អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

តើ​មានអ្វី​មាន​ល្បឿន​លឿន​​ជាង ល្បឿន​ពន្លឺ​ដែរ​ឬទេ?

Sunday, December 18, 2011

cern near genevaនេះគឺ​ជា​សំណួរ​មួយ​ដែល​ពិបាក​នឹង​ឆ្លើយ​បំផុត ព្រោះ​ថា​ល្បឿន​ពន្លឺគឹ​លឿន​រក​អ្វីមក​ប្រៀប​ផ្ទឹម​មិន​បានទេ ។ ល្បឿន​នៃ​ពន្លឺ​ គឺ​មានល្បឿន​ ២៩៩ ៧៩២ ៤៥៨ម៉ែត្រ​ ក្នុង​​១វិនាទី យានជំនិះ​ដែល​យើង​ឃើញ​បើក​បរ​នៅលើ​ផ្លូវ​សព្វ​ថ្ងៃ​គឺ​មិន​អាច​ប្រៀប​ផ្ទឹម​បានទេ ទ្បាន​ធម្មតា​បើក​បាន​ប្រហែល ១០០ ទៅ ២០០ គីទ្បូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឬស្មើរ​ នឹង ២៨ ទៅ៥៦ ម៉ែត្រ ក្នុង​ ១​វិនាទី គឺ​ខុស​គ្នា​រាប់លាន​ដង​ឯណោះ។ នេះ​យើង​គ្រាន់តែ​យក​ទ្បានធម្ម​តា​មក​ធ្វើ​ការ​ប្រៀប​ធៀប​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​លោក​អ្នក​យល់​កាន់តែ​ច្បាស់ពី​ល្បឿន នៃ​ពន្លឺ។
អ្នក​មិន​បាច់​ឆ្ងល់​ថា​ហេតុ​អ្វី​បានជា​ល្បឿន​ពន្លឺ​លឿន​ទេ  គ្រាន់តែ​បញ្ចាំង ពិល​ក៏​ងាយ​យល់ដែរ គឺ​នៅពេល​ដែល​យើង​បញ្ចាំងពិល​ភ្លាម​ ពន្លឺ​ក៏​លោត​ដល់​ជញ្ចាំង​ម្ខាង​ទៀត​ភ្លាម បើ​អ្នក​ចង់​ដឹង​ឲ្យ​កាន់តែ​ច្បាស់ទៀត​នោះ សាក​ល្បង​ជា​មួយ​ភ្លើង​ លេហ្សឺ​ទៅ​នឹង​ដឹង​ថា​វា​លឿន​យ៉ាង​ណា​ហើយ។
ចុះ​បើ​ល្បឿន​ពន្លឺ​លឿន​បែប​នេះ​ មាន​វត្ថុ​អ្វី​ដែល​អាច​មាន​ល្បឿន​លឿន​ជាង​វា​ដែរ​ឬ​អត់​ក្នុង​លោក​យើង​នេះ?
ចម្លើយ​គឺ​មាន។ អ្នក​ប្រាកដ​ជា​​ចង់​ដឹង​ថា​របស់​នោះ​ជា​អ្វី​ហើយ ព្រោះ​ថា​តាំង​តែពី​​កើត​ដឹង​ក្តី​​មក​មិន​ដែល​មាន​របស់​ស្អី​ដែល​អាច​ធ្វើ​ចលនា​លឿន​ជាង​ល្បឿន​ពន្លឺ​នោះទេ។

មុន​នឹង​ចូល​ដល់​ការ​បក​ស្រាយ​ថា​វត្ថុ​អ្វី​ដែល​មាន​ល្បឿន​លឿន​ជាង​ល្បឿន​ពន្លឺ យើង​ខ្ញុំ​សូម​ធ្វើ​ការ​និយាយ​បន្តិច​ពី​ល្បឿន​នៃពន្លឺ​សិន។ បានជា​ល្បឿននៃពន្លឺ​មាន​ចលនា​លឿន​មក​ពី​ទី​មួយ​ពន្លឺ​គ្មានទំនង់នោះទេ គឺ​វា​ស្រាល​ណាស់រក​អ្វី​មក​វាស់​មិនបានទេ(ប្រហែលជា​គ្មានទំងន់ផង​មើលទៅ) ម្យ៉ាងទៀត​ពន្លឺអត់មានកំលាំ​ង​កកិត​ ជាមួយ​នឹង​វត្ថុ​ផ្សេង​នោះទេ។ ជា​រួម​មក​ដោយ​សារ​តែ​ពន្លឺ​គ្មាន​ទំងន់ និង​គ្មាន​កំលាំង​កកិត​បែប​នេះបាន​ជា​វា​មាន​ល្បឿន​លឿន។
ឥទ្បូវ​យើង​មក​និយាយ​ពី​របស់​ដែល​មាន​ល្បៀន​លឿន​ជាង​ល្បឿន​ពន្លឺ​វិញ។ តើ​វា​ជា​អ្វី​ឲ្យ​បា្រ​កដ​?
វត្ថុ​ដែល​មាន​ល្បឿន​លឿន​ជា​ល្បឿន​ពន្លឺ​គឺ ណឺទ្រីណូ(neutrino) គឺវា​ស្រដៀង​នឹង អេទ្បិច​ត្រុង​ដែរ ខុស​គ្នា​ត្រង់ថា ណឺទ្រីណូ​វា​អត់​មានផ្ទុក​បន្ទុក​អគ្គិសនី​ទ្បើយ។ អ្វី​ដែលធ្វើ​ឲ្យ​អ្នកវិទ្យា​សាស្រ្ត​ភ្ញាក់ផ្អើល​នោះ​គឺ​នៅពេល​ដែល​គេ​ធ្វើ​ការពិសោធន៍មួយ ​គេ​បាន​រកឃើញថា ល្បឿន​របស់ ណឺទ្រីណូ​មាន​ល្បឿន​លឿនជាង​ល្បឿន​ពន្លឺ​ទៅ​ទៀត។
តាមពិតទៅ​នេះគឺ​ជា​ពិសោធន៍​មួយ​ដែល​គេ​ធ្វើ​ទ្បើង​ដើម្បី​សិក្សាពី ការ​ផ្លាស់ប្តូរ​រូប​រាងរបស់ ណឺទ្រីណូ ដែលគេ​បាន​បាញ់វា​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត គេ​មិន​បាន​គិត​ដល់​ពី​ល្បឿន​របស់វា​នោះទេ​ពី​ដំបូង​។
ដើម្បី​ឲ្យ​អ្នក​យល់ពី​ការពិសោធន៍​នេះ យើង​សូម​បញ្ជាក់​កន្លែង​នេះ​បន្តិច​ថា ការពិសោធន៍​នេះ​ធ្វើ​ទ្បើង​ដោយ​មានក្រុម​​អ្នក​ស្រាវ​ជ្រាវ​ពី​រ​ក្រុម មួយ​គឺ​ក្រុម​ Geneva ដែល​មានទី​តាំងនៅ​ប្រទេស ស្វីស បាន​បាញ់​ ណឺទ្រីណូ(អាចធ្វើ​ដំណើរ​ឆ្លង​វត្ថុ​ផ្សេងៗបាន សូម្បីតែអាគារ​ក៏​វា​អាច​ឆ្លង​បានដែរ) ទៅ​ឲ្យ​ក្រុម​មួយ​ទៀត គឺ​ក្រុម Gran Sassoដែល​មានទី​តាំង​នៅប្រទេស អ៊ីតាលី។
អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​នេះមានការភ្ញាក់ផ្អើលនោះគឺ វា​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​បំផុត​ដែលនៅពេល​គេ​គណនា​ទៅ​មានល្បឿន​លឿន​ជាង​ល្បឿន​ពន្លឺ​ទៅ​ទៀត។
ត្រង់ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពិភព​អ្នក​វិទ្យា​សាស្រ្ត​ចាប់អារម្មណ៍​ជា​ខ្លាំង ព្រោះ​ថា​នៅលើ​លោក​នេះ​គ្មាន​អ្វី​មានល្បឿន​លឿន​ជាង​ល្បឿន​ពន្លឺ​​នោះទេ។ មុន​នឹង​អ្នក​វិទ្យា​សាស្រ្ត​ធ្វើ​ការ​សន្និ​ដ្ឋាន​អ្វី​មួយ​នោះ គេ​នឹង​ទៅ​សិក្សា​លើ​ករណី​នេះ​សាទ្បើង​វិញ​ដើម្បី បញ្ជាក់ថា នេះពិត​ជា​អាច​កើត​មានទ្បើងមែន ហើយ​គេ​នឹង​ព្យា​យាមពន្យល់​ថា វា​កើត​ទ្បើង​យ៉ាង​ដូច​ម្តេច។

ត្រឹម​ឆ្នាំ ២០២០​ បុរស​នៅ​អាស៊ី​នឹង​ពិបាក​រក​ប្រពន្ធ​

ប្ដី​ប្រពន្ធ​ក្នុង​ថ្ងៃ​រៀប​ការ
បុរស​នៅ​ទ្វី​ប​អាស៊ី ដែល​រួម​មាន​កម្ពុជា​យើង​ដែរ​នោះ នឹង​មាន​ពេល​វេលា​ដ៏​លំបាកក្នុង​ការ​រក​ប្រពន្ធចាប់​ពី​ឆ្នាំ​២០២០​ត​ទៅ ប្រសិន​បើ​គោល​គំនិត​ដែល​គិត​ថា ការ​កើត​កូន​ប្រុស​ប្រសើរ​ជា​ង​កូន​ស្រី​នៅ​តែ​បន្ត​នោះ​។
យោង​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​របស់​ចិន​ បាន​ធ្វើ​ការ​ប៉ាន់ស្មាន​ថា ទារក​ក្នុង​ផ្ទៃ​ដែល​មាន​ភេទ​ស្រី​ប្រមាណ ១៦០លាននាក់ ត្រូវ​បាន​គេ​រំលូត​ចោល ដោយ​សារ​តែ​មាន​ទស្សនៈ​ដ៏​ខុស​ឆ្គង​ ដែល​គិត​ថា​កូន​ប្រុស​ល្អ​ជាង​កូន​ស្រី​នោះ​។​
និន្នាការ​នៃ​ការ​យក​កូន​ប្រុស​នេះ គឺ​មាន​ជា​ពិសេស​នៅ​ប្រទេ​សដែល​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​លើ​លោក​ទាំង​ពីរ គឺ​ចិន និង​ឥណ្ឌា​ ដែល​ជា​ប្រទេស​ដែល​មាន​អត្រា​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ខុស​គ្នា​យ៉ាង​ឆ្ងាយ​នោះ (ប្រុស​ច្រើន​ជាង​ស្រី)។
សារព័ត៌មាន​ The Star Online របស់​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា ត្រឹម​ឆ្នាំ ២០២០ ពោល​គឺ​ជិត​១០ឆ្នាំ​ខាង​មុខ​ទៀត​នេះ វា​នឹង​ពិបាក​ហើយ​សម្រាប់​បុរស​ជន​ជាតិ​អាស៊ី ដោយ​សារ​តែ​ខ្វះ​មនុស្ស​ស្រី​យក​មក​ធ្វើ​ជា​ប្រពន្ធ​។
អ្នក​ស្រី Mara Hvistendahl ដែល​ជា​អ្នក​និពន្ធ​ជន​ជាតិ​អាមេរិកាំង​ បាន​និយាយ​នៅ​ក្នុង​សៀវ​ភៅ​ថ្មីរបស់​គាត់​ថា ឪពុក​ម្ដាយ​ជន​ជាតិ​អាស៊ី លែង​ចង់​បាន​កូន​ស្រីហើយ ដោយ​ម្នាក់​ប្រាថ្នា​យក​តែ​កូន​ប្រុស​ ដោយ​យោង​ទៅ​តាម​ជំនឿ​ និង​ជា​ពិសេស​គឺ​គោល​នយោបាល​ កូន​តែ​មួយ​របស់​ចិន​ (ចិន​ជា​ប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​លើ​លោក ដូច្នេះ​ទើប​មាន​ច្បាប់​ថា​ គ្រួសារ​មួយ​ឲ្យ​មាន​កូន​តែ​មួយ ដូច្នេះ​ ដើម្បី​បន្ត​វង្ស​ត្រកូល ប្រាកដ​ជា​រើស​យក​កូន​ប្រុស​)។
សារព័ត៌មាន​ដដែល​ខាង​លើ បាន​ចុះ​ទៀត​ថា ប្រសិន​បើ​ធ្វើ​តាម​ធម្មជាតិ អត្រា​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​គឺ​មិន​ខុស​គ្នា​ច្រើន​នោះ​ទេ គឺ​ត្រឹម ប្រុស ១០៥នាក់ ទល់​នឹង​ស្រ្ដី ១០០នាក់​។
ទោះយ៉ាង​ណា​ក្ដី នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន គេ​សង្កេត​ឃើញ​មាន​គម្លាត​កូន​ប្រុស​ និង​ស្រី​ឆ្ងាយ​ពី​គ្នា​។ ឧទាហរណ៍ នៅ​ប្រទេស​ចិន មាន​អត្រា ប្រុស១២០ ស្រី​១០០ ខណៈ​ដែល​ឥណ្ឌា មាន​ប្រុស ១០៨ ស្រី​១០០ និង​អាមេនា ប្រុស១២០ ស្រី​១០០។

កំពូល​មហាសេដ្ឋី​ទាំង​២០ ប្រចាំ​ឆ្នាំ​២០១១​ នៅUS

លោក Bill Gates
ទោះ​បីជា​សេដ្ឋកិច្ច​នៃ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះក៏​ពិត​មែន ប៉ុន្ដែ​មហាសេដ្ឋី​នៃ​ប្រទេស​នេះ​បែរ​ជាកើន​ឡើង​ទៅ​វិញ ពោល​គឺ​ទឹក​ប្រាក់​សរុប​នៃ​មហាសេដ្ឋី​លំដាប់​កំពូល​ៗជា​សរុប បាន​ឡើង​ដល់ ១,៥៣​លាន​លាន​ដុល្លារ​។
លោក Bill Gates នៅ​តែ​ជា​អ្នក​មាន​ជាង​គេ​ដដែល​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​ក៏​ជា​ឆ្នាំ​ទី១៨ជាប់គ្នា​ផង​ដែរ ដែល​គាត់​ស្ថិត​នៅ​លើ​គេ ជាមួយ​នឹង​ទឹក​ប្រាក់​ ៥៩ពាន់​លាន​ដុល្លារ។ ឆ្នាំ​ចុង​ក្រោយ​ដែល​គាត់​មិន​បាន​ឈរ​នៅ​លេខ​មួយ គឺ​ឆ្នាំ​១៩៩៣ ដែល​ពេល​នោះ មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​ គឺ​លោក​ Warren Buffett គឺជា​អ្នក​ដែល​មាន​ជាង​គេ​។ បច្ចុប្បន្ន​នេះ Buffett បាន​ឈរ​នៅ​លេខ​ពីរ ប៉ុន្ដែគម្លាត​រវាង​គាត់​ និង​លោក Bill Gates គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​​ (៣៩​ពាន់​លាន​ដុល្លារ​)។
អ្វី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍មួយ​ទៀត គឺ​ស្ថានិក​វ័យ​ក្មេង​របស់ Facebook គឺ​លោក Mark Zuckerberg ដែល​បានស្ថិត​ក្នុង​ចំណោម​​មហាសេដ្ឋី​​លំដាប់​កំពូលទាំង​២០​ផង​ដែរ ដោយ​ស្ថិត​នៅ​លំដាប់​ទី ១៤ ជាមួយ​នឹង​ទ្រព្យ​សម្បតិ្ត ១៧,៥ពាន់​លាន​ដុល្លារ​ ក្នុង​អាយុ​ទើប​តែ​២៧ឆ្នាំ​។​
ស្ថិត​ក្នុង​ចំណោម​កំពូល​ៗ​ទាំង​២០ដទៃ​ទៀត រួមមាន លោក Larry Ellison ដែល​ជា​អ្នក​បង្កើតក្រុម​ហ៊ុន Oracle (៣៣ពាន់​លាន​ដុល្លារ), គ្រួសារ​ត្រកូល Walton ដែល​រួម​មាន លោក Christy Walton (២៤,៥ពាន់​លាន​ដុល្លារ), Jim C. Walton (២១,១ពាន់លាន​ដុល្លារ) និង Alice Walton (២០,៩ពាន់​លាន​ដុល្លារ)។
អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់ Forbes នៅ​ឆ្នាំ​នេះ គឺ​មិនមែន​ជា​អ្នក​រកស៊ី​ជើង​ចាស់​ទាំងអស់​​នោះ​ទេ តែ​ជា​សហគ្រិន​ជំនាន់​ថ្មី ជា​ពិសេស​គឺ​អ្នក​ដែលរក​ស៊ី​ទាក់​ទង​នឹង​បច្ចេក​វិទ្យា​។
ចំណែក​មហាសេដ្ឋី​បី​នាក់ដែល​ស្ថិត​ក្នុង​បញ្ជី​នេះ​កាល​ពី​ឆ្នាំមុន បាន​ទទួល​មរណៈ​ទៅ​ហើយ ដែល​មាន​ John Anderson, William Cook និង Jess Jackson។
ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយ​មិត្ត​ មើល​រូប​ថត និង​ព័ត៌មាន​ខ្លះ​ៗ​ទាក់​ទង​នឹងមហាសេដ្ឋី​កំពូល​ទាំង​២០​ប្រចាំ​សហរដ្ឋ​អាមេរិក​ ដែល​មាន​ដូច​ខាង​ក្រោម៖
លោក Bill Gates
១- Bill Gates
ទ្រព្យ​សម្បត្តិ​ ៖ ៥៩ពាន់លាន​ដុល្លារ​
អាយុ ៥៥ឆ្នាំ
ប្រភព​ចំណូល Microsoft


លោក Warren Buffett
២- Warren Buffett
ទ្រព្យ​សម្បតិ្ត ៣៩ពាន់​លាន​ដុល្លារ
អាយុ ៨១ឆ្នាំ​
ប្រភព​ចំណូល Berkshire Hathaway


លោក Larry Ellison
៣ Larry Ellison
ទ្រព្យ​សម្បត្តិ ៣៣ពាន់​លាន​ដុល្លារ
អាយុ ៦៧ឆ្នាំ
ប្រភព​ចំណូល ក្រុមហ៊ុន​Oracle


លោក Charles Koch
៤ Charles Koch
ទ្រព្យ​សម្បតិ្ត ២៥ពាន់​លាន​ដុល្លារ
 អាយុ ៧៥ឆ្នាំ
ប្រភព​ចំណូល : Manufacturing


លោក David Koch
៥ David Koch
ទ្រព្យសម្បត្តិ ២៥ពាន់​លាន​ដុល្លារ
អាយុ ៧១ឆ្នាំ
ប្រភព​ចំណូល : Manufacturing


អ្នក​ស្រី Christy Walton (ឆ្វេង)
៦ Christy Walton
ទ្រព្យ​សម្បត្តិ ២៤,៥ពាន់​លាន​ដុល្លារ
អាយុ ៥៦ឆ្នាំ
ប្រភព​ចំណូល Walmart


លោក George Soros
៧ George Soros
ទ្រព្យសម្បតិ្ត ២២លាន​ដុល្លារ
អាយុ ៨១ឆ្នាំ
ប្រភព​ចំណូល Hedge funds


លោក Sheldon Adelson
៨ Sheldon Adelson
ទ្រព្យ​សម្បតិ្ត ២១,៥ពាន់​លានដុល្លារ
អាយុ ៧៨ឆ្នាំ
ប្រភព​ចំណូល Casinos


Jim Walton
៩ Jim Walton
ទ្រព្យ​សម្បត្តិ ២១,១ពាន់​លាន​ដុល្លារ
អាយុ ៦៣ឆ្នាំ
ប្រភព​ចំណូល Walmart


អ្នក​ស្រី Alice Walton
១០ Alice Walton
ទ្រព្យ​សម្បត្តិ ២០,៩ពាន់​លាន​ដុល្លារ
អាយុ ៦១ឆ្នាំ
ប្រភព​ចំណូល Walmart


លោក S. Robson Walton
១១ S. Robson Walton
ទ្រព្យ​សម្បត្តិ ២០,៥ពាន់​លាន​ដុល្លារ
អាយុ ៦៧ឆ្នាំ
ប្រភព​ចំណូល Walmart


លោក Michael Bloomberg
១២ Michael Bloomberg
ទ្រព្យ​សម្បត្តិ ១៩,៥ពាន់​លាន​ដុល្លារ
អាយុ ៦៩ឆ្នាំ
ប្រភព​ចំណូល Bloomberg


លោក Jeff Bezon
១៣ Jeff Bezos
ទ្រព្យ​សម្បតិ្ត ១៩,១ពាន់លានដុល្លារ
អាយុ ៤៧ឆ្នាំ
ប្រភព​ចំណូល ក្រុមហ៊ុន Amazon


លោក Mark Zuckerberg
១៤ Mark Zuckerberg
ទ្រព្យ​សម្បត្តិ ១៧,៥ពាន់​លាន​ដុល្លារ
អាយុ ២៧ឆ្នាំ
ប្រភព​ចំណូល Facebook


លោក Sergey Brin
១៥ Sergey Brin
ទ្រព្យ​សម្បត្តិ ១៦,៧ពាន់​លាន​ដុល្លារ
អាយុ ៣៨ឆ្នាំ
ប្រភព​ចំណូល Google


លោក Larry Page
១៦ Larry Page
ទ្រព្យ​សម្បត្តិ ១៦,៧ពាន់​លាន​ដុល្លារ
អាយុ ៣៨ឆ្នាំ
ប្រភព​ចំណូល Google


លោក John Paulson
១៧ John Paulson
ទ្រព្យ​សម្បត្តិ ១៥,៥​ពាន់​លាន​ដុល្លារ
អាយុ ៥៥ឆ្នាំ
ប្រភព​ចំណូល Hedge funds


លោក Michael Dell
១៨ Michael Dell
ទ្រព្យ​សម្បត្តិ ១៥ពាន់​លាន​ដុល្លារ
អាយុ ៤៦
ប្រភព​ចំណូល Dell


លោក Steve Ballmer
១៩- Steve Ballmer
ទ្រព្យ​សម្បត្តិ ១៣,៩ពាន់​លាន​ដុល្លា
អាយុ ៥៥ឆ្នាំ
ប្រភព​ចំណូល Microsoft


លោក Forest Mars (ស្ដាំ)
២០ Forest Mars
ទ្រព្យសម្បត្តិ ១៣,៨ពាន់លាន​ដុល្លារ
អាយុ ៨០ឆ្នាំ
ប្រភព​ចំណូល Mars Candy


បញ្ហាលុយ​កាក់​ ធ្វើ​ឲ្យ​ស្រ្ដី​គេង​អត់​លក់​ពេល​យប់​

ស្រ្ដី​ដែល​គេង​មិនលក់​
ហេតុ​អ្វី​ស្រ្ដី​ភាគ​ច្រើន​គេង​បាន​តិច​នៅ​ពេល​យប់​ ដោយ​សារ​តែ​ការ​គេង​មិន​លក់​? ចម្លើយនៃ​សំណួរ​នេះ​ ​ត្រូវ​បាន​បង្ហាញ​​ តាម​រយៈការ​ធ្វើ​ការ​ស្ទង់​មតិ​ថ្មី​មួយ​ ដោយ​រក​ឃើញ​ថា បញ្ហា​ហិរញ្ញ​វត្ថុ​គឺ​ជា​មូល​ហេតុ​ចម្បង​។ ការ​ស្ទង់​មតិ​​នេះ​បាន​បញ្ជាក់​ថា ​ភាគ​ច្រើននៃ​មនុស្ស​ស្រី​​ បាន​ខ្វល់​ខ្វាយ​ពី​បញ្ហាលុយ​កាក់​ ជា​ជាង​ការ​គិត​ពី​បញ្ហា​ស្នេហា​អូន​បង​ ឬ​បញ្ហា​អ្វី​ផ្សេង​ទៀត​។ ចំណែក​ឯ​បុរស​វិញ មិន​សូវ​យក​ពេល​គេង​ទៅ​គិត​រឿង​លុយ​នោះ​ទេ​។
ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​ Catalyst Group បាន​បង្ហាញ​ថា លុយ​ គឺ​ជា​កត្តា​ព្រួយ​បារម្ភ​ទី​មួយ​ ដែល​បង្ក​ឲ្យ​មនុស្ស​ស្រី​ចំណាយ​ពេល​ជា​ច្រើន​នៃ​ដំណេក​របស់​ពួក​គេ​នា​ពេលយប់ ដើម្បី​គិត​ តាម​ពី​ក្រោយ​ដោយ​កត្តា​ស្រ្ដេស​នៅ​កន្លែង​ការងារ​។
សម្រាប់​ការ​សិក្សា​នេះ ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ស្ទង់មតិ​ទៅ​លើ​មនុស្ស​ច្រើន​ជាង ១០០០នាក់ ដែល​អាច​រក​ប្រាក់​ចំណូល​បានមធ្យម និង​មាន​អាយុ​ចន្លោះ​ពី ២៥ ទៅ​ ៤៩ឆ្នាំ​។
សំណួរ​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​សួរ​ទៅ​កាន់​អ្នកចូល​រួម​ជាង​១០០០នាក់​នេះ គឺ​ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​គេង​មិន​លក់​នា​ពេល​យប់​? ក្រោយ​ពី​ធ្វើ​ការ​វិភាគ​ទៅ​លើ​ទិន្នន័យ​ដែល​បាន​មក​ពី​ការ​ឆ្លើយ​សំណួរ​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បញ្ហា​ហិរញ្ញវត្ថុ គឺ​ជាហេតុ​ផលធំ​ជាង​គេ​ទីមួយ​ ដែល​បាន​ធ្វើ​ឲ្យ​ស្រ្ដី​នៅ​បញ្ឈរ​ភ្នែក​នា​ពេល​យប់​ (ស្ដ្រី​៣០%​បាន​ឆ្លើយ​ដូច្នេះ​)។
ក្រៅ​ពី​​​ស្រ្ដី​ចំនួន​ ៣០ភាគ​រយ​ដែល​បាន​ឆ្លើយ​បែប​នេះ ស្រ្ដីប្រមាណ ១៨ភាគ​រយ​ក៏​បាន​ឆ្លើយ​ថា បញ្ហា​​អារម្មណ៍​ស្រ្ដេស​នៅ​កន្លែង​ធ្វើ​ការ​ងារ​គឺ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ពួក​គេ​គេង​មិន​សូវ​លក់​។
បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​ហ៊ុន​ Woman & Co ក៏​បាន​រក​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​បាន​បង្ហាញ​ថា ស្រ្ដី​ប្រមាណ ៦៦​ភាគ​រយ​ គឺ​ជា CFO (ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ)​ ប្រចាំ​ផ្ទះ ដូច្នេះ​វា​ជៀស​មិន​ផុត​នោះ​ទេ ដែល​ស្រ្ដី​ត្រូវ​ប្រើ​ខួរ​ក្បាល​ដើម្បីគិត​ពី​វា​ស្ទើ​តែ​គ្រប់​ពេលនោះ​។
ងាក​មក​និយាយ​ពី​បុរស​វិញ ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​ដែល​អ្នក​ស្ទង់​មតិ​សួរ​នោះ​ទេ ដោ​យ​ភាគ​ច្រើន​បាន​ឆ្លើយ​ថា​ " Nothing" ។
ដូច​ដែល​អ្នក​បាន​ជ្រាប​រួ​ច​ហើយ​ថា បញ្ហា​លុយ​កាក់​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ស្ទើតែ​លើ​មនុស្ស​គ្រប់​រូប ហើយ​ពេល​ខ្លះ​ការ​គិត​ខ្វល់​ខ្វាយ​នេះ បាន​បង្ករ​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ និង​សុភ​មង្គល​ក្នុង​គ្រួ​សារ​ទៀត​ផង​។

វីធី​សាស្រ្ដ​ ៦យ៉ាង ​ការ​ពារ​កុំ​ឲ្យ​ងងុយ​គេង​ពេល​ថ្ងៃ​!

ងងុយ​គេង​ពេល​ម៉ោង​ធ្វើ​ការ
ការ​មាន​អារម្មណ៍​ងងុយ​គេង​ពេលថ្ងៃ​ គឺ​ជា​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​បាន​ជួយប្រទះ​ ជា​ពិសេស​គឺ​សិស្ស​សាលា និង​អ្នក​ធ្វើ​ការ​។ អារម្មណ៍​ងងុយ​គេង​នេះ ធ្វើ​ឲ្យ​យើង​មិន​អាច​ផ្ដោត​អារម្មណ៍​រៀន ឬ​ធ្វើ​ការ​បាន​ល្អ​នោះ​ទេ ដែល​មាន​ពេល​ខ្លះ​គេង​លក់​នៅ​នឹង​តុ​ក៏មាន​នោះ​ដែរ​។ ការ​ងងុយ​គេង​នា​ពេល​ថ្ងៃ​ ឬ​ការ​អស់​កម្លាំង​ល្ហិត​ល្ហៃ​​នេះ គឺ​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា​ ការ​គេង​មិន​ទៀង​ម៉ោង មាន​សុខ​ភាព​មិន​ល្អ ញ៉ាំ​អាហារ​មិនទៀង​ពេល និង​ស្រ្ដេសជាដើម​។
តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជៀស​វាង​ការ​ងងុយ​គេង​ពេល​ថ្ងៃ​នេះ​បាន​?
ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​សាស្រ្ដ​​៦យ៉ាង ដែល​អាច​ជួយ​លោក​អ្នក​បាន​៖
១- គេង​ពេល​យប់​ឲ្យ​បាន​គ្រប់​គ្រាន់​ ៖ ការ​គេង​លក់​ស្រួលដោយ​គ្មាន​ការ​រំខាន​នា​ពេល​យប់​ ឲ្យ​បាន​ពី​៧ទៅ​៩ម៉ោង ក្នុង​មួយ​យប់​ គឺ​ពិត​ជា​ល្អ​ប្រពៃ​ណាស់​។ អ្នក​ត្រូវ​ចង​ចាំ​នូវ​ពាក្យ​មួយ​ឃ្លា​ថា " ឆាប់​ចូល​គេង និង​ឆាប់​ភ្ញាក់​ពី​ដំណេក​" ។ ពិត​ណាស់​កា​រគេង​ច្រើន​ពេក ក៏​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​ ឬ​ការ​សិក្សា​បន្ថែម​នៅ​ផ្ទះ​របស់​អ្នក​ផង​ដែរ ប៉ុន្ដែ​បើ​អ្នក​អាច​ធ្វើ​វា​បាន នោះ​គ្មាន​ផ្លូវ​ដែល​អ្នក​ត្រូវ​អង្គុយ​ងោក​នៅក្នុង​ថ្នាក់​រៀន ឬ​នៅ​ការិយាល័យ​នោះ​ទេ​។
២- ឈប់​គេង​លេង​ពេល​ថ្ងៃ​ត្រង់​ ៖ ការ​គេង​ពេល​ថ្ងៃ​ត្រង់​ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គេង​ពេល​យប់​ផង​ដែរ​។ ប្រសិន​បើ​អ្នក​ចង់​គេង​ឲ្យ​បាន​លក់​ស្រួល​នៅ​ពេល​យប់ នោះ​អ្នក​គួរ​តែ​ជៀស​វាង​ការ​គេង​នៅ​ពេល​ថ្ងៃ​ត្រង់​។
៣- ជៀស​វាង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ច្រើន​ជ្រុល​ ៖ ការ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ឆ្អែត​ជ្រុល​ អាច​បង្កើននូវ​ចល​នា​ឈាម​រត់​ទៅ​កាន់ក្រពះ​ ហើយ​បន្ទាប​នូវ​ចលនា​ឈាមដែល​ផ្គត់​ផ្គង់​នៅ​ខួរ​ក្បាល ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ និង​ងងុយ​គេង ដូច្នេះ​អ្នក​គួរ​តែ​កុំញ៉ាំ​ច្រើន​ពេក​អី​​។
មួយ​វិញ​ទៀត ចំពោះ​អ្នក​ដែល​អង្គុយ​រយៈ​ពេល​យូរ គួរ​តែញ៉ាំ​អាហារ​ពេល​ល្ងាច​ឲ្យ​បាន​ ២ទៅ​បីម៉ោង មុន​នឹង​ចូល​គេង ព្រោះ​វា​នឹង​ផ្ដល់​ឲ្យ​រាង​កាយ​របស់​អ្នក​រំលាយ​អាហារ​បាន​ល្អ ហើយនឹង​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​។
៤- ធ្វើ​លំហាត់ប្រាណ ៖ ដូច​ដែល​លោក​អ្នក​បាន​ដឹង​ហើយ​ថា ការ​ហាត់ប្រាណ​ពិតជា​សំខាន់​ណាស់​ចំពោះ​រាង​កាយ​របស់​យើង​ម្នាក់​ៗ​។ ចូរ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ ដោយ​ស្ដាប់​នូវ​តន្រ្ដី​ពិរោះ​ៗ ហើយ​ធ្វើ​ការ​រត់​ហាត់​ប្រាណ​ជុំវិញ​ផ្ទះ​របស់​អ្នក​។ ស្ដាប់​ចម្រៀង​បណ្ដើរ​ រត់​តិច​ៗ​បណ្ដើរ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ​ជាក់​ជា​មិន​ខាន​។
៥- រៀប​ចំ​កន្លែង​ធ្វើ​ការ​របស់​អ្នក​ឲ្យ​បាន​ស្អាត​ ៖ ការ​ធ្វើ​ការ​នៅ​កន្លែង​ដែល​គួរ​ឲ្យ​ធុញទ្រាន់ គ្មាន​សណ្ដាប់​ធ្នាក់ ក៏​នឹង​មិន​អាច​ជម្រុញ​ឲ្យ​អ្នក​មាន​ទឹក​ចិត្ត​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ដែរ ដូច្នេះ​អ្នក​គួរ​រៀប​ចំកន្លែង​ធ្វើការ​របស់​អ្នក​ឲ្យ​មាន​របៀប​រៀប​រយ​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ជ្រះ​ថ្លា មិន​ស្ពឹក​ស្រពន់​។
៦- លុប​មុខ និង​ទំពារ​ស្ករ​កៅស៊ូ ៖ ប្រសិន​បើ​អ្នក​ទំនេរ​ពី​ការងារ ឬ​ដល់​ម៉ោង​សម្រាក​ពី​សិក្សា សូម​ធ្វើ​ការ​លុប​លាង​មុខ​របស់​អ្នក​ចេញ ជាមួយ​​នឹង​ទឹក​ត្រជាក់ៗ​។ ការ​ធ្វើ​បែបនេះ នឹង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ដែល​ល្ហិត​ល្ហៃ បើ​ក​ភ្នែក​លែង​ចង់​រួច​នោះ ត្រឡប់​មក​ជា​សកម្ម​ឡើង​វិញ​។ បន្ថែម​លើ​នេះ អ្នក​អាច​ទំពារ​ស្ករ​កៅស៊ូ ព្រោះវា​អាច​ជួយ​ឲ្យ​ខួរ​ក្បាលយើង​សកម្ម និង​គិត​បាន​លឿន​។
សរុបមក​វិញ កត្តា​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ងងុយ​គេង​នា​ពេល​ថ្ងៃ គឺ​ដោយ​សារ​តែ​អ្នក​គេង​ពេល​យប់​មិនគ្រប់​គ្រាន់​។ អនុវត្ត​តាម​វិធី​ខាង​លើ​ទាំង​៦ នោះអ្នក​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ហើយ​។ ប្រសិន​បើ​អ្នក​មាន​វិធី​អ្វី​ផ្សេងទៀត​​ សូម​ចែក​ជូន​ជា​បទ​ពិសោធន៍​ដល់​អ្នក​ដទៃ​តាម​រយៈ​ ប្រអប់​ផ្ដល់​យោបល់​ខាង​ក្រោម​!

នៅ​លើ​ផែន​ដី​មាន​ភាវៈ​រស់​ប៉ុន្មាន​ប្រភេទ?

សត្វ​មួយ​ប្រភេទ​ក្នុង​ចំណោម​សត្វ​ថ្មី​ៗ​
យោង​តាម​ទិន្នន័យ​ថ្មី​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​បង្ហាញ​ថា ភាវៈ​មាន​ជីវិត​នៅ​លើ​ផែន​ដី​របស់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ចំនួន ៨,៧លាន​ប្រភេទ​។ ប៉ុន្ដែ​ទន្ទឹម​នឹង​គ្នា​នេះ​ដែរ មួយ​ភាគ​ធំ​នៃ​ភាវៈ​មាន​ជីវិត​ទាំង​នេះ មិន​ទាន់​ត្រូវ​បាន​កំណត់​ ឬ​រៀប​ចំ​ទៅ​តាម​ក្រុម​នៃ​ប្រភេ​ទ​នីមួយ​ៗ​នៅឡើយ​ទេ​។ អ្នក​វិទ្យាសាស្រ្ដ​ទាំង​នេះ បាន​អះ​អាង​ថា ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ដល់​ទៅ​ជាង​ ១០០០ឆ្នាំ​ឯណោះ​ ក្នុង​ការ​កំណត់​រាល់​ប្រភេទ​នៃ​ភាវៈរស់​ទាំង​អស់​នេះ​។
ចំនួន​ដែល​រកឃើញ​នា​ពេល​នេះ គឺ​ចេញ​ពី​ការ​សិក្សា​ទៅ​លើ​ទំនាក់​ទំនង​រវាង​សាខា​ និង​ខ្សែ​ស្រឡាយ​នៃ​ជីវិត​ភាវៈ​រស់​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​ ក៏បាន​ព្រមាន​ផង​ដែរ​ថា សត្វ​ និង​ភាវៈ​រស់​ជាច្រើន​ អាច​នឹង​ផុត​ពូជ​ មុន​ពេល​ដែល​វា​ត្រូវ​បាន​គេ​យក​មក​សិក្សា​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ចំនួន​ភាវៈ​រស់​ជា​ច្រើន​នៅ​លើ​ផែន​ដី​ អាច​ត្រូវ​បាន​ពិបាក​នឹង​រាប់​ណាស់ ហើយ​វិធី​ដែល​អ្នក​វិទ្យាសាស្រ្ដ​ប្រើ​ដើម្បី​គណនា​នោះ ក៏កាន់​តែ​ពិបាក​យល់​ថែម​ទៀត​។
មួយ​ភាគ​ធំ​នៃ​ភាវៈ​រស់​ទាំង ៨,៧លាន​ប្រភេទ​នេះ គឺ​ជា​សត្វ​ ហើយ​មួយ​ចំនួន​តូច​ទៀត មាន​ដូច​ជា​ប្រភេទ​ផ្សិត​ ដើម​រុក្ខជាតិ និង​ពពួក​សរីរាង្គ​ភាគ​ល្អិត​តូច​ៗ​ដទៃ​ទៀត​។ សត្វ​ដែល​មាន​ចំនួនភាគ​ច្រើន​នោះគឺ​ មាន​ ៧,៧៧លាន​ប្រភេទ​ ខណៈ​ដែល​សល់​ពី​នេះ​គឺ​ជា​ពពួកផ្សិត (០,៦១លាន​ប្រភេទ) រុក្ខជាតិ (០,៣០លាន​ប្រភេទ)​។
សូម​បញ្ជាក់​ផងដែរ​ថា ចំនួន​ដែល​រក​ឃើញ​នា​ពេល​នេះ គឺ​ក៏​រាប់​បញ្ចូល​ទាំង​ពពួក​បាក់​តេរី និង​ប្រភេទ​ផ្សេង​ៗ​ទៀត​នៃ​សរីរាង្គ​តូចៗ​ដែល​មើល​មិន​ឃើញ​។
ក្នុង​ចំណោម ៨,៧​លាន​ប្រភេទ​នេះ មាន​តែ ១,២លាន​ប្រភេទ​ប៉ុណ្ណោះ ដែល​អ្នក​វិទ្យាសាស្រ្ដ​បាន​ធ្វើ​ការ​សិក្សា​ពិពណ៌នា​រួច​រាល់ ដែល​ភាគ​ច្រើន​ ជា​ពពួក​សត្វ​ និង​រុក្ខជាតិ​ដែល​នៅ​លើ​គោក ឯ​នៅ​ក្នុង​បាត​មហាសមុទ្ទ​មិនសូវ​មាន​នោះ​ទេ​។
ពពួក​សត្វ​ល្អិត​ថ្មីៗ​ដែល​ទើប​រក​ឃើញ
សត្វ​ដែល​គេ​ដាក់​ឈ្មោះ​ថា​black-capped woodnymph ទើ​ប​រក​ឃើញ​នៅ​ឆ្នាំ២០០៩ នៅ​កូឡុំប៊ី


ហេតុ​អ្វី​បាន​ជា​យើង​មាន​ក្រ​ចក​ដៃ

ក្រចក​ដៃ​
ក្រ​ចក​ដៃ​របស់​យើង​មាន​សារៈសំខាន់ណាស់ ប្រ​សិន​បើ​គ្មាន​វា​នោះ​ទេ នោះ​មនុស្ស​នឹង​រស់​នៅ​យ៉ាង​វេទ្ទនា។​ បើ​មនុស្ស​គ្មាន​ក្រ​ចក​ដៃ​ទេ​នោះ យើង​ប្រ​ហែល​ជា​មិន​អាច​បក​សំបក​ផ្លែ​ឈើ​បាន​ទេ​មើល​ទៅ ហើយ​នៅពេល​អ្នក​រមាស់​តើ​អ្នក​បាន​អ្វី​សម្រាប់​អេះ។ តើ​អ្នក​នឹង​យក​អ្វី​សម្រាប់​ហែក​របស់​ផ្សេងៗ​ដូចជា​ថង់​មី​ជា​ដើម? ជា​មួយ​នឹង​ប្រ​យោជន៍​ដ៏​ច្រើន​របស់​ក្រ​ចក​ដៃ តើ​អ្នក​ដឹង​ថា​ក្រ​ចក​ដៃ​របស់​អ្នក​កើត​មកពី​ពេល​ណា​ទេ?
តើ​នៅពេល​ណា​ដែល​ក្រ​ចក​ដៃ​មាន​នៅ​លើ​ម្រាម​ដៃ​របស់​មនុស្ស​យើង?
បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់ សកល​វិទ្យា​ល័យ​នៅ ហ្វ្ល​រីដា បាន​បញ្ជាក់ពី​ភស្តុ​តាង​ដ៏​ចំណាស់​មួយ​ នៃ​ក្រ​ចក​ដៃ​របស់​សត្វ​​មួយ​ប្រភេទ​ដែល​មាន​អាយុ​ប្រហែល​ជា ៥៥,៨​លាន​ឆ្នាំ​មក​ហើយ សត្វ​នេះ​គឺ​ជា​ពូជ​នៃ​សត្វ Teilhardina brandti គឺ​ជា​សត្វ​ម្យ៉ាង​ដែល​មាន​រាង​ដូច​សត្វ​ស្វា ហើយ​វា​ត្រូវ​បាន​ផុត​ពូជ​បាត់ទៅ​ហើយ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នោះ​បាន​រក​ឃើញ​ថា សត្វ​នេះ​វា​ប្រើ ក្រ​ចក​ដៃ​របស់​វា សម្រាប់​តោង​ពី​មែក​ឈើ​មួយ ទៅ​មែក​ឈើ​មួយ​ទៀត ហើយ​ក្រ​ចក​ដៃ​របស់​វា​ក៏​អាច​ប្រើ​សំរាប់​បក​សំបក​ផ្លែ​ឈើ និង​ហែក​របស់​ផ្សេង​ៗ​ទៀត​ផង​ដែរ​។
ចុះ​ការ​ស្រាវ​ជ្រាវ​នេះ​មាន​អ្វី​អស្ចារ្យ​ទៅ?
វា​អស្ចារ្យ​ត្រង់​ថា​គេ​បាន​រក​ឃើញ​ក្រចក​ដៃ​របស់​សត្វ Teilhardina brandti ដែល​មាន​ទំរង់ និង​រូប​រាង​ដូច​ជា​ក្រ​ចក​ដៃ​របស់​មនុស្ស​យើង​នា​សម័យ​បច្ចុប្បន្ន​ដែរ។ នេះ​បញ្ជាក់​ថា ក្រ​ចក​ដៃ​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​មិន​មែន​ទើប​តែ​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ ពាន់​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​គឺ​វា​មាន​តំាងពី​យូរ​ណាស់​មក​ហើយ​ គឺ​ប្រហែល ៥៥,៨​លាន​ឆ្នាំ​មុន​ឯណោះ។
នៅពេលអ្នក​ប្រើ​ប្រាស់​ក្រ​ចក​ដៃ​របស់​អ្នក​ម្តង​ៗ​អ្នក​គួរ​តែ​គិត​ពី​សត្វ​ Teilhardina brandti ព្រោះ​ថា​វា​អាច​ជា​សត្វ​មួយ​ដែល​បាន​ផ្តល់​ក្រ​ចក​ដៃ​ដល់​អ្នក។

ការ​ងារ​ទាំង​៥​សម្រាប់​សិស្ស​មហា​វិទ្យា​ល័យ

surya-supermarketការ​សិក្សា​រៀន​សូត្រ​គឺ​មាន​សារៈសំខាន់​ណាស់​ព្រោះ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​​មនុស្ស​យើង​ម្នាក់​សង្ឃឹម​ថា​នឹង​បាន​ធ្វើ​ការ​ងារ​មួយ​ដែល​អាច​រក​ប្រាក់​បាន​ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង​ផង​នឹង​គ្រួ​សារផង​។ តែ​អ្វី​ដែល​អ្នក​មិន​ដឹង​នោះ​គឺ ពិភព​នៃ​ការ​សិក្សា​ និង​ពិភព​នៃ​ការ​ងារ​គឺ​វា​មិន​ដូច​គ្នា​ទាំងស្រុង​នោះ​ទេ ហើយ​មិន​ប្រា​កដ​ថា​ឲ្យ​តែ​អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​សុទ្ធ​តែ​អាច​រក​ការ​ងារ​ធ្វើ​បាន​ទាំង​អស់​នោះ​ទេ។ អ្នក​ខ្លះ​នៅពេល​បញ្ចប់​ការ​សិក្សា​ភ្លាម​ ក៏​រក​ការ​ងារ​បាន​ភ្លាម តែ​ចំណែក​អ្នក​ខ្លះ​ទៀត​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ហើយ នៅ​តែ​មិន​អាច​រក​ងារ​បាន​ធ្វើ​នឹង​គេដដែល​។ ភាព​អត់​ការ​ងារ​ធ្វើ​មិន​បញ្ជាក់​ថា​អ្នក​នោះ​គ្មាន​សមត្ថភាព​​ក្នុង​ការ​ធ្វើ​ការ​ងារ​នោះ​ទេ នេះ​ប្រហែលជា​មក​ពី​អ្នក​នោះ​គ្មាន​ឱកាស ឬ​ក៏​មិន​ចេះ​ក្តាប់​ឱកាស​ការ​ងារ​។​ ហើយ​ភាព​គ្មា​ន​ការ​ងារ​នេះ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​បរាជ័យ​ដទៃ​ទៀត​​នៅ​ក្នុង​ជី​វិត​របស់​អ្នក​។
ដើម្បី​ជៀស​ឲ្យ​ផុត​ពី​ភាព​អត់​ការ​ងារ​ធ្វើ​បន្ទាប់​ពី​រៀន​ចប់ យើង​ជា​សិស្ស​ដែល​រៀន​នៅ​មហាវិទ្យាល័យ​មួយ​​ មិន​ថា​កូន​អ្នក​មាន ឬ​ក៏​កូន​អ្នក​ក្រ​នោះ​ទេ គឺ​ត្រូវ​ស្វះ​ស្វែង​រក​ការ​ងារ​ធ្វើ​ក្រៅ​ម៉ោង​ខណៈពេល​ដែល​យើង​កំពុង​តែ​សិក្សា​នៅ​មហាវិទ្យា​ល័យ​នៅទ្បើយ ព្រោះ​ថា​ធ្វើ​បែប​នេះ​វា​ជួយ​ឲ្យ​យើង​យល់​ដឹង​ពីពិភពនៃ​ការ​សិក្សា​ផង និង​ពិភព​នៃ​ការ​ងារ​ខាង​ក្រៅ​ផង។ ម្យ៉ាង​ទៀត​ធ្វើ​ការងារ​ធ្វើ​ឲ្យ​យើង​ស្គាល់​មនុស្ស​ច្រើន កាល​ណា​យើង​ស្គាល់​គេ​ច្រើន​ ឱកាស​ការ​ងារ​ក៏​មាន​ច្រើន​ដែរសម្រាប់​យើង​ម្នាក់ៗ។ ​
ខាង​ក្រោម​នេះ​ជា​ការ​ងារ​ទាំង​ប្រាំ​សម្រាប់​សិស្ស​ដែល​កំពុង​តែ​សិក្សា​នៅ​មហាវិទ្យាល័យ​៖
សូម​បញ្ជាក់​ថា ការ​ងារ​ទាំង​នេះ​សម្រាប់​តែ​សិស្ស​រៀន​ជំនាញ​មួយ​តែ​ប៉ុណ្ណោះ ចំពោះ​សិស្ស​ដែល​រៀន​នៅ​ពីរ​មហាវិទ្យាល័យ មិន​គួរ​ធ្វើ​ការ​ងារ​​ដែល​បាន​រៀប​រាប់​ទាំង​នេះ​​ទេ ព្រោះ​ថា​រៀន​ពីរ​មហាវិទ្យាល័យ​គ្មាន​ពេល​ទំនេរ​ទៅ​ធ្វើ​ការ​ងារ​ទេ។

ការងារទី​មួយ ធ្វើ​ជា​អ្នក​លក់​របស់របរ​ផ្សេង​ៗ​​នៅ​ក្នុង​ហាង​។​ ការ​ងារ​នេះ​ភាគ​ច្រើន​សម្រាប់​សិស្ស​នារី ហើយ​វា​មិន​មាន​ភាព​សាំ​ញុំា​ទេ ហើយ​ក៏​មិន​ហត់​ដែរ ចំណែក​ឯប្រាក់​កំរៃ​ក៏​បាន​គួរ​សម​ដែរ។ សិស្ស​នារី​អាច​រក​ការ​ងារ​នេះ​ធ្វើ​នៅ​តាម​ហាង​ ទំនើប ឬ​ក៏​តាម ម៉ាត​តូច​ៗ​ ហើយ​អ្នក​អាច​ធ្វើ​ការ​ម៉ោង​ណា​ក៏​បាន​ព្រោះ​ថា​ម៉ាត​មួយ​ចំនួន​គេ​បើក ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើអ្នក​រៀន​ថ្ងៃ​អ្នក អាច​ធ្វើ​ការ​ពេល​យប់​ ឬ​ក៏​ពេល​ព្រឹក​ក៏​បាន។ សិស្ស​នារី​ៗ​អាច​ធ្វើជា​អ្នក​លក់​ខោ​អាវ​ក៏​បាន ឬ​ក៏​លក់​ស្បែក​ជើង​ក៏​បាន​។
ការ​ងារ​ទីពីរ ធ្វើ​ការ​ងារ​នៅ​តាម​អង្គការ​ផ្សេង​ៗ​​។ មាន​អង្គ​ការ​ជា​ច្រើន​ដែល​ទទួល​អ្នក​ស្ម័​គចិត្ត​ធ្វើ​ការ​បម្រើ សង្គម​ ក្មេង​កំព្រា និង​ជន​គ្មានទី​ពឹង​។ ការ​ងា​រប្រភេទ​នេះ​គឺ​ល្អ​ខ្លាំង​ណាស់​ព្រោះ​ថា​ អ្នក​អាច​សិក្សា​ពី​សង្គម​បាន​ច្រើន។ ទោះ​ពេល​ខ្លះ​យើង​មិនទទួល​បាន​ប្រាក់​កំរៃ​​ពី​អង្គការ​នោះ ក៏​ដោយ ក៏​យើង​ទទួល​បាន​បទពិ​សោធន៍​ដែរ។ បទពិសោធន៍​វា​ល្អ​ណាស់​សម្រាប់​ដាក់​រកការ​ងារ​ធ្វើ​លើក​ក្រោយ​ទៀត។​ ការ​ងារ​មួយ​នេះ​​​ សិស្ស​ស្រី​ក៏​ធ្វើបាន ហើយ​សិស្ស​ប្រុស​ក៏​ធ្វើ​បាន​ដែរ អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​មាន​ការ​អត់​ធ្មត់។
ការងារទីបី ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ ឬ​ក៏​ជា​អ្នក​បំរើ​តាម​ភោជនី​ដ្នានជា​ដើម​​​។ ការ​ងារ​នេះ​សិស្ស​ភាគ​ច្រើន​មិន​ចង់​ធ្វើ​ទេ ព្រោះ​ថា​សិស្ស​ខ្លះ​អាច​មាន​អារម្មណ៍​ខ្មាស់​អៀន​ដោយ​សារ​តែ​មនុស្ស​នៅ​ប្រទេស​យើង​ភាគ​ច្រើន​មិន​ឲ្យ​តំលៃ​លើ​ការ​ងារ​ប្រភេទ​នេះ ហើយ​វា​ទទួល​បាន​ប្រាក់​កំរៃ​ក៏​តិច​ដែរ។ តែ​សម្រាប់​សិស្ស​មួយ​ចំនួន​ដែល​ត្រូវ​ការ​លុយ ហើយ​មិន​ចង់​ឲ្យ​ខ្លួន​នៅ​ទំនេរ​អាច​ជ្រើស​រើស​យក​ការ​ងារ​នេះ​ធ្វើ​បាន។ វា​អាច​ជា​ចំណុច​ចាប់​ផ្តើម​ដើម្បី​ឈាន​ជើង​រក​ងារ​ផ្សេង​ទៀត​ធ្វើ​បាន។ ការ​ងារ​នេះ​វា​ពិ​បាក​ហើយ​នឿ​ហត់​បន្តិច​តែ​ប្រ​សិន​បើ​បាន​ធ្វើ​ការ​ងារ​បែប​នេះ នោះ​អ្នក​នឹង​យល់​ពី​អត្ថ​ន័យ​នៃ​ជីវិត​បាន​ច្រើន។
ការងារទី​បួន ធ្វើ​ការ​នៅពេល​រាត្រី​នៅ​តាម ក្លឹប​ ឬ​​រង្គសាល​ជា​ដើម។ នៅ​ទី​នោះ​អ្នក​អាច​ក្លាយ ជាអ្នក​ចម្រៀង ជា​អ្នក​ក្រលុក​ស្រា​ ឬ​ក៏​​ជា​អ្នក​លេង​ភ្លេង។ ការ​ងារ​ទាំង​នេះ​តម្រូវ​ឲ្យ​សិស្ស​​ដែល​ចង់​ធ្វើ​ការ​ងារ​នេះ​មាន​ជំនាញ​ខ្លះ​ៗ​ដើម្បី​អាច​ធ្វើ​ការ​ងារ​នេះ​បាន ហើយ​វា​ក៏​ជា​កញ្ចក់​មួយ​សម្រាប់​ឆ្លុះ​បញ្ជាំង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ថា​តើ​អ្នក​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ប្រាកដ។ ការ​ងារ​ប្រភេទ​នេះ​វា​ហត់​ ហើយ​អត់​ងងុយ​ទៀត​ផង ហើយ​​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​ងារ​នេះ​អាច​ប៉ះពាល់​ដល់​ការ​សិក្សា​បន្តិច។
ការងារ​ទី​ប្រាំ ធ្វើ​ការ​ងារ​ឲ្យ​សាលា។ នៅ​តាម​មហា​វិទ្យា​ល័យ​នីមួយ​ៗ​តែ​ង​តែ​មាន​ការ​ងារ​មួយ​ចំនួន​សម្រាប់​សិស្ស​ធ្វើ​ជា​មិន​ខាន មិន​មែន​ជា​ការ​ងារ​ដែល​សិស្ស​អាច​រក​លុយ​បាន​ទេ គឺ​ជា​ការ​ងារ​ដែល​ផ្តល់បទពិសោធន៍​ដល់​សិស្ស។ ការ​ងារទាំង​នោះ​មាន​ដូច​ជា​ អ្នក​អាច​ក្លាយ​ជា​បណ្ណរក្ស ឬ​ក៏​ក្លាយ​ជា​សមា​ជិក​នៃ​គណកម្ម​ការ​រៀប​ចំ​កម្ម​វិធី​ដែល​គេ​បង្កើ​ទ្បើ​ង​នៅ​ក្នុង​សាលា​នោះ។ ការ​ងារ​នេះ​ជួយ​ឲ្យ​សិស្ស​យល់​ដឹង​ច្រើន​ពី​ការ​ធ្វើ​ការ​ងារ​ជា​ក្រុម ហើយ​គេ​អាច​រៀន​សូត្រ​ពី​​ការ​ទទួល​ខុស​ត្រូវនៃ​ការ​ងារ​របស់​គេ​ដែល​សាលា​បាន​ដាក់​ឲ្យ​ធ្វើ។
ការ​ងារ​ទាំង ៥​ខាង​លើ​នេះ​គឺ​ល្អ​ណាស់​សម្រាប់​សិស្ស​ដែល​កំពុង​តែ​នៅ​ក្នុ​ង​វ័យ​សិក្សា​នៅ​តាម​មហាវិទ្យា​ល័យ​នានា។​ ប្រ​សិន​បើអ្នក​ធ្លាប់​ធ្វើ​ការ​នៅពេល​ដែល​អ្នក​កំពុង​តែ​រៀន​សូត្រ​ នោះ​នៅពេល​អ្នក​រៀន​ចប់​អ្នក​មិន​ចាំបាច់​បារម្ភ​ពី​កាព​អត់​ការងារ​ធ្វើ​នោះ​ទេ។ ព្រោះ​ថា​បើ​អ្នក​មិន​អាច​រក​ការងារ​ដែលអ្នក​ពេញ​ចិត្ត​ធ្វើក៏​ដោយ​​ ក៏​អ្នក​មាន​ការ​ងារផ្សេង​ធ្វើ​ដែរ។ ហើយ​បើ​យើង​មាន​ការ​ងារ​ធ្វើ​​ហើយ ទោះ​ការងារ​នោះ​ល្អ​ឬ​មិន​ល្អ​ក្តី ក៏​យើង​មាន​ក្តី​សង្ឃឹម​នៅ​ក្នុង​ជិវិត​ដែរ ហើយ​នៅ​ថ្ងៃ​ណា​មួយ​បំណង​របស់​អ្នក​ពិត​ជា​អាច​ក្លាយ​ជា​ការពិត​ជា​មិន​ខាន។
ការ​ងារ​ទាំង​ប្រាំ​នេះ​គ្រាន់​តែ​ជា​​ការ​ងារ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ សិស្ស​អាច​រក​ការ​ងារ​ផ្សេង​ទៀត​ធ្វើ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។    ​​

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.