អត្ថបទថ្មីៗ :

News World

គេហទំព័រ អាន ខ្មែរ ជួយគាំទ្រ តារាចម្រៀង និងលើកស្ទួយវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា សូមជួយទិញ CD, VCD, DVD Original ដើម្បីជួយលើកទឹកចិត្តដល់ពូកគាត់ សូមអរគុណ! អាន ខ្មែរ ក៏សូមជូនពរ អោយអ្នកទាំងអស់គ្នា​ ​ជួបតែសំណាងល្អ​ ជោគជ័យ សុភមង្គល​គ្រប់ពេលវេលា
កំពុងចាប់ផ្តើម...

វិធីងាយៗ ក្នុងការបង្កើនប្រាក់ចំណូលអ្នក

Affiliate Program ”Get Money from your Website” Affiliate Program ”Get Money from your Website”

ស្តាប់បទចម្រៀងពេញនិយមពិរោះៗ

Followers

ប្រទេសដែលកំពុងទស្សនាគេហទំព័រ អាន ខ្មែរ

free counters

ស្នាម​ញញឹម​មិន​អាច​ទាក់​ទាញបេះ​ដូង​​នារីបាន​ទេ​

Wednesday, December 7, 2011

បុរស​ប្រើ​ស្នាម​ញញឹម​ទាក់​ចិត្ត​ស្រ្ដី​
ប្រសិន​បើ​អ្នក​គិត​ថា​ស្នាម​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍​របស់​អ្នក​អាច​ឆក់​​យក​បេះ​ដូង​នារី​បាន​នោះ​ គឺ​អ្នក​កំពុង​តែ​គិត​ខុស​ហើយ​។ ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា បុរ​សដែល​​​ពូកែ​ញញឹម​ មិន​មាន​​ភាព​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​នារី​ ច្រើន​ដូច​បុរស​ដែល​ស្ងៀម​ស្ងាត់ ​ក្រអឺត​ក្រទម​​ និង​ម៉ឺង​ម៉ាត់នោះ​ទេ​​។​
ផ្ទុយ​ពី​ចិត្ត​នារី ការ​សិក្សា​ដដែល​នេះ​បាន​រក​ឃើញ​ទៀត​ថា​ បុរស​ភាគច្រើន​ចង់​បាន​នារី​ដែល​មើល​ទៅ​សប្បាយ​ៗ ញញឹម​ញញែមបែប​សិចស៊ី​ ហើយ​មិន​ចូល​ចិត្ត​នារីដែល​ម៉ឺង​ម៉ាត់​ និង​មាន​មោទនភាព​លើ​ខ្លួន​ឯង​ពេកនោះ​ទេ​។​
អ្នកស្រី Jessica Tracy​ មក​ពី​សាកល​វិទ្យា​ល័យ​ប្រ៊ីតធីស កូឡុំ​ប៊ី ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​និយាយ​ថា
ខណៈ​ពេល​ដែល​ការ​បង្ហាញ​ទឹក​មុខ​រីក​រាយរបស់​បុរស​​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ទាក់​ទាញ​នោះ លទ្ធផល​មិន​បាន​បង្ហាញ​បែប​នេះ​ឡើយ​។
ការ​ស្រាវ​ជ្រាវ​នេះ បាន​បង្ហាញ​ប្រាប់​ថា​បុរស​ និង​ស្រ្ដី​មាន​ការ​ឆ្លើយ​តបផ្នែក​អារម្មណ៍​​ខុស​គ្នា​ចំពោះ​ការ​ញញឹម​របស់​ភេទ​ផ្ទុយ​គ្នា​។
ដើម្បី​ទទួល​បានលទ្ធផលនេះ ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​សាក​សួរ​មនុស្ស​ពេញ​វ័យ​ទាំង​ប្រុស​ ទាំង​ស្រី​ចំនួន​ ១០៤១​នាក់​ ឲ្យ​ចាត់​ចំណាត់​ថ្នាក់​ការ​ចូលចិត្ត​ទៅលើ​រូប​ថត​រាប់​រាយ​សន្លឹក​នៃ​មនុស្ស​ភេទ​ផ្ទុយ​ពី​ខ្លួន (បុរ​ស​មើល​រូប​ថត​ស្រ្ដី, ស្រ្ដី​មើល​រូប​ថត​បុរស​)។ ក្រោ​យ​ពី​មើល​រូប​ថត​ទាំង​អស់​នោះ​ហើយ​ អ្នក​ចូល​រួម​ត្រូវ​ផ្ដល់​ពិន្ទុ​ពី​១ ដល់​ ៩ (ពី​ចូល​ចិត្ត​តិច រហូត​ដល់​ខ្លាំង)ចំពោះ​រូប​ថត​ទាំង​អស់នោះ​។
រូប​ថត​ដែល​ដាក់​ឲ្យ​នោះ គឺ​ជា​រូប​ថត​របស់​មនុស្ស​ដែល​បង្ហាញ​អារម្មណ៍​ខុស​ៗគ្នា ដូច​ជា​រូប​មនុស្ស​ញញឹម​ ទឹក​មុខ​ម៉ឺងម៉ាត់ ឬ​អៀន​ប្រៀន​ជា​ដើម​។
ជា​លទ្ធផល​បុរស​ភាគច្រើន​បាន​ផ្ដល់​ពិន្ទុ​ដល់​រូប​ថត​នារី​ញញឹម​បែប​រីករាយ​លើស​ពី​៥ ខណៈ​ដែល​នារី​ដែល​ម៉ឺង​ម៉ាត់​បាន​តិច​បំផុត​។​ ចំណែក​ឯ​នារី​វិញ​បាន​ផ្តល់​ពិន្ទុ​ខ្ពស់​ចំពោះ​រូប​ថត​បុរស​ដែល​ម៉ឺង​ម៉ាត់ ខណៈ​ដែល​បុរស​ដែល​ញញឹម​ស្រស់​ស្រាយ​បាន​តិច​ទៅ​វិញ​។
ការ​សិក្សា​ស្រាវ​ជ្រាវ​នេះក៏​មាន​ការ​ឯក​ភាព​ពី​អ្នក​ជំនាញ​ច្រើន​ណាស់​ដែរ ​ដូច្នេះ​អាច​ទទួល​យក​បាន​ចំពោះ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រា​វ​នេះ​។ ដូច្នេះ​បុរស​ដែល​ចង់​ឲ្យ​នារីធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​ខ្លួន មិន​មែន​ធ្វើ​ចរិត​បែប​ញញឹម​ញញែម​តែ​មួយ​មុខ​នោះ​ទេ ចាំ​បាច់​ត្រូវ​បង្ហាញ​ប្រាប់​នារីថា​យើង​ជា​បុរស​មាំ​មួន ម៉ឺង​ម៉ាត់​ មិន​ទន់​ខ្សោយ​។ ចំពោះ​នារីវិញ​ក៏​ត្រូវ​ចេះ​បញ្ចេញ​ចរិត​ជា​ស្រ្ដី​ដែល​មាន​ភាពទន់​ភ្លន់​ ​ស្រស់​ស្រាយ រួស​រាយ​​រាក់​ទាក់ ​ញញឹម​ញញែម​​ ទោះ​បី​ជា​យើង​ជា​មនុស្ស​ម៉ឺង​ម៉ាត់​យ៉ាង​ណា​ក៏​ដោយ​។​

កំហុស៣យ៉ាងរបស់ស្រ្ដីពេលត្រូវប្រុសក្បត់ចិត្ត

បុរស​ដែល​ក្បត់​ ជា​មួយ​នឹង​ដៃ​គូ​ដែល​ខឹង​
ក្រោយ​ពី​បាន​ដឹង​ ឬ​ក៏​សង្ស័យថា​ប្រុស​បណ្ដូល​ស្នេហ៍​របស់​អ្នក​កំពុង​តែលួច​ក្បត់​ អ្នក​គួរ​តែជៀស​វាង​នូ​វ​កំហុស​បី​យ៉ាង​ដូច​ខាង​ក្រោម​៖
កំហុស​ទី​១៖ ស៊ើប​អង្កេត
នៅ​ពេល​ដែល​ស្រ្ដី​សង្ស័យ​ថា​បុរស​ដែល​ខ្លួន​ស្រឡាញ់​ក្បត់​ចិត្ត អ្វីដែល​ជា​កំហុស​ទី​មួយ​របស់ស្រ្ដី​គឺ ការ​បង្កើត​បេសកកម្ម​ស្វែង​រក​ការ​ពិត​។ ការ​តាម​ដាន ដៃ​គូរ​របស់​ខ្លួន​ឯង គឺ​ជា​ការ​ចំណាយ​កម្លាំង​អត់​ប្រយោជន៍​ ដើម្បី​ស៊ើប​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ជា​ការ​ពិត​ទៅ​ហើយ​នោះ​។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែប្រេះ​ឆាថែម​មួយ​កម្រិត​ទៀត​។
អ្នក​មិន​ចាំ​បាច់​រក​ភស្ដុតាង​ពី​ការ​ភិត​ក្បត់​របស់​បុរស​នោះ​ទេ តែ​អ្នក​ត្រូវ​រក​ឲ្យ​ឃើញ​ថា តើ​​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​អ្នក​ទាំង​ពី​រក្លាយ​ជា​បែប​នេះ​។ ទោះ​បី​ជា​អ្នក​រក​ឃើញ​ថាប្ដី​របស់​អ្នក​ក្បត់​ ឬ​មិន​ក្បត់
វា​មិន​អាច​ផ្លាស់​ប្ដូរ​អ្វី​បាន​នោះ​ទេ​។ ការ​ព្យាយាម​បែប​ខុស​ឆ្គង​មួយ​ចំនួន​ក្នុង​ការ​រក​ឲ្យ​ឃើញ​ពីទង្វើ​ក្បត់​នេះ នឹង​មិន​ផ្ដល់​ឲ្យ​អ្នក​ នូវ​អារម្មណ៍​ដែល​អ្នក​ចង់​បាន​នោះ​ទេ​ វា​នឹង​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ឆ្កួត​តែ​ប៉ុណ្ណោះ​។
កំហុស​ទី​២៖ បន្ទោស​ស្រ្ដី​ដទៃ
អ្នក​ប្រហែល​ជា​គិត​ថា​ស្រ្ដី​ដែល​លួច​យក​បេះ​ដូង​ប្ដី​របស់​អ្នក​ គឺ​ជា​កញ្ជ្រោង​បិសាច​ហើយ​មែន​ទេ​ ប៉ុន្ដែ​នេះ​មិន​មែន​ជា​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​នោះ​ទេ​។ មនុស្ស​ស្រី​ម្នាក់​នោះ​មិន​ដែល​បាន​ប្ដេជ្ញា​ ឬ​ក៏​សន្យា​​ថា​ស្មោះ​នឹង​អ្នក​ រួ​ច​ហើយ​ក្បត់​នឹង​អ្នក​នោះ​ទេ អ្នក​ដែលធ្វើ​បែប​នេះ​គឺ​ប្ដីរបស់​អ្នក​។
នៅ​ពេល​ដែល​មនុស្ស​ប្រុស​ក្បត់​ មិន​មែន​មក​ពីគាត់​ត្រូវ​បាន​ពង្វក់​ដោយ​ស្រ្ដី​ដែល​មាន​មន្ត​ស្នេហ៍​ផ្សេង​នោះ​ទេ។ មិន​មែន​គាត់​ក្បត់​ដោយ​សារ​មាន​ស្រី​ផ្សេង​ផ្ដល់​អ្វី​ឲ្យ​គាត់​លើស​ពី​អ្នក​នោះ​ទេ​ ហើយ​ក៏​មិនមែន​ស្រី​ម្នាក់​នោះ​ល្អ​ជាង​អ្នក​ដែរ។ អ្នក​ដែល​ក្បត់​គឺ​ជា​ប្ដី​របស់​អ្នក បើ​គាត់​មិនមែន​ជា​មនុស្ស​ដែល​ក្បត់នោះ​ទេ ​ទោះ​បី​មាន​ស្រី​ស្អាត​​ចុះ​ពី​ឋាន​សួគ៌ា​ល័យ​​​ក៏គ្មាន​ប្រយោជន៍​ដែរ​។
សូម​កុំ​បន្ត​ការ​ខឹង​ច្រឡោត​ដាក់​ស្រី​ដូច​គ្នា​ទៀត​ធ្វើ​អ្វី​។ ចូរ​ផ្ដោត​អារម្មណ៍​ទៅលើ​មូល​ហេតុ​​​​​អ្វី​បាន​ជា​ប្ដី​របស់អ្នក​បាន​ក្បត់​ពាក្យ​សន្យា​ដែល​ថា​ស្នេហ៍តែ​អ្នកមួយ ​វិញ​ទើប​ជា​ការ​ប្រសើរ​។ ទោះ​បី​អ្នក​កំចាត់​មនុស្ស​ស្រី​ម្នាក់​នោះ​ចោល​ ក៏គង់​តែ​គាត់​ទៅ​រក​ស្រី​ផ្សេង​បាន​ដូច​តែគ្នា​ទេ ប្រសិន​បើ​គាត់​មិនចោល​គំនិត​ក្បត់​ទេ​នោះ ព្រោះ​មិនមែន​មាន​ស្រី​តែ​ម្នាក់​ទេ​នៅលើ​លោក​។
កំហុស​ទី​៣៖ ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​បុរស​ម្នាក់​នោះ៖
ប្រសិន​បើ​បុរស​ដែល​អ្នក​ស្រឡាញ់​កំពុង​តែ​ក្បត់​អ្នក អ្វី​ចុង​ក្រោយ​ដែល​អ្នក​ចង់​បាន​ គឺ​រក្សា​គាត់​ឲ្យ​ជាប់​​។ ប៉ុន្តែ​ការ​ក្បត់​គឺ​ជា​អកប្ប​កិរិយា​មួយ​ដែល​ពិបាក​នឹង​បញ្ឈប់​ណាស់ ទោះ​បី​ជា​គាត់​បាន​សន្យា​អ្វី​ចំពោះ​អ្នក ឬ​ក៏​អ្នក​បាន​ផ្លាស់​ប្ដូរ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​ចង់​បាន​ក៏ដោយ​។
អ្នក​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​ក្បត់​នោះ​ទេ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​ធ្វើ​នូវ​រឿង​ដែល​អ្នក​មិនពេញ​ចិត្ត​។ ត្រូវ​គិត​ថា បុរស​ដែល​ក្បត់​គឺ​ជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ ក្នុង​ការ​ថែ​រក្សា​នូវ​ទំនាក់​ទំនង​ស្នេហា​ដែល​ខំសាង​ដោយ​អ្នក​ទាំងពីរ​នាពេល​កន្លង​មក​។
សូម​បញ្ឈប់​ការ​គិត​ថា ប្រសិន​បើ​អ្នក​ស្អាត​ជា​ងនេះ ស្គម​ជា​ង​នេះ ឬ​ក៏​ពូកែ​ជា​ង​នេះ ប្រហែល​ជា​គាត់​ឈប់​ក្បត់​អ្នក​។ ប្រសិន​បើ​គាត់​ជា​មនុស្ស​ដែល​មាន​សន្តាន​ក្បត់ ទោះ​អ្នក​ប្រឹង​កែ​យ៉ាង​ណា​ក៏ឥត​ប្រយោ​ជន៍​ដែរ​។ ត្រូវ​គិត​ថា​ បុរស​ក្បត់​ម្នាក់​នោះ​មិន​មែន​ជា​​គូ​របស់​អ្នក​នោះ​ទេ ហើយ​អ្នក​ក៏​មិន​ត្រូវ​ផ្ញើ​ជីវិត​របស់​ជា​មួយ​បុរស​បែប​នេះ​ដែរ​។

ពាក្យ៥ឃ្លាដែលធ្វើឲ្យស្នេហ៍បែកបាក់

គូរ​ស្នេហ៍​ឈ្លោះ​គ្នា
នៅ​ពេល​ដែល​កំពុង​ឈ្លោះ​គ្នា​ ពាក្យ​សម្ដីជាច្រើន​ត្រូវ​បាន​លើក​យក​មក​និយាយ​ដោ​យ​ភាគី​ទាំង​សង​ខាង​។ ពេល​ខ្លះ​អ្នក​បាន​និយាយ​ពាក្យ​សម្ដី​មិន​សម​គួរ​ខ្លះដោយ​មិន​ដឹង​ខ្លួន​ ​ដែល​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ឈាន​ទៅ​ដល់​ផ្លូវ​ប្រេះ​ឆា​ ទោះ​បី​ជា​ត្រូវគ្នា​វិញ​ក៏​ដោយ​។
មាន​ករណី​ខ្លះ ទោះ​បី​ជា​អ្នក​ព្យាយាម​និយាយ​លួង​លោម​ សូម​ទោស យ៉ាង​ណា​ក៏​ដោយ​ក៏​វា​មិន​អាច​ដូច​ដើម​បាន​ដែរ​។
ដើម្បី​ទប់​ស្កាត់​នូវ​ការ​បែក​បាក់​ទំនាក់​ទំនង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​ជាមួ​យ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ អ្នក​គប្បី​ព្យាយាម​ជៀស​វាង​និយាយ​នូវ​ពាក្យ​សម្ដី​ ៥​ ឃ្លា​ដូច​ខាង​ក្រោម​៖
១- អូន​មិន​ទុក​ចិត្ត​បង​ទេ
ការ​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ អាច​ធ្វើ​ឲ្យ​បុរស​ក្នុង​បេះ​ដូង​របស់​អ្នក​អាក់​អន់​ចិត្ត​ ឬ​អាច​នឹង​ធ្វើ​ដូច​អ្វី​ដែល​អ្នក​និយាយ​។ ប្រសិន​បើ​អ្នក​និយាយ​ពាក្យ​នេះ​ទៅ​ នោះ​វា​អាច​ជា​ពាក្យ​សម្ដី​ចុង​ក្រោយ​ដែល​និយាយ​ទៅ​កាន់​បុរស​ម្នាក់​នោះ​ក៏​ថា​បាន​។ ពាក្យ​សម្ដីមួយ​ឃ្លា​នេះ គឺ​ជា​ពាក្យ​សម្ដី​របស់​ស្រ្ដី​ដែល​ឈឺ​ចាប់​ដោយ​សារ​បុរស​បោក​ប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត​ប៉ុណ្ណោះ​។
២-  ប្រុស​គ្រប់​គ្នា​គឺ​ដូច​តែ​គ្នា
អ្នក​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា គ្រប់​មនុស្ស​គឺ​មិន​ដូច​គ្នា​នោះ​ទេ ហើយ​បុរស​ក៏មិន​ដូច​គ្នា​ទាំង​អស់​ដែរ​។ ទោះ​បី​ជា​អ្នក​ធ្លាប់​ឃើញ​បុរស​ក្បត់​ចិត្ត​ស្រី​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ឬ​ក៏​​អ្នក​ធ្លាប់​ត្រូវ​បាន​បុរស​បោក​ប្រាស់​បេះ​ដូង​ ច្រើន​ដង​រួម​មក​ហើយ​ក៏​ដោយ​ ក៏​មិន​មាន​ន័យ​ថា​ បុរស​ដែល​អ្នក​កំពុង​ស្រឡាញ់​ដូច​បុរស​អស់​នោះ​​ដែរ​។ ប្រសិនបើ​អ្នក​និយាយ​ពាក្យ​នេះទៅ​កាន់​កំពូល​ដួង​ចិត្ត​របស់​អ្នក​ក្នុង​ពេល​កំពុង​ឈ្លោះ​គ្នា​ នោះ​បុរស​នោះ​នឹង​លែង​គោរព​អ្នក​ទៀត​ហើយ​។
៣- បង​​​មិន​បាន​ការ​សោះ​នៅ​លើ​គ្រែ
ប្រាកដ​ណាស់​បុរស​ស្អប់​ពាក្យសម្ដី​នេះខ្លាំង​ណាស់។ ប្រសិនបើគាត់​មិន​សូវ​ពូកែ​រឿង​នឹង​មែន​ អ្នក​អាច​និយាយ​ពាក្យ​ផ្សេង​ ឬ​ក៏​ប្រើវិធី​ផ្សេង​វិញ​ប្រសើ​រ​ជាង​។ ទោះ​បី​ជាសិច​គឺ​ជាគ្រឿង​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុង​ទំនាក់​ទំនង​គូស្នេហ៍ក៏​ដោយ​​ ប៉ុន្ដែ​បើ​អាច​ទៅ​រួច​ ចូរ​កុំ​និយាយ​បែប​នេះ​អី​។ ដូចដែលធ្លាប់​លឺ​ហើយ​ថា បើ​មិន​បាន​សរសើរ​ថា​ខ្លាំង​ កុំ​បង្អាប់​ថា​ខ្សោយ​ទៅ​បាន​ហើយ​ តែ​បើ​ជៀស​មិន​រួច​ទេ ប្រើ​វិធី​ផ្សេង​ឲ្យ​គាត់​ដឹង​វិញ​ល្អ​ជាង​។
៤- សង្សារ​របស់​អូន​មុន​ មិន​ដែលធ្វើ​រឿង​បែប​នេះ​ទេ
ការ​ប្រៀប​ធៀប​បុរស​ដែល​ខ្លួន​ឯង​កំពុង​ស្រឡាញ់​ជា​មួយ​នឹង​អតីត​សង្សារ​ ឬ​អតី​ត​ស្វា​មី គឺ​ជាការ​សម្លាប់​ជីវិត​ស្នេហា​របស់​អ្នក​ដោយ​ខ្លួន​ឯង​ហើយ​។ ចូរ​ស្រឡាញ់​បុរស​ដែល​អ្នក​ស្រឡាញ់​នៅ​អ្វី​ដែល​គាត់​មាន​ មិន​មែន​តម្រូវ​ឲ្យគាត់​ធ្វើ​តាម​បុរស​មុន​របស់​អ្នក​នោះ​ទេ​។ ចូរ​ចង​ចាំ​ថា គ្មា​ន​អ្នក​ណា​ម្នាក់ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ សំខាន់​ត្រូវ​ចេះ​​យល់​ចិត្ត​គ្នា​។ បើ​យើង​ដាក់​ចិត្ត​ ដាក់​បេះ​ដូង​ស្រឡាញ់​ហើយ បាន​ន័យ​ថាអ្នក​ព្រម​ទទួល​យក​អ្វី​ដែល​គាត់​កំពុង​មាន​។
៥- ម៉ាក់​របស់​បង​ដូចជា​បិសាច​អញ្ចឹង
ការ​ជេរ​ម្ដាយ​ក្មេក​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ ព្រោះ​គាត់​ក៏ជា​អ្នក​មាន​គុណ​យើង​ផង​ដែរ​។ ទោះ​បី​ជា​បុរស​រូប​នោះ ស្រឡាញ់​អ្នក​ងប់​ប៉ុណ្ណា​ក៏​ដោយ ក៏​គាត់​ប្រហែល​ជា​ពិបាក​ទទួល​យក​ស្រ្ដី​ដែល​ជេរ​​ម្ដាយ​គាត់​ដែរ​។ ទោះ​ខឹង​យ៉ាង​ណា គ្រាន់​តែ​ប្រាប់ដោយ​ប្រើ​ពាក្យ​ផ្សេង​ទៅ​បាន​ហើយ​។
សរុប​មក​វិញ ចូរ​ចង​ចាំថា ការ​ប្រើ​ពាក្យ​ពេចន៍​គឺ​សំខាន់ណាស់​នៅ​ក្នុង​ជីវិត​ស្នេហា​។ ដូច្នេះ មុន​នឹង​និយាយ​ត្រូវ​គិត​ពី​អារម្មណ៍​របស់​ដៃ​គូ​របស់​អ្នក​ផង​។ ខ្មែរ​សារិកា សូម​ជួន​ពរ​ឲ្យគូរ​ស្នេហ៍​លើ​លោក​ទាំង​អស់ ជួប​តែ​នឹង​សេចក្ដី​សុខ​ផ្អែ​ម​ល្ហែម​នឹង​គ្នា​ជា​និច្ច​៕

អ្នកណាត្រូវចេញលុយនៅថ្ងៃណាត់ជួបដំបូង?

ការណាត់​ជួប​ដំបូង​
អ្នកទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ សម័យ​នេះ​គឺ​ជា​សម័យ​ដែល​ ប្រុស​ និង​ស្រី​មាន​សិទ្ធស្មើ​គ្នា​ទាំង​អស់​។ បើ​ដូច្នេះ​មែន តើ​អ្នក​ណា​នឹង​ត្រូវ​ចេញ​លុយ​ ដែល​ភាសា​សាម័ញ្ញ​ថា​ប៉ាវ នៅ​ថ្ងៃ​ណាត់​ជួប​គ្នា​ជា​លើក​ទី​មួយ​​​នោះ​? យោង​តាម​ការ​ស្ទង់​មតិ​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា ស្រ្ដីជ​នជាតិ​អង់​គ្លេស​ច្រើន​ជា​ង​ពាក់​កណ្ដាលបា​ន​ឆ្លើយ​ថា​ ពួក​គេ​បាន​ចំណាយ​លុយ​សម្រាប់​ខ្លួន​ពួក​គេ​ផ្ទាល់​នៅ​ថ្ងៃ​ណាត់​ជួបដំបូង​ តែ​ទោះយ៉ាង​ណា​ក្ដី​ក៏បុរស​នៅ​តែ​ទទូច​ចង់​ចេញលុយទាំង​អស់​​ដដែល​។
ការ​បោះ​ឆ្នោ​ត​ស្ទង់​មតិ​នេះ ធ្វើ​ឡើយ​នៅអង់គ្លេស​ ដោយ​មាន​ការ​ចូលរួម​ពី​មនុស្ស​ពេញវ័យ​​ចំនួន ១៩២៤​នាក់​​។ ជា​លទ្ធផល​បាន​ឲ្យ​ដឹង​ថា មាន​ស្រ្ដី​​ប្រ​មាណ​ ៥៨​ភាគ​រយ​ឆ្លើយ​ថា
ពួក​គេ​ចង់​ចែក​គ្នា​ចេញ​លុយ ខណៈ​ដែល​មាន​បុរស​តែ ២៨​ភាគរយប៉ុណ្ណោះ​​ដែល​ឆ្លើយ​បែប​នេះ​។
ចំណែក​ឯ​ស្រ្ដី ១៤​ភាគរយ​ទៀត​បាន​ឆ្លើយ​ថា ភាគី​ណា​ជា​អ្នក​ផ្ដួច​ផ្ដើម​ការ​ណាត់​ជួប គឺ​ជា​អ្នក​ចេញ​លុយ។
មាន​តែ​ស្រ្ដីប្រមាណ​ ២៥​ភាគ​រយ​ ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​ថា​ ភាគី​បុរស​គួរ​តែ​ជា​អ្នក​ចេញ​លុយ​នៅ​ថ្ងៃ​ណាត់​ជួប​ដំបូង​​ ខណៈដែល​ស្រ្ដី​ដែល​នៅ​ល​សល់​បី​ភាគរយ​​ទៀត​ និយាយ​ថា​ស្រ្ដីគួរ​តែ​ជា​អ្នកចេញ​លុយ​ទាំង​អស់​នៅ​ថ្ងៃនោះ​ ព្រោះ​កុំ​ឲ្យ​បុរស​គិត​ថា​ពួក​គេ​អន់​។
ចំណែក​ឯ​ភាគី​បុរសក្រៅ​ពី​បុរស​ ២៨​ភាគ​រយ​ដែល​ចង់​ចេញ​ពាក់កណ្ដាល​ម្នាក់ដូច​​ខាងលើ​នោះ គឺ​មាន​​៥៥​ភាគ​រយ​បាន​ឆ្លើយ​ថា​ពូកគេ​ចង់​ចេញ​លុយ​ទាំង​អស់ ​តែ​ម្នាក់​ឯង​នៅ​ថ្ងៃ​ណាត់​ជួបលើក​​ទី​មួយ​នេះ។​ នៅប្រទេស​អង់​គ្លេស​ គិត​ជា​មធ្យ​ម បុរស​ចំណាយ​ប្រាក់​អស់​ ៦៥ផោន (១០៤​ដុល្លារ​អាមេរិក​)​ ខណៈ​ដែល​ស្រ្ដី​ចំណាយ​​អស់​ ៥០​ផោន​ ក្នុង​ថ្ងៃ​ណាត់​ជួប​ដំបូ​ង​របស់​ពួកគេ​​។
តាម​ការ​ស្ទង់​មតិ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា មិន​ត្រឹម​តែ​ភាគីបុរស​ចង់​ចេញ​លុយ​ច្រើន​នោះ​ទេ​ សូម្បី​តែ​ការ​​រៀប​ចំ និង​ការ​​ផ្ដួច​ផ្ដើម​គំនិត​ក៏​ជាការ​ទទួល​ខុស​ត្រូវ​របស់​​ភាគី​បុរស​ដែរ​។ ក្នុងនោះ​បុរស៩​នាក់​ក្នុង​ចំណោម​ ១០នាក់​ (៩៤ភាគរយ) បានឆ្លើយ​ថា​ពួកគេ​ជា​អ្នក​រៀប​ចំ​នូវ​ការ​ណាត់​ជួប​លើក​ទី​មួ​យ​របស់​ពួកគេ​ ខណៈ​ដែល​មាន​ស្រ្ដីចំនួន ៦៥​ភាគ​រយ​ឆ្លើយ​ថាពួកគេ​ជា​អ្នក​រៀប​ចំ​។
យ៉ា​ង​ណា​មិញ​ ការ​ចំណាយ​ក៏​ត្រូវ​បាន​ត្បិត​ត្បៀត​ពី​ភាគី​ទាំង​សង​ខាង​ផង​ដែរ​។ ​ក្នុង​ចំណោម​អ្នក​ឆ្លើយ​ទាំង​ប្រុស​ទាំង​ស្រី មាន៣៨​ភាគរយ (ប្រុស ៤១%​, ស្រី៣៦%)​បាន​ឆ្លើយ​ថា ពួកគេ​បាន​ចូល​កន្លែង​ណា​ដែល​ពួក​គេ​មាន​ប័ណ្ឌ​បញ្ចុះ​តម្លៃ​។
ប្រិយ​មិត្ត​របស់​ខ្មែរ​សារិកាទាំង​អស់ ​ក៏​អាច​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ផង​ដែរ​ចំពោះ​ប្រ​ធាន​បទ​មួយ​នេះ។ តើ​អ្ន​ក​គិត​ថា​ ការ​​ចេញ​លុយ​ទាំង​អស់​ ការ​ចេញ​ទាំង​ពីរ​នាក់ និង​ការ​ឲ្យ​គេ​ចេញ​ទាំងអស់​មួយ​ណា​ដែល​អ្នក​ចង់​បាន? ទទួលយក​រាល់មតិ​​យោ​បល់​ទាំងអស់​ដោយ​រីករាយ​!

គន្លឹះបីយ៉ាងក្នុងការដោះស្រាយបញ្ហាប្រច័ណ្ឌ

បុរស​ប្រ​ច័ណ្ឌ​ស្រ្ដី​
សុភា​សិត​ខ្មែរ​មួយ​ឃ្លា​បាន​ពោល​ថា “ប្រ​ច័ណ្ឌ​ព្រោះ​ស្រឡាញ់” ពិ​ត​ជា​ត្រឹម​ត្រូវ​ណាស់ ប៉ុន្ដែ​ការ​ប្រ​ច័ណ្ឌ​នេះបែរ​ជា​ក្លាយ​ទៅ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដែល​នាំ​ឲ្យដៃ​គូ​ស្នេហា​បែក​បាក់គ្នា​ទៅ​វិញ។ តើ​អ្វីទៅ​ជា​ការ​ប្រ​ច័ណ្ឌ? ហើយ​តើ​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រ​ច័ណ្ឌ​នេះ បាន​ដោយ​របៀប​ណា? ថ្ងៃ​នេះ ខ្មែរ​សារិកា​នឹង​ពាំ​នាំ​ចម្លើយ​មក​ជួន​លោក​អ្នក​។
យោង​តាម​លោក​បណ្ឌិត ស្កុត​ ហាល​មែន (Scott Haltzman) ដែលជា​អ្នក​និពន្ធ​សៀវ​ភៅ​ស្នេហា​ជា​ច្រើន​​នោះ បាន​ឲ្យ​និយម​ន័យ​ការ​ប្រ​ច័ណ្ឌថា ការ​ភ័យ​ខ្លាច ឬ​បារម្ភ​ថា​អ្នក​ដែល​យើង​ស្រឡាញ់​ ត្រូវ​បាន​លួច​ចាប់​ចិត្ត​ប្រ​តិព័ត្យ​ដោយ​អ្នក​ដទៃ​។ អារម្មណ៍​បែប​នេះ​ គឺ​ជា​អារម្មណ៍​ដែល​ខ្លាច ​អ្នក​ដែល​នៅក្នុង​បេះ​ដូង​យើង​ ត្រូវ​បាន​គេ​ឆក់​យក​ទៅ​បាត់​។
ខាង​ក្រោ​មនេះ គឺ​ជា​គន្លឹះ​សំខាន់​ចំនួន​បី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រ​ច័ណ្ឌ​៖
១- ស្មោះ​ត្រង់​នឹង​ខ្លួន​អ្នក : លោក​បណ្ឌិត Ish Major ដែល​ជា​អ្នក​ជំនាញ​ខាង​ស្នេហា​ម្នាក់​ដែរ​នោះ បាន​ឲ្យ​យោបល់​ថា​ អ្នក​គួរ​តែ​និយាយ​ចេញ​ឲ្យ​គេ​ដឹង​ ដូច​ជា​ប្រាប់​ទៅ​មិត្ត​ភក្ដិ​ដែល​អ្នក​ទុក​ចិត្ត​បំផុត ឬ​ក៏​សាច់ញាតិ​ក្នុង​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ប្រ​ច័ណ្ឌ។ ចូរ​កុំលាក់​ទុក​អារម្មណ៍​នេះ ឲ្យ​នៅ​ជាប់​នឹង​ខ្លួន​អ្នក​រាប់​ខែ​រាប់​ឆ្នាំ​ឲ្យ​សោះ​។ ពេល​ខ្លះអ្នក​គ្រាន់​តែ​អង្គុយ​ចុះ​ ហើយ​សរសេរ​វា​ចូល​ទៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​របស់​អ្នក​ក៏​អាច​ជួយ​អ្នក​ឲ្យ​ធូរ​ស្បើយ​បាន​ដែរ​។ កា​រ​បញ្ចេញនូវ​អារម្មណ៍​នេះមក​ក្រៅ​អាច​ឲ្យ​អ្នក​គិត​បាន​កាន់​តែ​ច្បាស់​លាស់ឡើង​វិញ​។ ឧទាហរណ៍ បុរស​ម្នាក់​បាន​គិត​ថា​ ប្រ​ពន្ធ​គេ​គួរ​តែត្រ​ឡប់​មក​ពី​ហាង​ទំនិញ​វិញ​កាល​ពី​២០នាទីមុន ប្រ​ហែល​ជា​នាង​កំពុង​តែ​ត្រូវ​បាន​ញ៉ែ​ដោយ​អ្នក​គ្រប់​គ្រង​ហាង​ហើយ​។ បុរស​ក្នុង​ឧទាហរណ៍​នេះស្រមើ​ស្រម៉ៃ​ទៅ​រកផ្លូវ​អាក្រក់​ ដោយ​មិន​បាន​គិត​អ្វី​ល្អ​បន្ដិច​សោះ​ក្នុង​ពេល​គាត់​ខឹង​មួយ​ឆាវ​នេះ តែ​បើ​គាត់​គិត​ឲ្យ​បាន​យូរឡើង​វិញ​ គាត់​នឹង​នឹក​ឃើញ​នូវ​អ្វី​ដែល​ល្អ​ជា​ង​នេះ។
២- បង្ហាញ​នូវ​អារម្មណ៍​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ : លោក​បណ្ឌិត​ដដែល​បាន​និយាយ​ថា ការ​ប្រ​ច័ណ្ឌ​គឺ​ជា​អាវុធ​មុខ​ពីរ​ មុខ​ទី​មួយគឺ​​ដៃ​គូអ្នក​អាច​គិត​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ពីនាង ទើប​ប្រ​ច័ណ្ឌ និង​មុខ​ទី​២​គឺ​ដៃ​គូ​អ្នក​អាច​គិត​ថា​អ្នក​មិនទុក​ចិត្ត​នាង។ ​អ្នក​ត្រូវបញ្ចេញ​អារម្មណ៍​របស់​អ្នក​កុំ​ឲ្យ​ហួស​ព្រំដែន ដូច​ជា​អ្នកមិនគួរ​​​និយាយ​ទៅ​កាន់​ដៃ​គូទាំង​ខឹង​​ថា “បង​ពិ​ត​ជា​ប្រ​ច័ណ្ឌ​ខ្លាំង​ណាស់​ ពេល​បង​ឃើញ​អូន​ឯង​ចំណាយ​ពេល​នៅជា​មួយអា​​ម្នាក់​នោះ” ក្នុង​ន័យ​ដដែល​អ្នក​គួរ​តែ​ជំនួស​មក​វិញដោយ​និយាយ​ថា “បង​ទទួលស្គាល់​ថា​បង​ដូច​ជា​ប្រ​ច័ណ្ឌ​បន្ដិច​ដែរ​ នៅពេល​បង​ឃើញ​អូន​ទៅ​មើ​ល​កុន​ជា​មួយ​ម្នាក់​នោះ​”។ អ្នក​មិន​គួរ​បញ្ចេញ​កំហឹង​ទល់​កំហល់​នោះ​ទេ​។ វា​មិន​មាន​ប្រ​យោជន៍​នោះ​ទេ​ ក្នុង​ការ​បញ្ចេញ​នូវ​ភា​ព​ខឹ​ងក្រេវ​ក្រោធបែប​នេះ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​។
៣- ប្រ​សិន​បើ​អ្នក​មិន​មាន​អារម្មណ៍​ប្រ​ច័ណ្ឌ​ ចូរ​កុំ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ប្រ​ច័ណ្ឌ : មា​ន​មនុស្ស​ស្រី​ខ្លះ​មាន​អារម្មណ៍​ថា​អស្ចារ្យ​ណាស់​នូ​វពេល​ដែល​ដៃ​គូ​របស់​នាង​ប្រ​ច័ណ្ឌ​។ ដៃ​គូ​របស់​អ្នក​នឹង​គិត​ថា​ អ្ន​ក​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ ហើយ​​​ស្រឡាញ់​នាងខ្លាំង​​។ ប្រ​សិន​បើ​អ្នក​មិនមាន​អារម្មណ៍​ប្រ​ច័ណ្ឌ​សោះ ក៏​គួរ​បន្លំ​ធ្វើ​ជា​ប្រ​ច័ណ្ឌ​ខ្លះដែរ​ ដើម្បី​កុំ​ឲ្យ​ដៃ​គូ​របស់​អ្នកគិត​ថា​អ្នក​មិន​ខ្វល់​ពីនាង​។​ លោក​បណ្ឌិត​ជំនាញ​ខាង​ស្នេហា​​ដដែល​ ក៏​បាន​បញ្ជាក់​ទៀត​ថា ស្រ្ដី​ខ្លះ​អាច​នឹ​ងគិត​ថា​អ្ន​ក​​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ទេ បាន​ជា​មិន​ចេះ​ប្រ​ច័ណ្ឌ​អី​សោះ​អញ្ចឹង​។ ហើយ​មាន​ករណី​ខ្លះ​ទៀត​ បុរស​ដែល​ធ្លាប់​ប្រ​ច័ណ្ឌ​នឹង​ដៃ​គូ​របស់​ខ្លួន​ខ្លាំង​ បែ​រ​ជា​លែង​ប្រ​ច័ណ្ឌ​វិញនោះ គឺពិ​ត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​អាច​ឲ្យ​នាង​គិត​​ថា​ អ្នកប្ដូរ​ចិត្ត​ ឬ​លែង​ស្រឡាញ់​នាង​ដូច​មុន​ទៀត​ហើយ​។
សរុប​មក​ បើ​មិន​ចង់​ឲ្យ​ការ​ប្រ​ច័ណ្ឌ​ក្លាយ​ទៅ​ជា​មារ​មក​ពង្រាត់​ស្នេហ៍របស់​អ្នក​ទេ ចូរ​កុំ​ប្រ​ច័ណ្ឌ​ខ្លាំង​ពេកដោយ​ខ្វះ​ការ​ពិចារ​ណា និង​មិន​ត្រូវ​មិន​ប្រ​ច័ណ្ឌ​សោះ​នោះ​ទេ គួរ​បន្លំ​ធ្វើ​ជា​ប្រ​ច័ណ្ឌ​ខ្លះ​៕​

ស្វែង​យល់​ពី​បញ្ហាចំណង់​ផ្លូវ​ភេទរបស់​ស្រ្ដី​​


ស្រ្ដីភាគ​ច្រើន​ បន្លំ​ធ្វើ​ជា​ដល់​ចំណុច​កំពូល​នៃ​តម្រេក
បុរស​ភាគ​ច្រើន​ប្រហែល​ជា​ពិបាក​នឹង​ជឿ​ណាស់​មែន​ទេ ថា​ជាង​ពាក់​កណ្ដាល​នៃ​ស្រ្ដី​ គឺ​មាន​ការ​ឈាន​ដល់​ចំណុច​កំពូល​នៃ​តម្រេក​ក្លែង​ក្លាយ​នោះ​។ ទោះ​បី​ជា​ពិបាក​ឲ្យ​ជឿ​តែ​វា​ជា​ការ​ពិត​ ដែល​ត្រូវ​បាន​ការ​សិក្សា​ជា​ច្រើន​រក​ឃើញដូច​ៗ​គ្នា ដែលក្នុង​នោះ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​មួយ​ដែល​ទើប​នឹង​ចេញ​កាល​ពី​សប្ដាហ៍​មុន បាន​បង្ហាញ​ថាដូច្នេះ​មែន​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អាមេរិកាំង​ជា​ច្រើន​នាក់​ បាន​ធ្វើ​ការ​សាក​សួរ​ស្រ្ដី​ជាង​៤០០នាក់ ហើយ​ទី​បំផុត​លទ្ធផល​បាន​បង្ហាញ​ ស្រ្ដី​ចំនួន ៥៣,៩ភាគ​រយ បាន​ធ្វើពុត​ជា​ដល់​កម្រិតកំពូល​នៃ​តម្រេក​ ឬហៅ​ថា​ចំណុច​សុខ​ស្រួល​​បំផុត​នោះ​។ ការ​ធ្វើ​បែប​នេះ គឺ​ដោយ​សារ​តែ​ស្រ្ដី​ ចង់​បំពេញ​ចិត្ត​ដៃ​គូ​របស់​ខ្លួន ឬ​មិន​ចង់​ឲ្យ​ដៃគូមិន​សប្បាយ​ចិត្ត​។
បើ​ដូច្នេះ​មែន តែ​យើង​ជា​បុរស​ ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​ចិត្ត​ដៃគូ ឲ្យ​នាង​ជួប​នូវ​ជីវិត​សិច​ដ៏​ល្អ​ប្រសើរ​នោះ ?
បញ្ហា​ចម្បង​បំផុត គឺ​ការ​ខ្វះ​នូវ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រ្ដី ដែល​ក្នុង​នោះ​មាន​ស្រ្ដី​ចំនួន ៣០ភាគ​រយ​ បាន​អះអាង​ថា ពួក​នាង​គ្មាន​អារម្មណ៍​ផ្លូវ​ភេទ​នេះ​សោះ ដូច្នេះ​ទោះ​បី​ជា​ប្រឹង​ប៉ុណ្ណា​ក៏​គ្មាន​បាន​ការ​ដែរ​។
ក្រុម​អ្នក​ជំនាញ​បាន​បញ្ជាក់​ ការ​ខ្វះ​នូវ libido ឬ​ចំណង់​ផ្លូវ​ភេទ​ គឺ​អាច​បង្ក​ឡើង​ដោយ​សារ​កត្តា​ជា​ច្រើន​ ​ដូច​ជា​ ការ​ប្រេះ​ឆា​ទំនាក់​ទំនង​ជាមួយ​នឹង​ដៃ​គូ ឬ​ក៏​ដោយ​សារ​ជំងឺ​ផ្សេង​ៗ​ ឬ​អាច​បង្ក​ឡើង​ដោយ​ការ​ធ្លាក់​ចុះ​អ័រម៉ូន​សិច​ជា​ដើម។
លោក John Studd ដែល​ជា​សាស្រ្ដាចារ្យ​ជំនាញ​ខាង​ចំណង់​ផ្លូវ​ភេទ​មកពី​ចក្រភព​អង់គ្លេស​ បាន​និយាយ​ថា ចំណង់​ផ្លូវ​ភេទ គឺ​ជា​បញ្ហាដ៏​ស្មុគ​ស្មាញ​មួយ​ ដែល​វា​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​ខួរ​ក្បាល បេះ​ដូង និង​អ័រម៉ូន​។ 
មូល​ហេតុ​ផ្សេង​ទៀត ដែល​បង្ក​ឲ្យ​អ្នក​មិន​ចង់​រួម​ភេទ​ គឺ​ដោយ​សារ​តែ​ ភាព​ខ្សោយ​ផ្លូវ​ភេទ​របស់​បុរស ឬ​ក៏​ភាព​ស្ងួត​នៃ​ប្រដាប់​ភេទ​នារី។ ប្រសិន​បើអ្នក​ អាន​សៀវ​ភៅ​ស្រើប​ស្រាល ឬ​មើល​វីដេអូ​សិច​ជាមួយ​នឹង​ដៃ​គូ ប៉ុន្ដែ​អ្នក​ហាក់​ដូច​គ្មាន​អារម្មណ៍​អ្វី​នោះ គឺ​នេះ​ហើយ​ជា​ចម្លើយ​បញ្ជាក់​ថា អ្នកមាន​បញ្ហា​ផ្នែក​ចំណង់​ផ្លូវ​ភេទ​ហើយ​។
បញ្ហា​ចំណង់​ផ្លូវ​ភេទ​របស់នារី​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​មានការ​ពិបាក​ក្នុង​ការ​កែ​ខៃ​ផង​ដែរ​។ ដោយ​មាន​អ្នក​ជំនាញ​ខ្លះ បាន​លើកយក​នូវ​វិធី​ព្យាបាល​តាម​បែប​វិជ្ជសាស្រ្ដ ក៏​ដូច​ជា​ញ៉ាំ​ថ្នាំ​។ ត្រឹម​តែ​ប៉ុណ្ណោះ​ ហាក់​ដូច​ជា​មិន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ស្រ្ដី​ជួប​នូវ​ជីវិត​សិច​ដ៏​គួរ​ឲ្យ​ពេញចិត្ត​នោះ​ទេ ដំណោះ​ស្រាយ​ផ្សេង​ទៀត នឹង​ត្រូវ​ចុះផ្សាយ​ក្នុង​ខ្មែរ​សារិកា​នា​ពេល​ក្រោយ​ទៀត​។ សូម​កុំភ្លេច​តាម​ដាន​ខ្មែរ​សារិកា​ទាំង​អស់​គ្នា​ណា!

បង្កើន​​​ផ្លែ​ឈើ បន្ថយ​សាច់​ ជួយ​ជម្រុញ​​សិច​

ផ្លែ​ឈើ​អាច​ជួយ​ជម្រុញ​លទ្ធភាព​បង្ក​កំណើត​សម្រាប់​បុរស
បុរស​ដែល​ចង់ធ្វើ​ឲ្យ​ជីវិត​សិច​មាន​ភាព​ល្អ​ប្រសើរ ក៏​ដូច​ជា​បង្កើន​លទ្ធភាព​បង្ក​កំណើត​ គួរ​តែ​​កាត់​បន្ថយ​កា​រ​ញ៉ាំ​សាច់​ក្រហម កាហ្វេ និង​ជាតិ​អាល់កុល​ ហើយ​បន្ថែម​លើ​នេះ​ បុរស​ក៏​ចាំ​បាច់​ត្រូវ​បង្កើន​ការ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ ដើម្បី​ជម្រុញ​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​។
ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​មួយ​បាន​គាប់​បង្ហើប​រក​ឃើញថា ការញ៉ាំ​អាហារ​ដែល​មិ​ន​ត្រឹម​ត្រូវ​ និង​ភាព​ធាត់​ជ្រុល ពិត​ជា​ប៉ះ​ពាល់​ដល់​ប្រពន្ធ​បន្ត​ពូជ​របស់​បុរស​ខ្លាំង​ណាស់ ដោយ​សារ​តែ​​វា​អាច​កាត់​បន្ថយ​នូវ​ទឹក​កាម​ និង​ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​នៃ​ទឹក​កាម​ក្នុង​ការហែល​ទៅជួប​នឹង​ស៊ុត​។
កាល​ពី​អតីត​កាល​ បញ្ហា​លទ្ធភាពបង្ក​កំណើត​​របស់​ស្រ្ដី​ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជាប់​ទាក់​ទង​នឹង​ការ​ធាត់​ជ្រុល​នោះ​ដែរ រួម​ទាំ​ង​ការ​ជក់​បារី និង​ការ​ផឹក​គ្រឿង​ស្រវឹង​ ប៉ុន្ដែ​មិន​ទាន់​ច្បាស់​ដូច​អ្វី​ដែល​គេ​រក​ឃើញ​ចំពោះ​បុរស​នា​ពេល​នេះ​ទេ​។
ការ​សិក្សា​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា បុរស​ដែល​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ និង​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ​ គឺ​បាន​ធ្លាក់​ចុះ​នូវ​លទ្ធភាព​បង្ក​កំណើត​។
លោក Edson Borges ដែល​មក​ពី​ប្រទេស​ប្រេស៊ីល និង​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ថា ទឹក​កាម​ គឺ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ពី​ សន្ទស្សន៍​ម៉ាស់​ក្នុង​ខ្លួន​មនុស្ស​ (BMI) និង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់​កុល​ ខណៈ​ដែល​អាហារ​ដែល​ត្រឹម​ត្រូវ​នឹង​ផ្ដល់​មក​វិញ​នូ​វផល​វិជ្ជ​មាន​។
ការ​សិក្សា​របស់​ប្រេស៊ីល​នេះ បាន​ធ្វើ​ឡើង​ចំពោះ​បុរស​២៥០នាក់ ជាមួយ​នឹង​ដៃ​គូ​ស្នេហា​របស់​ពួក​គេ។ ការ​សិក្សា​នេះ រួម​មាន​ការ​សាក​សួរ​សំណួរ​ផ្សេង​ៗ​ទាក់​ទង​នឹង​ចំណីរ​អាហារ រួម​ទាំង​ការ​ធ្វើ​តេសន៍​ទឹក​កាម​ផង​ដែរ​។

សិច ជួយ​ឲ្យ​ចាស់ៗ​មាន​សុភ​មង្គល​!

គូស្នេហ៍​វ័យ​ចាស់
លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញថា អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ រីក​រាយ និង​មាន​សុភ​មង្គល​ គឺ​ការ​រួម​ភេទ​។ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​និយាយ​ថា មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ គឺ​ហាក់​ដូច​ជា​មាន​ភាពរីក​រាយ​ក្នុង​ជីវិត​ បើ​បាន​រួម​ស្នេហា​ជា​ប្រចាំ​នោះ​។
ការ​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​តែ​ចំពោះ​មនុស្ស​ចាស់​អាយុ​៦៥ឆ្នាំ​ឡើង​នេះ បាន​បង្ហាញ​ថា មនុស្ស​ចាស់​ស្ទើ​តែ​៨០ភាគ​រយ​ ដែល​រួម​ភេទ​ច្រើន​ជាង​មួយ​ដង​ក្នុង​រយៈ​ពេល​មួយ​ខែ គឺ​មាន​ជីវិត​ជា​ទូទៅ​សប្បាយ​រីក​រាយ​។
ប្រសិន​បើ​ប្រៀប​ធៀប​ជាមួយ​មនុស្ស​ចាស់​ដែល​មិន​រួម​ភេទ​សោះ​ក្នុង​រយៈពេល​១២ខែ​ចុង​ក្រោយ គឺ​មាន​តែ​៥៩ភាគ​រយ ប៉ុណ្ណោះ​ដែល​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​។ រឹត​តែ​យ៉ាប់​ជាង​នេះ​ទៀត ប្រសិន​បើ​ខាន​រួម​ភេទ​លើស​ពី​១ឆ្នាំ​ឡើង​ទៅ គឺ​មាន​៤០ភាគ​រយ​ប៉ុណ្ណោះ​ ដែល​ជួប​នឹង​ជីវិត​ដ៏​ស្រស់​បំព្រង។
លោកសាស្រ្ដាចារ្យ Andrienne Jackson មក​ពី​សាកល​វិទ្យាល័យ Florida បាន​ថ្លែង​ថា ការ​សិក្សា​នេះ​នឹង​ជួយ​បើក​ផ្លូវ​ឲ្យ​ទំនាក់​ទំនង​រវាង​គូស្នេហ៍​វ័យ​ចំណាស់​ ឲ្យ​ងាក​មក​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ភេទ​ ក៏​ដូចជា​ដឹង​ពី​ទំនាក់​ទំនង​រវាង​ សិច និង​សុភ​មង្គល​។
ការ​សិក្សា​បែប​ស្ទង់​មតិ​នេះ បាន​ធ្វើ​ឡើង​ចំពោះ​គូស្នេហ៍​វ័យ​ចំណាស់​ ២៣៨គូ ដែល​មាន​អាយុ​លើស ៦៥ឆ្នាំ​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។
បន្ថែ​ម​លើ​នេះ​ទៀត ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា បុរស​ដែល​មាន​វ័យ​លើស​ពី​៦០ឆ្នាំ គឺ​មាន​អត្រា​ពោះ​ម៉ាយ​ច្រើន​ជាង​ស្រ្ដី​វ័យ​ចំណាស់​ដែល​មេម៉ាយ​ ដែល​នេះ​គឺ​ដោយ​សារ​តែ​ប្ដីភាគ​ច្រើន​មាន​អាយុ​លើស​ប្រពន្ធ​ច្រើន​ (អស់​សមត្ថភាព​ផ្លូវ​ភេទ)។
ការ​កើន​ឡើង​នៃ​បុរស​វ័យ​ចំណាស់​ដែល​ពោះម៉ាយ គឺ​នៅ​តែ​បន្ត​ ពោល​គឺ​បាន​កើនឡើង​៣ភាគ​រយ​ បើ​គិត​ពី​ឆ្នាំ​២០០៧ មក​។

មាន​អ័រម៉ូន​សិច​ខ្ពស់ ជួយ​កាត់​បន្ថយ​ជំងឺ​បេះ​ដូង​

អ្នក​កើត​ជំងឺ​គាំ​ង​បេះ​ដូង
បុរស​វ័យ​ចំណាស់​ដែល​មាន​កម្រិត​អ័រម៉ូន​តេស្តូស្ទេរ៉ូន​ (អ័រម៉ូនសិច) ខ្ពស់​ មាន​កម្រិត​​គ្រោះ​ថា្នក់​នៃ​ការ​គាំង​បេះ​ដូង និង​ជំងឺ​ស្រ្ដូកតិច​​​ បើ​ប្រៀប​ធៀប​ជាមួយ​បុរស​ដែល​មាន​កម្រិត​អ័រ​ម៉ូន​នេះ​តិច​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បុរស​ជន​ជាតិ​ស៊ុយ​អែត​ ២៤០០នាក់ ​មាន​អាយុ​ខ្ទង់ ៧០ ទៅ​៨០ឆ្នាំ ដែល​មាន​កម្រិត​អ័រ​ម៉ូន​តេស្តូស្ទេរ៉ូន​ខ្ពស់ អាចកាត់​បន្ថយ​ហា​នីភ័យ​នៃ​ជំងឺ​សាហាវ​ទាំង​ពីរ​នេះ បាន​ នៅ​ក្នុង​រយៈ​ពេល​ពី​រ​បីឆ្នាំ​លើសអ្នក​ដទៃ​ទៀត​។
ក្នុង​ចំណោម​បុរស​ ៦០៤នាក់ ដែល​មាន​កម្រិត​អ័រ​ម៉ូន​សិច​នេះទាប​បំផុត បាន​កើត​ជំងឺ​គាំង​បេះ​ដូង​ ដល់​ទៅ ២១​ភាគ​រយ ឬ​ក៏​កើត​ជំងឺឈឺ​ទ្រូង ឬ ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​។ បើ​ប្រៀប​ធៀបជាមួយ​ក្រុម​បុរស​ដែល​មាន​អ័រ​ម៉ូន​នេះខ្ពស់​វិញ គឺ​មាន​តែ ១៦ភាគ​​រយ​ប៉ុណ្ណោះ ដែល​កើត​ជំងឺ​ទាំង​នេះ​។
ទោះ​បីជា​យ៉ាង​ណា​ក្ដី ការ​សិក្សា​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តបត្រ​ Journal of the American College of Cardiology នេះ​ មិន​បាន​បញ្ជាក់​ថា អ័រម៉ូន​តេស្តូស្ទេ​រ៉ូន​ខ្លួន​ឯង​ជា​អ្នក​បង្ក​ឲ្យ​កើត​ជំងឺ​បេះ​ដូងទេ។
បញ្ហា​ដែល​ធ្វើ​ឲ្យ​អ័រម៉ូន​តេស្តូស្ទេរ៉ូន​ធ្លាក់​ចុះ​ទាប គឺ​ដោយ​សារ​បញ្ហា​សុខ​ភាព​ ដូច​ជា​ការ​ធាត់​លើស​ទម្ងន់​ជាដើម​ លើសឈាម ទឹក​នោម​ផ្អែម​ជា​ដើម​។
ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ដដែលនេះ បាន​រក​ឃើញ​ទៀត​ថា ក្រុម​បុរស​ដែល​មាន​កម្រិត​អ័​រម៉ូន​នេះ​ខ្ពស់​បំផុត បានថយ​ចុះនូវ​កម្រិត​ហានីភ័យ​នៃ​ជំងឺបេះ​ដូង​បាន​ដល់​ទៅ ៣០ភាគ​រយ​ឯណោះ​។​

អ័រម៉ូន​សិច​របស់​បុរស​នឹង​ធ្លាក់​ចុះ​ពេល​មានកូន​

បុរស​ដែលខ្សោយ​ផ្លូវ​ភេទ
ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា កម្រិត​នៃ​អ័រម៉ូន​តេស្តូស្ទេរ៉ូន​បាន​ធ្លាក់ចុះ​នៅ​ពេល​ដែល​បុរស​បាន​ក្លាយ​ជា​ឪពុក​របស់​គេ។ ខណៈ​ដែល​ការ​សិក្សាកាល​ពី​ពេល​មុន​នេះ ក៏​បាន​រក​ឃើញ​ថា​ឪពុកមាន​កម្រិ​ត​អ័រ​ម៉ូន​តេស្តូស្ទេរ៉ូន​ទាប​ជាង​បុរស​ដែល​មាន​អាយុ​ដូច​គ្នា​តែ​មិន​ទាន់​មាន​កូននោះ នៅ​មិន​ទាន់​បែង​ចែក​ឲ្យ​ច្បាស់​ថា បុរស​ដែល​មាន​កម្រិត​អ័រម៉ូន​នេះ​ទាប មាន​ឱកាស​មានកូន​ខ្ពស់ ឬក៏​​បុរស​ដែល​មានកូន​ ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​សិច​នេះ​ធ្លាក់​ចុះ​​នោះ ការ​សិក្សា​ថ្មី​លើក​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​។
លោកបណ្ឌិត Christopher W. Kuzawa រួម​និង​អ្នក​ស្រាវ​ជ្រាវ​ដទៃ​ទៀត​​ដែល​មក​ពី​សាកល​វិទ្យា​ល័យ​ Northwestern បាន​និយាយ​ថា ការ​សិក្សា​ចុង​ក្រោយ​នេះ គឺ​ច្បាស់​ណាស់ ថា​បុរស​បាន​ធ្លាក់​ចុះនូវ​កម្រិត​អ័រ​ម៉ូន​សិច​ ក្រោយ​ពី​បាន​ក្លាយ​ជា​ឪពុក​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ទិន្នន័យ​នៃ​បុរស​វ័យ​ក្មេង​ជន​ជាតិ​ភីលីពីន​ចំនួន ៥០០នាក់ រយៈ​ពេល​៥ឆ្នាំ​។ កម្រិត​អ័រ​ម៉ូន​តេស្តូស្ទេរ៉ូន​របស់​បុរស​ម្នាក់​ៗ​ ត្រូវ​បាន​ត្រួត​ពិនិត្យ​មើល​នៅពេល​ចាប់ផ្ដើម​ការ​សិក្សា​ និង​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​។
បុរស​ទាំង​នោះ​គឺ​សុទ្ធ​សឹង​តែ​នៅ​លីវ ហើយ​មិនមានកូន​នោះ​ទេ នៅ​រយៈពេល​ចាប់​ផ្ដើម​នៃ​ការ​ស្រាវ​ជ្រាវ។ ប៉ុន្ដែ​ប្រហែល​មួយ​ភាគ​បី​នៃ​ពួក​គេ​ទាំង​អស់​ បាន​ក្លាយ​ជា​ប្ដី និង​ជា​ឪពុក​ជា​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​កំឡុង​ពេល​នៃ​ការ​ស្រាវ​ជ្រាវ​៥ឆ្នាំ​នេះ​។
ជាលទ្ធ​ផល បុរស​នៅ​លីវ​ដែលមាន​កម្រិត​អ័រម៉ូន​តេស្តូស្ទេរ៉ូន​ខ្ពស់​នៅ​ពេលចាប់​ផ្ដើមនៃ​ការ​ស្រាវ​ជ្រាវ​ បាន​ធ្លាក់​ចុះ​នៃ​អ័រម៉ូន​ដ៏​សំខាន់​នេះ នៅ​ពេល​ដែល​ពួក​គេ​ស្វែង​រក​ដៃ​គូន​ជីវិត​ ហើយ​ក្លាយ​ជាឪពុក​របស់​គេ​។ ឪពុក​ថ្មី​ៗ​ទាំង​នោះ បាន​ធ្លាក់​ចុះ​កម្រិត​នៃ​អ័រម៉ូន​សិច​នេះ ច្រើន​ជាង​បុរេស​ដែល​មាន​អាយុ​ដូច​គ្នា​តែ​មិន​ទាន់មានកូន​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ បុរស​ដែល​ជា​ប្ដី​ដ៏​ល្អ ពោល​គឺ​ចំណាយ​ពេល​មើល​ថែ​រក្សា​កូន​របស់​ខ្លួន​ កាន់​តែ​មាន​អ័រម៉ូន​នេះ​ទាប​ខ្លាំង បើ​ធៀប​ជា​មួយ​បុរស​ដែល​មិនសូវ​ថែរក្សា​កូន​។
លោក​ Lee T. Gettler ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ថ្លែង​ថា ភាពជា​ឪពុកទាម​ទារ​​ឲ្យ​មាន​តម្រូវ​ការ​ច្រើន​ ទាំង​ផ្នែក​អារម្មណ៍ និ​ង​ផ្នែក​ផ្លូវ​កាយ ហើយ​ជីវសាស្រ្ដរបស់​បុរស​បាន​ផ្លាស់​ប្ដូរ​​ដើម្បី​ជួយ​តម្រូវ​តាម​តម្រូវ​ការ​ទាំង​អស់​នេះ​។
ទោះ​បី​ជា​យ៉ាង​ណាក៏ដោយ ការមាន​កម្រិត​អ័រម៉ូនតេស្តូស្ទេរ៉ូន​ខ្ពស់​ពេក អាច​ប្រឈម​មុខ​ជា​មួយ​នឹង​មហារីក​ក្រពេញ​ប្រូស្ដាត ជំងឺ​ស្រ្ដូក ជំងឺ​បេះ​ដូង និង​ថែម​ទាំង​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ការ​ចង​ចាំ​ទៀត​ផង​។

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.