត់បន្ថយបានខ្លះដែរ៖
១- ស្ដាប់តន្រ្ដី ៖ ការស្ដាប់នូវបទចម្រៀង ឬបទភ្លេងដែលអ្នកចូលចិត្ត គឺពិតជាអាចធ្វើឲ្យអ្នកភ្លេចនូវអារម្មណ៍ស្ត្រេសបាន។ ក្រៅពីតន្រ្ដីដែលចេញពីបទភ្លេង តន្រ្ដីធម្មជាតិដែលមានដូចជាសម្លេងទឹករលកនាមាត់សមុទ្ទ ឬសម្លេងទឹកធ្លាក់ ក៏អាចកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នកបាននោះដែរ។
២- តាំងសមាធិ ៖ មិនមែនតែតាឥសីនោះទេ ដែលអាចតាំងសមាធិបាន យើងគ្រប់រូបក៏អាចធ្វើបាននោះដែរ ព្រោះការតាំងសមាធិពិតជាមានប្រយោជន៍ខ្លាំងណាស់។ អ្នកគ្រាន់តែរកកន្លែងស្ងាត់ណាមួយ រួចសម្រាកខួរក្បាលរបស់អ្នក ដោយមិនគិតអ្វីទាំងអស់ ពោលគឺជម្រះចេញពីក្នុងខួរក្បាលឲ្យអស់ បន្ទាប់មកផ្ដោតអារម្មណ៍លើការដកដង្ហើមរបស់អ្នកមួយៗ ក្នុងរយៈពេលពី១០ ទៅ២០នាទី។
៣- ហាត់ប្រាណ ៖ អ្នកមិនចាំបាច់ធ្វើអីច្រើននោះទេ ដោយគ្រាន់តែដើរជុំវិញផ្ទះ តាមផ្លូវ ឬក៏ដើរដឹកឆ្កែរបស់អ្នក ស្រួបយកខ្យល់អាកាសក៏អាចកាត់បន្ថយអារម្មណ៍ស្ត្រេសបាននោះដែរ។
៤- សរសេរ ៖ សរសេរនូវរាល់អារម្មណ៍មិនសប្បាយចិត្តរបស់អ្នកចូលក្នុងសៀវភៅកំណត់ហេតុ ឬក្នុងប្លុករបស់អ្នក ក៏អាចឲ្យអ្នកជម្រះចេញនូវអារម្មណ៍ទាំងនោះបានខ្លះដែរ។ ចូរកុំព្យាយាមលាក់ទុកក្នុងចិត្តឲ្យសោះ ព្រោះវានឹងមិនធ្វើឲ្យស្ថានការណ៍ប្រសើរឡើងនោះទេ។
៥- ញ៉ាំស្រាបន្តិចបន្តួច ៖ មនុស្សភាគច្រើនតែងតែជ្រើសយកការផឹកស្រាច្រើនឲ្យស្រវឹងដើម្បីលុបបំបាត់ទុក្ខកង្វល់ក្នុងចិត្ត ប៉ុន្ដែធាតុពិតការធ្វើបែបនេះគឺមិនល្អនោះទេ។ អ្នកអាចញ៉ាំស្រាបន្ដិចបន្តួចបាន ដើម្បីបន្ធូរអារម្មណ៍តានតឹង ប៉ុន្ដែត្រូវចាំថា ផឹកកាន់តែច្រើន អារម្មណ៍តានតឹងនឹងកាន់តែអាក្រក់ឡើង។
៦- កុំញ៉ាំអាហារច្រើនពេក ៖ មានមនុស្សខ្លះ ជ្រើសយកការញ៉ាំច្រើនជ្រុល ដើម្បីបំភ្លេចនូវអារម្មណ៍ស្រ្ដេស ប៉ុន្ដែការធ្វើបែបនេះ គឺស្មើនឹងការបង្កើនអារម្មណ៍ស្រេ្ដសទៅវិញទេ។ វាគ្រាន់តែអាចធ្វើឲ្យអ្នកបំភ្លេចស្ត្រេសបានមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្ដែបញ្ហាប្រចាំជីវិតរបស់អ្នក គឺមិនទៅណានោះទេ។ ចូរកំណត់នូវអាហារដែលល្អចំពោះសុខភាព ដើម្បីឲ្យអ្នកមានសុខភាពល្អ ហើយនិងអាចបំបាត់នូវអារម្មណ៍មិនល្អចោល។
៧- ទៅម៉ាស្សា ៖ ការម៉ាស្សា គឺជាវិធីដ៏ល្អ និងមានប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់អារម្មណ៍តានតឹង។ អ្នកអាចទៅរកកន្លែងផ្ដល់សេវាម៉ាស្សាដងខ្លួនទាំងមូលក៏បាន ឬបើមិនចង់ចំណាយលុយទេ អ្នកគ្រាន់តែយកដៃខ្លួនឯងឈ្លីលើស្មារយៈពេល១០នាទីក៏អាចកាត់បន្ថយបានខ្លះដែរ។
៨- គេង ៖ ត្រូវប្រាកដថា អ្នកបានទទួលទានដំណេកបានគ្រប់គ្រាន់នាពេលយប់។ ការគេងមិនគ្រប់គ្រាន់អាចបង្កជាបញ្ហាដល់ផ្លូវចិត្តរបស់អ្នក ដូចជាបាត់បង់នូវការផ្ដោតអារម្មណ៍ និងកាត់បន្ថយការចងចាំបានទៀតផង។
ប្រសិនបើអ្នកជួបប្រទះនូវអារម្មណ៍ស្ត្រេស កុំភ្លេចសាកល្បងវិធីងាយៗទាំង៨ ខាងលើនេះ។